ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមមនុស្សដែលមានកំហឹងរាប់រយនាក់បានឡោមព័ទ្ធប៉ុស្តិ៍នគរបាលក្នុងខេត្តតាកែវរយៈពេល៩ម៉ោង កាលពីយប់ថ្ងៃពុធ ហើយបានទាមទារឲ្យប្រគល់ជនដែលគេអះអាងជាអ្នកដើរវះយកសរីរាង្គ ដែលជាប់ចោទថាបានចាប់ពង្រត់ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ មកឲ្យមហាជនកាត់ទោស។
យោងតាមលោក ជុំ ឈឿន អធិការនគរ បាលស្រុកបានឲ្យដឹងថា មនុស្សពី៤០០ទៅ៥០០នាក់បានឡោមព័ទ្ធប៉ុស្តិ៍នគរបាលឃុំចារ ក្នុងស្រុកព្រៃកប្បាសនៅម៉ោងប្រហែល៦ល្ងាច ហើយបានព្យាយាមចូលទៅខាងក្នុងដើម្បីសម្លាប់អតីតទាហានម្នាក់ឈ្មោះ ឌឿន គៀង អាយុ៦៥ឆ្នាំ ដែលពួកគាត់អះអាងថា បានចាប់ពង្រត់ក្មេងស្រីរូបនេះកាលពីរសៀលថ្ងៃសៅរ៍។
លោកបានមានប្រសាសន៍ថា “ពួកគាត់មិនស្តាប់យើងទេ ពីព្រោះពួកគាត់ចង់សម្លាប់បុរសរូបនោះ។ ពួកគាត់និយាយថា សម្លាប់ចោលទៅៗ”។
លោក ជុំ ឈឿន បានមានប្រសាសន៍ថា នគរបាលអាចនាំលោក គៀង ចេញពីប៉ុស្តិ៍នគរបាលបាននៅម៉ោងប្រហែល៣រំលងអធ្រាត្រ បន្ទាប់ពីស្ត្រីមួយចំនួននៅក្នុងក្រុមមនុស្សបានត្រឡប់ទៅផ្ទះវិញ ហើយបុរសៗ បានផឹកស្រាសស្រវឹងអស់។
លោកបានថ្លែងថា “បន្ទាប់ពីពួកគាត់មួយចំនួនស្រវឹងស្រា យើងបានបញ្ជូនបុរសរូបនេះទៅកាន់អធិការដ្ឋាននគរបាលយ៉ាងលឿន។ ជនសង្ស័យរូបេនះអាចនឹងស្លាប់ ប្រសិនបើយើងទុកគាត់នៅប៉ុស្តិ៍នគរបាលឃុំទៀត”។
លោក ឈឿន បានមានប្រសាសន៍ថា លោក គៀង ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកកាលពីម្សិលមិញ ដើម្បីសាកសួរជុំវិញការចោទប្រកាន់ពីបទចាប់ពង្រត់នេះ។
លោក អ៊ូ វណ្ណារិទ្ធ អធិការរងនគរបាលស្រុកដែលស្ថិតក្នុងចំណោមមន្ត្រីឃុំ និងស្រុកប្រហែល៥០នាក់ដែលត្រូវបានដាក់ពង្រាយដើម្បីសម្រួលស្ថានការណ៍នោះបានមានប្រសាសន៍ថា លោក គៀង បានប្រាប់ក្រុមអ្នកសើុបអង្កេតថា គាត់កំពុងជិះម៉ូតូមកផ្ទះតាមផ្លូវលំមួយក្នុងឃុំស្នោ កាលពីថ្ងៃសៅរ៍ ស្រាប់តែគាត់បានឃើញក្មេងស្រីរូបនេះ ហើយ គាត់គិតថា នាងត្រូវការឲ្យជួយហើយ។
លោកបានថ្លែងថា “គាត់បានប្រាប់យើងថា ដោយសារមេឃភ្លៀង គាត់មិនអាចរកឪពុកម្តាយរបស់នាងឃើញទេ គាត់បានសម្រេចនាំនាងទៅផ្ទះរបស់ខ្លួន”។ លោកបានបន្ថែមថា លោក គៀង ដែលក៏អះអាងផងដែរថា គាត់ស្រវឹងស្រានៅពេលនោះ រស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល។
លោក វណ្ណារិទ្ធ បានបន្ថែមថា លោក គៀង បាននិយាយថា នៅពេលមកដល់ផ្ទះប្រពន្ធរបស់គាត់បានឲ្យគាត់ជូនក្មេងស្រីនេះទៅផ្ទះរបស់នាងវិញ ប៉ុន្តែ ដោយភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យគាត់ពន្យារពេលអស់ជាច្រើនថ្ងៃ។
លោកបានមានប្រសាសន៍ថា “ដោយសារភ្លៀងខ្លាំង គាត់បានសម្រេចទុកក្មេងស្រីនេះឲ្យនៅជាមួយកូនៗរបស់គាត់ ហើយបានផ្តល់អាហារ និងសម្លៀកបំពាក់ដល់នាង”។
លោកបានបន្ថែមថា ទីបំផុត នៅពេលបុរសរូបនេះបាននាំក្មេងស្រីនេះទៅកាន់ឃុំចារកាលពីរសៀលថ្ងៃពុធ ដើម្បីស្វែងរកឪពុកម្តាយរបស់នាងនោះ សាច់ញាតិក្មេងស្រីរូបនេះបានស្គាល់នាង។
លោក វណ្ណារិទ្ធ បានថ្លែងថា “នៅពេលគាត់ឈប់ម៉ូតូដើម្បីសួរគេ នារីជំទង់អាយុ ១៧ឆ្នាំម្នាក់ដែលត្រូវជាបងប្អូនជីដូនមួយក្មេងស្រីនោះបានស្គាល់នាងភ្លាម ហើយពេលនោះបានមកទាញដៃនាងចេញពីបុរសរូបនោះ”។
លោកបានមានប្រសាសន៍ថា បន្ទាប់មកមនុស្សមួយក្រុមបានឡោមព័ទ្ធយ៉ាងលឿន ធ្វើឲ្យលោក គៀង រត់យកប្រាសអាយុ ហើយទៅដល់ប៉ុស្តិ៍នគរបាល។
លោកបានបន្ថែមថា “ក្រុមអ្នកភូមិក៏បានចោទប្រកាន់គាត់ថា ជាអ្នកដើរវះយកសរីរាង្គមនុស្សផងដែរ”។
យោងតាមលោក វណ្ណារិទ្ធ បានឲ្យដឹងថា ក្រុមមនុស្សបានឡោមព័ទ្ធប៉ុស្តិ៍នគរបាលហើយបានគប់ដំុថ្មទៀតផង ធ្វើឲ្យខូចដំបូលនិងបែកបាក់បង្អួច។ លោកបានថ្លែងថា នគរបាលមិនមានគម្រោងចាប់ខ្លួនក្រុមមនុស្សទាំងនោះទេ ពីព្រោះមានមនុស្សចូលរួមច្រើនណាស់។
លោក សាក់ សាអែម នាយប៉ុស្តិ៍ឃុំចារបានមានប្រសាសន៍ថា លោកជឿថា លោកគៀង បាននាំក្មេងស្រីនេះទៅក្នុងហេតុផលមិនល្អ។
លោកបានថ្លែងថា “ប្រសិនបើគាត់មិនមានបំណងអាក្រក់ទេនោះ… ហេតុអ្វីបានជាគាត់ទុកកូនស្រីរបស់គេយូរថ្ងៃម្លេ៉ះ?។ គាត់គួរតែប្រាប់អាជ្ញាធរមូលដ្ឋានថា គាត់បានមកយកក្មេងស្រីរូបនេះ។
លោក សាអែម បានបន្ថែមថា សាក្សីបានរាយការណ៍ថា ពេលគាត់ឈប់ម៉ូតូ លោក គៀង មិនបានសួររកអាសយដ្ឋានក្មេងស្រីរូបនេះទេ ប៉ុន្តែ គាត់បែរជាសួររកទិសដៅទៅភ្នំពេញទៅវិញ។ លោកបានថ្លែងថា ”អ្នកភូមិជឿថា គាត់ព្យាយាមដឹកក្មេងស្រីរូបនេះទៅលក់នៅភ្នំពេញ”។
យោងតាមនាយប៉ុស្តិ៍ឃុំរូបនេះបានឲ្យដឹងថា លោក គៀង អាចគេចចេញពីប៉ុស្តិ៍នគរបាលបានបន្ទាប់ពីមន្ត្រីនគរបាលឲ្យគាត់ស្លៀកពាក់ឯកសណ្ឋាននគរបាល។
លោកបានបន្ថែមថា “ខ្ញុំក៏បានព្យាយាមប្រាប់អ្នកភូមិឲ្យឈប់គប់ដុំថ្មដែរពីព្រោះវាខុសច្បាប់ ប៉ុន្តែ ពួកគាត់មានកំហឹងយ៉ាងខ្លាំង”។
លោក យង់ ញៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានមានប្រសាសន៍ថា នគរបាលប្រហែលជាដោះលែងលោក គៀង បន្ទាប់ពីការសាកសួររួច ពីព្រោះបច្ចុប្បន្ននេះពួកគេមិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបន្តឃុំខ្លួនគាត់ឡើយ។
លោកបានមានប្រសាសន៍ថា “នគរបាលប្រហែលជាមិនបញ្ជូនជននេះទៅតុលាការទេ ពីព្រោះករណីនេះគឺមិនមែនជាការចាប់ពង្រត់ឡើយ។ អ្នកភូមិមានការយល់ច្រឡំហើយពួកគាត់មិនយល់អំពីស្ថានការណ៍នោះ”៕ សារុន