28.4 C
Phnom Penh

តំណាង​រាស្ត្រ​បក្ស​ប្រឆាំងនៅ​តែ​ទទួល​ទណ្ឌកម្ម​​​ បន្ទាប់ពី​សុំទោស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឆ្លើយ​តបទៅ​​នឹង​ការ​​សូម​អភ័យ​ទោស​​ពី​​លោក អ៊ុំ សំអាន ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​​ដាក់​ទណ្ឌកម្ម​​ខាង​វិន័យ​​​កាលពី​សប្ដាហ៍​មុន ចំពោះ​ការ​​​បង្ហោះ​​សារ​រិះគន់​​​តាម​ហ្វេសប៊ុក ​​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​​បាន​សរសេរ​​​​​កាលពី​ថ្ងៃ​សៅរ៍​ថា ​ជម្លោះ​​​នេះ​បាន​​​បញ្ចប់​ត្រឹម​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​​ខាង​វិន័យ​​លើ​តំណាង​រាស្ត្រ​ដែល​រិះ​គន់​មិន​សំចៃ​មាត់​រូប​នេះ​។

​កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ​លោក អ៊ុំ សំអាន ​សរសេរសារ​​​បង្ហោះ​​លើ​ហ្វេសប៊ុក​ថា ​​លោក ​​ហេង សំរិន បាន​រំលោភ​​សិទ្ធិ​របស់​លោក​ក្នុង​​​ ​ការ​ចោទ​សួរ​ទៅ​រដ្ឋាភិបាល​​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ តាម​រយៈ​ការ​​បដិសេធ​​មិន​អនុម័តលើ​​លិខិត​​មួួយ​ច្បាប់​ផ្ញើជូន​​ទៅ​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ដែល​រួម​មាន​សំណួរ​​ជុំ​វិញ​​​ ការ​ដោះ​ដូរ​ដី​ជាមួយ​ប្រទេស​​​វៀត​​​ណាម​​ ​​​និង​សំណើ​​សុំ​​​​ផ្អាក​ការ​ងារ​​កំណត់​ព្រំដែនរហូត​ដល់​ក្រោយ​​​​​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ផង​​​ដែរ​។

កាលពី​​ថ្ងៃ​សុក្រ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​​នៃ​រដ្ឋសភា​ បាន​សម្រេច​ដាក់​ទណ្ឌកម្មខាង​វិន័យ​​លើ​​​លោក អ៊ុំ សំអាន ចំពោះ​ការ​បំពាន​​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ដោយ​ហាម​លោក​​​មិន​ឲ្យ​ចូល​​​​ប្រជុំ​ចំនួន​​១៥​លើក​ជា​បន្ត​បន្ទាប់ កាត់​​​​ប្រាក់​បំណាច់​ប្រចាំ​ខែ​៥០​ភាគរយ​ក្នុង​រយៈ​ពេល​២​ខែ​ និង​ប្រកាស​ផ្សាយ​​ជា​សាធា​រណៈ​នូវ​សម្រង់​កំណត់​ហេតុ​​បន្ទោស​ ព្រម​ទាំង​​​យក​ទៅ​បោះ​ពុម្ព ​ហើយ​បិទ​​នៅ​​គ្រប់​ឃុំ​ក្នុង​មណ្ឌល​ខេត្ត​សៀមរាប​។

លោក អ៊ុំ សំអាន បាន​ផ្ញើ​លិខិត​សូម​អភ័យ​​​ទោស​​លោក ហេង សំរិន កាលពី​ថ្ងៃសុក្រ។ លិខិត​នោះ​មាន​ខ្លឹមសារ​ដូច្នេះថា “​ខ្ញុំ​បាទ​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​សម្ដេច​ប្រធាន​​តាម​រយៈ​បណ្ដាញ​ព័ត៌មាន​សង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សម្ដេច​ប្រធាន​។ រាល់​អាកប្បកិរិយា​ និង​ពាក្យ​សម្ដី​​ខុស​ឆ្គង​របស់​ខ្ញុំ​បាទ​កន្លងមក ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រដ្ឋសភា និង​កិត្តិយស​របស់​សម្ដេច​ប្រធាន​។ សូម​សម្ដេច​ប្រធាន​មេត្តា​អធ្យាស្រ័យ​​ និង​អត់​ឱន​ឲ្យ​ខ្ញុំ​បាទ​​​ដោយ​ក្ដី​អនុគ្រោះ​”។

ជាការ​​ឆ្លើយ​តប​​តាម​រយៈ​​ការ​ចារ​លើ​លិខិត​​​សូម​អភ័យ​ទោស​របស់​លោក អ៊ុំ សំអាន ​លោក ហេង សំរិន បាន​​យល់​ព្រម​បញ្ចប់​ជម្លោះ​នេះ​ត្រឹម​ការ​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​សុក្រ។ លោក​​​​បាន​សរសេរ​ថា “​ [ខ្ញុំ​​] បាន​ឃើញ​ [លិខិត​] ​និង​ផ្ដល់​នូវ​ការ​អធ្យាស្រ័យ​ចំពោះ​ឯក​ឧត្ដម​ អ៊ុំ សំអាន ដោយ​បញ្ចប់​ត្រឹម​ការ​ដាក់​​ទណ្ឌកម្ម​ខាង​វិន័យ​”។

លោក ឈាង វុន ​​អ្នក​នាំពាក្យ​រដ្ឋ​សភា​​​​​បាន​​​​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នៅ​តែ​ត្រូវ​អនុវត្ត។ លោក​មាន​ប្រសាសន៍​ថា “​យើង​​មិន​អាច​​អត់​ឱន​ឲ្យ​ឯក​ឧត្ដម អ៊ុំ​ សំអាន បាន​ទេ ពីព្រោះ​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​គឺ​ជា​​សេច​​ក្ដី​​​សម្រេច​រួម​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា។ សម្ដេច​ប្រធាន​បាន​ត្រឹម​តែ​​យល់​​ព្រម​​​លើក​លែង​ទោស​ឲ្យ​ឯក​ឧត្ដម អ៊ុំ​ សំអាន ប៉ុណ្ណោះ​​ដើម្បី​​​កុំ​ឲ្យ​ករណី​ព្រហ្មទណ្ឌ​ធ្លាក់​​ដល់​ដៃតុលាការ​”៕ សុខុម​ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស