30.7 C
Phnom Penh

អតីតចៅសង្កាត់​​​ជាប់ពន្ធនាគារ​​​អស់​​​មួយជីវិត​​​ពីបទ​​​គប់​​​គ្រាប់​​​បែក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​ចៅសង្កាត់​​​មួយ​​​រូប ក្នុងខណ្ឌ​​​ព្រែក​​​​​​ព្នៅ​​​រាជធានីភ្នំពេញ​​​ ដែល​​​​សារភាព​​​ថា បាន​​​​​​ជួល​​​គេ​​​​​​ឲ្យ​​​សម្លាប់​​​គូប្រជែង​​​ផ្នែក​​​នយោបាយ​​​របស់ខ្លួន​ ​​​ដោយ​​​ឈាន​​​​ដល់​​​​ការ​​​​គប់​​​គ្រាប់​​​បែក​​​ដែល ​​​ធ្វើ​​​ឲ្យ​​​កូន​​​ប្រុស​​​អាយុ​​​១១​​​ឆ្នាំ​​​ម្នាក់​របស់​គូ​​​ប្រជែងខ្លួន​​​បាន​​​ស្លាប់​​​នោះ​​​ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​​​​ឲ្យ​​​ជាប់​​​​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត​​​កាល​​​ពីម្សិលមិញ។

cam-photo-commune-chief-jumpលោក  ភី  ណុប  អាយុ​​​៤៧​​​ឆ្នាំ អតីត​​​ចៅ​​​​​​សង្កាត់​​​​​​ គោក​​រកា​​​ បាន​​​ប្រាប់​ឲ្យ​​​ឈ្មោះ ​​​ពៅ ​​​ប៊ុន​​​ធឿន អាយុ​​​៣៣​​​ឆ្នាំ ​​​​​​​​​រៀបផែនការ​សម្លាប់​លោក សន សីុន ជា​​​អ្នក​​​រក​​​ស៊ី​​​មុខ​​​ជំនួញ​​​​ដីធ្លី និងជា​​​​ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​ ព្រោះ​​​គាត់​​​​​​​គិត​​​ថា លោក​​​សន ​​​សីុន កំពុង​​​តែ​​​ព្យាយាម​​​ដណ្តើម​​​តំណែង​​​របស់​​​ខ្លួន​​​​​​​ ហើយ​​​ចង់​​​សម្លាប់​​​ខ្លួន​​​​ចោល​​​។​

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​តុលា ​ ខណៈ​ពេល​លោក  ​​​សន  ស៊ីន  ​​​កំពុង​​​​​​ ទទួល​​​ទាន​​​អាហារ​​​ពេល​​​ល្ងាច​​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​ផ្ទះ​​​ជាមួយ​​​ក្រុមគ្រួសារ​​​ និងមិត្ត​​​ភក្តិ​​​​​​ ស្រាប់​តែ​​​​មាន​​​បុរស​​​ពីរ​​​នាក់​​​ជិះ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​មក​​​​​​​គប់​​​គ្រាប់​​​បែក​​​សំដៅ​​​ពួក​​​គេ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​លោក សន ស៊ីន​​​ បាត់​​​បង់​​​ជីវិត​​​។

កាល​​​ពី​​​ម្សិលមិញ លោក លាង សំណាត់​​​ចៅក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ ​​​បាន​​​ប្រកាស​​​​​​នៅ​​​ក្នុង​​​តុលាការ​​​ថា ទាំង​​​លោក ភី ​​​ណុប​​​និង​​​ ពៅ ប៊ុនធឿន សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​​ផ្តើម​​​គំនិត​​​ក្នុង​​​អំពើ​​​ឃាត​​​កម្ម​​​គិត​​​ទុក​​​ជាមុន​​​ ប៉ុន្តែ នឹង​​​ទទួល​​​ទោស​​​ជាប់​​​ពន្ធនា​គារ​​​​​​ខុស​​​គ្នា​​​ឆ្ងាយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​កាត់​​​ទោស​​​ឲ្យ​​​ ពៅ  ប៊ុនធឿន​​​ អាយុ​​​៣៣​​​ឆ្នាំ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​៣០ឆ្នាំ​​​ ហើយ​​​ ​​​ភី ​ណុប ជាប់​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត”។

ឈ្មោះ នួន សំរិទ្ធ អាយុ​​​២៨​​​​​​ឆ្នាំ​​​ដែល​​​ជា​​​អ្នក​​​គប់​​​គ្រាប់​​​បែកផ្ទាល់​​​​ ក៏​​​ត្រូវ​​​បាន​​​​​​ផ្តន្ទាទោស​​​​​​ឲ្យ​ជាប់​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត​​​ដែរ​​​ រីឯ​​​ឈ្មោះ អេង ប៉ូលីន ដែល​​​មាន​​​អាយុ​​​២៨​​​ឆ្នាំ​​​ដែរ​​​​ និង​​​ដែល​​​ជា​​​អ្នក​​​បើក​​​ម៉ូតូ​​​​ ជាប់​​​​រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​។ ជន​​​ទាំង​​​ពីរ​​​នេះ​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ចោទ​​​ ប្រកាន់​​​ពីបទ​​​មនុស្ស​​​ឃាត​​​គិត​​​ទុក​​​ជាមុន​​​។

ចៅ​​​ក្រម លាង សំណាត់​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ផ្តន្ទាទោស​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​ បន្ទាប់​​​ពី “មាន​​​ការពិចារណា​​​យ៉ាង​​​ហ្មត់​​​ចត់​​​” ប៉ុន្តែ ​​​លោក ​​​មិន​​​បាន​​​ពន្យល់​​​អំពី​​​ស្ថាន​​​ទម្ងន​​​់​​​ទោស​​​ដែល​​​ខុស​​​គ្នា​​​នេះ​​​ទេ​​​។

អំឡុង​​​​​​ការ​​​បើក​​​សវនាការជំនុំ​ជម្រះ​ក្តី​​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ លោក ភី ណុប ​សារភាព​​​ថា ​ខ្លួន​ពិតជាបាន​​​​ប្រាប់​ឲ្យ​​​​ ពៅ ប៊ុនធឿន ​រៀប​​​ផែនការ​សម្លាប់​​​​គូ​​​ប្រជែង​​​របស់​​​​ខ្លួន​​​​មែន​ ប៉ុន្តែ ​​​បាន​​​អះ​​​អាង​​​ថា គាត់​​​​បាន​​​ប្តូរ​​​ចិត្ត​​​វិញ​ ហើយ​​​ប្រាប់​​​ឲ្យ​​​បញ្ឈប់​​​ផែន​​​ការ​​​នេះ​​​។

បន្ទាប់​​​ពី​​​ការ​​​ផ្តន្ទាទោស​​​កាល​​​ពី​​​ម្សិលមិញ ​​​លោក ភី ណុប បែរជា​​​​​​ទម្លាក់​កំហុស​លើ​​​​​ ពៅ ​​​ប៊ុនធឿន ដែល​​​​គាត់​​​​បាន​​​ចោទ​​​ប្រកាន់​​​អំឡុង​​​ ការ​​​បើក​​​សវនាការ​​​​ថា ធ្វើ​​​ផ្ទុយ​ពី​​​បញ្ជា​​​របស់​​​​គាត់​​​​ ព្រោះ​​​ជន​​​នេះ​​​ចង់​​​បាន​​​ប្រាក់​​​​១មឺុន​​​ដុល្លារ​​​​​​ ​​​ដើម្បីយក​​​ទៅ​​​ចែក​​​គ្នា​​​ជាមួយ​​​គូកន​​​របស់​​​ខ្លួន​​​។

លោក ភី ណុប ​​​​​​និយាយ​​​នៅ​ខាង​​​ក្រៅ​​​បន្ទប់​​​​​សវនាការ​​​ថា “ខ្ញុំ​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។ វា​​​អយុត្តិ​​​ធម៌​​​​​សម្រាប់​​​ខ្ញុំ ខ្ញុំ​​​មិន​​​អាច​​​ទទួលយក​​​បាន​​​ទេ​​​។ ​សំណុំរឿង​​​នេះ​​​ផ្អែក​​​តែ​​​​​​លើ​​ចម្លើយ​​​របស់​​​​ ពៅ ​​​​​ប៊ុនធឿន ដែល​​​ទម្លាក់​កំហុស​​​​ដាក់​ខ្ញុំ​​​​​​​ប៉ុណ្ណោះ​​​”។​

អំឡុង​​​ពេល​​​បើក​​​សវនាការជំនុំ​ជម្រះក្តី​​​​​នួន សំរិទ្ធ បាន​​​លើក​​​ឡើង​​​ថា ខ្លួន ​​​និង ​​​អេង ​​​ប៉ូលីន ​អនុវត្តតាម​​​​ផែនការ​​​​ ព្រោះខ្លាច​​​ក្រែង​​​មាន​​​គ្រោះថ្នាក់​​​ដល់​​​ជីវិត​​​ផ្ទាល់​​​ខ្លួន​​​។

នួន សំរិទ្ធ បាន​​​និយាយ​​​នៅ​​​ពេល​​នោះ​​​ថា ​​​​​​”គាត់​​​ [ពៅ ប៊ុនធឿន] បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ប្រសិន​​​បើ​​​​​​ខ្ញុំ​​​មិន​​​ធ្វើ​​​រឿង​​​នេះ​​​ទេ​​​ នឹង​​​មាន​​​គេ​​​សម្លាប់​​​ខ្ញុំ។ គាត់​​​ប្រាប់​​​ទៀត​​​ថា ប្រសិន​​​បើ​​​មិន​​​ព្រម​​​ធ្វើ​​​ទេ​​​​​​ក្រុម​​​គ្រួសារ​​​របស់​​​យើង​​​ក៏​​​គ្រោះ​​​ថ្នាក់​​​ដែរ”។

លោក ទេព មុនីជាតិ​​​ មេធាវី​​​របស់​​​លោក ​​​ភី ណុប បាន​​​លើក​​​ឡើង​​​ថា ការ​​​ផ្តន្ទា​​​ទោស​​​កូន​​​ក្តី​​​របស់​​​លោក​​​​​​គឺ​​​​​​ធ្ងន់​​​ធ្ងរ​​​ពេក​​​ហើយ ហើយ​​​មិន​​​​​​បាន​ពិចារណា​អំពី​ការ​ព្យាយាម​របស់​​​​របស់​​កូន​​​ក្តី​​​​​​​​​លោក​​​​​ឲ្យ​​​​​ផ្អាក​​​​ផែនការ​​នេះ​​ឡើយ​។

លោក​​​ថ្លែងថា ” គាត់​​​ខឹង​​​ខ្លាំង​​​ពេក​​​ ក៏​​​កើត​​​គំនិត​​​​​​​នេះ​​​ឡើង​​​។ ប៉ុន្តែ ​​​ក្រោយ​​​​​​មក ​​​គាត់​​​បាន​​​ប្រាប់​​​ ឲ្យ​​​បញ្ឈប់​​​ផែន​​​ការ​​​នេះ​វិញ​​​​។ ​​​គាត់​​​ប្រាប់​​​ឲ្យ​​​ឈប់​​​គឺ​​​មាន​​​ន័យ​​​ថា គាត់​​​ដឹង​​​ថា [ធ្វើ​​​អ៊ីចឹង​​​គឺ​​​ខុស]​​​”។

លោក​​​​​​បន្ត​​​ថា ”យើង​​​​​​​មិន​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​​​ដោះ​​​លែង​​​​​​គាត់​​​​ទេ ​​​យើង​​​គ្រាន់​​​តែ​​​ស្នើ​​​ឲ្យ​​​ជាប់​​​​​​ត្រឹម​​​២០ឆ្នាំ ឬ​​​៣០​​​ឆ្នាំ​​​ដោយ​​​ផ្អែក​​​លើ​​​ស្ថាន​​​សម្រាល​​​​​​ទោស​​​​​​ មិន​​​មែន​​​អស់​​​មួយ​​​ជីវិត​​​នោះ​​​ទេ​​​”។

លោក សន ស៊ីុន ដែល​​​បាន​​​ចូល​​​រួម​​​ការ​បើក​​​​​​សវនាការ​​​ជំនុំជម្រះ​ក្តី​កាល​​​ពីម្សិលមិញ បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​ចង់​​​​ឲ្យ​តុលាការ​កាត់​ទោស​​​​ប្រហារ​ជីវិត​​​លោក ភី ណុប។ លោក​​​​​​និយាយ​​​ថា “ការ​​​បាត់​​​បង់​​​របស់​​​ខ្ញុំ​​​ គឺ​​​វា​​​លើស​​​ពី​​​នេះ។ ការ​​​បាត់​​​បង់​​​ជីវិត​​​​កូន​របស់​​​​​​ខ្ញុំ​​​ គ្មាន​​​អ្វី​​​អាច​​​​​​ប្តូរ​​​បាន​​​ឡើយ​​​។​​​ ប្រសិន​​​បើ​​​មាន​​​ទោស​​​ព្យួរ ​​​ក ខ្ញុំ​​​នឹង​​​ឲ្យ​​​គេ​​​ព្យួរ​​​ក​​​គាត់​​​ទៀត​​​”៕ស៊ុយឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស