ដោយសង្ឃឹមថានឹងជួយបំពេញចន្លោះទំនេរក្នុងទិន្នន័យគួរជឿបាន ដែលធ្វើឲ្យរាំងស្ទះការចរចាកន្លងមកអំពីប្រាក់ខែអប្បបរមាសម្រាប់កម្មករកាត់ដេររបស់ប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទ ក្រុមសិទ្ធិការងារអន្តរជាតិមួយក្រុមបានជួលក្រុមហ៊ុនស្រាវជ្រាវក្នុងស្រុកមួយ ដើម្បីឲ្យបានដឹងពិតប្រាកដថាតើកម្មករកាត់ដេរចំណាយប៉ុន្មានលើការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ពួកគេរំពឹងថានឹងទទួលបានលទ្ធផលនៅដើមខែកញ្ញា ទាន់ពេលដើម្បីប្រាប់ទៅការចរចាដែលកំពុងធ្វើ ដែលនឹងកំណត់ប្រាក់ខែអប្បបរមាថ្មីសម្រាប់វិស័យនេះនៅឆ្នាំ២០១៦។
លោក វីលៀម ខង់លីន នាយកប្រចាំប្រទេសសម្រាប់មណ្ឌលសាមគ្គីភាព (Solidarity Center) មានមូលដ្ឋាននៅអាមេរិក បាននិយាយថា ក្រុមរបស់លោកបានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការសិក្សាជាមួយក្រុមហ៊ុន DC Research កាលពីថ្ងៃច័ន្ទ។ ក្រុមផ្សេងៗទៀតដែលគាំទ្រកិច្ចប្រឹងប្រែងនេះ គឺមូលនិធិ Friedrich Ebertរបស់អាល្លឺម៉ង់ សហព័ន្ធឧស្សាហកម្មសាកល (IndustriALL Global Union) មានមូលដ្ឋាននៅប្រទេសស្វីស និង ការិយាល័យសកម្មភាពកម្មករនៃអង្គការពលកម្មអន្តរជាតិ។
លោក ខង់លីន បាននិយាយថា “វានឹងផ្តល់ឲ្យសហជីពនូវតួលេខសមស្រប ដើម្បីបញ្ចូលក្នុងការចរចាប្រាក់ខែ”។
លោកបាននិយាយថា ក្រុមស្រាវជ្រាវនឹងចាប់ផ្តើមដោយបណ្តុះបណ្តាលសមាជិកសហជីពប្រហែល១៥នាក់ជាមួយនឹងសាខា IndustriALL ក្នុងស្រុក ដែលជាលទ្ធផលនឹងស្ទង់មតិកម្មករកាត់ដេរប្រហែល៧០០នាក់នៅទូទាំងប្រទេសអំពីការចំណាយសព្វសារពើសព្វថ្ងៃរបស់ពួកគេ។
លោកបាននិយាយថា ក្រសួងការងារបានធ្វើការសិក្សាចុងក្រោយរបស់ខ្លួនអំពីការចំណាយរបស់កម្មករនៅឆ្នាំ២០១៣ ប៉ុន្តែមិនដែលបានផ្សព្វផ្សាយលទ្ធផលដែលរកឃើញនោះទេ។ ការិយាល័យសកម្មភាពកម្មកររបស់ ILO បានចូលរួមក្នុងការសិក្សាមួយដោយឡែកកាលពីឆ្នាំទៅមួយ។
លោក ខង់លីន បាននិយាយថា ដើម្បីតាមឲ្យទាន់អតិផរណា “មានវិធីមួយ គឺការស្ទង់មតិឯករាជ្យចាំបាច់ត្រូវធ្វើរាល់ឆ្នាំ”។
សហជីពនិងកម្មករកាត់ដេរជារឿយៗតវ៉ាថា ម្ចាស់ផ្ទះឈ្នួលនិងអាហារនៅជុំវិញរោងចក្រដំឡើងតម្លៃ នៅពេលពួកគេទទួលបានការដំឡើងប្រាក់ខែ ដោយស៊ីអស់ការដំឡើងប្រាក់ខែភាគច្រើន។
ក្នុងការប្រឹងប្រែងរបស់ខ្លួនផ្ទាល់ដើម្បីបន្ថែមទិន្នន័យដ៏គួរជឿជាក់ទៅនឹងការចរចាអំពីប្រាក់ខែ អង្គការពលកម្មអន្តរជាតិបានចាប់ផ្តើមចេញព្រឹត្តិប័ត្រប្រចាំត្រីមាសនៅដើមខែនេះ ចុះផ្សាយស្ថិតិថ្មីបំផុតទាក់ទិននឹងការវិនិយោគវិស័យកាត់ដេរ ប្រាក់ចំណូលបានពីការនាំចេញនិងប្រាក់ខែ។ ព្រឹត្តិប័ត្រចេញផ្សាយដំបូងមិនបានបញ្ចូលទិន្នន័យស្តីពីការចំណាយរបស់កម្មករទេ ប៉ុន្តែបានបង្ហាញអំពីអតិផរណាដែលបានស៊ីអស់មួយភាគធំនៃប្រាក់ខែដំឡើងរបស់ពួកគេក្នុងរយៈពេលជាងប្រាំមួយឆ្នាំកន្លងមកនេះ។
លោក អាត់ ធន់ ប្រធានសហជីពឯករាជ្យធំបំផុតក្នុងប្រទេសកម្ពុជា ជាសាខា IndustriALL បាននិយាយថា លទ្ធផលនៃការសិក្សាថ្មីស្តីពីការចំណាយរបស់កម្មករអាចរៀបចំហើយនៅចុងខែក្រោយយ៉ាងយូរ។
លោកបាននិយាយថា “យើងជឿទុកចិត្តលើការសិក្សានេះ ហើយយើងនឹងប្រើតួលេខនេះដើម្បីចរចា ពីព្រោះការស្រាវជ្រាវនេះមានការចូលរួមពី ILO និងជាស្ថាប័នឯករាជ្យ។ វានឹងផ្តល់ឲ្យយើងនូវមូលដ្ឋានដើម្បីបង្ហាញហេតុផលជាមួយនិយោជកនិងរដ្ឋាភិបាល ពីព្រោះយើងនឹងដឹងថ្លៃចំណាយលើការរស់នៅពិត”។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ ជាឧស្សាហកម្មតែមួយក្នុងប្រទេសនេះដែលមានប្រាក់ឈ្នួលអប្បបរមា ចំនួន១២៨ដុល្លារក្នុងមួយខែ។
លោក ធន់ និង មេដឹកនាំសហជីពពីរបីនាក់ដែលមានចិត្តគំនិតដូចគ្នាបានសម្រេចចិត្តស្នើសុំ១៧៧ដុល្លារសម្រាប់ឆ្នាំ២០១៦។ រោងចក្រជាច្រើននិយាយថា ការដំឡើងតម្លៃខ្ពស់នឹងធ្វើឲ្យអ្នកបញ្ជាទិញលែងចង់បាន ហើយចង់បានការដំឡើងប្រាក់ខែតាមកំណើនផលិតភាពវិញ៕និត (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)