ប្រជាពលរដ្ឋរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅតាមខេត្តនានាទូទាំងប្រទេសកាលពីម្សិលមិញ ដើម្បីធ្វើការតវ៉ាប្រឆាំងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល ដែលបណ្តាអ្នកប្រឆាំងព្រួយបារម្ភថានឹងត្រូវបានប្រើប្រាស់ដើម្បីបំបិទមាត់អង្គការដែលរិះគន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
សកម្មភាពជាសមូហភាពនេះបានធ្វើឡើងក្នុងថ្ងៃតែមួយដែលព្រឹទ្ធសភាបានកំណត់យកថ្ងៃសុក្រសម្រាប់បោះឆ្នោតអនុម័តច្បាប់នេះ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចន្លោះពី៣០នាក់ទៅ៥០០នាក់ បានជួបជុំគ្នានៅក្នុងខេត្តនីមួយៗក្នុងចំណោមខេត្តចំនួន១៣ ដែលអង្គការមិនមែនរដ្ឋាភិបាលមានការិយាល័យ ដើម្បីបង្ហាញការប្រឆាំងរបស់ខ្លួនចំពោះច្បាប់នេះ។
លោកបានលើកឡើងបន្ថែមទៀតថា ”នៅកន្លែងខ្លះ ពួកគាត់បានប្រមូលផ្ដុំគ្នានៅតាមការិយាល័យ [អង្គការមិនមែនរដ្ឋាភិបាល] ខ្លះទៀតហែក្បួន ហើយចែកខិត្តប័ណ្ណ និងស្ទីកគ័រដល់ប្រជាពលរដ្ឋដើម្បីបង្ហាញថា ពួកគាត់មិនគាំទ្រច្បាប់នេះ និងដើម្បីស្នើឲ្យព្រឹទ្ធសភាទម្លាក់វាចោល។ ពួកគាត់ធ្វើយុទ្ធនាការនេះ បន្ទាប់ពីពួកគាត់ដឹងថា វានឹងប៉ះពាល់ដល់សហគមន៍របស់ពួកគាត់ និងអង្គការមិនមែនរដ្ឋាភិបាលនានា”។
ច្បាប់នេះនឹងតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាលភាគច្រើនចុះបញ្ជីជាមួយរដ្ឋាភិបាល ហើយដាក់របាយការណ៍ប្រចាំឆ្នាំទៅរដ្ឋាភិបាលស្ដីពីសកម្មភាព និងហិរញ្ញវត្ថុរបស់ខ្លួន។ រដ្ឋាភិបាលនិយាយថា ខ្លួនត្រូវការច្បាប់នេះដើម្បីប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាលនានាព្រួយបារម្ភថា រដ្ឋាភិបាលនឹងប្រើប្រាស់បទប្បញ្ញត្តិមិនច្បាស់លាស់ស្ដីពីការរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ និងការគោរពប្រពៃណីខ្មែរ ដើម្បីរារាំង ឬបិទអង្គការណាដែលហា៊ននិយាយអំពីបញ្ហារសើបៗ។
បន្ថែមពីលើក្តីបារម្ភទាំងនោះ កងសន្តិសុខរដ្ឋាភិបាលនៅក្នុងរាជធានីភ្នំពេញបានចាប់ខ្លួនស្ត្រីប្រាំនាក់កាលពីថ្ងៃសៅរ៍ពីបទចែកចាយខិត្តប័ណ្ណ និងស្ទីកគ័រប្រឆាំងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនៅតាមផ្សារនានាទូទាំងរាជធានីភ្នំពេញ។ ប៉ុន្មានម៉ោងក្រោយមក ស្ត្រីទាំងនេះត្រូវបានដោះលែងវិញ។
លោក អំ សំអាត បានបន្ថែមទៀតថា ទោះជាយ៉ាងណា អាជ្ញាធរមិនបានព្យាយាមជ្រៀតជ្រែកនៅក្នុងសកម្មភាពកាលពីម្សិលមិញទេ។
នៅខេត្តកំពង់ធំ លោក ឈួម រុន អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តនេះ បានលើកឡើងថា មនុស្សប្រហែល២៥នាក់មកពីអង្គការចំនួន១០ បានចែកចាយខិត្តប័ណ្ណនិងស្ទីកគ័រជាង២០០សន្លឹកនៅឯផ្សារមួយកន្លែង។
នៅក្នុងខេត្តត្បូងឃ្មុំឯណោះវិញ ប្រជាពលរដ្ឋជិត៣០០នាក់ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយបានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាស្រុកមេមត់ ហើយនាំគ្នាហែក្បួនទៅកាន់ផ្សារមួយ ដែលពួកគេបានចែកខិត្តប័ណ្ណ និងស្ទីកគ័ររាប់រយសន្លឹកដែរ នេះបើយោងតាម លោក វ៉ន សេងធុយ អ្នកឃ្លាំមើលសិទ្ធិមនុស្សមួយរូបទៀតនៅអង្គការលីកាដូ។
លោក ប៉ុន សុផល អ្នកហែក្បួនម្នាក់ក្នុងចំណោមអ្នកហែក្បួនទាំងនេះ បាននិយាយថា ”យើងមិនអាចទទួលយកច្បាប់នេះបានឡើយ ព្រោះវានឹងធ្វើឲ្យមានការលំបាកក្នុងការចុះបញ្ជី ហើយនឹងរារាំងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមិនឲ្យជួយសហគមន៍របស់យើងទទួលបានសិទ្ធិ និងដីធ្លីរបស់យើងមកវិញ។ រដ្ឋាភិបាលនឹងប្រើច្បាប់េនះដើម្បីរារាំងអង្គការមិនមែនរដ្ឋាភិបាលណាដែលជួយប្រជាពលរដ្ឋតស៊ូប្រឆាំងនឹងមន្ត្រីមានអំណាច ឬអ្នកមានលុយ”។
គណបក្សប្រជាជនកម្ពុជាបានប្រើសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភា ដើម្បីអនុម័តច្បាប់នេះកាលពីសប្ដាហ៍មុន ចំពេលគណបក្សសង្គ្រោះជាតិធ្វើពហិការដើម្បីជំទាស់នឹងច្បាប់នេះ។
កាលពីម្សិលមិញ ព្រឹទ្ធសភាបានប្រកាសថា ខ្លួននឹងបោះឆ្នោតអនុម័តច្បាប់នេះនៅថ្ងៃសុក្រ។ រីឯសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង បានប្រកាសអំពីបំណងធ្វើពហិការរបស់ខ្លួនមិនចូលរួមការបោះឆ្នោតនេះ៕ សុខុម និង ស៊ុយឈាង