27.5 C
Phnom Penh

ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បង្គាប់​ឲ្យ​អ្នក​បើក​បរ​រថយន្ត​ក្រុង­​ក្រុមហ៊ុន​កាពីតូល​ត្រឡប់​ទៅធ្វើការ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្តាលបាន​​​បង្គាប់​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុម​​​ហ៊ុន​​​កាពីតូល​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​បញ្ចប់​​​ការ​ធ្វើ​កូដ​​​កម្ម​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពីថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា ជុំវិញ​​​ការ​​​អះ​​​អាង​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ប្រាំនាក់​​​ទៀត​​​ត្រូ​​​វ​​​បាន​​​បណ្តេញ​​​ចេញ​​​ចំពោះ​​​ការ​​​​​​ព្យាយាម​​​បង្កើត​​​សហជីព​​​នៅក្រុមហ៊ុននេះ​​​។

លោក​​​ ម៉ែន និមិត្ត​​​ ប្រធាន​​​​​​ស្តីទី​​​នៃក្រុមប្រឹក្សា​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា អ្នក​​​បើ​​​បរ​​​រថយន្ត​​​ដែល​​​ចង់​​ឲ្យ​យកអតីត​​​សហសេវិក​​​របស់​​​ខ្លួន​​​​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ត្រូវ​​​តែ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ  ខណៈដែល​​​ក្រុមប្រឹក្សា​​​សើុប​​​អង្កេត​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួកគេ​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា ”បុគ្គលិក ទាំង​អស់​​​​ត្រូវ​​​តែ​​​ត្រឡប់​​​ទៅធ្វើ​​​ការវិញ​​​ដូច​​​ធម្មតា​​​។ បន្ទាប់​​​ពី​​​នេះទៅ ​​​យើង​​​អាច​​​ដោះស្រាយ​​​វិវាទ​​​ជូន​​​ពួកគាត់​​​​”។ លោក​​​បានបន្ត​​​​​​ថា សវនាការ​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​​​នៅ​​​ពេល​​​​​​ឆាប់​​​ៗ​​​នេះ​​​​​​ជាមួយ​​​តំណាង​​​ក្រុមហ៊ុន និង​​​អ្នក​​​បើក​​​បរ​​​។

លោក​​​ និមិត្ត បាន​​​​​​មាន​ប្រសាសន៍​​​ថា ​​តាម​​​ការ​​​​លើកឡើង​របស់​ក្រុមប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​ ​​​អ្នក​​​បើ​​​ក​​​បរទាំង​​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​​​​កាល​​​ពី​​​​ដើមខែ​​​នេះ ក៏​​​អាច​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​របស់​​​ខ្លួន​​​វិញដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “គ្រប់​​​គ្នា​​​អាច​​​ត្រឡប់​​​ទៅធ្វើ​​​ការ​​​វិញ បើ​​​ទោះ​​​ជាពួកគេ​​​នៅ​​​តែ​​​គិត​​​ថា ​​​ការ​​​បណ្តេញ​​​ចេញ​​​នេះ​​​ខុស​​​ច្បាប់​​​ក៏​​​ដោយ​​​”។

លោក ផាន់ សុភាព​​​ ម្ចាស់​​​ក្រុមហ៊ុន​​​កាពីតូល​​​​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ទាំង​​​អស់​​​នឹង​​​ត្រឡប់មក​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​តាម​​​សេចក្តី បង្គាប់​​​របស់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្តាល​​​ បុ៉ុន្តែ លោក​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យអ្នក​​​ដែល​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ទាំង​​​អស់​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ ​​​លើ​​​ក​​​​​​លែង​​​​តែ​​​បុគ្គលិក​​​ប្រាំពីរ​​​នាក់ប៉ុណ្ណោះ​​​​” ដោយ​​​​​​លោក​​​ពន្យល់​​​ថា អ្នក​​​បើ​​​កបរ​​​ពីរ​​​នាក់​​​ទៀត​​​ត្រូវ​​​​​​បាន​​​បណ្តេញ​​​ចេញ​​​ ពីព្រោះ​​​ពួក​​​គេ​​​ទុក​​​រថយន្ត​​​ក្រុង​​​ចោល​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ដើម្បី​​​មក​​​ចូល​​​រួម​​​​​​ជាមួយអ្នក​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​កំពុងធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពីសប្តាហ៍​​​មុន។

លោក ខៀវ វ៉ាន់ មេធាវី​​​តំណាង​​​ក្រុមហ៊ុន​​​កាពីតូល​​​បាន​​​ផ្តល់​​​ហេតុផល​​​ផ្សេង​​​ៗ​​​ទាក់​ទង​ការ​​​បណ្តេញ​​​ចេញ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ប្រាំ​​​នាក់​​​​​​ដំបូង ​​​រួម​​​មាន​​​​ការ​បំពេញការ​ងារ​​មិន​​​បាន​​​ល្អ ការ​​​មិន​​​អនុវត្ត​​​តាម​​​​បទបញ្ជា​​​ផ្ទៃក្នុង​របស​​​់​​​ក្រុមហ៊ុន និង​​​តម្រូវ​ការ​​​កាត់​​​បន្ថយ​​​បុគ្គលិក​​​។

លោក​​​បាន​​​មានប្រសាសន៍​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​​​​ថា “យើង​​​មិន​​​បាន​​​បណ្តេញ​​​ចេញ​​​ពួក​​​គាត់​​​​ ដោយ​​​សារ​​​ពួកគេ​​​ជា​​​សមាជិក​​​សហជីព​​​​​​ឡើយ​​​។ ពួក​​​គាត់​​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ព្រោះ​​​ពួកគាត់​​​​បើ​​​ក​​​រថយន្ត​​​ហួស​​​ល្បឿន​​​កំណត់​​​មិន​​​​​​ធ្វើ​​​ការ​​​ដូច​​​ដែល​​​ពួកគេ​ត្រូវ​ធ្វើ ហើយ​​​ដាក់​​​​​​អ្នក​​​ដំណើរ​​​បន្ថែម​​​នៅ​​​តាម​​​ផ្លូវ​​​​​​”។

ប៉ុន្តែ លោក គង់ អាទិត្យ អគ្គលេខាធិការ​​​សហភាព​​​ការងារ​​​កម្ពុជា​​​ដែល​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​ការ​​​ងារ​​​ជាមួយអ្នក​​​បើ​​​​​​ក​​​បររថយន្ត​​​ដើម្បី​​​បង្កើត​​​សហជីព​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អះអាង​​​របស់​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​បំណង​​​លាក់​​​បាំង​​​ព័ត៌មាន​ពី​សហជីព​​​។

លោក អាទិត្យ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​ក្រុមហ៊ុនកាពីតូល​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​បាន​​​បោះឆ្នោត​​​ជ្រើស​​​រើស​​​បុគ្គលិក​​​​​​ដែល​​​​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញទាំង​​​ប្រាំនាក់​​​ជា​​​តំណាង​​​សហជីព​​​របស់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨ខែ​​​កក្កដា ហើយ​​​បាន​​​ជូន​​​ដំណឹង​​​ទៅ​​​ក្រសួង​​​ និង​​​ក្រុមហ៊ុន​​​កាល​​​ពីថ្ងៃ​​​ទី​​​៩ ខែកក្កដា ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ទាំងនោះ​​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​ពី​​​ការ​​​បណ្តេញ​​​ចេញ​​​នៅ​ថ្ងៃ​​​បន្ទាប់​​​។ នៅពេល​​​យើង​​​​​​​​​បង្កើត​​​សហជីព​​​ ពួក​​​គេ​​​បាន​​​បណ្តេញ​​​ពួក​​​គាត់​​​ចេញ​តែម្តង​​​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស