ប្រធានក្រុមការងារទេសចរណ៍បាននិយាយថា លោកបានប្រាប់រដ្ឋាភិបាលអំឡុងកិច្ចប្រជុំចុងក្រោយរបស់លោកក្នុងតំណែងថា ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជានៅតែត្រូវគេទារសំណូកបន្តិចបន្តួចនៅពេលចូលប្រទេសនេះ បើទោះជាមានការសន្យាកាលពីពីរបីឆ្នាំមុន ថានឹងបំបាត់លែងឲ្យមានការធ្វើដូច្នេះក៏ដោយ។

អាកាសយានដ្ឋាននិងច្រកព្រំដែនរបស់ប្រទេសកម្ពុជាមានឈ្មោះអាក្រក់ ព្រោះមន្ត្រីដែលបានទាមទារ “លុយទឹកតែ” ពីភ្ញៀវ។ ក្នុងឆ្នាំ២០១៣ អ្នកកាសែតចិនម្នាក់បានសរសេរអត្ថបទរិះគន់យ៉ាងខ្លាំងក្នុងកាសែត គ្លូបល ថាមស៍ បន្ទាប់ពីក្រុមមន្ត្រីនៅឯអាកាសយានដ្ឋានអន្តរជាតិបានសុំឲ្យនាងបង់សំណូក។
យោងតាមលោក ហូ វណ្ឌី សហប្រធានជិតផុតអាណត្តិនៃក្រុមការងារវិស័យរដ្ឋាភិបាល-ឯកជនផ្នែកទេសចរណ៍ បាននិយាយថា លោកបានលើកបញ្ហានេះនៅកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ដែលនៅពេលនោះ ចុងភៅធំនិងជាម្ចាស់សណ្ឋាគារ លោក លូ ម៉េង ត្រូវបានតែងតាំងជាអ្នកកាន់ការជំនួសលោក បានឲ្យដឹងថា បញ្ហានេះនៅតែបន្តមាន។
លោកបាននិយាយថា “បញ្ហានេះ [នៅតែ] កើតឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនិងបាវិត ហើយជនរងគ្រោះភាគច្រើនជាទេសចរចិននិងតៃវ៉ាន់”។
លោកបានបន្ថែមថា “ប្រសិនបើការទទួលរាក់ទាក់របស់យើងមិនល្អ ពួកគេនឹងចងចាំ។ វាប៉ះពាល់ផ្លូវចិត្តពួកគេ។ ជាផលបកវិញ វាប៉ះពាល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា ទាំងវិស័យឯកជន ទាំងវិស័យរដ្ឋ”។
ឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបដិសេធថាមន្ត្រីរបស់លោកមិនបានទទួលសំណូកទេ។
លោកបាននិយាយថា “ខ្ញុំមិនដែលបានឮរឿងនេះទេ។ យើងបានដាក់សញ្ញានៅអាកាសយានដ្ឋាន [ណែនាំអ្នកធ្វើដំណើរ] អំពីការទារប្រាក់សំណូក”។ លោកបានបន្ថែមថា ប៉ូលិសដែលគេទាន់ពេលទារប្រាក់ភ្ញៀវអាចត្រូវគេទម្លាក់សក្តិ ឬបណ្តេញចេញពីការងារ។
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអង្គារ អ្នកដំណើរ១២នាក់ដែលសម្ភាសពេលមកដល់តាមជើងហោះហើរពីប្រទេសសិង្ហបុរី បាននិយាយថា ពួកគេបានឆ្លងកាត់តាមរយៈអន្តោប្រវេសន៍ដោយគ្មានការទារសំណូកទេ។
ចំណែកឯជនជាតិចិន លី ស៊ី លីន អាយុ២៩ឆ្នាំ ដែលធ្វើការនៅរោងចក្រស្បែកជើងក្នុងក្រុងភ្នំពេញ រយៈពេលពីរឆ្នាំមកហើយ នេះជាលើកដំបូងហើយដែលគេមិនទារប្រាក់គាត់។
លោកបាននិយាយថា “ខ្ញុំមិនដឹងតើហេតុអ្វីបានជាខុសប្លែក។ ខ្ញុំបានធ្វើដំណើរទៅមកប្រាំលើកហើយ”។ លោកបានបន្ថែមថា រាល់ដងដែលគាត់បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីលើកមុនៗ គាត់ត្រូវគេសុំ២ដុល្លារ។
គាត់បាននិយាយថា “ខ្ញុំគិតថា វាមិនល្អទេ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ជារឿងធម្មតាទៅហើយ សម្រាប់ប្រទេសនេះ”។
វ័ង ស៊ូ អាយុ២៤ឆ្នាំ ជាវិស្វករមកពីក្រុងប៉េកាំង ដែលធ្វើការឲ្យរោងចក្រស៊ីម៉ង់ខេត្តកំពតនៅឆ្នាំកន្លងមក មិនមានសំណាងអ៊ីចឹងទេ។
អ្នកស្រីបាននិយាយថា “គ្រប់តែពេលដែលខ្ញុំមកដល់អាកាសយានដ្ឋាននេះ គេតែងតែសុំ [សំណូក]។ ទើបតែអំបាញ់មិញនេះ ខ្ញុំបានឲ្យពួកគេ១ដុល្លារ”។
“ប្រសិនបើយើងហូបអាហារ ការឲ្យលុយធិបជារឿងធម្មតាទេ។ ប៉ុន្តែ រឿងនេះមិនត្រឹមត្រូវទេ”។
លោក ខែក ណូរិនដា ប្រធានទំនាក់ទំនងនៅអាកាសយានដ្ឋានកម្ពុជាដែលដំណើរការទាំងនៅអាកាសយានដ្ឋានភ្នំពេញ និងសៀមរាប បាននិយាយថា ការលុបបំបាត់អំពើពុករលួយទាំងអស់តែម្តងនៅតែជាគោលដៅរបស់ក្រុមហ៊ុន។
លោកបាននិយាយថា “ភ្ញៀវទេសចរទាំងឡាយដែលមកប្រទេសកម្ពុជា ចាប់អារម្មណ៍ដំបូងអំពីប្រទេសនេះនៅអាកាសយានដ្ឋាន”។
“ដូច្នេះ អាកាសយានដ្ឋានកម្ពុជាធ្វើការពិភាក្សាជាប្រចាំជាមួយអាជ្ញាធរកម្ពុជាដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវសេវាដែលផ្តល់ដោយមន្ត្រីអន្តោប្រវេសន៍របស់ខ្លួន”៕ និត