33 C
Phnom Penh

​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ក្នុង​ពេល​មាន​ការ​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​នៅ​ពេល​ដែល​អ្នក​តវ៉ា​រាប់​រយ​នាក់​​បាន​ប្រមូល​ផ្ដុំគ្នា​ខាង​ក្រៅ​ព្រឹទ្ធសភា​​កាលពី​ព្រឹក​ថ្ងៃ​សុក្រ មាន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​៤៤​រូប ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​​ច្បាប់​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ដ៏ចម្រូងចម្រាស​ មុន​នឹង​​បោះ​ឆ្នោត​​អនុម័ត​ជា​ឯកច្ឆន្ទ​ ហើយ​​បញ្ជូន​​ទៅ​កាន់​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​។

លោក ម៉ម ប៊ុននាង ​អ្នក​នាំពាក្យ​​ព្រឹទ្ធសភា​បាន​និយាយ​ថា ​សមាជិក​ព្រឹទ្ធសភា​​​ប្រាំបី​រូប​បាន​ផ្ដល់​យោបល់​គាំទ្រ​ច្បាប់​​នោះ​ ដែល​​ត្រូវ​រិះគន់​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ និង​​​ម្ចាស់​​ជំនួយ​អន្តរជាតិ​ មុន​នឹង​បោះ​ឆ្នោត​អនុម័ត​​នៅ​ក្នុង​​កិច្ច​​ប្រជុំ​រយៈ​ពេល​​៣ម៉ោង។សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ​១១​រូប​បាន​ធ្វើ​ពហិការ​មិន​​ចូល​រួម​សម័យ​ប្រជុំ​នេះ​ទេ​។

លោក ប៊ុននាង បាន​និយាយ​ថា “​យើង​ សមាជិក​ព្រឹទ្ធសភា​ បាន​ពិនិត្យ​មើល​មាត្រា​នីមួយៗ​ ហើយ​ពិភាក្សា​យ៉ាង​​ហ្មត់ចត់​មុន​នឹង​បោះ​ឆ្នោត​។ លោក ប៊ុន​នាង បាន​បន្ថែម​ថា ច្បាប់​នេះ​នឹង​បញ្ជូនទៅ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ច័ន្ទ​។

ប្រសិន​បើ​អនុម័ត​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ​នឹង​​ឡាយ​​ព្រះហស្តលេខា​​​​ដើម្បី​ឲ្យ​ច្បាប់​នោះចូល​ជាធរមាន​។

លោក ប៊ុន​នាង បាន​និយាយ​ថា “​ច្បាប់នេះមាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​ជួយ​​ធ្វើ​ឲ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ក្លាយ​ជា​​អង្គភាព​ស្រប​ច្បាប់​​ដែល​ការ​ពារ​​ដោយ​ច្បាប់​។

ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​ព្រឹទ្ធសភា​​​បាន​ជំទាស់​។

ដោយ​ប្រវាយ​ប្រតប់​ជាមួយ​នឹង​​នគរ​បាល​ដែល​ដាក់ពង្រាយ​ដើម្បី​រារាំង​​ពួកគេ​មិន​ឲ្យ​ចូល​ទៅ​ក្បែរ​ខ្លោង​ទ្វារ​ព្រឹទ្ធសភា​​នៅ​តាម​​​មហាវិថី​នរោត្តម ក្រុម​អ្នក​តវ៉ា​បាន​កាន់​បដា​​ និង​ស្រែក​ពាក្យ​ស្លោក​ទាម​​ទារ​ឲ្យ​លុប​ចោល​ច្បាប់​​ស្ដីពី​អង្គការ​​ក្រៅ​រដ្ឋាភិបាល។

អ្នក​ស្រី ឆាយ គឹមហ៊ន សកម្មជន​សិទ្ធិ​ដីធ្លី​មក​ពី​តំបន់​បុរីកីឡា​ក្នុង​ក្រុង​ភ្នំពេញ ​បាន​និយាយ​ថា “​​នៅ​ពេល​ច្បាប់​នេះ​ត្រូវ​អនុវត្ត វា​មាន​ន័យ​ថា យើង​ទាំង​អស់​គ្នា​នឹង​ស្លាប់​ ពីព្រោះ​ច្បាប់​នេះ​នឹង​រឹតត្បិត​សិទ្ធិ​របស់​យើង​​​ក្នុង​ការ​ជួបជុំគ្នា​ដោយ​សន្តិវិធី​ និង​​ការ​ប្រើ​សេរីភាព​របស់​យើង​”។ សកម្មជនសិទ្ធិ​ដីធ្លី​រូប​នេះបាន​និយាយ​ថា “​ច្បាប់​នេះ​នឹង​ជះ​ឥទ្ធិពល​លើ​ពលរដ្ឋ​ដែល​ប្រឈម​នឹង​បញ្ហា​ដីធ្លី​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​ទូទាំង​ប្រទេស​ ពីព្រោះ​រដ្ឋាភិបាល​អាច​បក​ស្រាយ​ដើម្បី​​ផ្ដន្ទាទោស​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ចេញ​មុខ​គាំទ្រ​ពួកយើង​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ដីធ្លី​”។

អ្នក​ស្រី គឹមហ៊ន បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ប្រមាណ​៥០០​នាក់​​ដែល​បាន​​ឈរ​ពី​ម្ខាង​ផ្លូវ​ស្ទើរ​ពេញ​មួយ​ព្រឹក​ពី​ទ្វារ​របង​ព្រឹទ្ធសភា​ ដែល​មាន​កម្លាំង​នគរ​បាល​រារាំង​ពួកគេ​មិន​​ឲ្យ​​នៅ​ពីមុខ​ខ្លោង​ទ្វារ​។

លោក ស៊ឹម វុទ្ធី ស្នង​ការ​រង​ក្រុង​ភ្នំពេញ​​ដែល​ឃ្លាំមើល​​បាតុកម្ម​នោះ បាន​និយាយ​ថា ​ការ​អនុញ្ញាត​ឲ្យ​ក្រុមអ្នក​តវ៉ា​ប្រមូល​ផ្ដុំគ្នា​នៅ​ម្ខាង​ផ្លូវ​ គឺ​ជា​ការ​សម្រប​សម្រួល​។

លោក​ស្នង​ការ​រង​រូប​នេះ​បាន​និយាយ​ថា “​ខ្ញុំ​មិន​អាច​ឲ្យ​ពួកគេ​ឆ្លង​ទៅ​ម្ខាង​ផ្លូវ​បាន​ទេ យើង​មិន​រឹត​ត្បិត​សិទ្ធិ​របស់​គេ​ទេ ប៉ុន្តែ​យើង​សុំ​ឲ្យ​ពួកគេ​កុំ​​ប្រមូល​ផ្ដុំគ្នា​ ពីព្រោះ​វា​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​”។ លោក​ស្នង​ការ​រង​រូប​នេះ​បាន​និយាយ​បន្ត​ថា “​ឥឡូវ​ខ្ញុំ​សម្រប​សម្រួល​​ដោយ​ឲ្យ​បង​ប្អូន​ប្រមូល​ផ្ដុំគ្នា​នៅ​ម្ខាង​​ ដើម្បី​​​ប្រើ​​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ”។

នៅ​ត្រង់​ចំណុច​មួយ​ នគរ​បាល​ដែល​កាន់​ខែល​​ និង​ក្រុម​អ្នក​តវ៉ា​បាន​រុញ​​គ្នា​ទៅ​វិញ​ទៅ​មក​ប្រហែល​៣០​នាទី​ ប៉ុន្តែ​បាន​បញ្ចប់​ទៅវិញ​ដោយ​គ្មាន​របួស​ធ្ងន់ធ្ងរ​ទេ​។

លោក អំ សំអាត អ្នក​គ្រប់​គ្រប​ផ្នែក​បច្ចេកទេស​ជាន់​ខ្ពស់​​​​​​របស់​អង្គការ​លីកាដូ​​បាន​និយាយ​ថា ការ​ប្រឹង​ប្រែង​រារាំង​ការ​តវ៉ា​នៅ​ថ្ងៃ​សុក្រ​នេះគឺ​ប្រៀប​បាន​នឹង​​​ឥទ្ធិពល​ដែល​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នឹង​មាន​ទៅ​លើ​ការ​រិះគន់​ជា​សាធារណៈ​​ចំពោះ​រដ្ឋាភិបាល​។

លោក​ សំអាត បាន​និយាយ​ថា “​តាម​ពិត​​អាជ្ញាធរ និង​​នគរ​បាល​​​ បាន​រុញ​ច្រាន​ក្រុម​អ្នក​តវ៉ា​​ដែល​​គ្រាន់តែ​តវ៉ា​ និង​ប្រមូល​ផ្ដុំគ្នា​ដោយ​សន្តិវិធី​។ វាជា​និមិត្ត​សញ្ញា​ដែល​បង្ហាញ​នូវ​​ឥទ្ធិពល​ដ៏ធ្ងន់ធ្ងរ​​ទៅ​លើ​​​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ”៕ រើន​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស