កាលពីម្សិលមិញ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់ឲ្យអ្នកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូលដឹកជញ្ជូនអ្នកដំណើរបញ្ចប់ការធ្វើកូដកម្ម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកក្កដា ជុំវិញការអះអាងថា អ្នកបើកបររថយន្តប្រាំនាក់ទៀតត្រូវបានបណ្តេញចេញចំពោះការព្យាយាមបង្កើតសហជីពនៅក្រុមហ៊ុននេះ។
លោក ម៉ែន និមិត្ត ប្រធានស្តីទីនៃក្រុមប្រឹក្សានេះបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកបើបររថយន្តដែលចង់ឲ្យយកអតីតសហសេវិករបស់ខ្លួនចូលធ្វើការវិញត្រូវតែត្រឡប់ទៅធ្វើការវិញនៅថ្ងៃនេះ ខណៈដែលក្រុមប្រឹក្សាសើុបអង្កេតការទាមទាររបស់ពួកគេ។
លោកបានមានប្រសាសន៍ថា ”បុគ្គលិក ទាំងអស់ត្រូវតែត្រឡប់ទៅធ្វើការវិញដូចធម្មតា។ បន្ទាប់ពីនេះទៅ យើងអាចដោះស្រាយវិវាទជូនពួកគាត់”។ លោកបានបន្តថា សវនាការនឹងត្រូវធ្វើឡើងនៅពេលឆាប់ៗនេះជាមួយតំណាងក្រុមហ៊ុន និងអ្នកបើកបរ។
លោក និមិត្ត បានមានប្រសាសន៍ថា តាមការលើកឡើងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល អ្នកបើកបរទាំងប្រាំនាក់ដែលត្រូវបានបណ្តេញកាលពីដើមខែនេះ ក៏អាចត្រឡប់ទៅធ្វើការរបស់ខ្លួនវិញដែរ។ លោកមានប្រសាសន៍ថា “គ្រប់គ្នាអាចត្រឡប់ទៅធ្វើការវិញ បើទោះជាពួកគេនៅតែគិតថា ការបណ្តេញចេញនេះខុសច្បាប់ក៏ដោយ”។
លោក ផាន់ សុភាព ម្ចាស់ក្រុមហ៊ុនកាពីតូលដឹកជញ្ជូនអ្នកដំណើរបានមានប្រសាសន៍ថា លោករំពឹងថា អ្នកបើកបររថយន្តទាំងអស់នឹងត្រឡប់មកធ្វើការវិញនៅថ្ងៃនេះតាមសេចក្តី បង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បុ៉ុន្តែ លោកនឹងមិនអនុញ្ញាតឲ្យអ្នកដែលត្រូវបណ្តេញចេញត្រឡប់មកធ្វើការវិញឡើយ។
លោកបានលើកឡើងថា “ខ្ញុំនឹងអនុញ្ញាតឲ្យពួកគេទាំងអស់ត្រឡប់ចូលធ្វើការវិញ លើកលែងតែបុគ្គលិកប្រាំពីរនាក់ប៉ុណ្ណោះ” ដោយលោកពន្យល់ថា អ្នកបើកបរពីរនាក់ទៀតត្រូវបានបណ្តេញចេញ ពីព្រោះពួកគេទុករថយន្តក្រុងចោលក្នុងខេត្តសៀមរាបដើម្បីមកចូលរួមជាមួយអ្នកបើកបររថយន្តដែលកំពុងធ្វើការតវ៉ានៅក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។
លោក ខៀវ វ៉ាន់ មេធាវីតំណាងក្រុមហ៊ុនកាពីតូលបានផ្តល់ហេតុផលផ្សេងៗទាក់ទងការបណ្តេញចេញអ្នកបើកបររថយន្តប្រាំនាក់ដំបូង រួមមានការបំពេញការងារមិនបានល្អ ការមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន និងតម្រូវការកាត់បន្ថយបុគ្គលិក។
លោកបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា “យើងមិនបានបណ្តេញចេញពួកគាត់ ដោយសារពួកគេជាសមាជិកសហជីពឡើយ។ ពួកគាត់ត្រូវបានបណ្តេញចេញពីព្រោះពួកគាត់បើករថយន្តហួសល្បឿនកំណត់មិនធ្វើការដូចដែលពួកគេត្រូវធ្វើ ហើយដាក់អ្នកដំណើរបន្ថែមនៅតាមផ្លូវ”។
ប៉ុន្តែ លោក គង់ អាទិត្យ អគ្គលេខាធិការសហភាពការងារកម្ពុជាដែលបាននិងកំពុងធ្វើការងារជាមួយអ្នកបើកបររថយន្តដើម្បីបង្កើតសហជីពនោះបានមានប្រសាសន៍ថា ការអះអាងរបស់ក្រុមហ៊ុនក្នុងបំណងលាក់បាំងព័ត៌មានពីសហជីព។
លោក អាទិត្យ បានមានប្រសាសន៍ថា អ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូលដឹកជញ្ជូនអ្នកដំណើរបានបោះឆ្នោតជ្រើសរើសបុគ្គលិកដែលត្រូវបានបណ្តេញចេញទាំងប្រាំនាក់ជាតំណាងសហជីពរបស់ខ្លួនកាលពីថ្ងៃទី៨ខែកក្កដា ហើយបានជូនដំណឹងទៅក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៩ ខែកក្កដា ។
លោកបានមានប្រសាសន៍ថា អ្នកបើកបររថយន្តទាំងនោះត្រូវបានជូនដំណឹងពីការបណ្តេញចេញនៅថ្ងៃបន្ទាប់។ នៅពេលយើងបង្កើតសហជីព ពួកគេបានបណ្តេញពួកគាត់ចេញតែម្តង”៕សារុន