34 C
Phnom Penh

កងរាជអាវុធហត្ថ​​​ដោះលែង​អ្នក​កាប់ឈើដែល​​ធ្វើការ​ឲ្យ​ក្រុម​​​ហ៊ុន​​​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កង​រាជ​អាវុធ​ហត្ថ​មួយ​ក្រុម​​ក្នុង​ខេត្ត​មណ្ឌល​គិរី ដែល​តាម​ចោទ​ថា បាន​បង្ខំ​ឲ្យ​នគរ​បាល​មូលដ្ឋាន​ដោះលែង​អ្នក​បើក​បរ​រថយន្ត​បួន​នាក់​​ដែល​ដឹក​ឈើ​កាប់​ខុស​ច្បាប់​​ដោយ​យក​កាំភ្លើង​ភ្ជង់​កាលពី​ថ្ងៃ​សុក្រ​នោះ មាន​ការ​ងារ​ទី២​​ជា​សន្តិ​សុខ​នៅ​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​​ដែល​កាន់​កាប់​ដោយ​វៀតណាម​។

កាលពី​ថ្ងៃ​អាទិត្យ​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​ខេត្ត​នេះ​​បាន​និយាយ​ថា នគរ​បាល​ប្រឆាំង​​​​បទ​ល្មើស​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក​កែវ​សីមា បាន​​ឃាត់​រថយន្ត​បួន​គ្រឿង​ដឹកឈើ​សុក្រំ​ជា​ឈើ​ប្រភេទ​លេខ១​ចំនួន​៥៦​ដុំ​​ ស្រាប់តែ​នៅ​ពេល​​នោះ​​​កង​រាជអាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ​​ប្រាំពីរ​នាក់​​​បាន​មក​ដល់ ហើយ​ទាញ​ឈើ​ទម្លាក់​​​​ចុះ​ពី​លើ​រថយន្ត​ រួច​នាំយក​រថយន្ត​ទាំង​នេះ​ និង​​​​អ្នក​បើក​បរ​ចាក​ចេញ​ទៅបាត់​។

ពួកគេ​បន្ថែម​ថា ​មុន​​គេច​ខ្លួន​​ អ្នក​បើក​បរ​ទាំង​នោះ​បាន​ប្រាប់​នគរ​បាល​ប្រឆាំង​បទ​ល្មើស​​​​ សេដ្ឋកិច្ច​ថា ឈើ​ទាំង​នេះ​ជា​របស់​លោក សាក់ សារុន ​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ស្រុក​។

យោង​តាម​របាយការណ៍​នគរ​បាល​កាល​ពី​​​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ឈើ​នេះ​​ត្រូវ​បាន​កាប់​ឲ្យ​ក្រុម​ហ៊ុន​ចម្ការកៅស៊ូ Binh Phuoc Kratie Rubber 1 នៅ​ក្បែរ​នោះ ដែលក៏​ស្ថិត​នៅ​ក្នុង​ខេត្ត​​​មណ្ឌល​គិរី​ផង​ដែរ​ ហើយ​បាន​​ដឹក​ទៅ​ទីនោះ​​មុន​ពេលរថយន្ត​ទាំង​នេះត្រូវ​បាន​ឃាត់​​។

របាយការណ៍​ទាំង​នេះ​ឲ្យ​ដឹង​ផង​ដែរ​ថា កង​រាជអាវុធ​ហត្ថ​​​ដែល​​បាន​ដោះលែង​​អ្នក​បើក​បរ​ និង​រថយន្ត​ទាំង​នោះ​​ជា​សន្តិសុខ​នៅ​ក្រុម​ហ៊ុន​នេះ ជាការ​អនុវត្ត​ទូទៅ​ដែលត្រូវ​បាន​រិះគន់​ពីសំណាក់​អង្គការ​សិទ្ធិមនុស្ស​។

លោក ញ៉ែម វណ្ណី ស្នង​ការ​នគរ​បាល​ខេត្ត​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ”ករណី​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​រដ្ឋបាល​ព្រៃ​​ឈើ​ក្នុង​ស្រុក​កែវ​សីមា​។ ប្រសិន​បើ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចង់​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​ពួកគេ​នៅ​តុលាការ​នោះ វា​ស្ថិត​នៅ​ក្រៅ​ដែន​​​សមត្ថកិច្ច​របស់​យើង​ហើយ​​​​​​”។

លោក រឿន សុផាត នាយ​​​​​ខណ្ឌ​រដ្ឋបាល​ព្រៃ​​ឈើ​​ស្រុក​កែវ​សីមា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​សម្រេច​ថា​​តើ​ត្រូវ​បញ្ជូន​ករណី​​​នេះ​ទៅ​តុលាការ​ឬ​យ៉ាង​ណា​នោះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ត្រូវ​ស៊ើបអង្កេត​​រក​ការ​ពិត​ពី​ករណី​នេះ​ជាមុន​សិន មុន​​​ពេល​បញ្ជូន​ទៅ​តុលាការ​”។

លោក សុផាត បាន​លើក​ឡើង​ថា ​លោក​ក៏​បម្រើ​ការនៅ​អង្គការ​​សង្គម​អភិរក្ស​សត្វ​ព្រៃ​ផង​ដែរ​ ហើយ​ថា ឈើ​សុក្រំ​ទាំង​នោះ​ត្រូវ​​​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​របស់​អង្គការ​​មិន​មែន​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន ពីព្រោះ​វា​នៅ​ជិត​កន្លែង​​របស់​កង​រាជអាវុធ​ហត្ថ​ជាង​ការិយា​ល័យ​រដ្ឋបាល​ព្រៃឈើ​។

លោក​បាន​​ឲ្យ​ដឹង​ថា លោក សារុន ដែល​ជា​​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ស្រុក​នៅ​តែ​ជា​ជន​សង្ស័យ​នៅ​ឡើយ​។ កាលពី​ថ្ងៃ​អាទិត្យ ​​លោក សារុន បាន​បដិសេធ​ថា លោក​​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទេ ហើយ​បាន​គំរាម​​ប្ដឹង​នរណា​ដែល​​ចោទ​ប្រកាន់​លោក​ពីបទ​កាប់ឈើ​។

តំណាង​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ Binh Phuoc 1 ​​ដែល​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។​

​​​​​​​​​ទោះយ៉ាង​ណា យោង​តាម​របាយការណ៍​នគរ​បាល​បាន​ឲ្យ​ដឹង​ថា តំណាង​ក្រុម​ហ៊ុន​ដែល​បាន​​​បង្ហាញ​អត្តសញ្ញាណ​ថា ឧកញ៉ា សឹង ​​សំអុល បានធ្វើដំណើរ​​ទៅ​កាន់​ការិយាល័យ​របស់​អង្គការ​សង្គម​​អភិរក្ស​សត្វព្រៃ​ដើម្បី​រាប់​ឈើ​ទាំង​នោះ​៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស