សមាគមការពារសិទ្ធិមនុស្សអាដហុកបានកត់ត្រាករណីរំលោភចំនួន១៣១ករណីក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមាន៨០ករណី គឺកើនឡើងជិត៦៤ភាគរយ ដោយសារឥទ្ធិពល “វប្បធម៌បរទេសដែលគ្មានការគ្រប់គ្រង”ដូចជារូបអាសអាភាសជាដើម។
របាយការណ៍នេះលើកឡើងថា ១០០ករណីក្នុងចំណោមករណីទាំងនោះពាក់ព័ន្ធនឹងការរំលោភអនីតិជន។ ៦៣ករណីដែលជនរងគ្រោះមានអាយុចន្លោះ១០ឆ្នាំដល់១៨ឆ្នាំ ៣២ករណីដែលជនរងគ្រោះអាយុចន្លោះ៥ឆ្នាំដល់១០ឆ្នាំ និងប្រាំករណីដែលក្នុងនោះជនរងគ្រោះអាយុតិចជាង៥ឆ្នាំ។
ក្នុងចំណោមករណីទាំង១៣១ មាន១៥ករណីដែលជនរងគ្រោះជាមនុស្សពិការប្រាំមួយករណីពាក់ព័ន្ធជនល្មើសច្រើននាក់និងបីករណីដែលជនរងគ្រោះត្រូវបានសម្លាប់នៅក្នុងដំណើរការនោះ។
សមាគមអាដហុកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍អមថា ”មូលហេតុចម្បងដែលនាំឲ្យមានការកើនឡើងករណីរំលោភគឺ ‘ឥទ្ធិពលវប្បធម៌បរទេស’ ដែលគ្មានការគ្រប់គ្រង (ដូចជាការចូលមើលរឿងអាសអាភាសនៅតាមប្រព័ន្ធអីុនធើណិត បណ្តាញផ្សព្វផ្សាយសង្គម និងរឿងលក់នៅតាមទីផ្សារដែលគ្មានការគ្រប់គ្រង)”ជាដើម។
សេចក្តីថ្លែងការណ៍ដដែលនេះមានខ្លឹមសារថា ”ការមិនបានរឹតបន្តឹងរបស់រដ្ឋាភិបាលក្នុងការចូលទៅមើលរឿងអាសអាភាស បណ្តាលឲ្យជនល្មើសដែលនៅក្នុងករណីជាច្រើនស្ថិតក្រោមឥទ្ធិពលថ្នាំញៀន ឬគ្រឿងស្រវឹងនោះ ចូលរួមក្នុងសកម្មភាពចាប់រំលោភ”។
ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ធន សារាយ ប្រធានសមាគមអាដហុកបានមានប្រសាសន៍ថា ការចូលទៅមើលរឿងអាសអាភាសដោយងាយស្រួលគឺស្ថិតក្នុងចំណោមកត្តាជាច្រើនដែលនាំឲ្យមានកំណើននៅក្នុងករណីរំលោភដែលត្រូវបានកត់ត្រាទុកផងដែរ ប៉ុន្តែ វាជាបញ្ហាដ៏សំខាន់។
លោកថ្លែងថា ”រឿងអាសអាភាសដែលមិនបានពិនិត្យមើល ថ្នាំញៀន និងជាតិអាល់កុលដែលប្រជាជនបានប្រើប្រាស់….ជាមូលហេតុដ៏សំខាន់ នៃករណីចាប់រំលោភ”។
លោកបន្ថែមថា អនុបាតខ្ពស់រវាងបុរសនិងស្ត្រីនៅតាមជនបទ និងការយល់ខុសជាទូទៅថា ស្ត្រីអាយុក្រោម១៨ឆ្នាំ មិនមានជំងឺកាមរោគ ក៏ជាចំណែកចំពោះបញ្ហានោះដែរ។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា ការបន្ទោសទៅលើរូបអាសអាភាសដែលនាំឲ្យមានករណីរំលោភនោះ គឺជាបញ្ហាសាមញ្ញពេក។ លោកស្រីបានលើកឡើងថា ខ្ញុំមិនចាត់ទុកថាជាកត្តាសំខាន់ឡើយ។ វាជាការទទួលខុសត្រូវរបស់បុគ្គល។ មនុស្សមួយចំនួនបន្ទោសទៅលើជាតិអាល់កុលថា ‘ជាតិអាល់កុល’ បណ្តាលឲ្យមានការចាប់រំលោភ និង’ជាតិអាល់កុល’ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ជាការពិតនេះជាកត្តាមួយ ប៉ុន្តែ វាជាការទទួលខុសត្រូវរបស់បុរស”។
លោកស្រី សុភាព បានមានប្រសាសន៍ ថា និទណ្ឌភាពទំនងជាហេតុផលចម្បងនាំឲ្យមានការកើនឡើងទាក់ទងតួលេខរំលោភ របស់សមាគមអាដហុក។
ដោយកត់សម្គាល់ថា ករណីរំលោភភាគច្រើនរាយការណ៍មិនគ្រប់គ្រាន់ដោយសារនិន្នាការរបស់សហគមន៍ទៅលើជនរងគ្រោះនោះ លោកស្រីលើកឡើងថា ”វាធ្វើឲ្យជនល្មើសគិតថា ពួកគេអាចរួចខ្លួន”។
លោកស្រីបានបន្ថែមថា ”ខ្ញុំនឹងហៅថា ជនរងគ្រោះពីរបែប ពីព្រោះទី១ពួកគេត្រូវបានរំលោភ ហើយបន្ទាប់មកពួកគេប្រព្រឹត្តមិនគប្បី ហើយប្រាប់ថា វាជាកំហុសរបស់ពួកគេ”។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលក៏បានលើកឡើងអំពីអំពើហិង្សាក្នុងគ្រួសារការជួញដូរផ្លូវភេទ និងអាពាហ៍ពិពាហ៍ដោយបង្ខំ សមាគមអាដហុកលើកឡើងថា ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារីមិនបានបង្កើត”គណៈកម្មាធិការសិទ្ធិស្ត្រី និងកុមារ” ដូចការសន្យា ដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី។
សេចក្តីថ្លែងការណ៍ដដែលនេះបន្ថែមថា ”គណៈកម្មាធិការេនះមិនទាន់ដំណើរការនៅឡើយទេ ដោយសារខ្វះសមត្ថភាព និងសុវត្ថិភាពច្បាស់លាស់ដើម្បីជួយដល់ជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ”។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ផុន ពុទ្ធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានបដិសេធមិនឆ្លើយសំណួរអំពីគណៈកម្មាធិការនេះតាមទូរស័ព្ទឡើយ ហើយមិនយកចិត្តទុកដាក់នឹងសំណួរតាមអីុម៉េលដែរ ផ្ទុយទៅវិញបានផ្តល់ព័ត៌មានអំពីរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួង កម្មវិធី និងការផ្តល់មូលនិធិដែលកំពុងតែបន្តទៅវិញ៕សារុន