29 C
Phnom Penh

លោក ទៀ បាញ់​ រំឭក​​​កាលពី​​​មុន​​ពេល​​ធូរស្រាល​ខាង​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រដៀង​គ្នា​នឹង​​កាល​ពី​មុន​ពេល​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ឆ្នាំមុនដែរ កាល​ពី​ម្សិលមិញ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​ បាន​ឆ្លៀត​ឱកាស​​​​អំឡុង​​​ពេល​​ថ្លែង​សុន្ទរកថា​កាលពី​ម្សិលមិញ​​​ ​នៅ​ក្នុង​​​​ខេត្ត​កំពង់ស្ពឺ ដើម្បី​រំឭក​ពី​កំហឹង​របស់​លោក​​ចំពោះ​ការ​ប៉ុន​ប៉ង​​បង្ក​ “​បដិវត្តន៍​​​ពណ៌​” ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​​ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រ​​ដ៏​ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​២០១៣។

ថ្លែង​​បិទ​​សិក្ខាសាលា​​​បណ្ដុះ​បណ្ដាល​បច្ចេក​​ទេស​នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេជោ ​​​ហ៊ុន សែន លោក ទៀ បាញ់ បាន​រំឭក​​ពី​បទ​បញ្ជា​​​​របស់​លោក ហ៊ុន សែន ​ទៅ​កាន់​កង​កម្លាំង​សន្តិសុខ​កាលពី​សប្ដាហ៍​មុន​ឲ្យ​ទប់​ស្កាត់​ ”​បដិ​វត្តន៍​ពណ៌​” កុំ​ឲ្យ​ផ្ទុះ​ឡើង​នៅ​​​កម្ពុជា។

លោក​បាន​​ថ្លែង​ទៅ​កាន់​ទាហាន​ប្រមាណ​​៥០០​រូប​​ថា “សម្តេច​បានចេញ​បទ​បញ្ជា​ហើយ ដូច្នេះ​ខ្ញុំ​ចង់​​បន្ត​និយាយ​​វា​​បន្តិច​រឿង​ ‘បដិ​វត្តន៍​​ពណ៌’។ ពេល​ខ្លះ​គេ​ឮ​ពាក្យ​ថា ‘បដិ​វត្តន៍​ពណ៌’ ហើយគេ​អត់​យល់​​ពាក្យ​ថា​ ’បដិ​វត្តន៍ពណ៌’ ទេ។ អ្វី​ទៅ​ជាបដិ​វត្តន៍ពណ៌? ជាក់​ស្តែង ស្ថាន​​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​យើង​​មាន​ការ​​វិវឌ្ឍ​ឆាប់​រហ័ស និង​ផ្លាស់​ប្តូរ​លឿន ហើយ​​​បើ​យើង​មិន​អាច​ចាប់​វា​​​បាន​ [បដិ​វត្តន៍] ហើយ​​​ដឹង​​វា​ច្បាស់​ទេ…។ ពីព្រោះ​ខ្ញុំ​បាន​សង្កេត​ឃើញ​ច្បាស់​​ថា អ្នក​ដែល​រៀប​ចំផែនការ និង​បម្រើ​ឲ្យ​បដិវត្តន៍​ពណ៌ ​គឺ​​នៅ​ក្បែរ​យើង នៅ​ជិត​យើង​។ ដើម្បី​ឱ្យ​​បដិវត្តន៍​ពណ៌​សម្រេច​ជោគជ័យ​ គេ​​ប្រើ​ពាក្យ​ថា​’អំណាច​មហា​ជន’​ ហើយគេ​តែង​តែ ‘​ផ្តួល​រដ្ឋ​មួយ​តាម​រយៈ​ការ​​ប្រើ​ប្រាស់​​អហិង្សា​​។ ពួកគេ​ដឹង​ច្បាស់​អំពី​​បដិវត្តន៍ពណ៌​នៅ​រុស្ស៊ី និង​អ៊ុយក្រែន”។

​​បន្ទាប់ពី​​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​​រាស្ត្រ​ដ៏ចម្រូងចម្រាស​​កាលពី​ឆ្នាំ​២០១៣ លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង ​បាន​​​​​លើក​ឡើង​ថា លោក​ ហ៊ុន សែន ​អាច​នឹង​ជួប​វាសនា​ដូច​​ប្រធានា​ធិបតី​អ៊ុយក្រែន វីកទ័រ យ៉ានូកូវិច ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​បន្ទាប់ពី​មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ​ដែល​បាន​ចាប់​ផ្ដើម​​​ផ្ទុះ​ឡើង​​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

លោក ទៀ បាញ់ បាន​មាន​​​​ប្រសាសន៍​ថា លោក​ចាំ​ពេល​នោះ​មិន​ភ្លេច​ទេ​ ហើយ​បាន​រំឭក​សិក្ខាកាម​​យោធា​ទាំង​៥០០​រូបចំពោះ​​អ្វី​ដែល​គណបក្ស​ប្រឆាំង​បាន​ធ្វើ​។ ​លោក​បាន​លើក​ឡើងសំដៅ​ដល់​​ពាក្យ​ស្រែក​​បន្ទរ​ដ៏ពេញនិយម​អំឡុង​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាល​ពី​​ខែ​ធ្នូ​ ឆ្នាំ ២០១៣ ​និង​កាល​ពី​ដើម​​​ខែ​មករា ឆ្នាំ​២០១៤ មុន​ពេល​មាន​ការ​បង្ក្រាប​ហិង្សា​​ពី​សំណាក់​រដ្ឋាភិបាល​​​យ៉ាង​ដូច្នេះ​​ថា “​ពួកគេ​និយាយ​ថា ហ៊ុន​ សែន ចុះ​ចេញ​ទៅ​។ វា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់​ជា​ខ្លាំង។ ពួក​គេ​និយាយ​ថា ហ៊ុន សែន ចុះ​ចេញ​ទៅ ហើយ​បាន​ធ្វើ​កាយ​វិការ។ ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង”។

​យោង​តាម​សេចក្ដី​ថ្លែងការណ៍​​មួយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រីបាន​​ឲ្យ​ដឹង​ថា នៅ​ឯ​កិច្ច​ប្រជុំ​​ជាមួយ​​មន្ត្រី​យោធា​ និង​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​​​កាលពី​សប្ដាហ៍​មុន លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ស្ថាន​ភាព​ចលាចល​​​កាល​​​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ការ​សំដៅ​ដល់​វិវាទ​ទឹក​ដី​នៅ​តាម​បណ្ដោយ​​​​ព្រំដែន​វៀត​ណាម ”គឺ​បង្ក​ឡើង​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​”។​​

សេចក្ដី​ថ្លែងការណ៍​នេះមាន​ខ្លឹមសារ​ដូច្នេះ​​​ថា “​ជា​ពិសេស​សម្ដេច​ [ហ៊ុន សែន] បាន​ផ្ដាំ​ផ្ញើ​​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​​​ត្រូវ​ធានា​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ ទោះ​តម្លៃ​ណា​ក៏​ដោយ​ គឺ​ត្រូវ​តែ​កម្ចាត់​ចោល​​​ភ្លាម​ដើម្បី​ការ​ពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​អព្យាក្រឹត​រវាង​បក្ស​នយោបាយ​ជាមួយ​នឹង​រដ្ឋ​នោះ​ទេ​”។

​នៅ​ក្នុង​បទ​សម្ភាសន៍​​មួយ​កាលពី​ថ្ងៃ​អាទិត្យ ​​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ​លោក​​​​​មិន​ព្រួយ​បារម្ភ​ឡើយ​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ភាសា​​​​ពី​សំណាក់​រដ្ឋាភិបាល​នេះ​​ ប៉ុន្តែ​បាន​ចាត់​ទុក​វា​ជា​ការ​ព្រមាន​​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បញ្ឈប់​​ដំណើរ​​របស់​ខ្លួន​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន​មាន​វិវាទ​។

លោក​បាន​​មាន​ប្រសាសន៍​​ទៀត​ថា “ខ្ញុំ​គិត​ថា ការ​ផ្លាស់​ប្ដូរ​ភាសា​នេះ​ប្រហែល​ជា​ឆ្លុះ​បញ្ចាំង​ពី​ភាព​តាន​តឹង​ខ្លះ​ហួស​ពី​អ្វី​ដែល​យើង​មើល​ឃើញ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្រហែល​ជា​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​​​លំបាក​​ដោយ​មាន​ភាព​តាន​តឹង​ជាមួយ​​កង​កម្លាំង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ចូល​រួម​ពាក់​ព័ន្ធ​ដែរ​។ រដ្ឋាភិបាល​កម្ពុជា ​បាន​ចូល​រួម​ពាក់​ព័ន្ធ​នៅ​ក្នុង​វិវាទ​ព្រំដែន​នេះជាមួយ​វៀតណាម ហើយ​​ត្រូវ​បានជំរុញ​ទឹក​ចិត្ត​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន ហើយ​ខ្ញុំគិត​ថា ពេល​នេះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចង់​​សម្រាល​​​ភាព​តាន​តឹង​ទាំង​នេះ​​ជាមួយ​វៀត​ណាម។ ភាព​តាន​តឹង​ទាំង​នេះ​ហួស​ពី​គណ​បក្ស​សង្គ្រោះ​ជាតិទៅ​ទៀត ប៉ុន្តែ​នេះ​ជា​មូល​ហេតុ​ដែល​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​យើង​ទៅ​ព្រំដែន​ទៀត​”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស