យោងតាមក្រសួងដឹកជញ្ជូនបានឲ្យដឹងថា រដ្ឋាភិបាលបានទុកប្រាក់ប្រហែល៣៣លានដុល្លារដោយឡែកដើម្បីបង្ហើយការសាងសង់ឡើងវិញនូវផ្លូវដែកភាគខាងជើងរបស់ប្រទេសកម្ពុជានៅត្រឹមចុងឆ្នាំក្រោយ ដោយធ្វើឲ្យមានសកម្មភាពឡើងវិញនូវគម្រោងលើសថវិកានិងពន្យារពេលដ៏យូរ ដែលធ្លាប់ជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងប្រទេសកម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ប្រាក់១៤៣លានដុល្លារ ដែលដំបូងឡើយធនាគារនេះរំពឹងថានឹងចំណាយដើម្បីស្តារប្រព័ន្ធផ្លូវដែកដែលខូចខាតនិងទ្រុឌទ្រោមរបស់ប្រទេសនេះនៅត្រឹមឆ្នាំ២០០៩។
នៅទីបំផុត រថភ្លើងបានចាប់ផ្តើមរត់លើផ្លូវភាគខាងត្បូងប្រវែង២៦៦គីឡូម៉ែត្រទាំងស្រុង ពីភ្នំពេញទៅក្រុងព្រះសីហនុ នៅខែធ្នូឆ្នាំ២០១២។ ប៉ុន្តែថវិកាអស់បន្ទាប់ពីការជុសជុលផ្លូវចម្ងាយតែ៦៣គីឡូម៉ែត្រនៃខ្សែភាគខាងជើងចម្ងាយ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញទៅប៉ោយប៉ែត បានបញ្ចប់រួចរាល់។
លោក ជ្រឹង សុខថារ័ត្ន នាយករងនៃនាយកដ្ឋានអយស្ម័យយាននៅក្រសួងដឹកជញ្ជូនបាននិយាយថា បន្ទាប់ពីមិនអាចបញ្ចុះបញ្ចូលទាំងធនាគារអភិវឌ្ឍន៍អាស៊ី និងអូស្ត្រាលី ម្ចាស់ជំនួយបរទេសផ្សេងទៀតរបស់គម្រោងនេះ ដើម្បីបញ្ចប់កិច្ចការនេះបាននោះ រដ្ឋាភិបាលកម្ពុជានៅទីបំផុតបានសម្រេចចំណាយប្រាក់៣៣,៥លានដុល្លារដោយខ្លួនឯង។
លោកបាននិយាយកាលពីថ្ងៃអាទិត្យថា “សុទ្ធតែប្រាក់រដ្ឋាភិបាល។ ៣៣,៥លានដុល្លារបានរួចហើយ។ នាយករដ្ឋមន្ត្រី [លោក ហ៊ុន សែន] បានចុះហត្ថលេខារួចហើយ”។
លោក សុខថារ័ត្ន បានលាតត្រដាងគម្រោងដ៏មានមហិច្ឆតារបស់រដ្ឋាភិបាលក្នុងបទបង្ហាញដល់ក្រុមការងារបច្ចេកទេសរដ្ឋាភិបាលស្តីពីគម្រោងនេះកាលពីខែមុន។
យោងតាមបទបង្ហាញដែលទទួលបានកាលពីសប្តាហ៍មុន នាយកដ្ឋានអយស្ម័យយានបានបំបែកការងារនេះជាប្រាំពីរផ្នែក។ នាយកដ្ឋាននេះសង្ឃឹមថា នឹងចាប់ផ្តើមនៅខែកញ្ញា ហើយបញ្ចប់ទៅក្នុងរយៈពេលមួយឆ្នាំ ដោយរថភ្លើងរត់រវាងភ្នំពេញនិងប៉ោយប៉ែតនៅឆ្នាំ២០១៧។ កាលពីថ្ងៃអាទិត្យ លោក សុខថារ័ត្ន បាននិយាយថា សំណើដេញថ្លៃដំបូងបានកន្លងផុតហើយ ហើយថានឹងធ្វើបន្តបន្ទាប់ក្នុងពេលឆាប់ៗ។
ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងដឹកជញ្ជូនបានបញ្ចុះបញ្ចូលឲ្យគេជឿលើគម្រោងនេះថាជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចបន្តរបស់ប្រទេស និងសំខាន់ចំពោះជោគជ័យរបស់ខ្លួន នៅពេលដែលតំបន់នេះធ្វើសមាហរណកម្ម ដោយតភ្ជាប់កំពង់ផែសំខាន់របស់ប្រទេសកម្ពុជានៅខេត្តព្រះសីហនុ ទៅប្រទេសថៃកាត់តាមក្រុងភ្នំពេញ។
លោក សុខថារ័ត្ន បាននិយាយថា “ផ្លូវរថភ្លើងគឺសំខាន់បំផុត ពីព្រោះវាផ្ទេរការដឹកជញ្ជូនពីផ្លូវថ្នល់ទៅផ្លូវរថភ្លើង” ដោយសម្រាលបន្ទុកលើបណ្តាញផ្លូវមានតិចតួចរបស់ប្រទេសកម្ពុជា និងកាត់បន្ថយសោហ៊ុយសម្រាប់ក្រុមហ៊ុននិងអតិថិជន។
លោកបានទទួលស្គាល់ថា ផែនការនេះជា “ប្រភេទនៃការជួសជុលបន្ទាន់” ក្រោយពីរដ្ឋាភិបាលមិនបានទទួលការផ្តល់ប្រាក់បន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី។
លោកបាននិយាយថា “ដំណើរការរដ្ឋាភិបាលត្រូវការពេលយូរ ហើយយើងបានព្យាយាមចរចាជាមួយ[ធនាគារអភិវឌ្ឍន៍អាស៊ី] ប៉ុន្តែគេបាននិយាយថា ទេ ដោយសារមានបញ្ហាការតាំងលំនៅថ្មីរបស់ប្រជាពលរដ្ឋ”។
នៅដើមឆ្នាំ២០១៤ ធនាគារអភិវឌ្ឍន៍អាស៊ីបានទទួលស្គាល់ចំពោះការបង្កើតកំហុសធំៗ នៅពេលធ្វើផែនការនិងអនុវត្តគម្រោងនេះ ដែលបានបង្ខំប្រជាពលរដ្ឋប្រហែល១.០០០គ្រួសារឲ្យបោះបង់ផ្ទះសំបែង ដែលពួកគាត់បានសាងសង់នៅលើ ឬនៅជាប់ផ្លូវដែកដែលគេបំភ្លេចចោល ហើយរើទៅកន្លែងតាំងលំនៅថ្មីដែលគ្មានគ្រឿងសម្ភារចាំបាច់ និងគ្រប់គ្រងដោយរដ្ឋាភិបាល។
ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងចំណាយប្រាក់រាប់លានដុល្លារ ដើម្បីប៉ះប៉ូវកំហុសទាំងនេះ បើទោះជារដ្ឋាភិបាលបានបដិសេធមិនយល់ស្របនឹងការដោះស្រាយមួយចំនួនក៏ដោយ ក្នុងនោះមានទាំងគម្រោងជួយគ្រួសារនានាសងបំណុល ដែលពួកគាត់បានជំពាក់ ដោយសារតែការបណ្តេញពួកគាត់ចេញពីផ្ទះសំបែងផង។
ហើយបើទោះជាខ្សែរថភ្លើងភាគខាងជើងត្រូវបញ្ចប់នៅចុងឆ្នាំក្រោយក៏ដោយ ក៏រថភ្លើងនឹងអាចរត់បានតែប្រហែល១៥គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង តែតាមការគិតទុកក្នុងផែនការស្តារដំបូងនោះ គឺ៥០គីឡូម៉ែត្រក្នុង១ម៉ោង។
លោកបាននិយាយថា “ប្រសិនបើយើងចំណាយប្រាក់នេះ ដូច្នេះរថភ្លើងអាចរត់ពីក្រុងភ្នំពេញទៅក្រុងប៉ោយប៉ែត។ នេះគ្រាន់តែឲ្យរថភ្លើងរត់ប៉ុណ្ណោះ”។
យោងតាមបទបង្ហាញរបស់លោកកាលពីខែមុនបានឲ្យដឹងថា ផ្លូវដែកភាគខាងត្បូងកំពុងមានបញ្ហាដែរ។
បទបង្ហាញឲ្យដឹងថា សេវាអ្នកដំណើរទៅមកមិនទាន់បានចាប់ផ្តើមទេ ពីព្រោះការពន្យារពេលក្នុងការតាំងលំនៅគ្រួសារនានាបានធ្វើឲ្យរាំងស្ទះដល់កិច្ចប្រឹងប្រែងរៀបចំស្ថានីយចាស់ៗឡើងវិញ។ សូម្បីតែសេវាដឹកទំនិញ “មានកម្រិតជាខ្លាំង” ពីព្រោះរថភ្លើងអាចរត់បានមិនដល់ពាក់កណ្តាលល្បឿនគ្រោងទុកផង ជាហេតុធ្វើឲ្យការធ្វើដំណើរប្រើពេលយូរទ្វេដងជាងការរំពឹងទុក។
ការពន្យារពេលនិងភាពចម្រូងចម្រាសនៅទីបំផុតបានធ្វើឲ្យក្រុមហ៊ុន Toll Group របស់ប្រទេសអូស្ត្រាលី ដកថយចេញពីការរកស៊ីរួមគ្នាក្នុងការគ្រប់គ្រងនិងថែទាំប្រព័ន្ធផ្លូវដែកកាលពីខែធ្នូ ដោយទុកឲ្យដៃគូក្នុងស្រុករបស់ខ្លួន គឺក្រុមហ៊ុន Royal Group របស់មហាសេដ្ឋីជំនួញ គិត ម៉េង ជាសម្បទានិកតែម្នាក់ឯង។
បុរសម្នាក់ដែលបានឆ្លើយទូរស័ព្ទរបស់លោក ម៉េង កាលពីថ្ងៃអាទិត្យ បាននិយាយថា ប្រធានក្រុមហ៊ុន Royal Group មិនអាចទាក់ទងបានទេ។ មន្ត្រីហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះឈ្មោះ ម៉ាក ហានណា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ៕ និត