កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្សប្រាំមួយនាក់ដែលស្លៀកពាក់ឯកសណ្ឋានពន្ធនាគារ និងដាក់ច្រវាក់ជើងជាប់គ្នាដើម្បី តវ៉ានៅខាងក្រៅរដ្ឋសភាប្រឆាំងនឹងច្បាប់ដែលបានអនុម័តកាលពីពេលថ្មីៗ ដែលគំរាមកំហែងដើម្បីរារាំងអង្គការ មិនមែនរដ្ឋាភិបាលកុំឲ្យរិះគន់រដ្ឋាភិបាល ហើយក្រោយមកត្រូវបានដោះលែងវិញ។

ការឃាត់ខ្លួនមនុស្សទាំងប្រាំមួយនាក់នេះធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនសកម្មជនប្រាំនាក់ទៀតកាលពីសប្តាហ៍មុនពីបទចែកខិត្តប័ណ្ណរិះគន់ច្បាប់នេះនៅតាមទីផ្សារក្នុងរាជធានីភ្នំពេញ ហើយត្រូវបានដោះលែងវិញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សកម្មជនទាំងនេះត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ពីព្រោះពួកគេមិនបានសុំការអនុញ្ញាតដើម្បីធ្វើការតវ៉ានេះឡើយ។ (ច្បាប់រដ្ឋបាលរបស់ប្រទេសចែងថា អ្នកតវ៉ាត្រូវជូនដំណឹងដល់អាជ្ញាធរអំពីផែនការរបស់ខ្លួន)។
លោកបានមានប្រសាសន៍ថា “យើងមិនអាចអនុញ្ញាតឲ្យពួកគេបន្តទេ ពីព្រោះសកម្មភាពរបស់ពួកគេខុសច្បាប់។វាជារឿងគួរឲ្យអស់សំណើចដែលពួកគេស្លៀកពាក់ឯកសណ្ឋានពន្ធនាគារ និងដាក់ច្រវាក់ដូចជាអ្នកទោសនោះ ប៉ុន្តែ តើវាត្រឹមត្រូវទនៅេក្នុងការធ្វើដូច្នេះក្នុងទីសាធារណៈដោយគ្មានការអនុញ្ញាតនោះ?។ ដូច្នេះហើយ យើងត្រូវចាត់វិធានការដើម្បីរារាំងពួកគេ។សកម្មភាពរបស់ពួកគេធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់ប្រទេសកម្ពុជា”។
សកម្មប្រហែល១២នាក់បានជួបជុំគ្នានៅមុខរដ្ឋសភាដើម្បីធ្វើការតវ៉ារួមមានមនុស្សពីរបីនាក់មកពីយុវជនខ្មែរមហានគរ ជាក្រុមនិស្សិត។
លោក ហេង សំណាង ប្រធានក្រុមនេះបានមានប្រសាសន៍ថា ច្រវាក់ និងឯកសណ្ឋានពន្ធនាគារក្នុងបំណងសំដែងពីកង្វល់របស់ខ្លួនទាក់ទងច្បាប់នេះដែលតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាលភាគច្រើនចុះបញ្ជីជាមួយរដ្ឋាភិបាល។ ក្រុមអ្នករិះគន់បារម្ភថា រដ្ឋាភិបាលនឹងប្រើប្រាស់បទប្បញ្ញត្តិមិនច្បាស់លាស់ទាមទារឲ្យមានអព្យាក្រឹតភាពនយោបាយ និងគោរពប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរារាំង ឬបិទអង្គការណាដែលរិះគន់គណបក្សប្រជាជនកម្ពុជា។
លោក សំណាង ដែលបានចូលរួមការតវ៉ាតែមិនត្រូវបានចាប់ខ្លួននោះបានមានប្រសាសន៍ថា “យើងចង់ផ្ញើសារដល់រដ្ឋាភិបាលថា នៅពេលគេអនុម័តច្បាប់ គេនឹងប្រើប្រាស់ច្បាប់នេះដើម្បីចាប់ខ្លួនយើង ពីព្រោះសមាគមរបស់យើងមិនទាន់បានចុះបញ្ជីនៅឡើយ។ ហើយនៅពេលយើងព្យាយាមតវ៉ាដើម្បីការពារព្រៃឈើ គេនឹងរារាំងយើងមិនឲ្យជួយដល់សហគមន៍ឡើយ”។
លោកបានមានប្រសាសន៍ថា “យើងគ្រាន់តែប្រើប្រាស់សិទ្ធិរបស់យើងក្រោមច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះ ដើម្បីបង្ហាញ និងសំដែងយោបល់របស់យើង។ ការចាប់ខ្លួនទាំងនេះបង្ហាញថា យើងមិនមែនជាប្រទេសប្រជាធិបតេយ្យឡើយ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានឃ្លាំមើលការចាប់ខ្លួនកាលពីម្សិលមិញ បានមានប្រសាសន៍ថា ការចាប់ខ្លួននេះមិនត្រូវឡើយ។
លោកបានមានប្រសាសន៍ថា “ការចាប់ខ្លួនក្រុមយុវជននេះគឺខុសច្បាប់ ពីព្រោះពួកគេធ្វើការតវ៉ាដោយសន្តិវិធី ហើយពួកគេមិនបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ”។
រដ្ឋសភាបានអនុម័តច្បាប់អង្គការមិនមែនរដ្ឋាភិបាលកាលពីថ្ងៃទី១៣ ខែកក្កដា ហើយព្រឹទ្ធសភាក៏បានអនុម័តដែរកាលពីថ្ងៃសុក្រ។ ទាំងពីរលើក សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានបន្តអនុម័តច្បាប់នេះចំពេលដែលមានការធ្វើពហិការរបស់គណបក្សប្រឆាំងដែលជំទាស់នឹងច្បាប់នេះ។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានជំរុញរដ្ឋាភិបាលកុំឲ្យអនុម័តច្បាប់នេះជាលាយលក្ខណ៍អក្សរនោះ ធ្វើឲ្យមានការចោទប្រកាន់ពីការជ្រៀតជ្រែកនយោបាយពីក្រសួងការបរទេស។
លោក សំណាង បានមានប្រសាសន៍ថា សកម្មជនទាំងប្រាំមួយនាក់ត្រូវបានដោះលែងវិញនៅមុនម៉ោង៦ល្ងាចបន្តិច បន្ទាប់ពីពួកគេយល់ព្រមឈប់ធ្វើការតវ៉ាដោយគ្មានការអនុញ្ញាត ឈប់ស្លៀកពាក់ឯកសណ្ឋានពន្ធនាគារ និងដាក់ច្រវាក់ ហើយប្រគល់ឯកសណ្ឋាន និងច្រវាក់ទាំងនោះ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ពីការដោះលែងនេះ ហើយបានលើកឡើងថា យុវជនទាំងប្រាំមួយនាក់នឹង “ប្រឈមមុខច្បាប់” ប្រសិនបើពួកគេបានរំលោភលក្ខខណ្ឌណាមួយនោះ៕ សារុន