30.1 C
Phnom Penh

បង​​​ប្អូន​​​ស្រី​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទលក់​​​ក្មួយ​​​ស្រី​​​អាយុ​​​១៣​​​ឆ្នាំ​​​ឲ្យ​​​​​​ធ្វើ​​​ជា​​​ទាសករ​​​ផ្លូវ​​​ភេទ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​ កែវ ធា នាយ​​​កា​​​រិ​​​​​​យាល័យ​​​នគរ​​​បាល​​​ប្រឆាំង​​ការ​​​ជួញ​​​ដូរ​​​​​​មនុស្ស​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ ពីបទ​​​លក់​​​ក្មួយ​​​ស្រី​​​អាយុ​​​១៣​​​ឆ្នាំ​​​របស់​​​ខ្លួន​​​ឲ្យ​​​បុរស​​​ម្នាក់​​​សម្រាប់​​​ធ្វើ​​​ជា​​​ទាស​​​ករ​​​ផ្លូវ​​​ភេទ​​​ ដោយ​​​ដាក់​​​ច្រវាក់​​​នាង​​​​​ជាប់​​​នឹង​រនាប​​​ផ្ទះ​​​របស់​​​ពួកគេ​​​ជាច្រើនលើក​ច្រើន​​​សា​អស់​​​រយៈ​​​ពេល​​​ប្រហែល​មួយ​​​ឆ្នាំ​​​។

លោកបាន​​​លើក​​​ឡើង​​​ថា បង​​​ប្អូន​​​ស្រី​​​​​​បង្កើត​​​​ទាំង​​​​ពី​​​រ​​​នាក់​​​នេះ​​​​ដែល​​​មាន​​​ម្នាក់​​​ឈ្មោះ​​​ ជា ស្រស់ អាយុ​​​៣២​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​ឈ្មោះ ​​​ជា​​​ ទីណា អាយុ​​​២៧​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​​​​ផ្ទះ​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ​​​ មិន​​​យូរ​​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​មន្ត្រី​​​របស់​​​លោក​​​​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ផ្ទាល់​​​ពី​​​ក្មេង​​​ស្រីរង​​​​​​គ្រោះ​​​​​​​​​​​​​​​។

លោក​​​​​​បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ក្រោយ​​​មក​​​ នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ឈ្មោះ ឈិន​ ​ឆៃលី ​អាយុ​​​៣៦​​​​​ឆ្នាំ ពី​​​​បទ​​​​​​ទិញ​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ពី​បងប្អូន​​​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​​ក្នុង​តម្លៃ​១.០០០​ដុល្លារ​​​​​ដើម្បី​​​រួមភេទ​​​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​​។​

លោក​​​បាន​​​ថ្លែង​​​ថា “បងប្អូន​​​ស្រី​​​ទាំង​​​ពីរ​​​នាក់​​​​​​នេះ​​​ដែលត្រូវ​​​​​​ជា​​​ម្តាយ​​​មីង​​​របស់​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​ បាន​​​ដាក់​​​ច្រវាក់​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​ដើម្បី​​​កុំ​​​ឲ្យ​​​នាង​​​គេច​​​ខ្លួន​​​។ ករណី​​​នេះ​​​បាន​​​កើត​​​​​​ឡើង​​​​​​​​​លើក​​​ដំបូង​​​ប្រហែល​​​​​​មួយ​​​ឆ្នាំ​​​មុន ហើយ​​​បាន​​​កើត​​​ឡើង​​​ជា​​​បន្ត​​​បន្ទាប់​​​រហូត​​​ដល់​​​ថ្ងៃ​​​ចាប់​​​ខ្លួន​​​។ ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ដាក់​​​ច្រវាក់​​​ និង​​បង្ខាំង​​​[ក្មេងស្រី​​​រង​​​គ្រោះ​​​] ជា​ច្រើន​​​​​​លើក​​​ច្រើន​​​សា​​​ ដោយ​​​បង្ខំ​​​ឲ្យ​​​នាង​​​រួម​​​ភេទ​​​ជាមួយ​ជននេះ​​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​១.០០០​​​​​​ដុល្លារ​​​”។ លោក​​​​​​បាន​​​​បន្ថែម​​​​ថា នគរ​​​បាល​​​នឹង​​​បញ្ជូន​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ និង​​​បុរស​​​​​​ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ ទៅ​​​តុលាការ​​​​នៅ​​​ថ្ងៃ​​​េនះ​​​។

ប្រសិន​​​បើ​​​តុលាការ​​​សម្រេច​​​ឲ្យ​​​ជាប់​​​ពិរុទ្ធ​​​ភាព​​​ពីបទ​​​បង្ខាំងមនុស្ស​​​​ដោយ​​​ខុស​​​ច្បាប់​​​ ធ្វើ​​​សញ្ចារកម្ម​​​ពេស្យាចារ​​​​​​កុមារ​​​​​​​​​ និង​​​ទិញ​​​ពេស្យាចារ​​​​​​កុមារ​​​នោះ​​​ ពួក​​​គេ​​​នឹង​​​ប្រឈម​​​​​​ការ​​​ជាប់​​​ពន្ធ​​​នាគារក្នុង​​​ម្នាក់​​​ៗ​​​​​រយៈ​ពេល​១៥​​​ឆ្នាំ​​​។

កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ទូរទស្សន៍​ CNC ​​​​​​បាន​​​បង្ហាញ​​​វីដេអូ​​​ឃ្លីប​​​ស្តី​​​ពី​សកម្ម​​​ភាព​​​​​មន្ត្រី​​​របស​​​់​​​លោក កែវ ធា ចាប់​​​ខ្លួន​​​ជ​ន​ទាំង​​​បី​​​នាក់​នេះ​​​ និង​​​ការ​​​ឲ្យ​​​ស្ត្រី​​​រង​​​គ្រោះ​​​ដែល​​​​​​ពាក់​​​មា៉ស់​​​​​​​ធ្វើ​​​ត្រាប់​​​​​​សកម្មភាព​​​ដាក់​​​ច្រវាក់​​​នាង​​​​​​ជាប់​​​នឹង​​​រនាប​​​ផ​​​្ទះ​​​។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​​​​សើុប​​​អង្កេត​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ឃឹម​​​ថា អាជ្ញាធរ​​​​​​នឹង​​​បន្ត​​​ចោទ​​​ប្រកាន់​​​​​​​​ជន​សង្ស័យឲ្យធ្ងន់ធ្ងរ​​​​ ហើយ​​​ថា អង្គការ​​​របស់​​​លោក​​​ចង់​​​ផ្តល់​​​​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ដល់​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​។

លោក​​​ថ្លែង​​​​​​ថា “វា​​​គឺ​​​ជា​​​ករណី​​​ សាហាវ​ឃោរ ឃៅ​ខា្លំង​​​ណាស់​​​ ព្រោះ​​​ក្មេង​​​ស្រី​​រងគ្រោះ​មិន​​​​​​​​​ត្រូវ​​​បាន​​គេ​​​បង្ខាំង​​​ទុក​​ធម្មតា​​​នោះ​​​ទេ​​​ ប៉ុន្តែ មានការ​​​​ដាក់​​​ច្រវាក់​​​ចាក់​​​សោ​ដើម្បី​​​​ជួញ​​​ដូរ​​​​ភេទ​​​។ មាន​​​ករណី​​​ខ្លះ​​​ ជន​​​រង​​​​​​គ្រោះ​​​ត្រូវ​​​បាន​គេ​​​បង្ខាំង​​​ទុក​​​​ត្រឹម​​​តែ​​​នៅ​ក្នុង​​​បន្ទប់ ប៉ុន្តែ មិន​​​មែន​ដាក់​​​ច្រវាក់​​​ដូច​​​នេះ​​​ទេ​​​”៕ ស៊ុយឈាង​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស