33 C
Phnom Penh

មន្ត្រី​​យោធា​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​​​មួយ​​ស្របក់ បន្ទាប់ពី​បើកបរ​រថយន្ត​បុក​ម៉ូតូ និង​រទេះ​លក់​អាហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​មាន​សមត្ថ​កិច្ច​បាន​​និយាយ​កាលពី​ម្សិលមិញ​ថា មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​​ឃាត់​​ខ្លួន​​​​​មួយ​ស្របក់​​នៅ​​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​​ថ្ងៃ​សៅរ៍ ​បន្ទាប់ពី​​បើក​បរ​​ក្នុង​ស្ថានភាព​ស្រវឹង​​ជ្រុល​ទៅ​បុក​​​ម៉ូតូ​មួយ​គ្រឿង និង​រទេះ​លក់​អាហារ​ចំនួន​បី​ មុន​ពេល​នគរ​បាល​​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផ្ទុះ​​កំហឹង​​​ដេញ​តាម​​។

លោក ថេង កុសល ​នាយ​ប៉ុស្តិ៍​​នគរ​បាល​សង្កាត់​ចោមចៅ ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​​​​យោធា​ដែល​លោក​មិន​បញ្ចេញ​អត្តសញ្ញាណ​​​រូប​នេះ​ បាន​បើក​​បរ​រថយន្ត​របស់​ខ្លួន​ជ្រុល​ទៅ​​​បុក​ម៉ូតូ និង​រទេះ​លក់​អាហារ​ក្នុង​​​សង្កាត់​របស់​លោក​នៅ​ម៉ោង​ប្រហែល​៦​ល្ងាច​។

វីដេអូ​ឃ្លីប​មួយ​ដែល​​​បាន​ចាប់​ផ្ដើម​​បង្ហោះ​​​​យ៉ាង​សុស​សាយ​តាម​អុីនធើណិត​​ភ្លាមៗ​បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ បង្ហាញ​ពី​សកម្ម​ភាព​​​​អ្នក​បើក​បរ​រថយន្ត​តូយ៉ូតាឡង់គ្រីស័រ​ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​ ខ.ម បើក​រុល​ទៅ​មុខ​អំឡុង​​​​ពេល​ចរាចរណ៍​កក​ស្ទះ ហើយ​ក៏​​​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​​គ្រឿង​​ដោយ​ស្ទើរ​តែ​កិនពី​លើ​អ្នក​បើក​បរ​ម៉ូតូ​​​នោះ​។

បន្ទាប់​មក មន្ត្រី​យោធា​រូប​នេះ​បាន​បត់​ឆេវ​ទៅ​ស្ដាំ​ជ្រុល​ទៅ​បុក​រទេះ​លក់​អាហារ មុន​ពេល​​បើក​រត់​ធ្វើ​ឲ្យ​​ក្រុម​​អ្នក​ជិះ​ម៉ូតូ​បើក​ដេញ​តាម​ និង​គប់​ដុំថ្ម​ទៅ​លើ​រថយន្ត​បង្ក។

លោក ថេង កុសល ​លើក​ឡើង​ថា នគរ​បាល​​​​បាន​ឃាត់​ខ្លួន​មន្ត្រី​​​យោធា​រូប​នេះ​៣០​នាទី បន្ទាប់​​​​​ពី​ការ​បើក​​​បុក​ជា​បន្តបន្ទាប់​​  ហើយ​បាន​ដោះ​លែង​គាត់​វិញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ដោយ​​​​សារ​តែ​​វា​ជា​​គ្រោះ​ថ្នាក់​​​តូច​តាច​។

លោក​បាន​បន្ត​ថា “​ពេល​នេះ​​រថយន្ត​ និង​ម៉ូតូ​កំពុង​រក្សា​ទុក​នៅ​​​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ”។ លោក​​បាន​​លើក​ឡើង​បន្ថែម​ទៀត​ថា អ្នក​បើក​បរ​ម៉ូតូ​ទាម​ទារ​សំណង​​៣.០០០​ដុល្លារ​សម្រាប់​​ជួស​ជុល​ម៉ូតូ​ និង​ថ្លៃ​ព្យាបាល​​​ជើង​របស់​​​ខ្លួន​​ដែល​រង​​របួស​ស្រាល។

លោក ភឿក ហេង នាយ​រង​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ខណ្ឌ​​ ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​ករណី​នេះ​ បាន​មាន​ប្រសាសន៍​ថា អ្នក​បើក​បរ​រថយន្ត​​​មាន​វ័យ​៤០​ឆ្នាំ និង​ជា​​​មន្ត្រី​មក​ពី​កង​ពល​តូច​លេខ​៩១១​នៃ​កង​យោធពល​ខេមរភូមិន្ទ ប៉ុន្តែ​លោក​ក៏​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ ឬ​ឋានន្តរ​ស័ក្ដិ​​​របស់​បុរស​រូប​នេះ​ដែរ​​។

លោក​បាន​លើក​ឡើង​​ថា “​ខ្ញុំគ្រាន់​តែ​ដឹង​ថា គាត់​បាន​បើក​បុក​តូប​លក់​អាហារ​មួយ​ចំនួន ហើយ​ប្រជាពល​រដ្ឋមូល​ដ្ឋាន​បាន​ដេញ​តាម​រថយន្ត​របស់​គាត់​។ មើល​ទៅ​គាត់គឺ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​​គាត់​​បាន​​ដេក​នៅ​ប៉ុស្តិ៍​​​នគរ​បាល​សង្កាត់​ខណៈ​ពេល​សាកសួរ​”។

លោក​បន្ត​​ថា មន្ត្រី​យោធា​​រូប​នេះ​យល់​​​ព្រម​​​សង​ម្ចាស់​​រទេះ​លក់​អាហារ​ក្នុង​ម្នាក់​​ៗ​ពី​១០០​ទៅ​២០០​ដុល្លារ ​ហើយ​កំពុង​ចរចា​​សំណង​ដល់​​​អ្នក​បើក​បរ​ម៉ូតូ​ដែល​មាន​វ័យ​៣០​ឆ្នាំ។

លោកបាន​​លើកឡើង​​បន្ថែម​ទៀត​​ថា កង់​​​រថយន្ត​មួយ​គ្រាប់​បាន​​​បែក​នៅ​ក្នុង​​​ហេតុ​ការណ៍​​​​គ្រោះ​ថ្នាក់​​នេះ ហើយ​ប្រជា​ពល​រដ្ឋ​​​មូលដ្ឋាន​បាន​យក​ដុំថ្ម​គប់​បំបែក​​កញ្ចក់​ក្រោយ​ និង​កញ្ចក់​​​មុខ​នៃ​រថយន្ត​បង្ក អំឡុង​ពេល​ដេញ​តាម​។

ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​កាល​ពី​​​​ថ្ងៃ​សៅរ៍​នេះ​ បាន​កើត​ឡើង​ប្រហែល​១​សប្ដាហ៍​​កន្លះ​ បន្ទាប់ពី​អ្នក​បើក​បរ​រថយន្ត​ម្នាក់​ទៀត​​​ពាក់​ស្លាក​លេខ ​ខ.ម បាន​បើក​បុក​ស្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​​ខេត្ត​បន្ទាយ​មាន​ជ័យ មុន​​ពេល​​​រត់​គេច​ខ្លួន​ដោយ​ថ្មើរ​ជើង​៕ សុខុម​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស