37 C
Phnom Penh

មន្ត្រី​​បញ្ជាក់​ថា កង​ទ័ព​​ពិត​ជា​មិន​មែន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​​កំពុង​កាន់​អំណាច​​​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ មន្ត្រី​យោធា​​ មន្ត្រី​រដ្ឋា​ភិបាល និង​មន្ត្រី​​បក្ស​កាន់​​អំណាច ​​បាន​ដក​ខ្លួន​​មិន​ពាក់​ព័ន្ធ​​ឡើយ​ជុំ​វិញ​​​ការ​អត្ថាធិប្បាយ​របស់​​​លោក ជា តារា អគ្គមេបញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ដែល​បាន​លើក​ឡើង​នៅ​សប្ដាហ៍​នេះ​ថា “​ កង​ទ័ព​​ជា​របស់​​គណបក្ស​ ប្រជាជន​កម្ពុជា”ហើយ​បាន​​​​អះអាង​ថា យោធា​​​នៅ​តែ​​អព្យាក្រឹត។

នាយ​​ឧត្ដម​សេនីយ៍ ជា តារា បាន​ថ្លែង​ទៅ​កាន់​អង្គ​​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ នៅ​វិមាន​សន្តិ​ភាព​​ដែល​ជា​ការិយាល័យ​ធ្វើ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថា ​ប្រវត្តិ​របស់​កង​យោធ​ពល​​ខេមរភូមិន្ទ​​​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន បាន​​​នាំ​ឲ្យ​​​​មាន​​​ភាព​ស្មោះ​ត្រង់​យូរ​អង្វែង​។​​

លោក​​មាន​​​ប្រសាសន៍​ថា ”​​សម្ដេច​តេជោ [ហ៊ុន សែន] ទើប​តែ​មាន​ប្រសាសន៍​​ ហើយ​​​ខ្ញុំ​ចង​ចាំ​ប្រសាសន៍​​នេះ​តាំង​ពី​ថ្ងៃ​២៣ កក្កដា បើ​និយាយ​ឲ្យ​ចំ​​ កង​ទ័ព​ម្នាក់​ជា​ប្រជាជន​​របស់​គណបក្ស​ប្រជាជន ពីព្រោះ​សម្ដេច​តេជោ ជាអ្នក​​ចិញ្ចឹម​បីបាច់​​ថែរក្សា ​ដឹកនាំ ​បញ្ជា។ កង​ទ័ព​ជា​របស់​គណបក្ស​ប្រជាជន​ និយាយ​ដោយ​​​​ស្មោះ​ត្រង់​ហ្មង ប៉ុន្តែ​​កង​ទ័ព​ត្រូវ​មាន​ភារកិច្ច​​មួយ​ទៀត​​ គឺ​ការ​ពារ​ច្បាប់​រដ្ឋធម្មនុញ្ញ ការ​ពារ​ព្រះមហាក្សត្រ ​និង​​ការ​ពារ​រដ្ឋាភិបាល​ដែល​ប្រសូត​ចេញពី​ការ​បោះ​ឆ្នោត​”។

​​​​​​​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​មានប្រសាសន៍​ថា លោក ​​ជា តារា យល់​ច្រឡំ​​​​ហើយ ប្រសិន​បើ​​គាត់​យល់​​​​​ថា លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អង្គ​​ប្រជុំ​របស់​​​មេៗ​បញ្ជាការ​យោធា​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា នៅ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​​របស់​លោក​​នៅ​​ក្នុង​ខេត្ត​កណ្ដាល​ថា ការ​ងារ​របស់​កង​យោធពល​ខេមរភូមិន្ទ គឺ​​​ត្រូវ​​​ការ​ពារ​​គណបក្ស​ប្រជាជន​កម្ពុជា នោះ។​

លោក​​មាន​ប្រសាសន៍​ទៀត​ថា ”​សម្ដេច​ ហ៊ុន សែន មិន​ដែល​​មាន​ប្រសាសន៍​បែប​នេះ សម្ដេច​គ្រាន់​តែ​មាន​​ប្រសាសន៍​ថា កង​ទ័ព​ជា​របស់​ប្រជាជន​ និង​ជាតិ។ កង​ទ័ព​​ត្រូវ​តែ​អព្យា​​ក្រឹត​រវាង​គណបក្ស​នយោបាយ ប៉ុន្តែ​កង​ទ័ព​ត្រូវ​តែ​ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​​ដែល​មាន​សម្ដេចជា​​មេដឹកនាំ”។

មុន​ពេល​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​​​ការ​លើក​ឡើង​របស់​លោក ជា តារា លោក សុខ ឥសាន បាន​មាន​ប្រសាសន៍​​បន្ថែម​ទៀត​​​ថា​ ”​កង​ទ័ព​មិន​ត្រូវ​គាំទ្រ​គណ​បក្ស​​​​​ណាមួយ​ឡើយ។ នេះ​គឺ​ជា​រឿង​របស់​គាត់ សូម​កុំ​​ឲ្យ​ខ្ញុំ​វិភាគ​សម្ដី​របស់​គាត់​អី​ ខ្ញុំ​នឹង​មិន​ជ្រៀតជ្រែក​ទេ…។ គាត់​មាន​មេ​របស់​គាត់​”។

​កាលពី​ម្សិលមិញ ​ទាំង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ។​ ទោះ​ជាយ៉ាង​ណា លោក ឈុំ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ជា តារា ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​គាត់ ហើយ​វា​មិន​ឆ្លុះ​បញ្ចាំងពី​គោល​នយោបាយ​របស់​កង​យោធពល​ខេមរភូមិន្ទ​ឡើយ​។

លោក​បាន​​​លើក​ឡើង​ថា “​ខ្ញុំ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​​ទេ​ជុំវិញ​សុន្ទរកថា​​របស់​ឯក​ឧត្ដម ជា តារា ពីព្រោះ​នោះជាគំនិត​របស់​គាត់​។ កាលពី​ថ្ងៃ២៣ ​កក្កដា សម្ដេច​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កង​ទ័ព​ត្រូវ​តែ​រក្សា​អព្យាក្រឹត​​ចំពោះ​គណបក្ស​ ប៉ុន្តែ​ត្រូវ​​ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​។ កង​ទ័ព​មិន​អព្យា​ក្រឹត​ទេ​ពាក់​ព័ន្ធ​​​នឹង​រដ្ឋាភិបាល​។ កង​ទ័ព​ត្រូវ​តែ​​ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ប្រសូត​​​ចេញពី​ការ​បោះ​ឆ្នោត​ ហើយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ធ្វើ​​ ‘បដិវត្តន៍​​ពណ៌’ ឡើយ​។ គណ​បក្ស​ណា​ដែល​ឈ្នះ​ កង​ទ័ព​ត្រូវ​តែ​ការ​ពារ​រដ្ឋាភិបាល​នោះ”។

លោក ធន សារាយ ​ដែល​ជា​ប្រធាន​អង្គការ​​​សិទ្ធិ​មនុស្ស​អាដ​ហុក និង​ជា​​ប្រធាន​សង្គម​ស៊ីវិល​មួយ​រូប​​ចាប់តាំងពីសម័យ​កុម្មុយ​នីស្ត​​ក្នុង​​ទស​វត្សរ៍​ឆ្នាំ​១៩៨០​មក​នោះ ​បាន​​​មាន​ប្រសាសន៍​​​​ថា ការ​លើក​ឡើង​របស់​លោក ជា តារា ឆ្លុះ​បញ្ចាំង​​​​ពី​ការ​យល់ឃើញ​អំពី​រដ្ឋធម្ម​នុញ្ញ​​​​នៅ​ក្នុង​ជួរ​យោធា។

​លោក​បាន​បន្ត​ថា “​ជា​​គោល​ការណ៍ ​អ្វី​ដែល​គាត់​​បាន​លើក​ឡើង ​គឺ​ផ្ទុយ​ពី​សុន្ទរកថា​របស់​លោក ហ៊ុន សែន ពីព្រោះ​លោក ហ៊ុន សែន ​មាន​​ប្រសាសន៍​ថា យោធា​ស្ថិត​ក្រោម​​​​ការ​​គ្រប់​គ្រង​របស់​រដ្ឋាភិបាល ​មិន​មែន​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បក្ស​នោះទេ។ ​លោក​បាន​​មាន​ប្រសាសន៍​ថា វា​ខុស​គ្នា​រវាង​គណបក្ស​ និង​រដ្ឋាភិបាល។ ប៉ុន្តែ​​​ទោះ​បី​​ជា​លោក ជា តារា ​លើកឡើង​ផ្ទុយពី​លោក ហ៊ុន សែន យ៉ាង​​ណា​ក៏ដោយ ក៏​គាត់​និយាយ​អ្វី​ដែល​​​​​ឆ្លុះ​បញ្ចាំង​​ពី​ការ​ពិត​។ ប្រសិន​បើ​យើង​​ក្រឡេក​​​​មើល​​ទៅ ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ ក៏​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​”។

​លោក ប៉ុល សារឿន អគ្គមេបញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​លោក កែ គឹមយ៉ាន ​អតីត​អគ្គមេបញ្ជាការ​របស់​លោក គឺ​ជា​​សមាជិក​​​​​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​ដែល​មាន​សមាជិក​​៣៤​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​ជា​ស្ថាប័ន​ប្រតិបត្តិ​របស់​គណ​បក្ស​​​នេះ​។ ចំណែកឯ​​លោក គន់ គីម អគ្គ​មេ​បញ្ជា​​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មេ​បញ្ជាការ​យោធា​ជាច្រើន​រូប​ផ្សេងទៀត ក៏​ជា​​សមាជិក​គណៈកម្មាធិការ​កណ្ដាល​​របស់​គណ​​បក្ស​​កាន់​អំណាច​​ដែរ។

នៅ​ឯ​សមាជ​រយៈ​ពេល​បី​ថ្ងៃ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​ កាលពី​ខែ​កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​​បញ្ចូល​​សមាជិក​ថ្មី​ប្រមាណ​​​៣០៦​រូប​​បន្ថែម​​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​​​​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​៨០​រូប​ជា​មន្ត្រី​យោធា និង​កង​កម្លាំង​សន្តិសុខ​។

លោក ធន សារាយ ​បាន​មាន​ប្រសាសន៍​ថា ”​វា​ចេញពី​ការ​អនុវត្ត​បែប​កុម្មុយនីស្ត​​កាល​ពី​អតីតកាល​ ដែល​ពេល​នោះ​​បក្ស​កុម្មុយនីស្ត​គ្រប់គ្រងអ្វី​ៗគ្រប់​យ៉ាង និង​សម្រេច​​រឿង​គ្រប់​​យ៉ាង ហើយ​រឿង​នេះ​កំពុង​តែ​កើត​ឡើង​ដល់​​​សព្វ​ថ្ងៃ​”។

លោក សុន ឆ័យ តំណាង​រាស្ត្រ​​ជាន់​ខ្ពស់​​របស់​គណបក្ស​ប្រឆាំង​ បាន​មាន​ប្រសាសន៍​ថា ​ខណៈ​យោធា​​នៅតែ​ត្រូវ​​បាន​គ្រប់​គ្រង​ដោយ​មន្ត្រី​ចាស់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ លោក​ជឿ​ថា ​មន្ត្រី​​យោធា​ក្មេងៗ​មាន​ការ​ចាប់​អារម្មណ៍​​​​កាន់​តែ​ខ្លាំង​​លើ​យោធា​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​។

លោក​មាន​​ប្រសាសន៍​ទៀត​ថា ”​ពួកគេ​​ឡើង​​​​តំណែង​​ដោយ​សារ​តែ​ពួកគេ​បាន​បង្ហាញ​​​​​​ភាព​ស្មោះ​ត្រង់​ចំពោះ​ថ្នាក់​ដឹកនាំ​របស់​គណ​​បក្ស​កាន់អំណាច ប៉ុន្តែ​​អ្នក​​ជាច្រើន​នៅ​ក្នុង​ជួរ​យោធា​​ក៏​ចង់​ឯករាជ្យ​​ និងទទួល​បាន​ការ​ជឿ​ទុក​ចិត្តពី​ប្រជារាស្ត្រ​តាម​រយៈ​ការ​ធ្វើ​បែប​នោះ​ដែរ។ អ្នក​​​ជា​ច្រើន​​នៅ​ក្នុង​ជួរ​កង​ទ័ព​នៅ​តែ​ពឹង​ផ្អែក​លើ​គណបក្ស​កាន់​អំណាច​ ប៉ុន្តែ​ពេល​នេះ​​​ពួកគេ​ចាស់​អស់​ទៅ​ហើយ​។ កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​នៅ​បស្ចិម​ប្រទេស​ ​​ក្នុង​នោះ​​រួម​​ទាំង​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ [លោក ហ៊ុន ម៉ាណែត] ផង​ ហើយ​ខ្ញុំ​គិត​ថា ពួកគេ​​ចង់​​ធ្វើ​កំណែទម្រង់​យោធា​។

លោក ផៃ ស៊ីផាន អ្នក​​នាំពាក្យ​ទីស្ដីការ​​គណៈ​មន្ត្រី​បាន​មាន​ប្រសាសន៍​​ថា ភាព​​ស្មោះ​ត្រង់​បែប​នេះ​គ្មាន​ទេ​រវាង​​មេដឹកនាំ​យោធា​​ និង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ហើយ​ថា លោក​ ជា តារា គ្រាន់​តែ​ចាំ​​​បាន​ថា ​​កង​យោធពល​ខេមរភូមិន្ទ​​មាន​ដើម​កំណើត​ចេញពី​ក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ​​។​

លោក​បាន​លើក​ឡើង​​ថា ​”​អ្វី​ដែល​ឯក​ឧត្ដម​​​​​នាយ​ឧត្ដម​សេនីយ៍ ជា​​ តារា ​​លើក​ឡើង​​ គឺ​គាត់​​​​គិត​ថា​ យោធា​ជាតិ​​​​ប្រសូត​ចេញពី​គណបក្ស​ប្រជា​​​​​​​ជន​កម្ពុជា  ព្រមទាំង​សម្ដេច​តេជោ [លោក ​​ហ៊ុន សែន​]។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្ដេច​តេជោ។ ទី២​ យោធា​ក៏​ត្រូវ​​យក​​​​​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ច្រើន​ដែរ​ ​ពីព្រោះ​បទ​ពិសោធន៍​ក្រោយ​ការ​បោះ​ឆ្នោត​​កន្លង​មក​​គឺ​ថា ​មាន​ក្រុម​ខ្លះ​​​បាន​​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ដូច្នេះ​ហើយ​​យោធា​ត្រូវ​តែ​ប្រុង​ជើង​ការ​​ ហើយ​ដឹង​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​សំឡេង​ភាគ​ច្រើន​​នៅ​ក្នុង​រដ្ឋសភាដែល​​​​ប្រសូត​ចេញពី​ឆន្ទៈ​របស់​ប្រជា​រាស្ត្រ​ ត្រូវ​តែ​ទទួល​បាន​ការ​ការ​ពារ​”។

លោក​បាន​​​​​បញ្ជាក់​ថា យោធា​​នឹង​គោរព​លទ្ធផល​បោះ​ឆ្នោត​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​​​ឈ្នះ​​ការ​បោះ​ឆ្នោត​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨។ ទោះ​ជា​យ៉ាង​ណា ក្ដី​បារម្ភ​ចំពោះ​​​​ទំនាក់​ទំនង​ស្អិត​រមួត​រវាង​យោធា​ និង​គណ​បក្ស​​​​ប្រជាជននៅ​តែ​មាន​​សម្រាប់​ឆ្នាំ​២០១៨​​​។

លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយសេរី និង​​​​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល​) បាន​មាន​ប្រសាសន៍​ថា ”​វា​នៅ​តែ​ជា​ហានិភ័យ ​និង​​​ជា​បញ្ហា​ប្រឈម​​ថា តើ​អាច​នឹង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ ឬ​យ៉ាង​ណា​​។ ខ្ញុំ​គិតថា ​ក្រុម​ឧត្ដម​សេនីយ៍​​​​នេះ [ដូច​​នាយ​ឧត្ដម​សេនីយ៍ ជា តារា ជា​ដើម​] ​តំណាង​ឲ្យ​យោធា​ទាំង​មូល ប៉ុន្តែ​យើង​មិន​ដឹង​​អំពី​ឧត្ដម​សេនីយ៍​​ដែល​​ស្មោះ​ស្ម័គ្រ​ប្ដូរ​ផ្ដាច់​នឹង​គណបក្ស​​កាន់​អំណាច និង​អ្នក​ដែល​ហា៊ន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​គណបក្ស​កាន់​អំណាច​នោះ​ទេ​”។

ចំណែកឯ​លោក សុន ឆ័យ ​មាន​ប្រសាសន៍​​​​ថា ការ​ធ្វើ​កំណែទម្រង់​យោធា​​ដើម្បី​លុប​បំបាត់​​​ភាព​ស្មោះ​ត្រង់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ​​គឺ​​មាន​សារៈ​សំខាន់​​​ស្មើ​នឹង​​ការ​ធ្វើ​កំណែ​ទម្រង់​​​បោះ​ឆ្នោត ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ ​​ទទួល​បាន​​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​​តំណាង​រាស្ត្រ​អាណត្តិ​ក្រោយ បន្ទាប់ពី​ទទួល​បាន​​សំឡេង​គាំទ្រ​​យ៉ាង​ប្រកៀក​​​​​ប្រកិត​​គ្នា​​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ឆ្នាំ​២០១៣​។

លោក​បានចោទ​សួរ​​​ថា ​​”​ប្រសិន​បើ​យើង​​មិន​ធ្វើ​កំណែ​ទម្រង់​ទេ ចាំបាច់​មាន​ការ​បោះ​ឆ្នោត​ធ្វើ​អី? តើ​យើង​ចង់​ឲ្យ​កម្ពុជា​ ដូច​ភូមា ដែល​ប្រជាជន​​​សម្រេច​គាំទ្រ​​គណបក្ស​ប្រឆាំង ​​ហើយ​នឹង​មាន​សង្គ្រាម​ពេញ​ប្រទេស​ ឬយ៉ាង​​​ណា​? តើ​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ចាប់​ខ្លួន​ឬ? ​សំណួរ​សំខាន់​បំផុត​​ចង់​សួរថា តើ​កម្ពុជា ​នឹងនៅតែ​បែប​នេះ​ឬ?”៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស