រដ្ឋាភិបាលនៅតែប្រកាន់ជំហរមឺុងម៉ាត់ដដែល នៅពេលមានការរិះគន់ទាំងក្នុងស្រុកនិងអន្តរជាតិ ខណៈដែលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសដែលត្រូវបានអនុម័តរួចហើយដោយ រដ្ឋសភា និងព្រឹទ្ធសភា នោះនៅសប្តាហ៍នេះ បានបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញជាដំណាក់កាលចុងក្រោយ មុនពេលព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហត្តលេខាលើសេចក្តីព្រាងច្បាប់នេះ។

ឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិជុំវិញច្បាប់នេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើការតបតវិញដោយចោទប្រកាន់លោកស្រី Ravina Shamsadani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា បានរំលោភច្បាប់កម្ពុជា និងជ្រៀតជ្រែកដំណើរការនីតិប្បញ្ញត្តិ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនលោកស្រី Shamsadani បានស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ “ទាត់ចោលសេចក្តីព្រាងច្បាប់នេះដែលមានបទប្បញ្ញត្តិមួយចំនួនរំលោភកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលប្រទេសកម្ពុជាបានឲ្យសច្ចាប័ន និងដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស”។
ទីស្តីការគណៈរដ្ឋមន្ត្រីបានតបតដោយចេញសេចក្តីបំភ្លឺផ្ទាល់ខ្លួនកាលពីថ្ងៃពុធ។
សេចក្តីបំភ្លឺនេះមានខ្លឹមសារថា ”ការបញ្ចេញប្រតិកម្មរបស់លោកស្រី Ravina Shamsadani តាមរយៈការស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញទាត់ចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលយើងយល់ឃើញថា ទង្វើរបស់លោកស្រីបាននិងកំពុងបំពានទាំងកំរោលលើគោលការណ៍នីតិរដ្ឋ និងបានបង្ហាញយ៉ាងច្បាស់ពីការមិនយល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាពិសេសបង្ហាញពីការជ្រៀតជ្រែកចូលយ៉ាងជ្រៅរំលោភលើនីតិវិធីផ្ទៃក្នុងរបស់នីតិប្បញ្ញត្តិ ពីព្រោះរាល់ការអនុម័តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើងដោយរដ្ឋសភា ព្រឹទ្ធសភា និងប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ”។
លោក សុន ឆ័យ សមាជិកសភាគណបក្សប្រឆាំងបានទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិលមិញ ក្នុងការខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីចង់ឃើញសេចក្តីព្រាងច្បាប់នេះត្រូវបានច្រានចោល ខណៈអង្គការអាដហុក និងអង្គការលីកាដូ ជាអង្គការមិនមែនរដ្ឋាភិបាលសិទ្ធិមនុស្សក្នុងស្រុកបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយលើកឡើងថា សេចក្តីព្រាងច្បាប់នេះមិនស្របតាមរដ្ឋធម្មនុញ្ញទេ។
លិខិតរបស់សមាជិកសភាគណបក្សសង្គ្រោះជាតិ១៣រូបផ្ញើជូនលោក ឯក សំអុលប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលត្រូវបានដាក់ជូនដោយលោក សុន ឆ័យ មានខ្លឹមសារថា “យើងកត់សម្គាល់ឃើញថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺ រឹតត្បិតសិទ្ធិក្នុងការជួបជុំគ្នា និងសិទ្ធិសំខាន់ផ្សេងៗទៀតរបស់ពលរដ្ឋ”។
អង្គការអាដហុក និងអង្គការលីកាដូ បានលើកឡើងមិនតិចជាងប្រាំមួយមាត្រាទេក្នុងរដ្ឋធម្មនុញ្ញដែលពួកគេគិតថា អាចត្រូវបានរំលោភដោយសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ រួមទាំងមាត្រាដែលការពារសិទ្ធិក្នុងការជួបជុំគ្នា សិទ្ធិក្នុងការសម្តែងមតិ និងសិទ្ធិក្នុងការចូលរួមនយោបាយ ព្រមទាំងបទប្បញ្ញត្តិដែលការពារឯករាជភាពប្រព័ន្ធតុលាការ និងរឹតត្បិតអំណាចអង្គនីតិប្រតិបត្តិ។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ច្បាប់នេះមានសក្តានុពលក្នុងការធ្វើឲ្យមានការរំលោភអំណាចកាន់តែធ្ងន់ធ្ងរ អនុញ្ញាតឲ្យរដ្ឋាភិបាលប្រើប្រាស់បទប្បញ្ញត្តិរបស់ខ្លួនបំភិតបំភ័យ និងដាក់ទោសដល់សកម្មជនសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិមនុស្សដែលក្រោកឈរឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា”។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលច្រានចោលការលើកឡើងនេះហើយបានព្យាករថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចលើច្បាប់នេះ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ដល់អង្គការអាដហុក និងលីកាដូថា “អ្វីដែលពួកគេលើកឡើងគឺជាសេរីភាពផ្ទាល់របស់ពួកគេ ប៉ុន្តែ វាមិនឆ្លុះបញ្ចាំងពីអត្ថន័យនៃមាត្រា និងបទប្បញ្ញត្តិនីមួយៗឡើយ ពួកគេចេះតែប្រឌិតប៉ុណ្ណោះ”។
លោកបន្ថែមថា “ខ្ញុំមិនដាក់សម្ពាធលើនរណាម្នាក់ ឬអត្ថាធិប្បាយលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញឡើយ ទុកឲ្យពួកគេសម្រេចចុះ។ ខ្ញុំជាសមាជិកព្រឹទ្ធសភា ហើយគិតថា ច្បាប់នេះនឹងត្រូវបានអនុម័ត ប៉ុន្តែខ្ញុំមិនចង់និយាយពីអ្វីដែលកំពុងតែបន្តនេះជាមួយស្ថាប័នផ្សេងឡើយ”៕ សារុន