27.5 C
Phnom Penh

សាលា​រាជធានី​និយាយ​ថា កាល​​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ ​​​​ ភ្លៀង​បាន​​​ធ្លាក់​​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​​ភ្នំពេញ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​បង្ហោះ​តាម​ទំព័រ​​ហ្វេស​ប៊ុក​​​របស់​ខ្លួន​កាលពី​ម្សិលមិញ​ថា ព្យុះ​​ដែល​បាន​បក់​បោក​​កាត់​រាជ​ធានី​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ បាន​បណ្ដាល​ឲ្យ​​​​មាន​​ភ្លៀង​ធ្លាក់​​​​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន។

ភ្លៀង​ធ្លាក់​ខ្លាំង​​​​បំផុត​​មិន​ធ្លាប់​មាន​នេះ​បាន​ធ្វើ​​ឲ្យ​អាជីវករ​លក់​ដូរ​តាម​ដង​​ផ្លូវ​​ រត់​រក​កន្លែង​​​ជ្រក​ ​ចំណែក​ឯអ្នក​ដើរ​ទិញ​អីវ៉ាន់​ខំ​ព្យាយាម​ដើរ​ចេញពី​ទឹក​ជន់​លិច​ ហើយ​ផ្លូវ​ជាច្រើន​នៅ​ក្នុង​រាជធានី​ស្ទើរ​តែ​មិន​អាចធ្វើដំ​ណើរ​​ឆ្លង​កាត់​បាន​។

សាលា​រាជធានី​បាន​លើក​ឡើង​​ថា ​យោង​តាម​​ការ​វាស់​ស្ទង់​របស់​ស្ថានីយ​ឧតុនិយម​ចំនួន​​​​ពីរ​បង្ហាញ​​ថា ការ​ធ្លាក់​ភ្លៀង​សរុប​កាលពី​ថ្ងៃ​សៅរ៍​មាន​កម្ពស់​១០៣​មិល្លីម៉ែត្រ ​ពោលគឺ​​ខ្ពស់​​​ជាង​​ការ​​ព្យាករលើក​មុនដែល​មាន​ត្រឹម​តែ​៨០​មិល្លីម៉ែត្រ​។

សេចក្ដីថ្លែងការណ៍​​​​របស់​សាលា​រាជ​ធានី​មាន​ខ្លឹមសារ​ដូច្នេះ​ថា ”​ជា​ទូទៅ ​កម្ពស់​ទឹក​​​ភ្លៀង​ធ្លាក់​​​គឺ​៣០​មិល្លីម៉ែត្រ​ ដូច្នេះ​កម្ពស់​នេះ​[១០៣​មិល្លីម៉ែត្រ] វា​ជា​ការ​គំរាម​កំហែង​ដល​់​រាជធានី​ភ្នំពេញ ដែល​បាន​បង្ក​ការ​ជន់​លិច​​​ផ្លូវ​មួយ​ចំនួន ហើយ​ផ្ទះ​របស់​ប្រជាពល​រដ្ឋខ្លះ​​បាន​រងគ្រោះ​ដោយ​សារ​ការ​ជន់​លិច​។ យើង​ដឹង​ច្បាស់​ថា ប្រជាពលរដ្ឋ​ពិត​ជា​មាន​ការ​លំបាក​ ដូច្នេះ​​ហើយ​​សូម​​ត្រៀម​​ និង​ទុក​ដាក់​របស់​របរ​សំខាន់ៗ​​ដោយ​ប្រុង​ប្រយ័ត្ន​។ យើង​នឹង​​​ទទួល​បាន​​ប្រព័ន្ធ​លូ​​​ដើម្បី​បង្ហូរ​ទឹក​​​ឲ្យ​បាន​ឆាប់​រហ័ស​គ្រប់​កន្លែង”។

ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន ​​​​បាន​ចំណាយ​ប្រហែល​១០៥​លាន​ដុល្លារ​​លើ​គម្រោង​មួយ​ ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​ដំណាក់​កាលទី​៣ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថានឹង​ចំណាយ​អស់​៤៦​លាន​ដុល្លារ​ ហើយ​នឹង​បញ្ចប់​​រួច​រាល់​​នៅ​ខែ​តុលា ឆ្នាំ​នេះ​។

តំណាង​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរ​​ជាតិ​ជប៉ុន​ (JICA) និង​ស្ថានទូត​ជប៉ុន ​​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​​ទេ​កាលពី​ម្សិលមិញ​ ពីព្រោះ​វា​ជា​ថ្ងៃ​អាទិត្យ​។

ទោះ​ជា​យ៉ាង​ណា លោក ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​​​សាលា​រាជធានី​​ បាន​មាន​ប្រសាសន៍​ថា សាលា​រាជធានី​បាន​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​លូ​នៅ​ក្នុង​រាជធានី ដោយ​ដំឡើង​​លូ​រំដោះ​ទឹក​ភ្លៀង​បាន​​ចំនួន​៥០​​ក្នុង​ឆ្នាំ​កន្លង​ទៅ ហើយ​ថា​ ការ​ជន់​លិច​កាលពី​ថ្ងៃ​សៅរ៍​​អាច​នឹង​ធ្ងន់​ធ្ងរ​ជាង​នេះ​ឆ្ងាយ​។

លោក​បាន​លើក​ឡើង​ថា “ប្រសិន​បើ​យើង​​​​មិន​​បាន​ដំឡើង​លូថ្មីៗ​​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ ម្លេ៉ះ​​​​ស្ថាន​ភាព​ជន់លិច​កាលពី​ម្សិលមិញ​​កាន់​តែ​លំបាក​ជាង​នេះ​ទៅទៀត ពីព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក”។​​​​​​​​​

ក្នុង​​​សង្កាត់​​​បឹង​​​សាឡាង​​​ ខណ្ឌ​​​ទួល​​​គោក​​​អ្នក​​​ស្រី​​​ មាស សារឿន អាយុ​​​៧៣​​​ឆ្នាំ ម្ចាស់​​​ហាង​​​លក់​​​គ្រឿង​​​ទេស​​​យីហោ​​​ ហេង ហេង ​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្រី​​​​​​បាន​​​ខាត​​​បង់​​​អស់​​​ប្រហែល​​​៧០០ដុល្លារ​​​ដោយ​​​សារ​​​ទឹក​​​ភ្លៀង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ដែល​ធ្វើ​​​ឲ្យ​​​​​​ហាង​​​របស់​​​​គាត់​លិច​​​ប្រហែល​​​កន្លះ​​​ម៉ែត្រ។

អ្នក​​​ស្រី​​​និយាយ​​​​ថា ”​ការ​ជន់​លិច​កាល​​​ពី​​​ម្សិលមិញ​​​ដូច​​​ជា​​​​​​សមុទ្រ​​​អ៊ីចឹង​​​ ហើយ​​​​​​នេះ​​​គឺ​​​ការ​​​ខាត​​​បង់​​​ដ៏​​​ធំ​​​បំផុត​​​របស់​​​ខ្ញុំ​​​ ទោះ​​​បី​​​ជា​គ្រួសារ​​​ខ្ញុំ ​​​[កូនប្រុស​​​ស្រី​​​របស់​​​ខ្ញុំ​​​]​​​ មក​​​ជួយ​​​ខ្ញុំ​​​ក៏​​​ដោយ​​​។ ​ខ្ញុំ​​​ហូប​បាយ​​មិន​ចូល​ទេ​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​​​ខ្ញុំ​​​យំ​​ពេល​​​​ឃើញ​​​ទំនិញ​​​យ៉ាង​​​ច្រើន​​​របស់​​​ខ្ញុំ​​​អណ្តែត​​​ទឹក​​​”។

លី ហួ អាយុ​​​២៥​​​ឆ្នាំ ដែល​​​បើក​​​​តូប​លក់​​​​​សាច់​​​​​អាំង​​​​​​ជាមួយ​​​​​​ម្តាយ​​​របស់​​​ខ្លួន​​​ក្បែរ​​​ផ្សារ​​​កណ្តាល​​​​ ក្នុង​ខណ្ឌ​​ដូនពេញ​លើក​​​ឡើង​​​ថា ម្ហូម​អាហារ និង​​​សម្ភារ​​​ភាគ​​​ច្រើន​​​របស់​​​​នាង​បាន​​​អណ្តែត​​​ទៅ​​​តាម​​​ទឹក​​​បាត់​​​អស់​​​។

ស្ត្រី​​រូប​នេះ​បាន​​​និយាយ​​​ថា ”ភ្លៀង​​​ធ្លាក់​​​​យ៉ាង​​​​ខ្លាំង​​​​​​​​​ ហើយ​​​​​​វា​លឿន​ពេក​ រក​តែ​យើង​​​​រៀប​​​ចំ​​​ទុក​​​ដាក់​​​សម្ភារ​​​​​​យក​​​ទៅ​​​ផ្ទះ​​​​ក៏​មិន​ទាន់​ដែរ​​​​។ ​​អ្វី​​​​​​​​​ដែល​យើង​​​​​ត្រូវ​​​លក់​​​ដូរ​​បាន​បាត់​​​បង់​អស់​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​ត្រូវ​​​ទិញ​​​សម្ភារ​​​​ថ្មី​​​ឡើង​​​វិញ​​​”។​

លោក អីុ សារុំ នាយក​​​ប្រតិបត្តិ​​​សមាគម​​​ធាង​​​ត្នោត​​​ ជា​​​អង្គកា​​​រ​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​តំបន់​​​ក្រុង បាន​​​លើក​​​ឡើង​​​ថា ​​​​​​ទោះ​​​បី​​​ជា​​​ជប៉ុន​​​ ចំណាយ​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​​​​ដើម្បី​​​កែ​​​លម្អ​​​​​​ប្រព័ន្ធ​​​លូ​​​នៅ​​​​​រាជ​​​ធានីភ្នំពេញ​​​​​​ក៏​​​ដោយ ​​​​​​​ក៏​វា​​​ជួយ​​​បាន​​​តែ​​​បន្តិច​​​បន្តួច​​​ប៉ុណ្ណោះ។​ ​ការ​​​ចាក់​​លុប​បឹង​​​នៅ​​​ក្នុង​​​​​រាជធានីភ្នំពេញ​​​ គឺជា​​​កត្តា​​​​​​រាំង​​​ស្ទះ​​​ដល់​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​កាត់​​​បន្ថយ​​​ការ​​​ជន់​​​​លិច​​​តាម​​​​រយៈ​​​ការ​​​កែលម្អ​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ដើម្បី​​​បញ្ឈប់​​​ ​​និង​​​ធ្វើ​​​ឲ្យ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​នេះ​​​មាន​​​ប្រសិទ្ធ​ភាព​​​ ពួក​​​​​​គេ​​​គួរ​​​​តែ​​​ឈប់​​​​​​​​​ចាក់​​​លុប​​​បឹង​​​ និង​​​លក់​​​បឹង​​​ទៅ​​​ឲ្យ​​​វិស័យ​​​ឯកជន​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​នៅ​​​តែ​​​បន្ត​​​ចាក់​​​លុប​​​បឹង​​​​​​​​​ អ៊ីចឹង​​​តើ​​​ទឹកហូរ​​​​​​ទៅ​​​ណា?”៕សុខុម  និង ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ ហួត ចាន់​​​ប៉ាវ​​​ គឹម ចាន់ និង Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស