ឪពុកកញ្ញា ឯក សុជាតា ហៅ សាសា ដែលត្រូវបានវាយដំយ៉ាងឃោរឃៅពីសំណាក់លោក សុខ ប៊ុន ឧកញ៉ាផ្នែកអចលនទ្រព្យ កាលពីថ្ងៃទី២ ខែកក្កដា កាលពីម្សិលមិញត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញជុំវិញសំណុំរឿងនេះ។
យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក សុខ ប៊ុន ត្រូវបានចាប់ខ្លួនពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចាកចេញពីប្រទេសកាលពីថ្ងៃទី៧ ខែកក្កដា ថ្ងៃដែលកាមេរ៉ាសុវត្ថិភាពថតបានពីការវាយដំនោះបានផ្សព្វផ្សាយតាមប្រព័ន្ធអុីនធើណិត។ លោកប្រឈមនឹងការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា និងប្រឈមការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព។
លោក អ៊ុត ធី ឪពុករបស់កញ្ញា សុជាតា ដែលទទួលបានគោរមងារជាឧកញ៉ា មិនមានវត្តមានអំឡុងការវាយដំនោះទេ ហើយកាលពីម្សិលមិញបានបដិសេធមិននិយាយពីអ្វីដែលតុលាការបានសាកសួរគាត់ពីរឿងនោះ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសាលសវនាការថា “ខ្ញុំនឹងមិនដោះស្រាយផ្លូវស្ងាត់ៗដោយការយកលុយ ឬសំណូកសូកប៉ាន់ដើម្បីបិទរឿងនេះឡើយ ខ្ញុំអត់ធ្វើកើតទេ វានឹងខូចដល់ថ្នាក់ដឹកនាំ ដល់រដ្ឋាភិបាលទាំងមូល ដែលខំប្រឹងប្រែងរកជនល្មើសមកផ្ដន្ទាទោស។
លោកបានបន្ថែមថា “ខ្ញុំចង់ឲ្យឧកញ៉ាមួយចំនួនដែលខិលខូចដែលប្រព្រឹត្តអំពើអ៊ីចឹងដឹងឮថា ប្រទេសខ្មែរទាំងមូលជាប្រទេសមួយមានច្បាប់”។
លោក សុខ ប៊ុន បានប្រកាសជាសាធារណៈសុំផ្ដល់សំណងដល់កញ្ញា សុជាតា ចំនួន១០០.០០០ដុល្លារ ដើម្បីដោះស្រាយរឿងនេះ។ លោក អ៊ុត ធី បាននិយាយឡើងវិញថា លោក សុខ ប៊ុន បានព្យាយាមផ្ដល់សំណងដើម្បីបញ្ចប់រឿងនេះ។
លោកបាននិយាយថា “មេធាវីរបស់ពួកគេបានសរសេរសែកឲ្យខ្ញុំ ដើម្បីបញ្ចប់រឿងនេះ ប៉ុន្តែខ្ញុំថា ខ្ញុំអត់ត្រូវការលុយហ្នឹងទេ”។
លោកបន្ថែមថា “ឧកញ៉ាធំៗជាច្រើន” បានតេមកខ្ញុំដែលលោក ប៊ុន ពឹងពាក់ មានឧត្ដមសេនីយ៍ “ផ្កាយបី បួន” ជាដើមមកសុំបញ្ចប់រឿង រហូតដល់សុំដកឃ្លីបវីដេអូចេញ”។
យោងតាមលោក ពុទ្ធ ធាវី មេធាវីរបស់កញ្ញា សុជាតា បានឲ្យដឹងថា អង្គរក្សរបស់លោក សុខ ប៊ុន ដែលគេឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពដកកាំភ្លើងភ្ជង់ក្បាលជនរងគ្រោះ ដែលជននេះកំពុងរត់គេចខ្លួននៅឡើយ ហើយឥឡូវនេះត្រូវបានចោទប្រកាន់ពីបទប៉ុងប៉ងមនុស្សឃាត។
លោក លាង សំណាត ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ សារុន