27 C
Phnom Penh

កម្មការិនីដែល​​ត្រូវ​​អភិបាល​ក្រុង​​​បាញ់​ ចង់​បាន​យុត្តិធម៌​​ដូច សាសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam photo bundith channa KHMER
កម្មការិនី​​ឈ្មោះ​ នុត សាខន ​ដែល​​ត្រូវ​បាន​​លោក​ ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុ​ង​បាវិត​ បាញ់​​ប្រហារ​អំឡុង​ការ​តវ៉ា​មួយ​កាលពី​ឆ្នាំ​២០១២ និ​យាយ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​រដ្ឋសភា​កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា​/The Cambodia Daily

កាលពី​ម្សិល​មិញ កម្មការិនីបី​នាក់​​ដែល​​ត្រូវ​​បាន​អភិបាល​ក្រុង​បាវិត ​បាញ់​ប្រហារ​កាលពី​ឆ្នាំ​២០១២​ ខណៈ​កំពុង​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់​ដេរ​មួយ​ក្នុង​ខេត្ត​ស្វាយ​រៀង ​បាន​អំពាវ​នាវ​សុំ​អន្តរាគមន៍​ពី​​​ថ្នាក់​ដឹកនាំ​​​កំពូល​ឲ្យ​ចាត់​វិធាន​ការ​ដើម្បី​​រក​យុត្តិធម៌​ជូន​​​ពួកគេ​ដូច​​​ករណី​​​ប្រើ​អំពើ​ហិង្សា​លើ​​កញ្ញា ឯក សុជាតា ហៅ​ សាសា អតីត​ពិធី​​​ការិនី​កាលពី​ដើម​ខែ​នេះដែរ។

កម្ម​ការិនី នុត សុខន ប៊ុន ចិន្តា និង កែវ នា បាន​​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​​​ដើម្បី​អំពាវ​នាវ​សុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ ​ជួយ​​ស្វែង​រក​​តាម​ចាប់​​ខ្លួន​​​​លោក ឈូក បណ្ឌិត ដែល​នៅ​មាន​សេរីភាព​នៅ​ឡើយ​​ ទោះបី​ជា​ត្រូវ​តុលា​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨​​​ខែ ដែល​ត្រូវ​បាន​​សាលា​ឧទ្ធរណ៍ និង​តុលា​​​ការ​​​កំពូល​​តម្កល់​ទុក​ជាបាន​ការ​ក៏​ដោយ។​​

កែវ នា អាយុ​២៣​ឆ្នាំ​​បាន​​​​​និយាយ​ដល់​កញ្ញា សាសា ​ដែល​បាន​រង​ការ​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ​ពី​សំណាក់​លោក សុខ ប៊ុន ឧកញ៉ា​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន និង​លោក ស ខេង ​ផ្ទុះ​កំហឹង​ថា “​យើង​គិតថា ករណី​របស់​យើង​ស្រដៀង​​នឹង​ករណី​​កញ្ញា សាសា ដែរ ដូច្នេះហើយ​យើង​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ស្វែង​រក​យុត្តិធម៌​ឲ្យពួក​​យើង​​​ទាំង​បី​នាក់ដែរ​​។ យើង​ចាត់​​ទុក​គាត់​ [លោក ហ៊ុន សែន] ដូចស្តេច​អ៊ីចឹង ​ប៉ុន្តែ​គាត់​​​បាន​ត្រឹម​តែ​ឈរ​មើល​ប៉ុណ្ណោះ​។ លោក ឈូក បណ្ឌិត បាន​ព្យាយាម​សម្លាប់​យើង​ ចំណែក​ឯ​កញ្ញា សាសា ​គ្រាន់​តែ​ត្រូវ​គេ​វាយ​ដំ​ប៉ុណ្ណោះ​ ហើយ​​ត្រឹម​តែ​១សប្ដាហ៍​ រដ្ឋាភិបាល​​ក៏​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ចំណែក​ឯ​​ករណី​របស់​យើង​បាន​​អូស​បន្លាយ​​អស់​៣​ឆ្នាំហើយ។ រដ្ឋា​ភិបាល​​អាចស្វែង​រក​យុត្តិធម៌​ឲ្យ​កញ្ញា សាសា បាន ប៉ុន្តែ​មិនអាច​រក​យុត្តិធម៌​ឲ្យ​យើង​​ទេ​”។

លោក សុខ ប៊ុន បាន​ភៀស​ខ្លួន​ចេញពី​ប្រទេស​បន្ទាប់ពី​​បែក​ធ្លាយ​រូប​ភាព​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​លោក​វាយ​ដំកញ្ញា សាសា និងដែល​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​។ លោក​បាន​វិល​​ត្រឡប់​មក​កម្ពុជា​វិញ​ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​លោក​​​​ត្រឡប់​មក​វិញ​អំឡុងពេល​ថ្លែង​​សុន្ទរកថាជា​សាធារណៈ​ ​​ហើយ​​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ។

លោក អេង ឆៃអ៊ាង ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា ​បាន​​បញ្ជាក់​ថា ​ញត្តិ​កាលពី​ម្សិលមិញ​​ទទួល​បាន​ហើយ ហើយ​បាន​សន្យា​​ថា​នឹង​ខិត​ខំ​ជំរុញ​ករណី​នេះ​បន្ថែម​ទៀត។

លោក​​បាន​មាន​​​ប្រសាសន៍​​បន្ថែម​ថា ”​យើង​​​នឹង​អន្តរា​​​គមន៍​ [​ហើយ​ស្នើឲ្យ​] ក្រសួង​យុត្តិធម៌​ជំរុញ​ការ​​​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ពេញ​លេញ​។ ​​ប្រសិន​បើ​គ្មាន​ប្រសិទ្ធ​ភាព​ទេ យើង​នឹង​កោះ​​​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ [លោក អង្គ វង្សវឌ្ឍានា] មក​​សាក​សួរ​​”៕សុខុម​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស