27 C
Phnom Penh

បក្ស​ប្រឆាំង​​​បោះបង់​កំណែទម្រង់​​យោធា និង​តុលាការ​​​​​ក្នុង​កិច្ច​ព្រមព្រៀង ​២២ កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ចរចា​គណបក្ស​ប្រឆាំង​បាន​ទាមទារ​​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​២២ ​កក្កដា ឆ្នាំមុនរួមទាំង​ការ​ប្ដេជ្ញាយ៉ាងម៉ឺង​ម៉ាត់​មិន​ឲ្យ​យោធា​ និង​តុលាការ​​ជាប់​ពាក់​ព័ន្ធ​នយោបាយ​ ក្នុងការ​ប្រៀបធៀប​ទៅ​នឹង​គណៈ​​​កម្មាធិការ​​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​​​ប៉ុន្តែ​ បាន​បោះ​បង់​ការ​ទាមទារ​​របស់​ខ្លួន​ភ្លាមៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ នេះបើតាម​អ្នក​ជាប់​ពាក់​​​​ព័ន្ធ​បាន​លើកឡើង។

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ព្រំ សុខា (ស្តាំ) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក សុន ឆ័យ និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ក្នុង​ខែ​សីហា ឆ្នាំ​២០១៣ បន្ទាប់ពី​ដឹក​នាំ​គណបក្ស​របស់​ក្នុង​ចរចា​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ព្រំ សុខា (ស្តាំ) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក សុន ឆ័យ និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ក្នុង​ខែ​សីហា ឆ្នាំ​២០១៣ បន្ទាប់ពី​ដឹក​នាំ​គណបក្ស​របស់​ក្នុង​ចរចា​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​មុន​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ភ្លាមៗ​រយៈ​ពេល​១​សប្ដាហ៍​បន្ទាប់ ពី​​​​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប​​ត្រូវ​បាន​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​ដោយ​សារ​ការ​តវ៉ា​ដ៏ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ​​​

ហើយ​បាន​បញ្ចប់​ការ​តវ៉ា​​​ស្តីពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​របស់​គណបក្ស​ប្រឆាំង​​​​​ជា​ថ្នូរ​នឹង​ការ​ប្ដេជ្ញា​ថា នឹង​​​​មាន​ការ​ផ្លាស់​ប្ដូរ​​គ.ជ.ប. ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក សុន ឆ័យ សមាជិក​សភា​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​កាលពី​សប្ដាហ៍​មុន​ថា ទោះ​ជាយ៉ាង​ណា ក្រុម​អ្នក​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រឹង​ប្រែង ​ដើម្បី​​ធានា​​​ការ​ប្ដេជ្ញា​​​នោះ​​​​​​​ដើម្បី​​ឲ្យ​​ការ​គ្រប់គ្រង​យោធា​ និង​តុលាការ​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ជា​អព្យា​​​ក្រឹត​ផង​ដែរ នៅ​ពេល​ការ​ចរចា​បន្ថែម​ទៀត​បាន​បញ្ចប់​។

​លោក សុន​​​ ឆ័យ ដែល​បាន​ដឹកនាំ​ការ​ចរចា​​​​ដំបូង​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​ការ​បោះ​ឆ្នោត​​​បាន​ថ្លែង​ថា​ “នៅក្នុង​សេចក្តីព្រាង​នៃ​​​កិច្ច​ព្រម​ព្រៀង​របស់យើង​កាលពី​ខែ​កក្កដា ឆ្នាំមុន​ យើង​មាន​សំណើ​សម្រាប់​គណ​បក្ស​ទាំងពីរ​ដើម្បី​ធ្វើការរួមគ្នា​ក្នុងការ​ធ្វើកំណែ​​​ទម្រង់​​ស្ថាប័ន​មួយ​ចំនួន​។ ក្រៅពី​​​ប្រព័ន្ធ​​​តុលាការ​ យើង​ក៏សម្លឹង​ទៅ​លើ​យោធា​ព្រមទាំង​​រដ្ឋបាល​​​​សាធារណៈ​ផងដែរ”។

លោក​បន្ត​​​ថា “​ទាំង​នោះ​គឺ​ជា​បញ្ហា​​សំខាន់ ទាំង​​បី​ដែល​យើង​ចង់​បាន​។ ចំពោះ​ហេតុ ​ផល​មួយ​ចំនួន​ កិច្ច​ព្រម​ព្រៀង​​​បាន​បញ្ចប់​យ៉ាង​​ឆាប់​រហ័ស ហើយ​ខ្ញុំ​មិន​អាច​​លើក​​​ឡើង​ពី​​បញ្ហា​នេះ​​​សម្រាប់​គណបក្ស​ទាំង​ពីរ​​ ឲ្យ​ដាក់​បញ្ចូល​នៅ​​​ក្នុង​កិច្ច​ព្រមព្រៀង​ឡើយ​”។

លោក សុន ឆ័យ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​​​កាលពី​ម្សិលមិញ​ស្ដី​ពី​ការ​ទាម​ទារ​ជាក់​លាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​បាន​លើក​ឡើង​ថា កំណែទម្រង់​ គ.ជ.ប. ជា​ផ្នែក​សំខាន់​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ​​២២ ខែកក្កដានោះ គឺ​ជា​ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យាជាច្រើន​ស្តីពី​​​កំណែទម្រង់​​ដែល​គណបក្ស​ប្រឆាំង​ចង់​បាន​។

លោក​បាន​ថ្លែង​ថា “​នៅ​ពេល​យើង​និយាយ​​​​​អំពី​​​ស្ថាប័ន​នានា​នៅ​ក្នុង​ប្រទេស វាមាន​​កម្លាំង​ ប្រដាប់​អាវុធ ប្រព័ន្ធ​តុលាការ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គ.ជ.ប. ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រមជាដើម។​ ទាំង​អស់​នេះ​ចាំ​បាច់​ត្រូវ​តែ​ឯករាជ្យ”។

លោក ព្រំ​ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ជា​អ្នក​ចរចា​ម្នាក់​ក្នុង​ចំណោម​ក្រុម​ចរចា​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​នៅ​ថ្ងៃ​​នៃ​កិច្ចព្រមព្រៀង​នយោបាយ​​​ក៏​មាន​តួនាទី​ជា​អ្នក​នាំពាក្យ​​គណបក្ស​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា បញ្ហា​ទាំង​នេះ​មិន​ដែល​​ត្រូវ​បាន​ពិភាក្សា​​ហ្មត់​ចត់​អំឡុង​ការ​ចរចា​ឡើយ​។

​លោក​បាន​ថ្លែង​ថា “​យើង​​មិន​បាន​ចរចា​អំពី​បញ្ហា​នេះ​ ​ឬ​ពិភាក្សា​លម្អិត​ណាមួយ​ពី​បញ្ហា​នេះឡើយ​។ អ្វី​ដែល​យើង​​បាន​ចរចា​លម្អិត​នោះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​គណបក្ស​ទាំងពីរ។ បញ្ហា​ដទៃ​ទៀត​ ជួន​កាល​យើង​​​បានលើក​ឡើង​ដែរ ប៉ុន្តែ​មិន​ដែល​ឈាន​​​​ដល់​ការ​ព្រមព្រៀង​​ឡើយ​”។

លោក​បាន​បន្ថែម​ថា “​អស់​លោក​ដឹង​ហើយ ​ថា កិច្ចព្រមព្រៀង​នេះ​​ត្រូវ​បាន​ចុះ​ហត្ថលេខា​​​​រួច​ហើយ ហើយ​ឥឡូវ​នេះ​វា​អាស្រ័យ​លើ​គណ​​​​​​បក្ស​ទាំង​ពីរ​​ក្នុង​ការ​គោរព​កិច្ច​​​ព្រម​​​ព្រៀង​នេះ​ និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ​​​​ដោយ​ស្មោះ​ត្រង់​តែ​ប៉ុណ្ណោះ​”។

​សមាជិក​ជាន់ខ្ពស់​ជា​ច្រើន​រូបនៃ​ទាហាន​កង​យោធពល​ខេមរភូមិន្ទ​ គឺ​ជា​សមាជិក​​ឆ្នើមៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​មាន​លោក ប៉ុល សារឿនអគ្គមេបញ្ជាការ​កង​យោ​​​ធ​ពល ខេមរ​ភូមិន្ទ​ ស្ថិត​​ក្នុង​គណៈ​​​កម្មាធិការ​​​​អចិ​​​ន្ត្រៃយ៍​របស់​គណបក្ស​កាន់​អំណាច​ផង​ដែរ។

មជ្ឈដ្ឋាន​ជា​ច្រើន​បាន​រិះគន់​ពី​ទំនាក់​ទំនង​នេះ​យូរ​មក​ហើយ ដោយ​កាលពី​សប្ដាហ៍​​​មុន មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​បាន​ចោទ​សួរ​ថា តើ​កង​ទ័ព​​នឹង​គោរព​​​ការ​ចាញ់​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ឬយ៉ាង​ណា បន្ទាប់ពី​លោក ជា តារា អគ្គមេបញ្ជាការ​រង​កង​យោធ​​​ពល​​​ខេមរ​​​ភូមិន្ទ​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា “​កង​ទ័ព​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជានោះ​​​”។

កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹក​​​នាំ​​​​គណបក្ស​ប្រឆាំង​​បាន​បដិសេធ​មិន​​ធ្វើ​អត្ថា​ធិប្បាយ​​អំពី​ការ​ចរចា​កាលពី​ឆ្នាំ​មុន​ឡើយ ហើយ​បាន​លើក​ឡើង​ត្រឹម​តែ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បោះ​បង់​ការ​ទាមទារ​របស់​ខ្លួន​​ក្នុង​ការ​ឲ្យ​គណបក្ស​កាន់​អំណាច​​ជំរុញ​ឲ្យ​​យោធា និង​តុលាការ​​​កុំ​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ​។

លោក​ សម រង្ស៊ី បាន​លើក​ឡើង​តាម​អុីម៉េល​ថា “​យើង​មិន​ដែល​បោះ​បង់​ការ​ទាម​ទារ​ទាំង​នោះ​ឡើយ។ សូម​​សួរ​​សហសេវិក​របស់​ខ្ញុំ​លម្អិត​ចុះ​ដែលពួកគាត់​​បាន​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​ថ្ងៃ​​​២២ ​កក្កដា​​​២០១៤”។

លោក អេង ឆៃអ៊ាង សមាជិក​សភា​គណ​​​បក្ស​សង្គ្រោះ​​ជាតិ​ ជា​អ្នក​ចរចា​​មួយ​រូប​របស់​គណបក្ស​ប្រឆាំង​​នៅ​​​ក្រោយ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ថា ការ​ទាម​ទារ​​របស់​គណ​​​​​​​​​បក្ស​​​ឲ្យ​មាន​ការ​ប្ដេជ្ញាជាក់​លាក់​ថា កុំឲ្យ​​​ជាប់​ពាក់​ព័ន្ធ​នយោបាយ​នោះ ​ត្រូវ​ជំនួស​ដោយ​​​ចំណុច​​ទូទៅ​ដែល​អនុញ្ញាត​ឲ្យ​កិច្ច​​​ព្រម​​​ព្រៀង​នេះ​បញ្ចប់​យា៉ាង​ឆាប់​រហ័ស​ក្នុង​​ខែ​កក្កដា ឆ្នាំ​២០១៤។

លោក អេង ឆៃអ៊ាង បាន​លើក​ឡើង​ថា “ចំណុច​នោះ​លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​កែទម្រង់​ស្ថាប័នសំខាន់​​ៗមួយ​ចំនួន ប៉ុន្តែ​យើង​មិន​​បាន​លើក​ឡើង​ជាក់​លាក់​ថា​តើ​វិស័យ​មួយ​ណា​នឹង​ត្រូវ​ធ្វើ​កំណែទម្រង់​នោះ​ឡើយ​ យើង​គ្រាន់​តែ​​និយាយ​ជាទូទៅ​តែ​ប៉ុណ្ណោះ”។

លោក​បាន​បន្ថែម​ថា “នៅ​ពេល​យើង​និយាយ​ថា ​’ កំណែទម្រង់​ស្ថាប័ន​សំខាន់ៗ’ វា​គ្រប់គ្រាន់​ក្នុង​ការ​ក្ដោប​លើ​វិស័យ​ទាំង​នោះ​ទៅ​ហើយ ពីព្រោះ​កិច្ចព្រម​ព្រៀង​នេះ​​មិន​អាច​សម្រេច​បាន​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​នោះ​ឡើយ វា​​​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ សប្ដាហ៍ ឬ​ច្រើន​ខែ​​ឯណោះ។

លោក​បាន​លើក​ឡើង​ថា “​បញ្ហា​សំខាន់​បំផុត​គឺ​ការ​បោះ​ឆ្នោត​ ពីព្រោះ​យើង​ចង់​​ឲ្យ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ប្រព្រឹត្ត​ទៅ​ដោយ​​​​សេរី និង​យុត្តិធម៌”៕ សារុន​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស