30.1 C
Phnom Penh

សាលា​ដំបូង​ចោទ​បុគ្គលិក​ធនាគារ​ពីបទ​លួចប្រាក់​​១,៦​លាន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​​មួយរូប​បាន​​ឲ្យដឹង​ថា កាល​ពី​ម្សិលមិញ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​បុគ្គលិក​ម្នាក់​នៃ​ធនាគារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ នៃ​កម្ពុជា​ ហៅ​កាត់​ថា FTB ពី​បទ​លួច​​ប្រាក់​​ ១,៦​លាន​ដុល្លារ​ពី​​​ក្រុម​ហ៊ុន​។

លោក​ ប៊ុន សត្យា នាយការិយាល័យ​នគរ​បាល​​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​រាជធានី​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​ចាប់​ខ្លួន​ឈ្មោះ ជូ ជាសារិ ដែល​មាន​វ័យ​៥០​ឆ្នាំ​ប្លាយ​កាលពី​ថ្ងៃ​ច័ន្ទ នៅ​សាខា​ធនាគារ​ FTB ដែល​គាត់​ធ្វើ​ការ​។ ”​យើង​បាន​ចាប់​ខ្លួន​គាត់​នៅ​ការិយា​ល័យ​របស់​គាត់​ បន្ទាប់ពី​យើង​ទទួល​​​​បាន​​ពាក្យ​បណ្ដឹង​​ពីក្រុម​ហ៊ុន​​”។

លោក​បាន​លើក​ឡើង​​បន្ថែម​ថា តុលាការ​បាន​ចោទ​ប្រកាន់​លោក ជូ ជាសារិ ​កាលពី​ម្សិល​មិញ បន្ទាប់ពី​គាត់​សារភាព​ថាខ្លួន​ពិត​ជា​បាន​ លួច​ប្រាក់​​នោះ​មែន។ ”​តុលាការ​បាន​ចោទ​ប្រកាន់​គាត់​ពីបទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​ និង​​បទ​ក្លែង​ឯកសារ​”។

បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ​​​ត្រូវ​​មាន​ទោស​​​​ជាប់​ពន្ធនាគារ​​អតិបរមា​​៣​ឆ្នាំ និង​​​ពិន័យ​ជា​ប្រាក់​​ចំនួន៦លាន​រៀល​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​រូប​េនះ​​​បាន​បន្ថែម​ថា ​លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​​ស្ដីពី​ករណី​ចោរកម្ម​នេះ​បាន​ទេ​ព្រោះ​លោក​​គ្មាន​​សំណុំរឿង​​​នេះ​នៅ​ក្នុង​ដៃ​។

​ចំណែកឯ​មន្ត្រី​តុលាការ​​ និង​មន្ត្រី​ធនាគារ​វិញ មិន​​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ។ មន្ត្រី​នគរ​បាល​​ដែល​ក្រៀក​​​​លោក ជូ ជាសារិ ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បន្ទាប់ពី​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​​នោះ បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ឡើយ​​។

ការ​ចាប់​ខ្លួន​លោក ជូ ជាសារិ ​ធ្វើ​ឡើង​រយៈ​​​​​ពេល​ជិត​១​ឆ្នាំ​ បន្ទាប់ពី​សាលា​ដំបូង​រាជ​ធានី​​សម្រេច​ឲ្យ​នាយក​ធនាគារ​​កាណាឌីយ៉ា​ពីរ​នាក់​ និង​មនុស្ស​បី​នាក់​ទៀត​ ជាប់​ពិរុទ្ធភាព​នៅ​​​​ក្នុង​​សំណុំរឿង​លួច​បន្លំ​​ធំបំផុត​មួយ​​នៅ​ក្នុង​វិស័យ​ធនាគារ​។

កាលពី​ថ្ងៃទី​១៨ ខែ​សីហា តុលាការ​បាន​ចោទ​ប្រកាន់​ម្នាក់​ក្នុង​ចំណោម​នាយក​​ធនា​គារ​​​​​​ទាំង​​ពីរ​នាក់​​ឈ្មោះ ​យ៉េត សុភក្ត្រា ដែល​បាន​អះអាង​ថា ខ្លួន​បាន​លួច​បន្លំ​ប្រាក់​ចំនួន​​២,៧​លាន​ដុល្លារ​ពី​ធនាគារ​កាណាឌីយ៉ា ​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​តុលា ឆ្នាំ​២០១៣ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ឆ្នាំ​។

ស្ត្រី​ឈ្មោះ យ៉េត សុភក្ត្រា ​ត្រូវ​បាន​តុលា​ការ​សម្រេច​ឲ្យ​ជាប់​ពិរុទ្ធភាព​ពីបទ​រំលោភ​លើ​​​សេចក្ដី​ទុកចិត្ត និង​បទលួច​​បន្លំ​ចំពោះ​ការ​ប្រើ​​មុខ​តំណែង​របស់​ខ្លួន​នៅ​ធនាគារ​នេះ បង្កើត​គណនី​ក្លែងក្លាយ​ដើម្បី​ដក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ពី​ម៉ាស៊ីន​ដក​ប្រាក់​ ATM ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។

ជន​ជាប់​ចោទ​ទាំងបួន​នាក់​ទៀត​​ដែល​មាន​ឈ្មោះ​ដូច​ជា ឡេង ស៊ុនទ្រី អតីត​នាយក​ផ្នែក​ប័ណ្ណ​ឥណទាន​នៃ​ធនាគារ​នេះ​ ឈ្មោះ ស៊ុន សៅរ៍​នីន ដែល​ត្រូវ​ជា​មិត្ត​ប្រុស​របស់​​ យ៉េត សុភក្ត្រា ឈ្មោះ ចក់ គឹមហេង ​ដែល​ត្រូវ​ជា​ម្ដាយ​របស់​ យ៉េត សុភក្ត្រា និង​ ទេព វិនចន្ធី ដែល​ឈ្មោះ​របស់​ខ្លួន​​​មាន​​នៅ​លើ​​ប័ណ្ណ​ឥណទាន​ក្លែង​បន្លំ​​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ផែន​ការ​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​ជា​ជន​សម​គំនិត ហើយ​​ត្រូវ​តុលាការ​​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​”៕ សុខុម​​​​​​​​​ (រាយការណ៍​បន្ថែម​ដោយ អ៊ូច សូនី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស