27.5 C
Phnom Penh

ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​នឹង​​​ចាប់​​​ផ្តើម​​​ពី​​​ល្បឿន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 

មន្ត្រី​​​មួយ​​​រូប​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ នឹង​​​ចាប់ផ្តើម​​​អនុវត្ត​​​នៅ​​​ថ្ងៃ​​​ទី​​​១​​​ ខែ​​​មករា​​​ ដោយ​​​ប៉ូលិស​​​​​​ត្រូវ​​​ផ្តោត​​​លើ​​​បុព្វហេតុ​​​ចម្បង​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ គឺ​​​ល្បឿន។

ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​រួម​​​មាន​​​ការ​​​​​ដាក់​​​ទោស​​​ធ្ងន់ធ្ងរ​​​ចំពោះ​​​ការ​​​ប្រ​​​ព្រឹត្ត​​​​​​ល្មើស​​​​​​ដូច​​​ជា​​​ការ​​​បើក​​​បរ​​​លឿន​​​​​​និង​​​បើក​​​បរ​​​ទាំង​​​ស្រវឹង​​​ ចំណែក​​​ឯ​​​ការ​​​រឹត​​​ត្បិត​​​ថ្មី​​​​​​កំណត់​​​នូវ​​​ចំនួន​​​អ្នក​​​ជិះទោចក្រយានយន្ត​​​​​​ឲ្យ​​​មាន​​​តែ​​​មនុស្ស​​​ចាស់​​​ម្នាក់​​​និង​​​ក្មេង​​​ម្នាក់ ហើយ​​​តម្រូវ​​​ឲ្យ​​​អ្នក​​​ជិះ​​​ពាក់​​​មួក​​​សុវត្ថិភាព។

ថ្លែង​​​នៅ​​​ក្នុង​​​​​​សិក្ខា​​​សាលា​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ដែល​​​​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​អង្គ​​​ការ​​​ជន​​​ពិការ​​​អន្តរ​​​ជាតិ លោក ទី ឡុង​​​ នាយក​​​រង​​​នាយក​​​ដ្ឋាន​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​ប៉ូលិស​​​ជាតិ បាន​​​និយាយ​​​ថា​​​ យុទ្ធនាការ​​​ទូ​​​ទាំង​​​ប្រទេស​​​​​​ដើម្បី​​​អនុវត្ត​​​​​​ច្បាប់​​​នេះ​​​​​​នឹង​​​មាន​​​វិធាន​​​ការ​​​មួយ​​​ជំហាន​​​ម្តង​​​ៗ។

លោក ឡុង បាន​​​និយាយ​​​ថា ការ​​​អនុវត្ត​​​ការ​​​កំណត់​​​ល្បឿន​​​ថ្មី​​​​​​និង​​​ទោស​​​ចំពោះ​​​​​​ការ​​​បំពាន​​​ច្បាប់​​​នេះ​​​នឹង​​​ត្រូវ​​​​​​ធ្វើ​​​មុន​​​គេ បន្ទាប់​​​មក​​​គឺ​​​ការ​​​បើក​​​បរ​​​ទាំង​​​ស្រវឹង។​​​

លោក​​​ ឡុង​​​ បាន​​​និយាយ​​​ថា “អ្នក​​​បើក​​​ម៉ូតូ​​​​​​ស្លាប់​​​​​​ដោយ​​​មាន​​​អត្រា​​​ខ្ពស់​​​ជាង​​​​​​អ្នក​​​បើក​​​បរ​​​នៃ​​​យានយន្ត​​​ផ្សេង​​​ទៀត ដោយ​​​សារ​​​តែ​​​រំលោភ​​​លើ​​​ល្បឿន​​​”។ លោក​​​បាន​​​បញ្ជាក់​​​បន្ថែម​​​ថា ៧០​​​ភាគ​​​រយ​​​​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ទាំង​​​អស់​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​បើក​​​លឿន។​​​​​​​​​​​​​​​​​​​​​​​

លោក​​​នាយក​​​រង​​​នាយក​​​ដ្ឋាន​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​ប៉ូលិស​​​ជាតិ​​​រូប​​​នេះ បាន​​​និយាយ​​​ថា “ច្បាប់​​​ថ្មី​​​កំណត់ឲ្យ​​​​​​អ្នក​​​បើក​​​ម៉ូតូ​​​បើក​​​ល្បឿន​​​​​​៣០​​​គីឡូម៉ែត្រ​​​​​​ក្នុង​​​មួយ​​​ម៉ោង​​​​​​នៅ​​​ក្នុង​​​ទី​​​ប្រ​​​ជុំ​​​ជន​​​​​​​​​និង​​​៦០​​​គីឡូ​​​ម៉ែត្រ​​​​​​​​​ក្នុង​​​មួយ​​​ម៉ោង​​​ក្រៅ​​​ទី​​​ប្រជុំ​​​ជន​​​ ចំណែកឯ​​​យានយន្ត​​​ដទៃ​​​ទៀត​​​​​​កំណត់​​​ត្រឹម​​​​​​៤០​​​គីឡូ​​​ម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង​​​​​​និង​​​៨០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង​​​”។​​​​​​​​​

សិក្ខា​​​សាលា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​បាន​​​ធ្វើ​​​ឡើង​​​ស្រប​​​គ្នា​​​នឹង​​​ការ​​​បញ្ចេញ​​​ការ​​​សិក្សា​​​ពី​​​ការ​​​ត្រួត​​​ពិនិត្យ​​​ល្បឿន​​​​​​របស់​​​អង្គការ​​​ជនពិការ​​​អន្តរ​​​ជាតិ ដែល​​​បាន​​​រក​​​ឃើញ​​​ថា ចំនួន​​​អ្នកដែល​​​តែង​​​តែ​​​​​​បើក​​​បរ​​​លើស​​​កំណត់​​​ល្បឿន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ជា​​​បុព្វហេតុ​​​ចម្បង​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ បាន​​​កើន​​​ឡើង​​​ពី​​​៤៨,២​​​ភាគ​​​រយ​​​​​​ក្នុង​​​ឆ្នាំ​​​២០១០​​​​​​ដល់​​​៦៦,៨​​​ភាគរយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន។

កា​​​រសិក្សា​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា សាធារណជន​​​ជា​​​ទូទៅ​​​មិន​​​យល់​​​ដឹង​​​ពីការ​​​​​​កំណត់​​​ល្បឿន​​​និង​​​ច្បាប់​​​សុវត្ថិភាព​​​ផ្លូវ​​​ថ្នល់​​​ទេ។ តាម​​​តំបន់​​​ជន​​​បទ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​ចំនួន​​​៤​​​ភាគរយ​​​​​​និង​​​អ្នក​​​បើក​​​ម៉ូតូ​​​​​​ចំនួន​​​២​​​ភាគ​​​រយ​​​​​​យល់​​​ដឹង​​​អំពី​​​ការ​​​កំណត់​​​ល្បឿន​​​ស្រប​​​ច្បាប់។

នៅ​​​ឯ​​​សិក្ខា​​​សាលា លោក ឡុង​​​ បាន​​​និយាយ​​​ថា ការកំណត់​​​ល្បឿន​​​ថ្មី​​​​​​នឹង​​​អនុវត្ត​​​តាម​​​ផ្លូវ​​​នានា ចំណែក​​​ឯ​​​ប៉ូលិស​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​១១​​​ក៏​​​បាន​​​ប្រើ​​​ឧបក​​​រណ៍​​​វាស់​​​ល្បឿន​​​​​​រួច​​​ហើយ ដើម្បី​​​អនុវត្ត​​​ការ​​​កំណត់​​​ល្បឿន​​​ដែល​​​មាន​​​ស្រាប់​​​​​​នៅ​​​តាម​​​​​​ផ្លូវ​​​ជាតិទាំង​​​ឡាយ។

លោក ឡុង បាន​​​និយាយ​​​ថា “​​​និយាយ​​​តាម​​​ពិត​​​ទៅ អ្នក​​​បើក​​​បរ​​​ទាំង​​​អស់​​​ត្រូវ​​​ប្រុង​​​ប្រយ័ត្ន ពី​​​ព្រោះ​​​កម្លាំង​​​របស់​​​យើង​​​​​​កំពុង​​​ប្រើ​​​​​​ប៉ូលិស​​​ពាក់​​​ឯកសណ្ឋាន​​​​​​និង​​​ប៉ូលិស​​​ពាក់​​​ស៊ី​​​វិល​​​ ដើម្បី​​​ពិនិត្យ​​​ល្បឿន​​​ ទាំង​​​ថ្ងៃ​​​ ទាំង​​​យប់ “៕ រើន​​​​​​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស