28 C
Phnom Penh

ក្រសួង​ការ​ងារ​​ជំរុញ​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​ស្ពី​ពី​សហជីព​​​ចេញ​​ឲ្យ​បាន​ឆាប់​​តាម​ដែល​អាច​ធ្វើបាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក អិុត សំហេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​បាន​​​លើក​​​ឡើង​​​​​​ថា លោក​​​​សង្ឃឹម​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តីពី​​​សហជីព​​​ដ៏ចម្រូង​​ចម្រាស​​​​​​​​​នឹង​​​ទៅ​​​ដល់​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ខែ​​​ក្រោយ​​​ ហើយ​​​នឹង​​​ដាក់​​​ឲ្យ​​​​​រដ្ឋ​​​សភា​បោះឆ្នោត​​​​ភ្លាមៗ​។ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ផ្តល់​​​សម្បទាន​​ធំ​​​ៗ​​​ខ្លះ​​ដល់​អ្នក​​​រិះ​​​គន់​​​​វា​​ក្តី​​​ តែ​សហជីព​​​មួយ​​​ចំនួន​​​នៅ​​​តែ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ច្បាប់​​​នេះ​​​។

លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួង​​​ការងារ​​​ មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​​តំណាង​សហជីព និង​​​តំណាង​​​រោង​​​ចក្រ​​​កាត់ដេរ​​​ អំឡុង​​​​សិក្ខា​​​សាលា​​​មួយ​​​ស្តី​​​អំពី​​​ច្បាប់​​​សហជីព​​​ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily
លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួង​​​ការងារ​​​ មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​​តំណាង​សហជីព និង​​​តំណាង​​​រោង​​​ចក្រ​​​កាត់ដេរ​​​ អំឡុង​​​​សិក្ខា​​​សាលា​​​មួយ​​​ស្តី​​​អំពី​​​ច្បាប់​​​សហជីព​​​ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​​​រាជធានីភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

លោក​​​បាន​​​ប្រាប់​​​ទៅ​​​អ្នក​​​យក​​​ព័ត៌មាន​​​បន្ទាប់​​​​​ពី​​​បើក​​​សិក្ខាសាលា​​​​​​មួួ​​យ​​​ស្តីពី​​​សេចក្តីព្រាង​​​ច្បាប់​​​​​នេះ​​​ជាមួយ​​​សហជីព​​​ និង​​​តំណាង​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ថា ”សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​នឹង​​​ទៅ​ដល់​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​នៅ​​​ខែ​​​ក្រោយ​​​។ ​​យើង​​​នឹង​​​ព្យាយាម​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​វាទៅដល់​​​ដៃ​អង្គនីតិប្បញ្ញត្តិ​​​​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​បាន​​​”។

សហជីព​​​មួយ​​​ចំនួន​​​ដែល​​​​​បាន​តវ៉ា​​​​​​​​ចំពោះ​​​វិធាន​​​​ការ​​គ្រប់គ្រង​សហជីព​​​យ៉ា​​​ង​​​តឹង​​​រឹុង​​​​​​​​​បាន​​​លើកឡើង​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​កាន់​​​តែ​​​លំបាក​​​ ហើយ​​​ព្រួយ​​​បារម្ភ​​​ថា រដ្ឋាភិបាល​​​នឹង​​​ប្រើ​​​​​ប្រាស់​វា​​​ដើម្បី​​​រារាំង​ទប់​ស្កាត់​កូដកម្ម​​​​ស្រប​​​​​​ច្បាប់​​​។រីឯ​ថៅកែ​រោងចក្រ​វិញ​​​​លើក​​​ឡើង​​​ថា សហជីព​​​​គ្មាន​ការ​គ្រប់​​​គ្រង​​​​​​​ត្រឹម​​ត្រូវ​ទេ ហើយ​​​ចាំបាច់​​​ត្រូវ​​​តែ​​​មាន​​​ការ​​​គ្រប់​​​គ្រង​​​ឲ្យ​​​បាន​​​តឹង​​​រឹុង​​​មុន​​​ពេល​​​កូដកម្ម​​​ខុស​​​ច្បាប់​​​ធ្វើ​​​ឲ្យ​​​វិនិយោគិន​​​​​​បាត់បង់​​​ទំនុក​​​ចិត្ត​​​​​​​​​​​​ទាំង​​​ស្រុង​​​។

ពេល​​​ថ្លែង​​​បើ​​​កសិក្ខាសាលា​​​ លោក ​អិុត ​សំហេង បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ចង់​​​ឃើញ​​​ការ​​​តវ៉ា​​​​ដដែល​ៗ​នៅ​​​តាម​​​ផ្លូវ​​​​​​​ដែល កើត​​​ចេញ​​​ពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​ស្តី​​​អំពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​​​កាលពី​​ពេល​ថ្មីៗ​នេះ​​​​ឡើយ​​​ហើយ​​​ថា​ក្រសួង​​​កំពុង​តែ​​​​ខិតខំ​ធ្វើ​​​​យ៉ាង​ណា​ឲ្យ​មាន​ការ​សម្របសម្រួល​​។

លោក​​​បានមានប្រសាសន៍​​​​​​ថា ”រាល់​​​មតិ​យោបល់​​​ដែល​​​បាន​​​​​​លើក​​​ឡើង​​​ យើង​​​នឹង​​​ព្យាយាម​​​ដាក់​​​បញ្ចូល​​​ទៅ​​​ក្នុង​​​ច្បាប់​​​នេះ​​​ ប៉ុន្តែ ​មិន​​​មែន​​​​រាល់​មតិយោបល់​សុទ្ធ​​​តែ​​​អាច​​​ដាក់​​​បញ្ចូល​​​បាន​​​នោះ​​​ទេ ហើយ​​​ក៏​​​មិន​​​អាច​​​មាន​​​ការ​​​​​​ឯកភាព​​​​១០០ភាគរយ​​​នោះ​​​ដែរ​​​​​​។ យើង​​​កំពុង​​​​​តែ​​​ព្យាយាម​​​ធ្វើ​​​យ៉ាង​​​ណា​​​ដើម្បី​កាត់​​​បន្ថយ​​​មតិ​​​​ជំទាស់​ឲ្យ​​​បាន​​​​​​ច្រើន​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

​ដោយ​សារ​​ហេតុ​នោះ​ ក្រសួង​ការ​ងារ​​​​​​​​​​បាន​​​បន្ថយ​​​​​​ភាគ​​​រយ​​​នៃសំឡេងគាំទ្រ​​សម្រាប់​​​ការ​​​បង្កើត​​​សហ​ជីព​​​​។

ការកំណត់​​​​យក​សំឡេង​គាំទ្រ​​២០​ភាគ​​​​រយ​​​​​​​ក្នុងចំណោម​​កម្មករ​​​​ទាំង​​​អស់​​​​​​​​​នៅក្នុង​​រោង​ចក្រ​​មួយ​ទើប​អាច​បង្កើត​សហជីព​បាន​ ​​​​ដែល​ត្រូវ​បាន​​​​អនុញ្ញាត​​​​​នៅក្នុង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ចុង​​​ក្រោយ​​​ដែល​​​ក្រសួង​​​បាន​​​បង្ហាញ​​​ជា​​​សាធា​រណៈ​​​​​កាល​​​ពីខែ​​​ឧសភា​​​ឆ្នាំ​​​មុន​​​ សហជីព​​​​បាន​រាប់​​​បញ្ចូល​​​ក្នុង​​​ចំណោម​​​ក្តី​​​ព្រួយ​​​បារម្ភ​​​​ចម្បងៗ​​​​របស់​​​ខ្លួន​​​។ អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ (ILO)​​​ដែល​​​ចាត​​​់​​​ទុក​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ថា​ជា​ការ​​​​​​ដើរ​​​​ថយ​​​ក្រោយ​​​​ធៀប​នឹង​​សំណៅ​​សេច​ក្ដី​​ព្រាង​​​មុន​​​ៗ​​​ក៏​​​បាន​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​កំណត់​​​ភាគ​​​រយនៃសំ​​​ឡេងគាំទ្រ​នេះ​​​ដែរ។

ក្រសួង​​​ការងារ​​​​​​មិន​​​បាន​​​បង្ហាញ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​ថ្មី​​​ទេកាល​​​ពី​​​ម្សិលមិញ​​​ ប៉ុន្តែ យោង​​​តាម​​​សេចក្ដី​​​​សង្ខេប​​​នៃ​​​បទប្បញ្ញត្តិ​​​​កាន់​តែ​ចម្រូង​​​ចម្រាស​​​មួយ​​​ចំនួន​​​​​​ដែល​​​ក្រសួង​​​ត្រៀម​​​​​​សម្រាប់​​​បើក​​​​​​កិច្ច​​​ប្រជុំ​​​ពិភាក្សា​​​ វា​​បាន​​​​​កាត់​​​បន្ថយ​​​ភាគ​​​រយនៃសំឡេងគាំទ្រ​​​​មក​​​នៅ​​​ត្រឹម​​​តែ​​​១០​​​នាក់​​​ប៉ុណ្ណោះ​​​។

លោក អាត់​​​ ធន់ ​ប្រធាន​​​​សហជីព​​​ឯករាជ្យ​​​​​​ដ៏​​​ធំបំផុត​​​នៅកម្ពុជា​​​ បាន​​​ស្វាគមន៍​​​ការ​​​កែប្រែ​​​នេះ​​​។ លោក​​​ក៏​​​បាន​​​ស្វាគមន៍​​​សេចក្តី​​​សម្រេច​​​របស់​​​ក្រសួង​​​​ក្នុង​ការ​លុប​​​ចោល​​​បទប្បញ្ញត្តិ​​​មួយ​​​ដែល​​​តម្រូវ​​​ឲ្យ​​​មេដឹកនាំ​​​សហជីព​​​ដាក់​​​ជូន​​​​​​លិខិត​​​ថ្កោល​​​ទោស​​​ផ្លូវ​​​ការ​​ ​និង​ការ​​​​លុប​​​ចោល​​​​គម្រោង​ផ្ដន្ទាទោស​​​​​ដាក់​​​​ពន្ធនាគារ​​ចំពោះ​ការ​​​​ធ្វើ​​​កូដកម្ម​​​ខុស​​​ច្បាប់​​​។​

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​នៅ​​​តែ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ជំពូក​​​ដែល​​​​​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​សមាជិក​​​​​​២៥​​​ភាគ​​​រយ​នៃ​សហជីព​មួយ​​​​​​​បោះ​​​ឆ្នោត​​​រម្លាយ​​​សហជីព​​​ និង​​​សំឡេង​ភាគ​ច្រើន​ធម្មតា​​អាច​សម្រេច​ធ្វើ​កូដកម្ម​បាន​ផង​ដែរ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”​ជា​ទូទៅ​​​​ យើង​​​​​មិន​​​ចង់​​​បាន​​​ច្បាប់​​​នេះ​​​ទេ​​​”។

ប៉ុន្តែ លោក​​​បាន​​​​​​លើក​​​ឡើង​​​ថា វា​​​លំបាក​​​នឹង​​​​វាយ​​​តម្លៃ​​​ច្បាប់​​​នេះ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​​ណាស់​​​​បើ​គ្មាន​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ចុង​​​ក្រោយ​ដែល​មាន​លក្ខណៈ​ពេញ​លេញ​ទេ​នោះ​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “យើង​​​បាន​​​​ស្នើ​​​សុំ​​​សេចក្តី​​​ព្រាង​​​ចុង​​​ក្រោយ​​​ ​ដើម្បី​ឲ្យ​យើង​​​អាច​​​ផ្តល់​​​មតិ​​​យោបល់​​​​​​ ប៉ុន្តែ មក​​​ទល់​​​ពេល​​​នេះ​​​​​​មិន​​​ទាន់​​​មាន​​​កា​​​រ​​​ឆ្លើយ​​ត​​​ប​​​នៅ​​​ឡើយ​​​ទេ​​​”។

លោក កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAC) ដែល​​​តំណាង​​​រោង​​​ចក្រ​​​​នាំ​ចេញ​សម្លៀក​បំពាក់​​​នៅ​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា សមាគម​​​របស់​​​លោក​​​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​ចំពោះ​​​ការ​​​កាត់​បន្ថយ​​​ភាគ​​​រយនៃសំឡេង​គាំទ្រ​​​​សម្រាប់​​​ការ​​​បង្កើត​​​សហ​ជីព​​​ ហើយ​​​បាន​​​​ “​​​ជំទាស់​​​យ៉ាង​​​ខ្លាំង​​​” ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​គិត​​​ថា ការ​​​កាត់​បន្ថយ​​​​នេះ​​​​វា​​​​​ទាប​​​ពេក​​​ហើយ ​ហើយ​​​​​យើង​​​គួរ​​​តែ​​​​​​​​​ត្រឡប​​​់​​​ទៅ​​​អនុវត្ត​​​តាម​​​​​​ភាគ​​​រយ​​​នៃ​សំឡេង​គាំទ្រ​​​​មុន​​​​វិញ​។ ប្រសិន​​​បើ​​​កំណត់​​​ត្រឹម​​​​​តែ​​​១០​​​នាក់​​​ វា​​​នឹង​​​មិន​​​អាច​​​បញ្ឈប់​​​សហ​ជីព​​​​​​មិន​​​​​ឲ្យ​​​មាន​​​ចំនួន​​​កាន់​​​តែច្រើន​​​ឡើង​​​ៗ​​​បាន​ទេ​​​”។

លោក​​​បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា សមាគម​​​របស់​​​លោក​​​ក៏​​​មិន​​​ពេញ​​​ចិត្ត​​​​ចំពោះការ​​​កែប្រែ​​​ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​សហជីព​​​​​​ទទួលបាន​​​​​​ ”ឋានៈ​​​​​​ជា​​អ្នក​​​តំណាងយ៉ាងសំខាន់បំផុត​​​​” [ដែល​​​ផ្តល់​​​​សិទ្ធិ​​​ទាម​​​ទារ​សមូហភាព​​​​​ដ៏ពិសេស​​​] នៅ​​​ក្នុង​​​រោង​​​ចក្រ​​​មួយ​​​​ដោយ​​​មាន​​​ការគាំទ្រ​​​ពី​​​កម្មករ​​​

ត្រឹម​​​តែ​​​៣០​​​ភាគ​​​រយ​​​នោះ​​​ដែរ​។

សហជីពមួយ​​​ចំនួន​​​ក៏​​​ជំទាស់​​​​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ក្រសួង​​​ការ​​​ងារ​​​​ព្យួរ​​​ការ​​​ចុះ​​​បញ្ជី​របស់​​​ពួក​​​គេ​​​ដោយ​​​សារ​​​ការ​​​បំពាន​​​ច្បាប់​​​នេះ​​​ដែរ​​​ ហើយ​​ថា សេចក្តី​​​សម្រេច​​​​​​គួរ​​​អាស្រ័យ​​​លើ​​​តុលាការ​​​ ប៉ុន្តែ លោក កែន លូ បាន​​​លើក​​​​​​ឡើង​​​ថា ​​​វា​​​សម​​​ហេតុ​​​សម​​​ផល​​​ហើយ​ដែល​​​អនុញ្ញាត​​​ឲ្យ​​​​​​ស្ថាប័ន​​​តែ​​​មួយ​​​ដែល​​​ចុះ​​​បញ្ជី​​​សហជីព​​​​មាន​សិទ្ធិ​ព្យួរ​​​សហជីព​​​នោះ​​​។

លោក​​​ ហេង សួរ​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​​ងារ​​​បាន​​​លើក​​​ឡើង​​​ថា សហជីព​​​ដែល​​​បាន​ច​​​ុះ​​​បញ្ជី​ជាមួយ​​​រដ្ឋាភិបាល​​​រួច​​​ហើយ ​​​​​​មិន​​​ចាំ​បាច់​​​​​ចុះ​​​បញ្ជី​​​ម្តង​​​ទៀត​​​​​​ទេ​​​ នៅ​​​ពេល​​​ណា​​​ច្បាប់​​​នេះ​​​ចូល​​​ជា​​​ធរមាន​​​។ ប៉ុន្តែ លោក​​​បាន​​​ការ​​​ពារ​​​ការ​​​កំណត់​​​ភាគ​​​រយ​​​សម្រាប់​​​ការ​​​​​​ធ្វើ​​​កូដកម្ម និង​​​​​​ច្បាប់​​​ស្តី​​​អំពី​​​ការ​​​ដាក់​​​ជូន​​​របាយការណ៍​​​ហិរញ្ញវត្ថុ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​អ្នក​ខ្លះ​​​​ប្រើ​​​ប្រាស់​​​សហជីព​​​​​ធ្វើ​ជា​អាជីវកម្ម​​​​ ហើយ​​​​​បាន​លុយ​​​​ពី​​​សមាជិក​​​របស់​​​ខ្លួន​​​។ សមាជិក​​​សហជីព​​​គួរ​​​តែ​​​ដឹង​​​​ថា​អ្វី​​​ដែល​មេ​របស់​ពួកគេ​​​​​​កំពុង​​​ធ្វើ​​​​គឺ​ដើម្បី​លុយ​​​​៕ ស៊ុយឈាង​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Zsombor Peter)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស