តារាហូលីវូដ អ៊ែនជែលលីណា ចូលី បាន មកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីចាប់ផ្ដើមការងារផលិតខ្សែភាពយន្តនិយាយជាភាសាខ្មែរបង្ហាញពីជីវិតនៅក្នុងសម័យខ្មែរក្រហមរឿង “មុនដំបូងខ្មែរក្រហមសម្លាបឪពុករបស់ខ្ញុំ” ដែលនឹងសហការផលិតដោយលោក បា៉ន់ រិទ្ធី ផលិតករភាពយន្តដែលជាបេក្ខភាពពានរង្វាន់អូស្កា។

អ្នកនាង ចូលី បានសរសេរបា៉រ៉ូលរួមគ្នាយោងតាមសៀវភៅដែលជាស្នាដៃរបស់អ្នកស្រី លឿង អុឹង ហើយនឹងដឹកនាំខ្សែភាពយន្តឲ្យក្រុមហ៊ុន Netflix ជាក្រុមហ៊ុនផលិតភាពយន្តដាក់តាមប្រព័ន្ធអុីនធឺណិត ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ថ្ងៃតែមួយដែលតារាហូលីវូដរូបនេះបានមកដល់កម្ពុជា ដើម្បីចាប់ផ្ដើមដំណើរការមុនការផលិត។
កាលពីម្សិលមិញ អ្នកស្រីបានទៅទស្សនាមជ្ឈមណ្ឌលបូផាណា ក្នុងរាជធានីភ្នំពេញជាមួយលោក បា៉ន់ រិទ្ធី ដែលបានបង្កើតមជ្ឈមណ្ឌលនេះឡើងដើម្បីអភិរក្សកេរដំណែលសោតទស្សន៍របស់កម្ពុជា និងដែលភាពយន្តរបស់លោកមានចំណងជើងថា “កង្វះរូបភាព” (The Missing Picture) ផលិតនៅឆ្នាំ២០១៣ ដែលឆ្លុះបញ្ចាំងពីសម័យ ប៉ុល ពត ត្រូវបានជ្រើសរើសយកទៅប្រកួតដណ្តើមពានរង្វាន់អូស្កា។ អ្នកស្រី ចូលី បាននិយាយថា អ្នកថែរក្សាប័ណ្ណសារនៅមជ្ឈមណ្ឌលបូផាណា និងជួយធានាថា ភាពយន្តថ្មីរបស់អ្នកស្រី ជាភាពយន្តថត និងដកស្រង់តាមខ្លឹមសារសាច់រឿងក្នុងសៀវភៅនេះពិតៗ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា “ការងារលម្អិតរបស់ពួកគេដើម្បីស្តារប័ណ្ណសារពីអតីត និងធ្វើការជាមួយយុវជន និងអ្នកស្ម័គ្រចិត្តដើម្បីសម្លឹងអនាគត ផ្អែកលើគោលបំណងរួមគឺជាការជំរុញទឹកចិត្ត ហើយខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើការជាមួយលោក បា៉ន់ រិទ្ធី ដែលខ្ញុំចង់រៀនសូត្រជាខ្លាំង”។
អ្នកស្រី ចូលី បាននិយាយថា ក្រុមការងាររបស់អ្នកស្រីនឹងចំណាយពេល៣ខែក្រោយដើម្បីស្វែងរកទីតាំងថត និងជ្រើសរើសតួសម្ដែង ហើយថា ភាពយន្តនេះនឹងចាប់ផ្ដើមថតពីខែវិច្ឆិកា ដល់ខែមករា។
អ្នកស្រីបាននិយាយថា “គ្រប់ឈុតសម្តែង ទាំងអស់នឹងត្រូវស្រាវជ្រាវដើម្បីឲ្យប្រាកដថា វាត្រឹមត្រូវតាមប្រវត្តិសាស្ត្រ ហើយមិនត្រឹមតែជាការគោរពដល់អ្នកស្រី លឿង អុឹង និងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះទេ គឺគោរពដល់អ្នកទាំងឡាយដែលទទួលរងការឈឺចាប់ក្នុងសម័យក្រហមទៀតផង”។
ការិយាល័យរបស់អ្នកស្រី ចូលី បានឲ្យដឹងថា សៀវភៅរបស់អ្នកស្រី លឿង អុឹង រៀបរាប់ពីជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងការរត់គេចពីរបបខ្មែរក្រហមចាប់ពីអ្នកស្រីអាយុ៥ឆ្នាំដល់៨ឆ្នាំនោះ ក៏នឹងមកប្រទេសកម្ពុជាដើម្បីជួយរៀបចំការផលិតផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Netflix មិនទាន់មានវត្តមាននៅកម្ពុជានៅឡើយទេ ប៉ុន្តែ រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ” នឹងមានការដាក់បញ្ចាំងនៅតាមរោងភាពយន្តមួយចំនួនក្នុងប្រទេសកម្ពុជានិងនៅបរទេស។
ការិយាល័យរបស់អ្នកស្រី ចូលី បានឲ្យដឹងថា “នឹងមានការដាក់បញ្ចាំងលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី ចូលី និងក្រុមគ្រួសារនឹងអញ្ជើញចូលរួមក្នុងការដាក់បញ្ចាំងលើកដំបូងដោយផ្ទាល់ និងធ្វើបទបង្ហាញអំពីខ្សែភាពយន្តនេះដល់ទស្សនិកជនខ្មែរ”៕ សារុន