30.7 C
Phnom Penh

វៀតណាម​ផ្អាក​ការ​ធ្វើ​ផ្លូវ​នៅ​ព្រំដែន​ខេត្ត​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​ប៉ូលិស​ព្រំដែន​ខេត្ត​ម្នាក់​បាន​ឲ្យ​ដឹង​ថា វៀតណាម​បាន​បញ្ឈប់​ការ​ធ្វើ​ផ្លូវ​នៅ​ជិត​ព្រំដែន​ជាប់​ខេត្ត​កំពត បន្ទាប់ពី​មន្ត្រី​ខ្មែរ​បាន​តវ៉ា​ថា គម្រោង​នេះ​ធ្វើ​នៅ​កៀក​ខ្សែ​បន្ទាត់​ព្រំដែន​ពេក។

លោក ទូច សារី អនុប្រធាន​ប៉ូលិស​ព្រំដែន​វីរៈ​៦០១​ក្នុង​ស្រុក​កំពង់​ត្រាច បាន​និយាយ​ថា ប៉ូលិស​ខ្មែរ​បាន​ទៅ​មើល​កម្មករ​សំណង់​វៀតណាម​កាលពី​ថ្ងៃ​ច័ន្ទ និង​បាន​ស្នើ​ឲ្យ​ដក​គ្រឿងចក្រ​ចេញ​ពី​ក្បែរ​បង្គោល​ព្រំដែន​លេខ​៣១២​និង​៣១៣។

លោក សារី បាន​និយាយ​ថា “តាម​ពិត វៀតណាម​បាន​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​ជា​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក។ ពិត​ហើយ សំណង់​នេះ​ស្ថិត​នៅ​ខាង​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​វា​កៀក​ពេក​ទៅ​នឹង​ខ្សែ​បន្ទាត់​ព្រំដែន គឺ​តែ​២០​ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន​ប៉ុណ្ណោះ”។

លោក សារី បាន​និយាយ​ថា គម្រោង​ធ្វើ​ផ្លូវ​ក្បែរ​ទឹក​ដី​ខ្មែរ​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​អាជ្ញាធរ​ខេត្ត។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “អាជ្ញាធរ​នៃ​ខេត្ត​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា ចាំបាច់​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ភាគី​ទាំង​ពីរ នៅ​ពេល​ណា​មាន​ការ​អភិវឌ្ឍ ឬ សំណង់​នៅ​ជិត​ព្រំដែន”។

សំណើ​ពី​អាជ្ញាធរ​ខេត្ត​កំពត​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កំណត់​ទូត​ជា​បន្ត​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម​ក្នុង​ពេល​ជាង​ពីរ​ខែ​នេះ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ផ្អាក​គម្រោង​ជា​ច្រើន​ក្នុង​ខេត្ត​ចំនួន​បី ដែល​ទាំង​ស្ថិត​នៅ​លើ​ទឹក​ដី​កម្ពុជា ឬ​ស្ថិត​ក្នុង​តំបន់​ព្រំដែន​មាន​ជម្លោះ។

ការ​តវ៉ា​ជា​សាធារណៈ​របស់​រដ្ឋាភិបាល​ចំពោះ​សកម្មភាព​របស់​វៀតណាម​នៅ​តាម​បណ្តោយ​ព្រំដែន កើត​មាន​ឡើង​នៅ​ចំ​ពេល​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ថា​ខុស​ចំពោះ​កិច្ចការ​របស់​រដ្ឋាភិបាល​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ការ​កំណត់​ព្រំដែន​រួម។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ដើម​ខែ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នា​ដើម​ខែ​នេះ អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម ហូរ ស៊័ន សឺន បាន​សន្យា​ថា​នឹង​បញ្ឈប់​គម្រោង​នានា​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​ខេត្ត​រតនគិរី។

ប៉ុន្តែ​នៅ​ខេត្ត​រតនគិរី កន្លែង​ដែល​ប្រទេស​វៀតណាម​បាន​សន្យា​ថា​នឹង​លុប​ស្រះ​ទឹក​បី​កន្លែង ដែល​ត្រូវ​បាន​ជីក​លើ​ទឹក​ដី​កម្ពុជា​ដើម្បី​ស្រោចស្រព​ចម្ការ​វៀតណាម​នោះ លោក ញ៉ែម សំអឿន អ្នក​នាំ​ពាក្យ​ខេត្ត បាន​និយាយ​ថា មិន​ទាន់​បាន​លុប​ទេ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​អំពី​ស្រះ​ទឹក​នោះ​ថា “រហូត​មក​ដល់​ពេល​នេះ ស្រះ​ទឹក​មិន​បាន​លុប​វិញ​ទេ”។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី បាន​និយាយ​ថា ប្រទេស​វៀតណាម​គួរ​តែ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ឲ្យ​ឆាប់​រហ័ស​ជាង​នេះ។

លោក​បាន​និយាយ​ថា “ប្រសិនបើ​ប្រទេស​វៀតណាម​ប្តេជ្ញា​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន ស្រះ​ទឹក​គួរ​ត្រូវ​លុប​តែ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការ​ព្រមព្រៀង​លុប​នោះ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស