ខណៈដែលអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានបានធ្វើសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីបង្ហាញភ័ស្តុតាងប្រឆាំងក្រុមហ៊ុន ដែលខ្លួនចោទថា បានបូមខ្សាច់ដោយខុសច្បាប់ពីពាមមួយក្នុងខេត្តកោះកុងនោះ លោក សុន ឆ័យ សមាជិកសភាគណបក្សប្រឆាំងបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យមានការសើុបអង្កេតអំពីរបាយការណ៍បូមខ្សាច់ដែលមិនមានការត្រួតពិនិត្យ។
រយៈពេលជាងពីរខែមកហើយ អង្គការមាតាធម្មជាតិជាអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុងសហការជាមួយសហគមន៍ដែលភាគច្រើនជាអ្នកនេសាទនៅក្នុងស្រុកបទុមសាគរខេត្តកោះកុង ដើម្បីបណ្តេញសាឡង់បូមខ្សាច់ជាច្រើនគ្រឿងដែលប្រតិបត្តិ ដោយក្រុមហ៊ុន Rainbow International និង ក្រុមហ៊ុន Direct Access ។
ក្រុមហ៊ុនទាំងពីរនេះត្រូវបានចោទប្រកាន់ ថា បានធ្វើឲ្យកខ្វក់ទឹកពាមអណ្តូងទឹកចាប់តាំងពីឆ្នាំ២០០៩ បណ្តាលឲ្យបាក់ច្រាំងទន្លេនិងបំផ្លាញចំនួនត្រី និងក្តាម ដែលអ្នកភូមិអាស្រ័យផល។
អំឡុងសន្និសីទកាសែតកាលពីម្សិលមិញ លោក ស៊ុន ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិបានមានប្រសាសន៍ថា ក្រុមហ៊ុន Rainbow International បានឈប់បូមខ្សាច់មួយចំនួនធំក្នុងតំបន់នេះ ប៉ុន្តែ ក្រុមហ៊ុន Direct Access វិញកំពុងប្រតិបត្តិការពេញបន្ទុក។
លោក ម៉ាឡា បានឲ្យដឹងថា ក្រុមហ៊ុន Direct Access បូមខ្សាច់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៥ ប៉ុន្តែ ពួកគេមិនដែលធ្វើរបាយការណ៍អំពីផលប៉ះពាល់ទាក់ទងការបូមខ្សាច់ទៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើយ។
យោងតាមច្បាប់ថតចម្លងនៃអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Direct Access ដែលទទួលបានកាលពីម្សិលមិញមានខ្លឹមសារថា ក្រសួងរ៉ែនិងថាមពលបានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊៊ុននេះកាលពីខែសីហាឆ្នាំមុន ដើម្បីបូមខ្សាច់លើ ផ្ទៃដីសរុប២៣៧,៤៣ហិកតាសម្រាប់ “ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស”។
អាជ្ញាប័ណ្ណនេះបញ្ជាក់ពីប្រវែងពាមដែល អាចត្រូវបានបូម ថាតើអេស្កាវ៉ាទ័រ អាចជីកជម្រៅប៉ុណ្ណាបាន និងថាតើពួកគេអាចជីកនៅជិតមាត់សមុទ្របានចម្ងាយប៉ុណ្ណា។
លោក ម៉ាឡា បានឲ្យដឹងថា អង្គការមាតាធម្មជាតិបានរកឃើញថា ក្រុមហ៊ុន Direct Access រំលោភប៉ារា៉ាម៉ែត្រទាំងបីតែម្តង។
នៅក្នុងផ្ទៃដីពាមមួយប្រវែង៥.២៦២ម៉ែត្រ អាជ្ញាប័ណ្ណនេះបញ្ជាក់ថា ក្រុមហ៊ុនអាចបូមខ្សាច់បានពី២ម៉ែត្រទៅ៤ម៉ែត្រប៉ុណ្ណោះ ហើយយ៉ាងហោចណាស់ក៏ចម្ងាយ៥០ម៉ែត្រពីមាត់សមុទ្រដែរ។ ប៉ុន្តែលោក ម៉ាឡា បាននិយាយថា ផ្អែកតាមការវាស់វែងរបស់អង្គការមាតាធម្មជាតិ ក្រុមហ៊៊ុននេះបានបូមខ្សាច់រហូតដល់ជម្រៅ១២,៦ម៉ែត្រ ហើយមានចម្ងាយតែ២៥ម៉ែត្រប៉ុណ្ណោះពីច្រាំងទន្លេ។ លោក ម៉ាឡា បានឲ្យដឹងថា “ត្រី និងក្តាម មិនអាចរស់នៅក្នុងជម្រៅទឹកនេះបានឡើយ”។
នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ហ៊ុនសែន ដែលបានចេញផ្សាយកាលពីម្សិលមិញ ហើយចុះកាលបរិច្ឆេទថ្ងៃ៣០ខែកក្កដា លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានលើកឡើងថា “បើទោះណាជាការហាមឃាត់របស់លោកនាយករដ្ឋមន្ត្រីទៅលើការនាំចេញខ្សាច់ទន្លេក្នុងឆ្នាំ២០០៩ដែលហាមឃាត់ការបូមខ្សាច់ក្នុងបំណងនាំចេញក្នុងតំបន់ទន្លេនិងមាត់សមុទ្រក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុនមួយចំនួនកំពុងបន្តប្រតិបត្តិការដែរ។
លោក សុន ឆ័យ បានសរសេរថា “ខ្ញុំសូមស្នើឲ្យលោកពិនិត្យ និងចាត់វិធានការចំពោះការបូមខ្សាច់អនាធិបតេយ្យនៅក្នុងខេត្តកោះកុង និងនៅតាមទន្លេមួយចំនួន”។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែ តាមរយៈអីុម៉េលកាលពីថ្ងៃសុក្រ លោកបានលើកឡើងថា បម្រាម របស់លោក ហ៊ុន សែន មិនគ្របដណ្តប់លើខ្សាច់ទាំងអស់ឡើយ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនបូមខ្សាច់សមុទ្រ ប៉ុន្តែ មិនមែនខ្សាច់ទន្លេទេ ពីព្រោះរដ្ឋាភិបាលបានហាមឃាត់”។
យោងតាមអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Direct Access ក្រុមហ៊ុននេះត្រូវបានអនុញ្ញាតឲ្យបូមខ្សាច់តែក្នុងតំបន់ដែលសំដៅដល់ “ពាមអណ្តូងទឹក” ប៉ុណ្ណោះ។
នៅក្នុងរូបភាពដែលថតដោយសកម្មជនអង្គការមាតាធម្មជាតិកាលពីខែមុន សាឡង់ដែលប្រតិបត្តិការដោយក្រុមហ៊ុនទាំងពីរនេះត្រូវគេឃើញផ្ទេរខ្សាច់ចូលកប៉ាល់ធំមួយគឺ កប៉ាល់ Ikan Jenahar ។
លោក ដានីញ៉ែល លីនដូ (Daniel Lindo) តំណាងក្រុមហ៊ុន Cleanseas Shipmanagement ជាក្រុមហ៊ុនគ្រប់គ្រងដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Pacific Carriers Limited ជាក្រុមហ៊ុនដឹកជញ្ជូនដែលមានមូលដ្ឋាននៅសិង្ហបុរី បានជួលកប៉ាល់ Ikan Jenahar។
តំណាងក្រុមហ៊ុន Pacific Carriers ដែលប្រាប់ថា ជាអនុសេនីយ៍ឯក Choo បានបញ្ជាក់ថា ការដឹកខ្សាច់នេះគឺមានទិសដៅឆ្ពោះទៅប្រទេសសិង្ហបុរីកន្លែងដែលខ្សាច់ទន្លេភាគច្រើនមកពីប្រទេសកម្ពុជា បានបញ្ចប់មុនបម្រាមឆ្នាំ២០០៩។ លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
លោកស្រី គឹម ណាតាចា នាយកប្រតិបត្តិអង្គការកម្ពុជាជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងមូលដ្ឋានសម្រាប់តម្លាភាពចំណូលធនធានបានមានប្រសាសន៍ថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍តិចតួចពីការនាំខ្សាច់ចេញនេះ។
លោកស្រីបានមានប្រសាសន៍ថា “វាជាធនធានធម្មជាតិមួយក្នុងចំណោមធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ហើយវាជាវត្ថុធាតុដើម។ ប្រសិនបើខ្សាច់ត្រូវបាននាំចេញជាវត្ថុធាតុដើម នោះពិតជាមិនបន្ថែមតម្លៃច្រើនដល់ប្រទេសឡើយ”៕ សារុន