28 C
Phnom Penh

ចម្ការ​កៅស៊ូ​បដិសេធ​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ការ​ជួល​កម្លាំង​រាជ​អាវុធហត្ថ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គ្រប់គ្រង​ចម្ការ​កៅស៊ូ​វៀតណាម​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​កាប់​ឈើ​ខុស​ច្បាប់​ដោយ​ឃុបឃិត​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​មូលដ្ឋាន បាន​បដិសេធ​ការ​អះអាង​នេះ​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា​បាន​ហៅ​ប៉ូលិស​មក​បង្ក្រាប​ការ​តវ៉ា​មែន។

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា​ប្រដាប់​អាវុធ​មួយ​ក្រុម កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ខំ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​លែង​រថយន្ត​បួន​គ្រឿង ដែល​ពួកគេ​បាន​ឃាត់ ព្រោះ​ដឹក​ឈើ​កាប់​ខុស​ច្បាប់ និង​ឲ្យ​ដោះលែង​អ្នក​បើក​បរ​រថយន្ត។ ពួកគេ​បាន​និយាយ​ថា កម្លាំង​រាជ​អាវុធហត្ថ​បាន​ទុក​ឈើ​ចោល ដើម្បី​គេច​ខ្លួន​បាន​រហ័ស ហើយ​នៅ​ពេល​មុន​ចាកចេញ អ្នក​បើក​រថយន្ត​បាន​អះអាង​ថា ពួកគេ​ដឹក​ជញ្ជូន​ឈើ​នេះ​ឲ្យ​មេបញ្ជាការ​រាជ​អាវុធហត្ថ​ស្រុក ឈ្មោះ សាក់ សារុន។

របាយការណ៍​ប៉ូលិស​និយាយ​ថា ឈើ​សុក្រំ​ជា​ឈើ​ប្រភេទ​លេខ១​ចំនួន​៥៦​ដុំ​ត្រូវ​គេ​ដឹក​ទៅ​ចម្ការ​កៅស៊ូ​ក្រចេះ​ប៊ិញភួក១ (Binh Phuoc Kratie Rubber 1) នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែរ ហើយ​ថា កម្លាំង​រាជ​អាវុធហត្ថ​ដែល​បាន​យក​រថយន្ត​និង​អ្នក​បើកបរ​ទាំង​នោះ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​នោះ មាន​ការ​ងារ​ទី២​​ជា​សន្តិ​សុខ​នៅ​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​នេះ។

កាលពី​ថ្ងៃ​អង្គារ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ប៊ិញភួក លោក ឆេង សុវិចិត្រ បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ណាមួយ​ក្នុង​ហេតុការណ៍​នេះ។

លោក​បាន​និយាយ​ថា “ក្រុមហ៊ុន​របស់​ខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទេ។ យើង​រកស៊ី​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​តែ​ប៉ុណ្ណោះ”។

លោក សុវិចិត្រ ក៏​បាន​បដិសេធ​ថា​គ្មាន​កម្លាំង​រាជ​អាវុធហត្ថ​ណា​ម្នាក់​ក្នុង​បញ្ជី​ប្រាក់​ខែ​ឡើយ។

ដោយ​លើក​ឡើង​អំពី​ការ​តវ៉ា​របស់​កម្មករ​ជា​ឧទាហរណ៍ លោក​បាន​និយាយ​ថា “យើង​មិន​បាន​ជួល​ប៉ូលិស ឬ​រាជ​អាវុធហត្ថ​ពី​ស្រុក​កែវសីមា​ទេ។ យើង​គ្រាន់តែ​ហៅ​ពួកគេ​មក​ជួយ ពីព្រោះ​យើង​ត្រូវការ​ពួកគេ​ជួយ​អន្តរាគមន៍ នៅ​ពេល​ដែល​យើង​មាន​បញ្ហា”។

របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជករ សឿន សំអុល ជា​តំណាង​ក្រុមហ៊ុន​នេះ បាន​និយាយ​ថា គាត់​បាន​ទៅ​រាប់​ឈើ​ដែល​រឹប​អូស​ទុក​នោះ​នៅ​ការិយាល័យ​រដ្ឋបាល​ព្រៃ​ឈើ។

លោក សុវិចិត្រ បាន​បដិសេធ​ថា លោក សំអុល មិន​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នេះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​និយាយ​ថា ក្រុមហ៊ុន​ពិត​ជា​មាន​ការ​ទាក់ទង​ជាមួយ​ពាណិជ្ជករ​រូប​នេះ​មែន ដែល​អនុញ្ញាត​ឲ្យ​គាត់​ស្តុក​ឈើ​បណ្តោះ​អាសន្ន​នៅ​ចម្ការ​នេះ ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​ឈើ​របស់​គាត់។ អ្នក​គ្រប់គ្រង​រូប​នេះ​បាន​និយាយ​ថា លោក សំអុល បាន​ទទួល​សិទ្ធិ​កាប់​ឈើ​ក្នុង​តំបន់​នោះ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវ​ចម្រុះ​សីមា ពី​ក្រុមហ៊ុន ដួង ស្រួច ដែល​ទទួល​បាន​សិទ្ធិ​ពី​ក្រសួង​កសិកម្ម។

លោក មិត្ត ចន្ថា ប្រធាន​នាយកដ្ឋាន​ផែនការ​ក្រសួង​នេះ បាន​និយាយ​ថា ក្រសួង​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ដួង ស្រួច កាប់​ឈើ​ពិត​មែន ប៉ុន្តែ​តែ​នៅ​ខាង​ក្នុង​ព្រំ​ចម្ការ ប៊ិញភួក ប៉ុណ្ណោះ។

លោក​បាន​និយាយ​ថា “នៅ​ពេល​ក្រុមហ៊ុន ប៊ិញភួក ចង់​កាប់​ឆ្ការ​ដី​ទំហំ​៥០០​ហិកតា​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច (ELC) សម្រាប់​ចម្ការ​កៅស៊ូ​របស់​ខ្លួន ក្រុមហ៊ុន ដួង ស្រួច បាន​ដាក់​សំណើ​ទៅ​ក្រសួង​កសិកម្ម​សុំ​កាប់​ឈើ។ ប្រសិនបើ​ក្រសួង​យល់​ព្រម​តាម​សំណើ ក្រុមហ៊ុន​នេះ​អាច​កាប់​ឈើ​និង​បង់​ពន្ធ​ឲ្យ​រដ្ឋ។ ប៉ុន្តែ ដួង ស្រួច និង ប៊ិញភួក កំពុង​កាប់​ឈើ​តែ​នៅ​ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​ប៉ុណ្ណោះ”។

លោក ចន្ថា បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​កិច្ច​ព្រមព្រៀង​ណាមួយ​រវាង ដួង ស្រួច និង លោក សំអុល និង​មិន​បាន​ឃើញ​របាយការណ៍​ថ្មី​ណាមួយ​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ដែល​គេ​ចោទ​នៅ​ក្នុង​តំបន់​នោះ​ទេ។

លោក រឿន សុផាត នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​​ឈើ​​ស្រុក​កែវ​សីមា  ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​ហេតុការណ៍​កាលពី​ថ្ងៃ​សៅរ៍​នោះ បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​បន្ត។

លោក​បាន​និយាយ​ដោយ​ខ្លី​ថា “ខ្ញុំ​ត្រូវ​ការ​និយាយ​ជាមួយ​ប៉ូលិស​មុន​ពេល​ទៅ​ស៊ើប​អង្កេត​ក្នុង​ព្រៃ ពីព្រោះ​ពួកគេ​បាន​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស