លោកនាយករដ្ឋមន្ត្រីព្រមានតំណាងរាស្ត្រគណបក្សប្រឆាំង ទាក់ទិនការចោទប្រកាន់ពីបទកុបកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិក្រោយនៅឆ្នាំ២០១៨ ត្រូវប្ដូរទៅធ្វើនៅខែកក្កដា ដដែលវិញ ហើយបានព្រមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីររូបដែលជាប់ចោទពីបទ “ដឹកនាំកុបកម្ម” កាលពីឆ្នាំមុន ឲ្យបង្ហាញខ្លួនក្នុងតុលាការនៅពេលតុលាការកោះហៅ បើមិនដូច្នោះទេ នឹងត្រូវតុលាការកាត់ទោសដោយកំបាំងមុខ។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង មានប្រសាសន៍ពីអឺរ៉ុបថា ការសម្រេចបោះបង់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៨ ដូចបានសន្យាគ្នាក្នុងកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំមុន បានឆ្លុះបញ្ចាំងមិនល្អពី “ភាពគួរឲ្យជឿទុកចិត្តបាន” របស់លោក ហ៊ុន សែន ហើយថា ការកាត់ទោសតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យលោកភ្ញាក់ផ្អើលឡើយ។
ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកបានបញ្ជាឲ្យមន្ត្រីតាមស្វែងរកចាប់ខ្លួនអ្នកដែលមានវត្តមានអំឡុងការតវ៉ាមួយរបស់គណបក្សសង្គ្រោះជាតិ ដែលបានផ្ទុះអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក ហ៊ុន សែន បានរំឭកដល់បទបញ្ជារបស់លោកទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថា ”តាមចាប់យកមកកាត់ទោសឲ្យអស់ ជាពិសេសមីស្រីមួយនុះ វាធាក់វាទាត់គេនុះ”។
លោកបានលើកឡើងសំដៅដល់តំណាងរាស្ត្រគណបក្សប្រឆាំងថា ” ហើយអ្នកទាំង៧នាក់ផ្សេងទៀត ខ្ញុំមិនមែនគំរាមទេ តុលាការហៅ សុំអញ្ជើញចូល បើមិនចូលទេ ប្រយ័ត្នគេកាត់កំបាំងមុខ មានន័យថាខ្លួនបោះបង់សិទ្ធិការពារខ្លួនហើយ”។
សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១១រូប ត្រូវបានតុលាការផ្ដន្ទាទោសកាលពីខែមុនឲ្យជាប់ពន្ធនាគាររហូតដល់២០ឆ្នាំពីបទ”កុបកម្ម” ទាក់ទិននឹងវត្តមានរបស់ពួកគាត់អំឡុងការតវ៉ានោះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧រូប បានប្រឈមនឹងបទចោទប្រកាន់ដូចគ្នា ប៉ុន្តែត្រូវបានការពារពីការផ្ដន្ទាទោសដោយសារតែពួកគាត់មានអភ័យឯកសិទ្ធិតំណាងរាស្ត្រ។
អំឡុងសុន្ទរកថា លោក ហ៊ុន សែន បានមានប្រសាសន៍ថា ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានភាពងាយស្រួលដោយសាររដូវវស្សាមិនទាន់មកដល់ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីឆ្នាំមុននោះ នឹងត្រូវប្តូរទៅធ្វើនៅខែកក្កដាវិញ ដែលចំរដូវវស្សាពេញបន្ទុក។
លោកបានចំអកឲ្យគណបក្សសង្គ្រោះជាតិ ដែលជឿលើការសន្យាមិនមានជាលាយលក្ខណ៍អក្សរថា “ខ្ញុំសុំប្រកាស ការបោះឆ្នោតឆ្នាំ២០១៨ គឺនឹងធ្វើនៅអាទិត្យទី៤ ខែកក្កដា ២០១៨ ដដែល អត់មានមុន អត់មានក្រោយ។ មូលហេតុអី មកពីពួកលោកឯងវាភ្លើតើ”។
លោកបានមានប្រសាសន៍បន្ថែមថា ចាំបាច់ត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទើបអាចផ្លាស់ប្ដូរកាលបរិច្ឆេទនៃការបោះឆ្នោតពីខែកក្កដា មកខែកុម្ភៈបាន ហើយថា តំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា នឹងរារាំងរាល់សំណើដែលឆ្លងកាត់រដ្ឋសភា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលជាសមាជិកអព្យាក្រឹតតែមួយរូបគត់របស់គ.ជ.ប. ដែលមានសមាសភាពមកពីគណបក្សនយោបាយធំទាំងពីរ បានមានប្រសាសន៍ថា វាជាបុព្វសិទ្ធិរបស់លោក ហ៊ុន សែន ក្នុងការសម្រេចកាលបរិច្ឆេទនៃការបោះឆ្នោត ហើយថា វានឹងមិនប៉ះពាល់ដល់ការត្រៀមរៀបចំរបស់គ.ជ.ប. ឡើយ។
លោកមានប្រសាសន៍ទៀតថា ”គ.ជ.ប. ស្ថិតនៅក្រោមច្បាប់ ហើយមិនអាចសម្រេចថាការបោះឆ្នោតត្រូវធ្វើឡើងនៅពេលណាបានឡើយ។ នោះគឺជាតួនាទីរបស់លោកនាយករដ្ឋមន្ត្រី ដូច្នេះយើងមិនដឹងទេចំពោះកាលបរិច្ឆេទបោះឆ្នោត ព្រោះវាមិនមែនជាតួនាទីរបស់យើង។ យើងនៅតែអាចចាត់ចែងការងាររបស់យើងបាន ទោះបីជាធ្វើនៅខែកក្កដា ឬខែកុម្ភៈក៏ដោយ។វាគ្មានបញ្ហាទេសម្រាប់យើង យើងនឹងអនុវត្តតាមកាលវិភាគរបស់យើង”។
លោក សម រង្ស៊ី ដែលបានចាកចេញទៅកាន់អឺរ៉ុប ក្នុងថ្ងៃដែលសកម្មជនគណបក្សសង្គ្រោះជាតិ១១រូបត្រូវបានតុលាការផ្ដន្ទាទោសកាលពីខែមុន បានលើកឡើងតាមអុីម៉េលថា លោកជឿថា ការសម្រេចរបស់លោក ហ៊ុន សែន បានឆ្លុះបញ្ចាំងមិនល្អពីអត្តចរិតរបស់នាយករដ្ឋមន្ត្រី។
លោកបានបន្តថា “ ជាក់ស្ដែងណាស់ មានមនុស្សដែលមិនអើពើនឹងអត្ថន័យនៃពាក្យថា ’ និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង’ សូម្បីនៅពេលពាក្យសម្ដីរបស់ពួកគេត្រូវបានមនុស្សគ្រប់គ្នាស្ដាប់ឮក៏ដោយ។ នេះសបង្ហាញឲ្យឃើញច្បាស់ពីភាពគួរឲ្យជឿទុកចិត្ត និងអត្តចរិតរបស់ពួកគេ”។
លោក សម រង្ស៊ី មិនបានឆ្លើយតបឲ្យចំសំណួរជុំវិញការគំរាមកំហែងរបស់លោក ហ៊ុន សែន ថានឹងចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងប្រាំពីររូបឡើយ ប៉ុន្តែបានលើកឡើងថា ការកាត់ទោសនឹងមិនធ្វើឲ្យលោកភ្ញាក់ផ្អើលឡើយ។
លោកបានលើកឡើងបន្តថា ”មានរបបប្រភេទនេះ អ្វីក៏អាចទៅរួចដែរនៅកម្ពុជា។ អ្វីៗអាចប្រែប្រួលយ៉ាងឆាប់រហ័ស វាអាចប្រែប្រួលពីល្អទៅអាក្រក់ ឬពីអាក្រក់ទៅកាន់តែអាក្រក់ ប៉ុន្តែវាក៏អាចប្រែទៅជាល្អវិញបានដែរ អាស្រ័យលើបរិយាកាសដែលយើងត្រូវខិតខំព្យាយាមផ្លាស់ប្ដូរដោយឈរលើមូលដ្ឋាន នៃគោលការណ៍របស់យើង”។
សុន្ទរកថាកាលពីម្សិលមិញមិនមែនជាលើកទី១ទេដែលលោក ហ៊ុន សែន គំរាមចាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ ទោះបីជាពួកគាត់មានអភ័យឯកសិទ្ធិតំណាងរាស្ត្រក៏ដោយ ដោយកាលពីដើមឆ្នាំនេះ លោកក៏បានគំរាមចំៗថានឹងចាប់ពួកគាត់ដាក់ពន្ធនាគារដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងសុន្ទរកថាមួយកាលពីថ្ងៃទី១៩ ខែមករាថា “តំណាងរាស្ត្រទំាងប្រាំពីររូបនឹងនៅតែត្រូវជាប់ពន្ធនាគារ ពីព្រោះអស់លោកទទួលបានអភ័យឯកសិទ្ធិក្រោយពីអស់លោកត្រូវបានចោទប្រកាន់។ សូមសិក្សាពីច្បាប់ផង។ ខាងលោកឯងចេះច្បាប់ ខាងយើងក៏ចេះច្បាប់ដែរ។ អ្នកដែលនៅក្រៅឃុំគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ដូច្នេះការកាត់ទោសត្រូវតែបន្ត”។
គ្មានគណបក្សណាមួួយដែលមានសំឡេង២ភាគ៣នៅក្នុងរដ្ឋសភាមានសិទ្ធិដកអភ័យឯកសិទ្ធិតំណាងរាស្ត្រឡើយ ប៉ុន្តែរដ្ឋធម្មនុញ្ញមានចែងករណីលើកលែងដែលតំណាងរាស្ត្រត្រូវបានចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស។
រដ្ឋធម្មនុញ្ញចែងថា ការចោទប្រកាន់ ឬការចាប់ខ្លួនតំណាងរាស្ត្ររូបណា ”អាចធ្វើទៅបានលុះត្រាតែមានការអនុញ្ញាតពីសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អំឡុងសម័យប្រជុំ លើកលែងតែក្នុងករណីបទល្មើសជាក់ស្តែង ដែលឧក្រិដ្ឋជនត្រូវបានចាប់ខ្លួនពេលប្រព្រឹត្តបទល្មើស។
រដ្ឋធម្មនុញ្ញចែងថា ”នៅក្នុងករណីនោះអាជ្ញាធរមានសមត្ថកិច្ចត្រូវរាយការណ៍ភ្លាមៗទៅសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីធ្វើសេចក្ដីសម្រេច”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានលើកឡើងថា លោកមិនជឿថា “បទល្មើសជាក់ស្តែង” នេះគឺជាករណីលើកលែងចំពោះអភ័យឯកសិទ្ធិដែលផ្តល់ឲ្យតំណាងរាស្ត្រឡើយ ហើយថា វានៅតែត្រូវការសំឡេង២ភាគ៣។
លោកបានមានប្រសាសន៍ថា “ប្រសិនបើគេចង់ចាប់តំណាងរាស្ត្រដាក់ពន្ធនាគារ គេនៅតែត្រូវដកអភ័យឯកសិទ្ធិ ឬរង់ចាំរហូតដល់អាណត្តិតំណាងរាស្រ្តចប់។ ពួកគេអាចប្រើករណី’បទល្មើសជាក់ស្តែង’បាន ប៉ុន្តែ ស្មារតីនៃរដ្ឋធម្មនុញ្ញចែងថា គេចាំបាច់ត្រូវការសំឡេង២ភាគ៣។ អំឡុងករណីពិសេសខ្លះ នៅពេល ‘បទល្មើសជាក់ស្តែង’ កើតឡើង គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អាចឲ្យតុលាការដំណើរការសំណុំរឿងបាន ប៉ុន្តែ ដើម្បីចាប់តំណាងរាស្ត្រដាក់ពន្ធនាគារ នៅពេលពួកគាត់មានពិរុទ្ធភាព គេត្រូវការសំឡេង២ភាគ៣”។
ប៉ុន្តែ លោកបានលើកឡើងថា លោកក៏មិនភ្ញាក់ផ្អើលដែរ ប្រសិនបើអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងប្រាំពីររូបមិនត្រូវគេអើពើ។
លោកបានមានប្រសាសន៍ថា ”គណបក្សប្រជាជនកម្ពុជាអាចធ្វើអ្វីក៏បានតាមចិត្តចង់។ ខ្ញុំសង្កេតឃើញថា វាផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញប៉ុន្តែ ពួកគេមិនគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញឡើយ”៕ សុខុម និង ស៊ុយឈាង