27 C
Phnom Penh

​​បុរស​អ្នក​លក់​ដូរ​ចល័ត​តាម​ផ្លូវ​វាយ​បុរស​​​ថៃ​ នឹង​ដំបង​​រហូត​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​បុរស​ខ្មែរ​ម្នាក់​ដែល​ជា​អ្នក​លក់​ដូរ​ចល័ត​​តាម​ផ្លូវ​​ និង​ដែល​មាន​ជំងឺ​វិលក​ចរិក ​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​កោះ​កុង ​កាលពី​យប់​ថ្ងៃ​អង្គារ ពីបទ​​​វាយ​បុរស​ជន​ជាតិ​ថៃ​ម្នាក់​នឹង​​ដំបង​​រហូត​​​​​ដល់​ស្លាប់​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​មួយ​ដែល​​​​ជា​​កម្មសិទ្ធិ​របស់​​កូន​​ជន​រងគ្រោះ​។

​យោង​តាម​លោក មិន រស្មី ​​អធិការ​រង​​នគរ​បាល​ក្រុង​ខេមរភូមិន្ទ​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ ស៊ុរ៉ាឆៃ សុវណ្ណកាំប៉ូ អាយុ​៥៣​ឆ្នាំ ​​​ដែល​ជា​ភ្ញៀវ​​ទេសចរ​​តែង​តែ​ចេញ​ចូល​​ក្នុង​ខេត្ត​កោះ​កុង​ជា​ប្រចាំ​​ ហើយ​ថ្មីៗ​នេះ​បាន​​​មក​ខេត្ត​កោះ​កុងម្តងទៀត​​ដោយ​ឆ្លង​កាត់​តាម​​​ច្រក​ព្រំដែន​ចាំយាម កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ដើម្បី​​មក​​លេង​កូនៗ​របស់​ខ្លួន​នៅ​ភោជនីយ​​ដ្ឋាន​​ក្នុង​ក្រុង​ខេមរភូមិន្ទ​។​

លោក​បានឲ្យដឹងបន្តថា​​ សាក្សី​បាន​ប្រាប់​នគរ​បាល​ថា ​ឈ្មោះ ស៊ិន សារ៉ាត់ អាយុ​៣៨​ឆ្នាំ ជា​អ្នក​លក់​ដូរ​ចល័ត​តាម​ផ្លូវ ដែល​មាន​ប្រវត្តិ​​ធ្លាប់​ប្រើ​អំពើហិង្សា​​​រហូត​ឈាន​ដល់​​មាន​ការ​ចាប់​ខ្លួន​ បាន​ដើរ​ចូល​ទៅ​ជិត​លោក ស៊ុរ៉ាឆៃ សុវណ្ណកាំប៉ូ ខណៈ​គាត់​​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ ហើយ​​ហៅ​​បុរស​ជនជាតិ​ថៃ​រូប​នេះ​ឲ្យ​ជួយ​ទិញ​​​​ទំនិញ​របស់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ជន​សង្ស័យ​​បាន​ព្យាយាម​​ឲ្យ​គាត់​​ [ជន​រងគ្រោះ​] ​ជួយ​ទិញ​​ទំនិញ​​ខ្លះ​​ដូច​ជា​​ ស្ករ​កៅស៊ូ និង​ប្រេង​កូឡា​ជា​ដើម។ ខ្ញុ​ំ​មិន​ដឹង​ទេ​ថា ​តើ​គាត់​​បាន​និយាយ​អ្វី​​ខ្លះ​ទៅ​កាន់​ជន​សង្ស័យ​​​នោះ​ ប៉ុន្តែ​វា​បាន​ធ្វើ​​ឲ្យ​ជន​សង្ស័យ​​​ខឹង​យ៉ាង​ខ្លាំង​”។

​លោកបាន​លើក​ឡើងបន្ត​ថា មួយ​​ភ្លែត​ក្រោយ​​មក ​​ស៊ិន សារ៉ាត់ បាន​ត្រឡប់​មក​វិញ​ដោយ​កាន់​ដំបង​ឈើ​ប្រវែង​​ប្រហែល​២​ម៉ែត្រ ​​ហើយ​បាន​វាយ​ក្បាល​​​លោក ស៊ុរ៉ាឆៃ សុវណ្ណ​កាំប៉ូ យ៉ាង​រន្ថើន​។

លោក​មាន​ប្រសាសន៍​បន្ត​ថា ”​ជន​សង្ស័យ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​​ខ្លួន​ឯង​​បាន ហើយ​​​ក៏​​បាន​ទៅ​យក​ដំបង​ឈើ​មក​វាយ​ជន​រង​គ្រោះ​​​​យ៉ាង​​ចាស់​ដៃ​​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​​​រង​របួស​​​​រហូត​ដល់​ស្លាប់​​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​​កាន់​មន្ទីរ​ពេទ្យ”។

គ្រូ​ពេទ្យ​បាន​បញ្ជាក់​​ថា ជន​រងគ្រោះ​បាន​ស្លាប់​ដោយ​សារ​បាត់​បង់​ឈាម​ច្រើន​​ បន្ទាប់​ពី​​រង​របួស​បាក់​ចង្កា​ បាក់​ក្តោងច្រមុះ បាក់​ថ្គាម និង​ប្រេះ​លលាដ៍​ក្បាល​។

លោក មិន រស្មី​​​ បាន​លើក​ឡើង​ទៀត​ថា នគរ​បាល​បាន​រក​ឃើញ​ដំបង​ប្រឡាក់​​សុទ្ធ​តែ​ឈាម​​​​នៅ​ចម្ងាយ​ពីរ​បី​ផ្លូវ​​ពី​កន្លែង​កើត​ហេតុ ហើយ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​​បន្ទាប់ពី​ដេញ​តាម​ចាប់​អស់​រយៈ​ពេល​២០​នាទី​ក្រោយ​ពេល​កើត​ហេតុ​។

លោក រៀល ច័ន្ទតារា អធិការ​នគរ​បាល​​ក្រុង​​ខេមរភូមិន្ទ​​​ ​លើក​ឡើង​ថា ស៊ិន សារ៉ាត់ត្រូវ​បាន​ចាប់​ខ្លួន​បី​លើក​រួច​មក​ហើយ​ក្នុង​រយៈ​​ពេល​២​ឆ្នាំ​កន្លង​មក​នេះពីបទ​​ប្រអំពើ​ហិង្សា​លើ​អ្នក​ដទៃ​​​ដោយ​គ្មាន​មូលហេតុ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ជន​សង្ស័យ​​​មាន​​សំបុត្រ​​ពេទ្យ​បញ្ជាក់​ថា​កើត​​ជំងឺ​វិកល​ចរិក”។ លោក​បាន​បន្ថែម​ថា ​​​​កាលពី​លើក​មុនៗ​ ស៊ិន សារ៉ាត់ ​គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​រង​របួស​​ស្រាល​​​ប៉ុណ្ណោះ ហើយ​រាល់​លើក​​ ម្ដាយ​វ័យ​​ចំណាស់​​របស់​ជន​សង្ស័យ​​តែង​តែ​ចេញ​​​​មុខ​សន្យា​ថា នឹង​ជួយ​មើល​​កូន​​របស់​ខ្លួន​​​។

លោក​​​ថ្លែង​ថា “​លើក​នេះ​ វា​​​​ជា​បញ្ហា​ធំ​” ហើយ​នគរ​បាល​កំពុង​តែ​​​សាក​សួរ​ជន​សង្ស័យ។​​​ លោក​បានមាន​ប្រសាសន៍​ទៀត​ថា ”​លើក​នេះ ​​យើង​ត្រូវ​តែ​បញ្ជូន​ជន​នេះ​ទៅ​តុលាការ​​ដើម្បី​​​​​ធ្វើ​ការ​ចោទ​ប្រកាន់​”៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស