មន្ត្រីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឲ្យដឹងថា កាលពីថ្ងៃសុក្រ កងរាជអាវុធហត្ថមូលដ្ឋានបានដោះលែងរថយន្តចំនួនបួនគ្រឿង និងអ្នកបើកបរពីកន្លែងឃុំខ្លួនរបស់ នគរបាលស្រុក ដែលបានឃាត់រថយន្តទាំងនេះពីបទប៉ុនប៉ងដឹកឈើកាបខុសច្បាប់ទៅកាន់ប្រទេសវៀតណាម ជួសមុខឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់។
លោក កែវ សុភ័គ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានលើកឡើងថា ការប្រឈមមុខដាក់គ្នាបានកើតឡើងនៅក្នុងស្រុកកែវសីមា ជាកន្លែងមានសកម្មភាពជួញដូរឈើខុសច្បាប់យ៉ាងច្រើនដែលទាហានប្រដាប់អាវុធពីរក្រុមបានប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងឈើខុសច្បាប់មួយចំនួនធំដែលដឹកទៅវៀតណាមកាលពីខែមិថុនា។
កាលពីថ្ងៃសុក្រ លោក កែវ សុភ័គ បានលើកឡើងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្រុកបីនាក់បានឃាត់រថយន្តបួនគ្រឿងដែលដឹកឈើចំនួន៥៦ដំុទៅកាន់ព្រំដែនវៀតណាម ហើយថា អ្នកបើកបរអះអាង ថា ឈើទាំងេនះគឺជារបស់លោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា។ លោកបានលើកឡើងទៀតថា ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក បុរសប្រដាប់ដោយអាវុធចំនួនប្រាំពីរនាក់បានមកដល់ហើយទាញឈើទម្លាក់ចុះពីលើរថយន្ត រួចនាំយករថយន្តទាំងនេះ និងអ្នកបើកបរចាកចេញទៅបាត់។បុរសទាំងប្រាំពីរនាក់នេះមានឯកសណ្ឋាន ខុសៗគ្នា ខ្លះស្លៀកពាក់ស៊ីវិល ខ្លះទៀតស្លៀកពាក់ជាឯកសណ្ឋានកងរាជអាវុធហត្ថ និងយោធា ប៉ុន្តែ ថា នគរបាលស្គាល់ពួកគេទាំងអស់ថា សុទ្ធតែជាកងរាជអាវុធហត្ថស្រុក។
លោកបានមានប្រសាសន៍ថា “កងរាជអាវុធហត្ថទាំងប្រាំពីរនាក់នេះបានយកកាំភ្លើងភ្ជង់ក្បាលនគរបាលសេដ្ឋកិច្ច ដែលឃាត់រថយន្តដឹកឈើខុសច្បាប់ ដើម្បីយករថយន្តទៅវិញ រួចគេចខ្លួនបាត់។នគរបាលសេដ្ឋកិច្ចមិនហ៊ានតតាំងនឹងពួកគេទេ ព្រោះពួកគេមានអាវុធ”។
លោក មាឃ វុទ្ធី មន្ត្រីរដ្ឋបាលព្រៃឈើស្រុកកែវសីមា បានលើកឡើងថា កងរាជអាវុធហត្ថបាននាំរថយន្ត និងអ្នកបើកបរទៅបាត់មុនពេលលោកនិងមន្ត្រីរដ្ឋបាលព្រៃឈើបានទៅដល់កន្លែងកើតហេតុ។
លោកថ្លែងថា “នៅពេលយើងទៅដល់ រថយន្តបានទៅបាត់ហើយ ហើយនៅសល់តែឈើចំនួន៥៦ដុំនៅបាំងផ្លូវប៉ុណ្ណោះ។ នគរបាលសេដ្ឋកិច្ចមិនហ៊ានតតាំងនឹងពួកគេទេដើម្បីចៀសវាងការបាញ់ប្រហារ”។
លោក បានលើកឡើងទៀតថា ឈើទាំងអស់នេះសុទ្ធតែជាឈើសុក្រំដែលជាឈើប្រភេទលេខ១ ហើយត្រូវបានយកទៅរក្សាទុកនៅឯការិយាល័យរដ្ឋបាលព្រៃឈើស្រុក។ នគរបាលសេដ្ឋកិច្ចកំពុងរៀបចំដាក់ពាក្យប្តឹងលោក សាក់ សារុន ដែលបើតាមអ្នកបើកបរបានបញ្ជាក់ថា គឺជាមេបញ្ជាការកងរាជអាវុធហត្ថស្រុក ទៅតុលាការហើយ។
នៅពេលទាក់ទងតាមទូរស័ព្ទ លោកសាក់ សារុន បានបដិសេធការចោទប្រកាន់នេះ ហើយបានគំរាមប្តឹងនរណាដែលចោទប្រកាន់លោកពីបទប៉ុនប៉ងជួញដូរឈើកាប់ខុសច្បាប់។លោកបានមានប្រសាសន៍ថា ”ខ្ញុំដឹងច្បាប់ច្បាស់ណាស់”។
លោក ញែម វណ្ណឌី ស្នងការនគរបាលខេត្តនេះ មិនអាចសុំការអត្ថាធិប្បាយបានទេ។
កាលពីចុងខែមិថុនា មន្ត្រីយោធាម្នាក់នៅក្នុងខេត្តេនះ បានអះអាងថា ទាហានរបស់ខ្លួន បានចាប់បុរសជនជាតិវៀតណាមចំនួនបួននាក់ដែលជាប់សង្ស័យពីបទកាប់ឈើខុសច្បាប់ ហើយកំពុងតែរង់ចាំអ្នកបកប្រែ នៅពេលនោះស្រាប់តែទាហានមកពីខេត្តក្រចេះបានមកដល់ហើយបានប្រើកាំភ្លើងភ្ជង់ដើម្បីនាំជនជាតិវៀតណាមទាំងនេះទៅវិញ។
កាលពីខែឧសភាឆ្នាំមុន លោក សិុន វ៉ាន់វុធ អភិបាលស្រុកកែវសីមា ត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលមកដល់កន្លែងបង្ក្រាបការជួញដូរឈើខុសច្បាប់ ដកកាំភ្លើងភ្ជង់ក្បាលដើម្បីព្យាយាមយករថយន្តស៊េរីទំនើបមួយគ្រឿងដែលដឹកឈើប្រណីត ត្រឡប់ទៅវិញរួចហើយមន្ត្រីកងរាជអាវុធហត្ថរូបនេះបានគេចខ្លួនបាត់”៕ ស៊ុយឈាង