30.7 C
Phnom Penh

មន្ត្រី​ព្រមាន​ប្រឆាំង​នឹង​ការ​អះអាង​ព្រំដែន​ថ្មី​បំផុត​របស់​លោក​រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ មន្ត្រី​កិច្ចការ​ព្រំដែន​ជាន់​ខ្ពស់​បំផុត​ទី​២​របស់​ប្រទេស​កម្ពុជា​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​បក​ស្រាយ​ខុស​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​ទឹកដី បន្ទាប់​ពី​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​អះអាង​ថា ប្រទេស​វៀតណាម​បាន​យក​ដី​បន្ថែម​យ៉ាង​ជាក់ស្តែង​នៅ​ខាង​តំបន់​ព្រំដែន​ដែល​កំណត់​ហើយ​របស់​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ស្វាយរៀង។

cam-map-map-rainsyកាលពី​ថ្ងៃ​សៅរ៍ លោក រង្ស៊ី បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នូវ​ការ​អំពាវនាវ​មួយ​ឲ្យ​រដ្ឋាភិបាល​ប្រើ​តែ​ផែនទី​ខ្នាត​១​លើ១០០.០០០​ដែល​អនុញ្ញាត​ដោយ​រដ្ឋធម្មនុញ្ញ ដើម្បី​គូស​ព្រំដែន​របស់​ប្រទេស​កម្ពុជា ហើយ​បន្ទាប់មក​ទៀត​ប្រើ​បច្ចេក​វិជ្ជា GPS ដើម្បី​ឲ្យ​ប្រាកដ​ថា បង្គោល​សម្គាល់​ព្រំដែន​ត្រូវ​គេ​ដាំ​ចំ​ខ្សែ​បន្ទាត់​ព្រំដែន​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​និយាយ​ថា កិច្ចការ​ទាំង​ពីរ​នេះ​អាច​មិន​គ្រប់គ្រាន់​ទេ ដោយ​លោក​អះអាង​ថា វៀតណាម​បាន​បន្ត​អះអាង​ទាមទារ​យក​តំបន់​ដី​មួយ​ផ្នែក​ដែល​កំណត់​រួច​ហើយ​នៅ​ខាង​កម្ពុជា ក្នុង​ស្រុក​កំពង់រោទិ៍ ចន្លោះ​បង្គោល​ព្រំដែន​លេខ២០២និង​២០៣។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យោង​តាម​ឧទាហរណ៍​ជាក់​ស្តែង​ជាច្រើន បើ​ទោះ​ជា​កិច្ចការ​ត្រង់​ចំណុច​ទី​១​និង​ទី​២​ខាង​លើ​ត្រូវ​បាន​បញ្ចប់​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​មិន​សំខាន់​ទេ វៀតណាម​នៅ​តែ​មិន​គោរព​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​បាន​វាតទី​យ៉ាង​គឃ្លើន​ចូល​ប្រទេស​របស់​យើង”។

“ឧទាហរណ៍ ដី​មួយ​ផ្នែក​របស់​កម្ពុជា​ក្នុង​ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង ត្រូវ​បាន​ភ្ជាប់​យក​រួច​ទៅ​ហើយ​ដោយ​ប្រទេស​វៀតណាម គឺ​ថា​បើ​យោង​តាម​ផែនទី​ដែល​ផលិត​ដោយ​វៀតណាម គេ​ចាត់​ទុក​មួយ​ផ្នែក​នៃ​ទឹក​ដី​កម្ពុជា​ជា​របស់​ខេត្ត​ឡុង អាន របស់​វៀតណាម”។

តាម​ការ​អះអាង​នេះ លោក រង្ស៊ី បាន​បង្ហោះ​រូប​មួយ​ដែល​លោក​បាន​និយាយ​ថា ជា​ផែនទី​ខេត្ត​ឡុង អាន ដែល​គូស​ដោយ​វៀតណាម ដែល​ជាន់​លើ​ផែនទី​កម្ពុជា​ខ្នាត​១​លើ​១០០.០០០ ដោយ​បង្ហាញ​ការ​អះអាង​របស់​វៀតណាម​រំលោភ​ចូល​ទឹក​ដី​កម្ពុជា។

ផែនទី​នោះ​បង្ហាញ​ខ្សែ​បន្ទាត់​ព្រំដែន​ប្រវែង​ប្រហែល​មួយ​គីឡូម៉ែត្រ​នៅ​ចន្លោះ​បង្គោល​លេខ២០២​និង​២០៣ ដែល​ជា​កន្លែង​ដដែល ដែល​អាជ្ញាធរ​និង​ក្រុម​មនុស្ស​ប្រើ​ហិង្សា​ឈរ​ជា​ជួរ​រាំង​ផ្លូវ​សកម្មជន​ដែល​ដឹក​នាំ​ដោយ​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កាលពី​ថ្ងៃ​ទី​១៩​ខែ​កក្កដា​កន្លងមក។

លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​បង្ហោះ​របស់​លោក រង្ស៊ី ជា​ព័ត៌មាន​ដឹង​តិច​តួច ហើយ​ប្រភព​ដើម​នៃ​ផែនទី​របស់​គាត់​គូស​ដោយ​វៀតណាម​នោះ​មិន​ច្បាស់លាស់។

លោក​ស្រី ពិសី បាន​និយាយ​តាម​រយៈ​ទូរស័ព្ទ​ថា “យើង​មិន​ដឹង​ថា គាត់​បាន​ផែនទី​នោះ​មក​ពី​ណា​ទេ ហើយ​យើង​មិន​អាច​ទទួល​ស្គាល់​វា​បាន​ទេ។ យើង​គួរ​តែ​ប្រយ័ត្ន​ប្រយែង​អំពី​ផែនទី​នោះ។ អ្វី​ដែល​គាត់​បាន​បង្ហាញ នឹង​បង្កើត​ភាព​វឹកវរ​បាន ហើយ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​ហ្នឹង”។

លោក​ស្រី ពិសី បាន​និយាយ​ថា តំបន់​ចម្រូង​ចម្រាស​នៅ​ត្រង់​បង្គោល​ព្រំដែន​លេខ​២០២​និង​២០៣ នៅ​កំពុង​ដំណើរ​ការ​បោះ​បង្គោល​តូចៗ​នៅ​ឡើយ ហើយ​គ្មាន​ការ​ផ្ទេរ​ដី​ត្រូវ​គេ​ធ្វើ​ឡើង​ទេ រហូត​ដល់​ការងារ​នោះ​សម្រេច​សិន។

លោក​ស្រី ពិសី បាន​និយាយ​ថា “យើង​ទាំង​ពីរ​បាន​គោរព​កិច្ច​ព្រមព្រៀង។ កន្លែង​ណា [វៀតណាម] ធ្លាប់​គ្រប់គ្រង គេ​បន្ត​គ្រប់គ្រង​តំបន់​នោះ។ កន្លែង​ណា​យើង​ធ្លាប់​គ្រប់គ្រង យើង​បន្ត​គ្រប់​គ្រង​កន្លែង​នោះ។ យើង​បាន​បោះ​បង្គោល​មែន ប៉ុន្តែ​យើង​នៅ​មាន​ពីរ​ឬ​បី​ជំហាន​ទៀត​ដើម្បី​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ចន្លោះៗ”។

លោក​ស្រី ពិសី បាន​ពន្យល់​ថា ពេល​ណា​បង្គោល​តូចៗ​នៅ​ចន្លោះៗ​ត្រូវ​គេ​ដាំ​រវាង​បង្គោល​២០២​និង​២០៣ ដី​នៅ​ខាង​កម្ពុជា​និង​វៀតណាម​នៃ​ព្រំដែន​ដែល​គូស​ច្បាស់​លាស់ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នកណា​ក៏​ដោយ​ដែល​ជា​ម្ចាស់​ពេញ​ច្បាប់៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស