33 C
Phnom Penh

លោក ហ៊ុន សែន អំពាវ​​​នាវ​​​ឲ្យ​​​ចាប់​​​ខ្លួនអតីត​​​អភិបាល​​​ក្រុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ​​​បាន​​​អំពាវ​​​នាវ​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទ​​​ឲ្យ​​​ប៉ូលិសតាម​​​​​​​​​ចាប់​​​ខ្លួន​​​ ឈូក បណ្ឌិត​​​ អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ ដែល​​​បាន​​​រត់​​​គេច​​​ខ្លួន​​​មុន​​​នឹង​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស​​​ពី​​​បទ​​​បាញ់​​​ប្រហារ​​​លើ​​​កម្មការិនី​​​រោង​​​ចក្រ​​​បី​​​នាក់​​​​​​កាល​​​ពី​​​បី​​​ឆ្នាំ​​​មុន។

កាល​​​ពី​​​សប្តាហ៍​​​មុន ប៉ូលិស​​​ជាតិ​​​​​​បាន​​​បញ្ចេញ​​​វី​​​ដេអូ​​​​​​ដោយ​​​ប្រកាស​​​ថា លោក​​​ បណ្ឌិត​​​​​​ត្រូវ​​​បាន​​​ដាក់​​​ចូល​​​ក្នុង​​​បញ្ជី​​​​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​​​​​​​របស់​​​ប៉ូលិស​​​អាំងទែ​​​ប៉ូល​​​​​​អន្តរ​​​ជាតិ​​​កាល​​​ពី​​​ខែ​​​មីនា។

បន្ទាប់​​​ពី​​​ថ្លែង​​​កោត​​​សរសើរ​​​ប៉ូលិស​​​​​​ដែល​​​បាន​​​ចាប់​​​ខ្លួន​​​​​​សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​១១​​​រូប​​​​​​ដែល​​​ត្រូវ​​​បានកាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​កុបកម្ម​​​កាល​​​ពី​​​ខែ​​​មុន លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រ​​​សាសន៍​​​​​​​​​​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ចន្ទថា ការ​​​ប្រឹង​​​ប្រែង​​​ដូច​​​គ្នា​​​នេះ​​​គួរ​​​ធ្វើ​​​ឡើង ដើម្បី​​​ចាប់​​​ខ្លួន​​​​​​អតីត​​​អភិបាល​​​ក្រុង​​​រូប​​​នេះ។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “បទ​​​បញ្ជា​​​តាម​​​ចាប់​​​ខ្លួន​​​នៅ​​​តែ​​​តាម​​​ចាប់​​​ខ្លួន​​​​​​ ព្រោះ​​​អាហ្នឹង​​​​​​ជា​​​​​​រឿង​​​​​ព្រហ្មទណ្ឌ​​​។ សូម្បីតែ​​​រឿង​​​​​​​​​ឈូក បណ្ឌិត បើ​​​​​​​​​អត់​​​តាម​​​​​​ចាប់ខ្លួន​​​គឺ ប៉ូលិស​​​ខុស”។

លោក បណ្ឌិត​​​ ដែល​​​បាន​​​បាញ់​​​ប្រហារ​​​កម្មការិនី​​​រោង​​​ចក្រ​​​​​​បី​​​នាក់​​​ ក្នុង​​​ពេលមាន​​​ការ​​​​​​​​​តវ៉ា​​​នៅ​​​ឯតំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​កាល​​​ពី​​​ខែ​​​កុម្ភ ឆ្នាំ​​​២០១២​​​ កំពុង​​​ប្រឈម​​​មុខ​​​នឹង​​​ការ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​១៨​​​ខែ​​​ពី​​​បទ​​​ហិង្សា​​​ដោយ​​​អចេតនា។

ការ​​​ចាប់​​​អារម្មណ៍​​​ជា​​​​​​ថ្មី​​​របស់​​​អាជ្ញា​​​ធរ​​​​​​ក្នុង​​​ករណី​​​​​​​​​លោក បណ្ឌិត​​​​​​ កើត​​​ឡើង​​​​​​បន្ទាប់​​​ពី​​​កម្មករ​​​ជា​​​ជន​​​រងគ្រោះ​​​​​​ បាន​​​អំពាវ​​​នាវ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៧ ខែ​​​កក្កដា​​​សុំ​​​ឲ្យ​​​មាន​​​អន្តរាគមន៍​​​ពី​​​ថ្នាក់​​​​​​ដឹក​​​នាំជាន់​​​ខ្ពស់​​​ គឺ​​​ក្រោយ​​​ពី​​​មាន​​​ការ​​​វាយ​​​ដំ​​​ច្រំ​​​ធាក់​​​លើ​​​កញ្ញា​​​ ឯក​​​ សុជាតា ​​​ពិធី​​​ការិនី​​​ទូរទស្សន៍​​​កាល​​​ពី​​​ខែមុន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស