26 C
Phnom Penh

សាលារាជធានី​ហាម​​​មិន​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​រៃអង្គាសប្រាក់​​​តាម​​​ទី​​​សាធារណៈ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ សាលា​​​រាជ​​​ធានី​​​បាន​​​ផ្ញើ​​​លិខិត​​​​ទៅ​​​កាន់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ដោយ​​​ជូន​​​ដំណឹង​​​ឲ្យ​​​គណបក្ស​​​នេះ បញ្ឈប់​​​ការ​​​ប្រើ​​​ប្រាស់​​​ទី​​​សាធារណៈ​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ​​​ដើម្បី​​​រៃ​​​អង្គាស​​​​​​ប្រាក់​​​សម្រាប់​​​ស្ថានីយ​​​ទូរ​ទស្សន៍​​​​​​​​ប្រឆាំង​​​លើក​​​ដំបូង​​​នៅកម្ពុជា​។

​សេចក្តី​ជូនដំណឹង​ ​​​ចុះ​​​កាល​​​បរិច្ឆេទថ្ងៃ​​​ច័ន្ទ​​​ និ​ង​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ​​​ម៉ក់ ​​​វ៉ាន់​​​ស៊ីថា អភិបាល​​​រង​​​រាជធានីភ្នំពេញ​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​រៃ​​​អង្គាស​​​ប្រាក់​​​សម្រាប់​​​ស្ថាន​​​នីយ​ទូរ​ទស្សន៍​​​ព្រះ​​​អាទិត្យ​​​ នៅ​​​តាម​​​ទី​​​សាធារណៈ​​​គឺ​​​ “ប៉ះពាល់ដល់​​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​”។

លោក ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​​ម្សិលមិញ​​​ថា ​​​សេចក្តី​​​សម្រេច​​​នេះ​​​មិន​​​ជាប់​ពាក់​ព័ន្ធនឹង​រឿង​​​នយោបាយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​បាន​​​​រៃ​​​អង្គាស​​​​​​​​​ប្រាក់​​​នៅ​​​តាម​​​ទី​​​សាធារណៈ​​​​​​ដោយ​​​មិន​​​បាន​​សុំ​​​ការអនុ​​​ញ្ញាត​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ហេតុ​​​ដូច្នេះ​​​ដើម្បី​​​កុំ​​​ឲ្យ​​​ខូច​​​ខាត​​​ដល់​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​ យើង​​​បាន​​​ស្នើ​​​ឲ្យ​​​ពួក​គាត់​​​ឈប់​​​​​​ធ្វើ​​​អ៊ីចឹង​​​ ហើយ​​​​​​ធ្វើ​​​សកម្ម​​ភាព​​​ហ្នឹង​​​នៅ​​​តាម​​​ទី​​​កន្លែង​​​ឯកជន​​​ ឬ​​​ស្នាក់​​​ការ​​​បក្ស​​​ពួក​គាត់​​​វិញ​​​។ យើង​​​ធ្វើ​​​តាម​​​តួនាទី​​​របស់​យើង​​​ជា​​​​​​អាជ្ញា​​ធរ​​​​​​មូល​​​ដ្ឋាន​​​ ហើយ​​​​​​វា​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​ទេ​​​”។

លោក អ៊ូ ច័ន្ទ​​​​រិទ្ធ អ្នក​​​នាំពាក្យ​​​ស្តី​​​ទី​​​គណ​​​បក្ស​​​ សង្គ្រោះជាតិ​​​​​​បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​របស់​​​លោក​​​​​​ដែល​​​មក​​​ទល់​​​នឹង​​​ពេល​​នេះ​រៃអង្គាស​​​ប្រាក់​​​បាន​​​ប្រហែល​​​៥០០.០០០​​​ដុល្លារ​​​​​​សម្រាប់​​​គម្រោង​​​បង្កើត​​​ស្ថានីយ​​​ទូរទស្សន៍​​​​​​មិន​​​ពេញ​​​​ចិត្ត​​​​​​នឹង​​​បទ​​​បញ្ជា​​​នេះ​​​ទេ​​​ ប៉ុន្តែថា​គណ​​​បក្ស​របស់​លោក​នឹង​​​គោរព​​​តាម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ដែល​​​ហាម​​​ឃាត់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​ឲ្យ​​​រៃអង្គាស​​​ប្រាក់​​​នៅ​​​ទី​​​សាធារណៈ​​​ព្រោះ​​​វា​​​អត់​​​មាន​​​ប៉ះពាល់​​​ដល់​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ ឬ​​​​​​សោភ័ណភាព​​​រាជធានី​​​អ្វី​​​ទេ។ ​​​យើង​​​មិន​​​ចង់​​​ប្រឈម​​​មុខ​​​នឹង​​​រឿង​​​កំបិុក​​​កំប៉ុក​​​អ៊ីចឹង​​​ទេ​​​”៕ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស