26 C
Phnom Penh

បន្ទាប់ពី​ការ​ដុត​រូប​សំណាក អភិបាល​ខេត្ត​លើក​ឡើង​ពី​លទ្ធភាព​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​អ្នក​ភូមិ​ប្រហែល១០០​នាក់​បាន​ដុត​រូប​សំណាក​មន្ត្រី​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​១០ឆ្នាំមក​ហើយ​នោះ អភិបាល​ខេត្ត​បាន​និយាយ​ថា​ ការ​តវ៉ា​នេះ​ “ខុស​ច្បាប់” ហើយ​បាន​ផ្តល់​ឲ្យ​អាជ្ញាធរ​នូវ​ហេតុ​ផល​ដើម្បី​ចាប់​ក្រុម​នេះ។

អ្នក​ភូមិ​មក​ពី​ភូមិ​ឡ​ពាង​ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់​ត្រឡាច​ បាន​និង​កំពុង​មាន​ជម្លោះ​នឹង​ក្រុមហ៊ុន ខេឌីស៊ី អុីនធឺណាសូណល ពាក់ព័ន្ធ​នឹង​ដី​ទំហំ​១៤៥ហិកតា​ ចាប់តាំង​ពី​ឆ្នាំ​២០០៧​មក ហើយ​ភាព​តាន​តឹង​បាន​ផ្ទុះឡើង​ជា​អំពើ​ហិង្សា​កាលពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នេះ​សាងសង់​របង​ថ្ម​ព័ទ្ធ​ដី​មាន​ជម្លោះ​នោះ។ ក្រុមហ៊ុន ខេឌីស៊ី ជា​របស់​លោកស្រី ជា ខេង ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល។

យោង​តាម​អ្នក​​ស្រី អ៊ំ សុភី ដែល​ដឹក​នាំ​ការ​តវ៉ា​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​អាទិត្យ ក្រុម​អ្នក​ភូមិ​បាន​ដាក់​បណ្តាសា​និង​ដុត​រូបសំណាក​លោកស្រី ជា ខេង និង​លោក ស៊ុយ សែម ព្រមទាំង​មន្ត្រី​ក្រុមហ៊ុន​បួន​រូប​ទៀត និង​ក្រុម​អ្នក​វិនិយោគ​ដែល​គាំទ្រ​ផែនការ​វាតទី​របស់​ក្រុមហ៊ុន​ ខេឌីស៊ី។​

អ្នក​ស្រី​បាន​និយាយ​ថា “យើង​ធ្វើ​ពិធី​ដាក់​បណ្តាសា​បួង​សួង​ដល់​អ្នកតា​ឲ្យ​សម្លាប់​អ្នក​ទាំង​នោះ ពីព្រោះ​យើង​ធ្លាប់​ធ្វើ​ការ​ដាក់​បណ្តាសា​នៅ​ឆ្នាំ​មុនៗ​ ហើយ​ការ​ដាក់​បណ្តាសា​ស័ក្តិសិទ្ធិ ជា​លទ្ធផល​យើង​បាន​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ស្លាប់”។

អ្នកស្រី សុភី បាន​និយាយ​ថា ហេតុ​ដូចនេះ​ហើយ ក្រុម​អ្នក​ភូមិ​បាន​បែរ​ទៅ​រក​វិធី​អរូបិយ​ក្នុង​ការ​ព្យាយាម​ដើម្បី​បាន​ដី​មាន​ជម្លោះ​កាលពី​ឆ្នាំ​២០០៩។

មន្ត្រី​បួន​នាក់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នេះ​បាន​ស្លាប់​ដោយ​សារ​ឈឺ ឬ​គ្រោះថ្នាក់​ចរាចរ។ លោក ជួប ចំរើន មេ​ប៉ុស្តិ៍​ឃុំ បាន​បញ្ជាក់​អំពី​ការ​ស្លាប់​ទាំង​នោះ​ ប៉ុន្តែ បាន​និយាយ​ថា លោក​មិន​ដឹង​ ថា​តើ​បណ្តាសា​ទាំង​នោះ​ជា​មូលហេតុ​ ឬ​យ៉ាង​ណា​ទេ។

អ្នកស្រី សុភី បាន​និយាយ​អំពី​អ្នក​ដែល​ជា​គោល​ដៅ​ក្នុង​ពិធី​កាលពី​ថ្ងៃ​អាទិត្យ​ថា “ខ្ញុំ​គិត​ថា ប្រសិនបើ​អ្នក​ទាំង​នោះ​មិន​យល់​ព្រម​ប្រគល់​ដី​ឲ្យ​យើង​ទេ ពួក​គេ​នឹង​ស្លាប់​ដោយសារ​បណ្តាសា​របស់​យើង​”។ អ្នកស្រី​បាន​បន្ថែម​ថា អ្នកភូមិ​បាន​បាច​ម្ទេស​ អំបិល និង​ដី​លើ​រូបសំណាក​នៅ​ពេល​ពួកគេ​ដុត​វា។

លោក ឈូ ចាន់ឌឿន អភិបាលខេត្ត បាន​និយាយ​ថា ក្រុម​អ្នក​ភូមិ​បាន​ល្មើស​ច្បាប់។

លោក​បាន​និយាយ​ថា “តាម​ការ​យល់​របស់​ខ្ញុំ​គឺ​ថា ការ​ដាក់​បណ្តាសា​និង​ការ​មាក់ងាយ​ [អ្នកដទៃ] គឺ​ផ្ទុយ​នឹង​ច្បាប់ ដូច្នេះ​ហើយ​អាជ្ញាធរ​អាច​ចាប់​ខ្លួន​ពួកគេ​ ពីព្រោះ​ពួកគេ​បាន​រំលោភ​សិទ្ធិ​អ្នក​ដទៃ”។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ជឿ​ថា មន្ត្រី​របស់​យើង​បាន​ស្លាប់​ដោយសារ​ត្រូវ​បណ្តាសា​នោះ​ទេ។ ប៉ុន្តែ ប្រសិនបើ​អ៊ីចឹង​មែន ពួកគេ​ [អ្នក​ភូមិ] គឺជា​ឧក្រិដ្ឋជន”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស