34 C
Phnom Penh

គណៈ​មេធាវី​ចោទ​មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ជ្រៀតជ្រែក​ផ្លូវ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​សរសេរ​ទៅ​អង្គការ​អាដហុក ដោយ​ចោទ​លោក នី ចរិយា ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​អាដហុក ថា​បំពាន​ការ​អនុវត្ត​ច្បាប់ ដែល​បង្គាប់​បញ្ជា​ឲ្យ​មេធាវី​របស់​អង្គការ​នេះ​ប្រគល់​សំណុំ​រឿង​ក្តី​ទាំង​អស់​មក​ខ្លួន​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​ទាក់​ទិន​នឹង​ក្តី​ដែល​ពួកគេ​ការពារ។

លិខិត ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ច័ន្ទ និង​ចុះ​ហត្ថលេខា​ដោយ​លោក ប៊ុន ហុន ប្រធាន​គណៈ​មេធាវី មាន​ខ្លឹមសារ​ថា នៅ​ថ្ងៃ​ទី​៦​ខែ​កក្កដា មេធាវី​ដែល​ធ្វើការ​ជាមួយ​អង្គការ​អាដហុក​បាន​រាយការណ៍​មក​គណៈ​មេធាវី​ថា លោក ចរិយា តែងតែ​បង្គាប់​សុំ​មើល​សំណុំ​រឿង​ក្តី​ដែល​មាន​ទាក់ទង​នឹង​ករណី​ផ្សេងៗ ដើម្បី​ត្រួត​ពិនិត្យ​រក​កំហុស​នីតិ​វិធី​ក្នុង​សំណុំ​រឿង។

លិខិត ដែល​សរសេរ​ទៅ​លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក និយាយ​ថា “ខ្ញុំ​មាន​ករណី​កិច្ច​ជម្រាប​ប្រធាន​អង្គការ​អាដហុក​ថា គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ទទួល​សេចក្តី​រាយការណ៍ ពី​មេធាវី​ដែល​ធ្វើការ​ឲ្យ​អង្គការ​អាដហុក ដោយ​ពន្យល់​ថា [លោក ចរិយា] តែងតែ​បង្គាប់​បញ្ជា​ឲ្យ​មេធាវី​យក​សំណុំ​រឿង​មក​ឲ្យ​គាត់​ពិនិត្យ​រក​កំហុស​នីតិ​វិធី​ក្នុង​សំណុំ​រឿង”។

លិខិត​នោះ​លើក​មាត្រា​មួយ​ចំនួន​ពី​ច្បាប់​ស្តីពី​គណៈ​មេធាវី ដែល​ចែងថា មេធាវី​ប្រកប​វិជ្ជាជីវៈ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក និង​ការពារ​ផល​ប្រយោជន៍​អតិថិជន​ជា​អតិបរមា ហើយ​ត្រូវ​រក្សា​ការ​សម្ងាត់​ជា​ដាច់​ខាត។

លិខិត​នោះ​មាន​ខ្លឹមសារ​ថា រាល់​ការ​បំពារបំពាន​លើ​ការ​សម្ងាត់​នៃ​វិជ្ជាជីវៈ​ខាង​លើ​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៨៣​និង​១២១​នៃ​ក្រម​ព្រហ្មទណ្ឌ។

លិខិត​បាន​បន្ត​ថា “យើង​ស្នើ​សុំ​លោក​ប្រធាន​ស៊ើបអង្កេត​និង​ចាត់​វិធានការ ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទ​ប្បញ្ញត្តិ​ទាំង​អស់”។

លោក ចរិយា កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ក្រុង​ភ្នំពេញ ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ប៉ុនប៉ង​បង្ខិត​បង្ខំ​មន្ត្រី​តុលាការ​ពីរ​រូប ដោយ​អះអាង​ថា ពួកគេ​បាន​ដោះស្រាយ​មិន​ត្រឹម​ត្រូវ​នូវ​សំណុំ​រឿង​វិវាទ​ដីធ្លី​នៅ​ខេត្ត​សៀមរាប ដែល​កសិករ​ពីរ​នាក់​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ ប៉ុន្តែ​ទោស​ភាគ​ច្រើន​របស់​ខ្លួន​ត្រូវ​ព្យួរ។

កាលពី​សប្តាហ៍​មុន អង្គការ​ឃ្លាំ​មើល​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ជា​ក្រុម​ចម្រុះ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា “ការ​រំខាន​ខាង​តុលាការ​ជា​បន្ត​លើ​លោក នីចរិយា”។

ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ លោក ហុន បាន​និយាយ​ថា សូម្បី​រូប​គាត់ ជា​ប្រធាន​គណៈ​មេធាវី ក៏​មិន​អាច​ទាមទារ​សុំ​មើល​សំណុំ​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​បាន​ដែរ។

លោក ហុន បាន​និយាយ​ថា “យើង​ចង់​ឲ្យ​ [អាដហុក] យល់​អំពី​ច្បាប់​ ពីព្រោះ​គេ​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ​ ហើយ​ប្រសិន​បើ​ពួកគេ​បន្ត​ធ្វើ​ទៀត​ យើង​នឹង​ចាត់​វិធានការ​តាម​ច្បាប់​”។ លោក​បាន​បន្ថែម​ថា គណៈ​មេធាវី​មិន​សំដៅ​លើ​អាដហុក​ទេ ប៉ន្តែ គ្រាន់តែ​និយាយ​អំពី​ករណី​ល្មើស​ច្បាប់​។

“នេះ​មិន​មែន​ជា​ករណី​ខ្ញុំ​ជ្រៀត​ជ្រែក​អាដហុក​ទេ ប៉ុន្តែ ដោយ​សកម្មភាព​របស់​អង្គការ​នេះ​ផ្ទុយ​នឹង​ច្បាប់”។

លោក ចរិយា បាន​និយាយ​ថា លោក​មិន​បាន​ឃើញ​លិខិត​នោះ​ ឬ​ដឹង​អំពី​មេធាវី​ណា​ម្នាក់​ដែល​បាន​រាយ​ការណ៍​អំពី​គាត់​ទេ​។ លោក​បាន​បដិសេធ​ការ​សុំ​មើល​សំណុំ​រឿង​សម្ងាត់ ហើយ​បាន​និយាយ​ថា ឯកសារ​ដែល​មេធាវី​របស់​អាដហុក​ត្រូវ​តម្រូវ​ឲ្យ​ប្រគល់​ គឺ​ដើម្បី​គោល​បំណង​រដ្ឋបាល។

លោក ចរិយា​ បាន​និយាយ​ថា “យើង​គ្រាន់​តែ​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល​ប៉ុណ្ណោះ​ ប៉ុន្តែ យើង​មិន​ជ្រៀត​ជ្រែក​សិទ្ធិ​ ឬ​កាតព្វកិច្ច​របស់​មេធាវី​ដែល​ធ្វើ​ការ​ឲ្យ​អាដហុក​ទេ”។

លោក​បាន​បន្ថែម​ថា គណៈ​មេធាវី​គួរ​ជួប​ជាមួយ​អង្គការ​អាដហុក​ ដើម្បី​ឲ្យដឹង​និង​យល់​ដំណើរការ​របស់​អាដហុក​មុន​ពេល​ចេញ​លិខិត​។

លោក សារាយ ប្រធាន​របស់​អង្គការ​អាដហុក​ បាន​គាំទ្រ​លោក ចរិយា និង​បាន​និយាយ​ថា ឯកសារ​ដែល​មេធាវី​ដាក់​ជាមួយ​អាដហុក​ទាក់​ទង​នឹង​សំណុំរឿង​ គឺ​ពាក់​ព័ន្ធ​តែ​បញ្ហា​ថវិកា​ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា “យើង​មិន​តម្រូវ​ឲ្យ​មេធាវី​របស់​យើង​ផ្តល់​សំណុំ​ឯកសារ​ពេញ​លេញ​ទេ​។ យើង​មិន​ត្រូវ​ការ​មើល​សេចក្តី​ពិស្តារ​ទាំងស្រុង​នៃ​សំណុំ​រឿង​ណា​មួយ​ឡើយ។ ប៉ុន្តែ យើង​ត្រូវ​ការ​មើល​ភ័ស្តុតាង​ឯកសារ​ទាក់ទិន​នឹង​ប្រាក់​ខែ​ និង​ការ​ចំណាយ​របស់​ពួកគេ​សម្រាប់​សវនករ​ហិរញ្ញវត្ថុ​របស់​យើង​”។ លោក​បាន​បន្ថែម​ថា អង្គការ​អាដហុក​នឹង​ឆ្លើយតប​ពេញលេញ​ទៅ​គណៈ​មេធាវី​នៅ​ថ្ងៃស្អែក។

លោក​បាន​និយាយ​ថា “យើង​កំពុង​រៀបចំ​សេចក្តី​ថ្លែងការណ៍​យ៉ាង​ប្រយ័ត្ន​ប្រយែង​ ហើយ​នឹង​ផ្តល់​ការ​ឆ្លើយតប​ពេញលេញ​និង​ត្រឹម​ត្រូវ​ទៅ​ប្រធាន​គណៈ​មេធាវី​ និង​ទៅ​សាធារណជន​”៕ និត (រាយការណ៍​បន្ថែម​ដោយ​ Simon Henderson)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស