32 C
Phnom Penh

ទាហាន​ស្វះស្វែង​រក​ប្រាក់​បន្ថែម​ពី​បណ្តា​ក្រុមហ៊ុន​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជាង​ប្រាំ​ឆ្នាំ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តើម​គំនិត​ឧបត្ថម្ភ​រដ្ឋាភិបាល​ដោយ​ចង​មេត្រីភាព​ក្រុមហ៊ុន​ឯកជន​នានា​ជាមួយ​អង្គភាព​យោធា​មក លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​បាន​ដឹកនាំ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​ស្នើ​សុំ​ក្រុមហ៊ុន​នានា​បន្ត​ជួយ​ផ្តល់​ប្រាក់​ទៀត។

អគ្គមេបញ្ជាការរងពីររូប​​​​​​​​​នៃកង​​​យោធពលខេមរភូមិន្ទ​​​ គឺលោក ជា តារា (កណ្តាល) និង​​​លោក គន់ គីម (ស្តាំ) ជជែ​​​ក​​​គ្នា​​​អំឡុង​​​ពេល​​​សម្រាក​​​ពីសិក្ខាសាលា​​​មួយ​​​ដែល​​​រៀប​​​ចំឡើង​​​នៅ​​​វិមាន​​​សន្តិភាព​​​ ការិយាល័យ​​​របស់​​​លោក ហ៊ុន សែន កាល​​​ពីម្សិល​​​មិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
អគ្គមេបញ្ជាការរងពីររូប​​​​​​​​​នៃកង​​​យោធពលខេមរភូមិន្ទ​​​ គឺលោក ជា តារា (កណ្តាល) និង​​​លោក គន់ គីម (ស្តាំ) ជជែ​​​ក​​​គ្នា​​​អំឡុង​​​ពេល​​​សម្រាក​​​ពីសិក្ខាសាលា​​​មួយ​​​ដែល​​​រៀប​​​ចំឡើង​​​នៅ​​​វិមាន​​​សន្តិភាព​​​ ការិយាល័យ​​​របស់​​​លោក ហ៊ុន សែន កាល​​​ពីម្សិល​​​មិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

មន្ត្រី​ជាង​៣០០​នាក់​មកពី​កង​យោធពល​ខេមរភូមិន្ទ នគរបាល​ជាតិ និង​តំណាង​ក្រុមហ៊ុន ហើយ​និង​ក្រសួង​នានា បាន​ជួប​ជុំ​គ្នា​នៅ​ឯ​អគារ​វិមាន​សន្តិភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ជួយ​កងទ័ព ផ្គត់ផ្គង់​និង​ផ្តល់​នូវ​គ្រឿង​បរិក្ខារ។

ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បង្កើន​ការ​ផ្តល់​ប្រាក់​ជួយ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន សែន កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១០ បាន​ចាប់​ផ្តើម​កម្មវិធី​ដែល​នឹង​ឃើញ​ក្រុមហ៊ុន​ធំៗ​បំផុត​មួយ​ចំនួន​របស់​ប្រទេស​នេះ​ផ្តល់​អំណោយ​ប្រាក់​រាប់​រយ​រាប់​ពាន់​ដុល្លារ​ជួយ​អង្គភាព​ទ័ព​ទាំងឡាយ។

នៅ​ពេល​ដែល​ការ​ផ្តើម​គំនិត​នេះ​បាន​ចាប់​ផ្តើម មាន​ក្រុមហ៊ុន​ចំនួន​៤២ ដែល​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ចំណោម​នោះ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច បាន​សន្យា​ផ្តល់​អំណោយ​ជួយ​អង្គភាព​មួយ​ចំនួន។

ក្នុង​សុន្ទរកថា​បន្ទាប់ពី​សិក្ខាសាលា​កាលពី​ថ្ងៃ​ពុធ នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​រំឭក​យ៉ាង​ហោច​ណាស់​១០​ក្រុមហ៊ុន​ដែល​មាន​វត្តមាន​ថា យោធា​នៅ​ត្រូវការ​ប្រាក់​របស់​ក្រុមហ៊ុន​នៅ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “បណ្តា​ក្រុមហ៊ុន​ឯកជន​ដែល​ធ្វើ​ជំនួញ​រកស៊ី​សុខសាន្ត​ក្នុង​ប្រទេស​កម្ពុជា សូម​ជួយ​កងទ័ព​ដោយ​ផ្តល់​មួយ​ចំណែក​តូច​នៃ​ប្រាក់​ចំណេញ​របស់​អ្នក”។

នាយ​ឧត្តម​សេនីយ៍ បាញ់ បាន​មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​ប្រាក់​អំណោយ​នឹង​បាន​ជា​ប្រយោជន៍​ដល់​ការ​ដំឡើង​ប្រាក់​ខែ​របស់​ទាហាន ដែល​លោក​បាន​មាន​ប្រសាសន៍​ថា នឹង​ត្រូវ​ដំឡើង​ដល់​មួយ​លាន​រៀល ឬ​ប្រហែល​២៥០​ដុល្លារ នៅ​ឆ្នាំ​២០១៨​យ៉ាង​យូរ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ដឹង​ថា យើង​មិន​មាន​ថវិកា ប្រសិនបើ​យើង​មាន​វិញ យើង​នឹង​ផ្តល់​ភ្លាម”។

ប្រាក់​ខែ​ទាហាន​ថ្នាក់​ទាប​បំផុត​របស់​កង​យោធពល​ខេមរភូមិន្ទ​សព្វ​ថ្ងៃ​មាន​រវាង​៣៥៥.០០០​រៀល​ទៅ​៥៣៣.០០០​រៀល។

យោង​តាម​នាយ​ឧត្តមសេនីយ៍ បាញ់ បាន​ឲ្យ​ដឹង​ថា ប្រាក់​ដែល​ប្រមូល​បាន​ពី​ក្រុមហ៊ុន​នានា ក៏​នឹង​ចំណាយ​លើ​ការ​ទិញ​ស្បៀង​អាហារ​និង​គ្រឿង​ផ្គត់ផ្គង់​យោធា​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “កាលពី​មុន នៅ​ពេល​ដែល​យើង​ត្រូវ​ការ​សម្ភារ​សម្រាប់​កងទ័ព ក្រុមហ៊ុន​មួយ​ចំនួន​បាន​ផ្តល់​ប្រាក់​ជួយ​យើង។ និយាយ​ដោយ​ស្មោះ​ទៅ [ក្រុមហ៊ុន]​ទិញ​សព្វាវុធ”។

តំណាង​ក្រុមហ៊ុន​មិតហ្វូន ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​នៅ​កម្ពុជា​តាម​ចំនួន​អ្នក​ប្រើ បាន​ប្រាប់​សិក្ខាសាលា​ថា ក្រុមហ៊ុន​របស់​លោក​បាន​ផ្តល់​ប្រាក់​ដ៏​ច្រើន​ដល់​យោធា​របស់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

តំណាង​រូប​នេះ​ដែល​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា “ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៤ ក្រុមហ៊ុន​មិតហ្វូន បាន​ផ្តល់​អំណោយ​ជា​ប្រាក់​សរុប៤៦១.១០០​ដុល្លារ​ដល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​កង​ពល​តូច​ជើង​ទឹក​លេខ​៣១”។

ក្រុមហ៊ុន​ មិតហ្វូន ជា​សាខា​មួយ​របស់​វៀតថែល​ (Viettel) ដែល​គ្រប់​គ្រង​ដោយ​យោធា​វៀតណាម​។

លោក​ សុខ គង់ ម្ចាស់​ក្រុមហ៊ុន​សូគីម៉ិច​ដែល​ជា​សម្ពន្ធមិត្ត​របស់​លោក ហ៊ុន សែន ក៏បាន​បញ្ជូន​តំណាង​មួយ​រូប​ដើម្បី​ប្រាប់​សិក្ខាសាលា​កាលពី​ថ្ងៃពុធ​ថា ក្រុមហ៊ុន​ប្រេង​នេះ​បាន​ផ្តល់​អំណោយ​៣៥០.០០០​ដុល្លារ​ដល់​កង​យោធពល​ខេមរភូមិន្ទ​ចាប់​តាំងពី​ឆ្នាំ​២០១០​មក​។

ទាក់ទង​នៅ​ថ្ងៃ​ដដែល​នោះ​ លោក ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​បាន​ផ្តល់​អំណោយ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ដល់​យោធា​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​នេះ។ ក៏​ប៉ុន្តែ លោក​មិន​បាន​ផ្តល់​តួលេខ​ច្បាស់​លាស់​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ជួយ​គ្រឿង​ផ្គត់ផ្្គង់​ស្បៀង​អាហារ​ដល់​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​កោះកុង​ ពីព្រោះ​ខ្ញុំ​គិត​ថា ពួកគេ​ស្ថិត​នៅ​ជួរ​មុខ​ ហើយ​ខ្វះ​ស្បៀងអាហារ​”។

“ខ្ញុំ​ក៏​បាន​ផ្តល់​អំណោយ​ដល់​ពួកគេ​ដែរ​ ពីព្រោះ​ខ្ញុំ​ចង់​ផ្សារភ្ជាប់​វិស័យ​ឯកជន​ជាមួយ​កង​ទ័ព ជា​ពិសេស ពីព្រោះ​ខ្ញុំ​ដឹង​គុណ​ដែល​កងទ័ព​ការពារ​ប្រទេស​ជាតិ​របស់​យើង”។

ទោះជា​មាន​វត្តមាន​ក្រុមហ៊ុន​ជិត​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សិក្ខាសាលា​ ដែល​មាន​ឧប​នាយករដ្ឋ​មន្ត្រី ម៉ែន សំអន ជា​អធិបតី​ក៏​ដោយ ក៏​នាយ​ឧត្តមសេនីយ៍ បាញ់ បាន​បញ្ជាក់​ថា យោធា​មិន​បាន​លម្អៀង​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “កងទ័ព​ត្រូវ​តែ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់”។

ក៏​ប៉ុន្តែ លោក ជា តារា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ បាន​មាន​ប្រសាសន៍​ថា យោធា​ពិត​ណាស់​ស្មោះ​នឹង​គណបក្ស​កាន់​អំណាច។

នាយ​ឧត្តមសេនីយ៍ តារា បាន​មាន​ប្រសាសន៍​ថា “សម្តេច​តេជោ [ហ៊ុន សែន] បាន​មាន​ប្រសាសន៍ ហើយ​ខ្ញុំ​ចាំ​សុន្ទរកថា​នេះ​នៅ​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ថា ប្រសិន​បើ​យើង​និយាយ​ឲ្យ​ត្រឹម​ត្រូវ កងទ័ព​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​សម្តេច​តេជោ​បាន​យក​ចិត្ត​ទុកដាក់​និង​បាន​ដឹក​នាំ​កង​ទ័ព”។

លោក​បាន​បន្ថែម​ថា “កងទ័ព​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ កងទ័ព​ក៏​មាន​ភារកិច្ច​ផ្សេង​ទៀត ការពារ​ច្បាប់​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​និង​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​បោះ​ឆ្នោត”។

លោក​ស្រី ជា វណ្ណាត អ្នកវិភាគ​នយោបាយ​ និង​ជា​អតីត​ប្រធាន​​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បាន​មាន​ប្រសាសន៍​ថា វិស័យ​ឯកជន​ផ្តល់​ប្រាក់​ជួយ​យោធា​ ពិត​ណាស់​នាំ​ឲ្យ​មាន​ភាព​អនុគ្រោះ​និយម។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ប្រាកដ​ហើយ វា​នឹង​អ៊ីចឹង​។ ដូច​ភាសិត​ខ្មែរ​និយាយ​ថា កុំ​ខាំ​ដៃ​ដែល​ចិញ្ចឹម​អ្នក”៕ និត(រាយការណ៍​បន្ថែម​ដោយ Chris Mueller)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស