លោក សម រង្សី ប្រធានគណបក្សប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា ការដាក់ពន្ធនាគារសកម្មជនគណបក្សសង្គ្រោះជាតិ១១រូបពីបទ “កុបកម្ម” កាលពីសប្ដាហ៍មុន គឺជាសារចេញពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណបក្សនេះត្រូវតែបញ្ឈប់យុទ្ធនាការរបស់ខ្លួនក្នុងការឆ្លុះបញ្ចាំងពីការទន្ទ្រានចូលទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនវៀតណាម។
ការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី បែបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រកាសថា លោក ហ៊ុន សែន បានឆ្លៀតឱកាសនៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ជាឲ្យពួកគេកម្ចាត់ “បដិវត្តន៍ពណ៌” នៅកម្ពុជា ក្រោយពីគណបក្សប្រឆាំងបានបង្កឲ្យមានភាពតានតឹងជាមួយវៀតណាម កាន់តែខ្លាំងឡើងពាក់ព័ន្ធបញ្ហាព្រំដែន។
ក្នុងរយៈពេលជាង២ខែកន្លងមកនេះ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំដំណើរចុះពិនិត្យស្ថានភាពនៅក្នុងខេត្តចំនួនបួនតាមបណ្ដោយព្រំដែនភាគខាងកើត ដើម្បីឆ្លុះបញ្ចាំងពីការចូលលុកលុយទឹកដី ដោយទីបំផុតសកម្មជនប្រមាណ២.៥០០នាក់បានធ្វើដំណើរឆ្ពោះទៅចំណុចព្រំដែនមានវិវាទមួយនៅក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកក្កដា។
ពីរថ្ងៃក្រោយមក សកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១១រូបដែលបានឡើងសវនាការជំនុំជម្រះចាប់តាំងពីថ្ងៃទី២៧ ខែមីនា ត្រូវបានតុលាការសម្រេចឲ្យជាប់ពិរុទ្ធភាព និងផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំ។ ហើយកាលពីម្សិលមិញ លោក សម រង្ស៊ី បានចាត់ទុកសេចក្ដីសម្រេចនេះថាជារឿងនយោបាយ។
លោកបានមានប្រសាសន៍ពីប្រទេសលុចសំបួថា “រឿងនេះពាក់ព័ន្ធបញ្ហាព្រំដែន ដែលមានផលវិបាកធ្ងន់ធ្ងរ ហើយនេះគឺជាសញ្ញាយ៉ាងច្បាស់មួយប្រាប់មកគណបក្សប្រឆាំងថា ៖ កុំទៅព្រំដែន ហើយដរាបណាយើងឈប់ទៅព្រំដែន និងឈប់បង្កភាពតានតឹងតាមរយៈការលាតត្រដាងភ័ស្តុតាង ពេលនោះវានឹងលែងមានបញ្ហាហើយ។ នេះគឺជាការធ្វើឲ្យតែល្អមើល វាគ្រាន់តែជាការបង្ហាញសារប៉ុណ្ណោះ។ វាជារឿងអាមា៉ស់ក្នុងការទទួលស្គាល់ថា បញ្ហាព្រំដែនជាបញ្ហារសើបខ្លាំងដែលត្រូវតែ ‘ដោះស្រាយ’ ដោយគ្មានតម្លាភាព និងដោយគ្មានអ្នកណាចូលរួមពាក់ព័ន្ធក្រៅតែពីមន្ត្រីរដ្ឋាភិបាល។ ពួកគេមិនអាចបង្ហាញវាដោយបែបនោះបានឡើយ ដូច្នេះហើយពួកគេក៏មកនិយាយរឿង ’បដិវត្តន៍ពណ៌’ និង ‘ការបះបោរ’ ។ល។”។ ទន្ទឹមនឹងនេះ លោកក៏បានមានប្រសាសន៍ការពារការសម្រេចចិត្តរបស់លោកដែរក្នុងការចាកចេញពីកម្ពុជា ទៅកាន់អឺរ៉ុប ក្រោយពីតុលាការសម្រេចដាក់ពន្ធនាគារសកម្មជនគណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា លោកមានគម្រោងធ្វើដំណើរទៅកាន់អឺរ៉ុប ជាយូរមកហើយ។
លោក សម រង្ស៊ី ដែលបានរស់នៅដោយនិរទេសខ្លួនក្នុងប្រទេសបារាំង ចន្លោះពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ ដើម្បីគេចពីទោសជាប់ពន្ធនាគារដែលកើតចេញពីសកម្មភាពលោកដកបង្គោលតម្រុយព្រំដែនមានវិវាទមួយនៅតាមបណ្ដោយព្រំដែននៅក្នុងខេត្តស្វាយរៀងនោះ បានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការភៀសខ្លួនទៅក្រៅប្រទេសតាមជើងហោះហើរ ក្រោយពីតុលាការសម្រេចផ្ដន្ទាទោសរូបលោក។
លោកមានប្រសាសន៍ថា ”កូនស្រីរបស់ខ្ញុំទើបតែសម្រាលបុត្ររួច ដូច្នេះខ្ញុំគិតថា នេះជាមូលហេតុដែលខ្ញុំចង់ចាកចេញពីកម្ពុជា។ យើងមិនត្រូវយកព្រឹត្តិការណ៍មកធ្វើជាល្ខោនឡើយ។ គ្មានអ្នកនយោបាយណាម្នាក់ត្រូវបានដាក់ពន្ធនាគារទេក្នុងរយៈពេលជាងពីរបីខែមកនេះ។ វានឹងមានការដោះស្រាយខាងនយោបាយ ហើយវាពាក់ព័ន្ធផ្ទាល់ទៅនឹងលោក ហ៊ុន សែន មិនមែនពាក់ព័ន្ធការប្រឈមតតាំង ឬការតវ៉ាផ្លូវការនោះទេ។ អ្នកផ្សេងទៀតធ្វើរឿងនោះបានយ៉ាងល្អ”។
កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានរៀបចំកិច្ចប្រជុំមួយជាមួយកងកម្លាំងសន្តិសុខ និងកងកម្លាំងប្រដាប់អាវុធប្រមាណ៥.០០០នាក់នៅទីបញ្ជាការដ្ឋាននៃអង្គភាពកងអង្គរក្សរបស់លោកក្នុងខេត្តកណ្ដាល ហើយតាមសេចក្ដីរាយការណ៍ថា បញ្ហាកំណត់ព្រំដែនត្រូវបានលើកឡើងក្នុងពេលនោះ។
កាលពីថ្ងៃសុក្រ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍មួយដែលសង្ខេបសាររបស់លោកនាយករដ្ឋមន្ត្រីទៅកាន់យោធា កងរាជអាវុធហត្ថ និងនគរបាល។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលក៏បានមានប្រសាសន៍អំពីសភាពការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ដោយបានលើកឡើងជុំវិញរឿងរា៉ាវទាំងឡាយដែលកើតមាន និងបង្កឡើងដោយគណបក្សសង្គ្រោះជាតិ ហើយទោះជាយ៉ាងណាក៏ដោយ សម្តេចបានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសភាពការណ៍ថ្មីនេះ គឺការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ជាពិសេសសម្តេចបានផ្តាំផ្ញើដល់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាមិនឲ្យ មានបដិវត្តន៍ពណ៌នៅកម្ពុជា ទោះតម្លៃណាក៏ដោយ គឺត្រូវកម្ចាត់ចោលភ្លាម ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយកងកម្លាំងប្រដាប់អាវុធមិនអព្យាក្រឹត្យរវាងបក្សនយោបាយជាមួយនឹងរដ្ឋនោះទេ”។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តទៀតថា “សម្តេចបញ្ជាក់ថា ទង្វើរបស់ក្រុមណា បក្សណាដែលចង់ផ្តួលរំលំរដ្ឋ គឺត្រូវកម្ចាត់ ចោលភ្លាម ត្រូវអប់រំសតិអារម្មណ៍ក្នុងជួរកងទ័ព អាវុធហត្ថ នគរបាលឲ្យយល់លើចំណុចនេះគឺអព្យាក្រឹត្យចំពោះមុខបក្សនយោបាយតែមិនអព្យាក្រឹត្យរវាងរដ្ឋ និងបក្សនយោបាយ ហើយរាល់ទង្វើខុសច្បាប់ត្រូវអនុវត្តច្បាប់ទង្វើផ្តួលរំលំរដ្ឋដោយខុសច្បាប់ ត្រូវកម្ចាត់ចោលភ្លាមៗដោយគ្មានការស្ទាក់ស្ទើរ”។
កាលពីថ្ងៃសៅរ៍ ស្ថានទូតអាមេរិកនៅក្នុងរាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិនិត្យមើលឡើងវិញថា តើហេតុអ្វីបានជាសកម្មជនចំនួន១១រូបរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលដ៏យូរយ៉ាងនេះចំពោះការចូលរួមពាក់ព័ន្ធរបស់ពួកគាត់នៅក្នុងការតវ៉ាដែលបានផ្ទុះអំពើហិង្សា។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវករណីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូប ដែលត្រូវបានតុលាការដាក់ទោសពីបទធ្វើការបះបោរចេញ ពីការតវ៉ានៅខែកក្កដា ឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ។ ការតវ៉ាដោយសន្តិវិធីនិងសេរីភាពក្នុងការសម្តែងមតិ គឺជាទិដ្ឋភាពជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ”។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារ បន្តថា ” ក្រុមនេះ ដែលរួមមានផងដែរ នូវលោក មាជ សុវណ្ណារ៉ា ដែលជាជនជាតិអាមេរិក ត្រូវបានតុលាការដាក់ទោសភ្លាមៗហើយមនុស្សជាច្រើនគិតថាមិនសមស្របឡើយ។ សហរដ្ឋអាមេរិកមានកង្វល់យ៉ាងខ្លាំងចំពោះដំណើរការដែលនាំដល់ការដាក់ទោសអ្នកទាំងនោះដោយតុលាការ។ យើងសុំឲ្យរដ្ឋាភិបាលកម្ពុជា ពិនិត្យមើលឡើងវិញឲ្យបានហ្មត់ចត់នូវដំណើរការក្តីនៃតុលាការរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យវាមានលក្ខណៈពេញលេញ តម្លាភាព ហើយស្របទៅនឹងច្បាប់ ក្នុងប្រទេស និងបទដ្ឋានអន្តរជាតិ”។
ជាការឆ្លើយតប ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយទៀតកាលពីថ្ងៃសៅរ៍ ដែលទំនងជាគំរាមបុគ្គលិកស្ថានទូតអាមេរិក [ទោះបីជាមានអភ័យឯកសិទ្ធិការទូតក៏ដោយ] ថា អាចនឹងជាប់ពន្ធនាគារពីបទរិះគន់ជាផ្លូវការចំពោះសេចក្តីសម្រេចរបស់តុលាការ។ សេចក្តីថ្លែងការណ៍េនះមាន ខ្លឹមសារដូច្នេះថា “ការប្រកាសគាំទ្រក្រុមជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងមិនគោរពសេចក្តីសម្រេចរបស់តុលាការ រួមទាំងការមិនបានយល់ឲ្យច្បាស់អំពីគោលការណ៍នីតិរដ្ឋនិងការបែងចែងអំណាចដាច់ពីគ្នារវាងស្ថាប័នតុលាការ និងរាជរដ្ឋាភិបាល គឺជាទង្វើខុសឆ្គង ដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក ដែលប្រមាថដល់ជនរងគ្រោះ និងអាចចាត់ទុកថា ជាចេតនាបង្កើនភាពអនាធិបតេយ្យ បំផ្លាញសន្តិសុខនិងភាពសុខដុមរមនាក្នុងសង្គមជាតិកម្ពុជាទាំងមូល។អំពើរិះគន់លិខិត ឬសេចក្តីសម្រេចរបស់តុលាការក្នុងគោលដៅបង្កឲ្យមានភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ ឬក៏បង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅប្រាំមួយខែ និងពិន័យជាប្រាក់ ពីចំនួន១០០.០០០រៀលទៅ១.០០០.០០០រៀល”។
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលបានមកដល់ប្រទេសកម្ពុជាវិញមិនយូរប៉ុន្មានមុនពេលលោក សម រង្ស៊ី ចាកចេញពីប្រទេសកាលពីសប្តាហ៍មុន មានគម្រោង ទៅសួរសុខទុក្ខសកម្មជនទាំងនេះនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ មិុច ដារ៉ា)