កាលពីថ្ងៃច័ន្ទ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវឲ្យសហជីពនានាបង្អន់ការទាមទាររបស់ពួកគេក្នុងការចរចាថ្មីៗអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មកាត់ដេរ ដោយហេតុថាផលិតភាពទាបនៃកម្មករកម្ពុជា និងថ្ងៃឈប់សម្រាកច្រើន បើធៀបជាមួយប្រទេសប្រកួតប្រជែងជាច្រើនទៀត។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា តួលេខរបស់ខ្លួនស្តីពីផលិតភាពធៀប បានមកពីប្រភពគួរជឿទុកចិត្តជាច្រើន ហើយថាខ្លួនបានប្រើ វីគីភីឌា សម្រាប់ទិន្នន័យមួយចំនួនអំពីការសម្រាកដោយមានប្រាក់ខែធម្មតា។
អង្គការពលកម្មអន្តរជាតិ (ILO) បានចេញទិន្នន័យរបស់ខ្លួនជាច្រើនកាលពីខែមុនដែលបង្ហាញថា ឧស្សាហកម្មនេះដើរបានល្អ និងកំពុងបន្តទាក់ទាញអ្នកវិនិយោគ បើទោះជាមានការដំឡើង២៨ភាគរយនាពេលថ្មីៗនេះលើប្រាក់ខែអប្បបរមា បានដល់១២៨ដុល្លារក្នុងមួយខែក៏ដោយ។
ប៉ុន្តែសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា អង្គការពលកម្មអន្តរជាតិ “វាងវៃ” ក្នុងការជ្រើសរើសតួលេខដែលខ្លួនផ្សព្វផ្សាយ និងបានតវ៉ាថា កត្តាជាច្រើនផ្សេងទៀត ក្នុងនោះមានផលិតភាពផងដែរ គេមិនបានយកមកគិតទេ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទថា “ឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងខំប្រឹងប្រកួតប្រជែងតទល់នឹងប្រទេសជិតខាង ដូចជាប្រទេសវៀតណាមនិងឥណ្ឌូណេស៊ីជាដើម ជាមួយនឹងផលិតភាពទាប ចលាចលការងារ និងសម្ពាធខ្លាំងឡើងលើប្រាក់ខែ ដែលធ្វើឲ្យរាំងស្ទះដល់កំណើន”។
សមាគមនេះស្នើឲ្យសហជីព ដែលមួយចំនួនបានព្រមជំរុញដើម្បីបានប្រាក់ខែអប្បបរមា១៧៧ដុល្លារ គួរទទួលយក “ដំណោះស្រាយមានការពិចារណាហ្មត់ចត់ថែមទៀត” ដើម្បីឲ្យឧស្សាហកម្មនេះផ្តោតលើការបង្កើនផលិតភាព និងបង្កើតការងារមានតម្លៃខ្ពស់ច្រើនទៀត។
ដោយប្រើប្រទេសចិនជាខ្នាតគំរូរបស់ខ្លួននោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា កម្មករនៅប្រទេសឥណ្ឌូណេស៊ីនិងវៀតណាមមានផលិតភាព៨០ភាគរយធៀបនឹងដៃគូចិនរបស់ពួកគេ នៅពេលដែលកម្មករក្នុងប្រទេសកម្ពុជាផលិតបានតែ៦០ភាគរយប៉ុណ្ណោះ។ ប្រទេសបង់ក្លាដេស ជាប្រទេសតែមួយគត់ដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា មានផលិតភាព៥០ភាគរយ ប៉ុន្តែមានប្រាក់ខែអប្បបរមាទាបជាងប្រទេសកម្ពុជាឆ្ងាយ។
លោក កេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បាននិយាយថា តួលេខប្រៀបធៀបផ្នែកផលិតភាពបានមកពីការសន្ទនារបស់សមាគមនេះជាមួយសមាជិកនៃគណៈប្រតិភូពីប្រទេសផ្សេងៗដែលមកធ្វើទស្សនកិច្ច។
នៅពេលសួរអំពីភាពត្រឹមត្រូវនៃព័ត៌មាននេះ លោកបាននិយាយថា “យើងគ្មានវិធីណាដើម្បីផ្ទៀងផ្ទាត់ឲ្យប្រាកដនោះទេ”។
លោកបាននិយាយថា “នេះជាព័ត៌មានរបស់យើង។ អ៊ីចឹង វាជារឿងថាតើសាធារណជនទុកចិត្តលើសមាគមរោងចក្រកាត់ដេរនៅកម្ពុជាប៉ុណ្ណា”។
លោក លូ បាននិយាយថា រឿងដដែលនេះបានកើតឡើងចំពោះតួលេខរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពីតម្លៃអគ្គិសនីក្នុងប្រទេសបីផ្សេងទៀត គឺប្រទេសឥណ្ឌូណេស៊ី វៀតណាមនិងប្រទេសបង់ក្លាដេស ដែលសមាគមនេះនិយាយថា មានតម្លៃទាបជាងតម្លៃនៅប្រទេសកម្ពុជា។
តួលេខរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បង្ហាញដែរថា កម្មករកម្ពុជាទទួលបានការសម្រាកដោយមានប្រាក់ខែច្រើនថ្ងៃជាងដៃគូរបស់ខ្លួនក្នុងប្រទេសបីផ្សេងទៀត។ តួលេខនិយាយថា កម្ពុជាមាន៤៥ថ្ងៃនៃថ្ងៃឈប់សម្រាកសាធារណៈដោយមានប្រាក់ខែ និងការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ខែ រីឯឥណ្ឌូណេស៊ីមាន២៨ថ្ងៃ វៀតណាម២៦ថ្ងៃ និងបង់ក្លាដេស២១ថ្ងៃ។
នៅពេលតួលេខខ្លះរបស់ខ្លួនអំពីថ្ងៃឈប់សម្រាកដោយមានប្រាក់ខែបានមកពីអង្គការពលកម្មអន្តរជាតិ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏បានដកស្រង់ពីវីគីភីឌា ដែលមានការបញ្ចូលទិន្នន័យធ្វើឡើងដោយអ្នកប្រើប្រាស់ ជាញឹកញាប់មានព័ត៌មានលំអៀង ជាប្រភពមួយ។ យោងតាមគម្រោងរបស់អង្គការពលកម្មអន្តរជាតិនៅបង់ក្លាដេស ជាឧទាហរណ៍ និយោជិតជំទង់ៗ ឬអ្នកដែលធ្វើការនៅក្រៅ “តំបន់កែច្នៃនាំចេញ” នឹងត្រូវជំពាក់២១ថ្ងៃ។
លោក លូ បាននិយាយថា “ភាគច្រើនបំផុតនៃព័ត៌មានលើវីគីភីឌា គឺត្រឹមត្រូវ។ ហើយយើងមិនពឹងតែអង្គការពលកម្មអន្តរជាតិនោះទេ។ នោះនឹងហួសហេតុ”។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បាននិយាយថា ភាគច្រើននៃកម្មករកាត់ដេរកម្ពុជាមិនយកថ្ងៃឈប់ភាគច្រើននៃថ្ងៃវិស្សមកាល១៨ថ្ងៃ ដែលពួកគេមានស្របច្បាប់ទេ ហើយជាញឹកញាប់ខំធ្វើការលើសម៉ោងនៅថ្ងៃសម្រាកសាធារណៈ។
លោកបាននិយាយថា “ដូច្នេះក្នុងការអនុវត្តពិតប្រាកដ កម្មករមិនយកថ្ងៃទាំងអស់នោះដើម្បីសម្រាកទេ”។
លោក វីលៀម ខង់លីន នាយកប្រចាំប្រទេសសម្រាប់មណ្ឌលសាមគ្គីភាព (Solidarity Center) មានមូលដ្ឋាននៅអាមេរិក បាននិយាយថា កម្មករសមនឹងទទួលបានថ្ងៃឈប់សម្រាកមានប្រាក់ខែ១៨ថ្ងៃ ពីព្រោះពួកគេធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍។
លោកបាននិយាយថា ការអះអាងអំពីផលិតភាពរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏តម្រូវឲ្យមានជំនឿទុកចិត្តចំពោះអ្វីដែលមិនបញ្ជាក់ភ័ស្តុតាងបាន។
លោកបាននិយាយថា “អ្នកអាចប្រើស្ថិតិតាមវិធីណាក៏បាន…ដើម្បីបង្ហាញភាពសមហេតុផល។ បើអ្នកមិនបញ្ចេញឲ្យដឹងប្រភពរបស់អ្នកទេ វាជាគំនិតផ្ទាល់ខ្លួនទាំងអស់ វាអាស្រ័យលើថាតើអ្នកចង់ជឿសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬមិនជឿ”៕ និត