អង្គភាពប្រឆាំងអំពើពុករលួយបានសរសេរលិខិតទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដើម្បីជូនដំណឹងថា ក្រសួងរបស់លោកមិនបានអនុវត្តតាមនីតិវិធីលទ្ធកម្មទេ ហើយបានជំរុញឲ្យលោកអនុវត្តទៅតាមនីតិវិធីលទ្ធកម្មឲ្យបានត្រឹមត្រូវ។
ក្នុងលិខិតដែលចុះកាលបរិច្ឆេទថ្ងៃច័ន្ទ ផ្ញើជូនលោក ម៉ម ប៊ុនហេង លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា មន្ត្រីរបស់លោកបានតាមដានគណៈកម្មាធិការលទ្ធកម្មនៃក្រសួងសុខាភិបាល តាមរយៈការដេញថ្លៃមួយចំនួននៅក្នុងឆ្នាំនេះ និងឆ្នាំមុន ហើយបានកត់សម្គាល់ឃើញថា មានកំហុសខ្លះ។
លិខិតនេះបានលើកឡើងថា ក្នុងចំណោមក្ដីព្រួយបារម្ភចម្បងៗរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺការអនុវត្តរបស់គណៈកម្មាធិការនេះនៅក្នុងការពិចារណាលើការដេញថ្លៃរបស់ក្រុមហ៊ុន ដែលទំនងជាមានអាសយដ្ឋានក្លែងក្លាយ។ លិខិតបានលើកឡើងទៀតថា អាសយដ្ឋានរបស់ក្រុមហ៊ុនមួយចំនួនដែលបានដាក់ពាក្យសុំដេញថ្លៃ គឺជាផ្ទះដែលគេចាក់សោចោល ដែលគ្មានស្លាកសញ្ញាក្រុមហ៊ុន ហើយខ្លះទៀតដាក់ស្លាក “លក់”។
អង្គភាពប្រឆាំងអំពើពុករលួយបានរិះគន់គណៈកម្មាធិការលទ្ធកម្មនេះចំពោះការពិចារណាលើក្រុមហ៊ុន “ដោយគ្មានការពិនិត្យ វាយតម្លៃ និងបញ្ជាក់ប្រវត្តិរបស់ពួកគេឲ្យបានច្បាស់លាស់ជាមុន ជាពិសេសទីតាំងរបស់ក្រុមហ៊ុន”។
លិខិតនេះមិនបានបញ្ជាក់ថា តើក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះឈ្នះការដេញថ្លៃឡើយ។ តែទោះជាយ៉ាងណាវាបានបញ្ជាក់ថា គណៈកម្មាធិការ លទ្ធកម្មបានផ្ដល់កិច្ចសន្យាឲ្យក្រុមហ៊ុនចំនួនពីរ [ក្រុមហ៊ុន MCT Industry និងក្រុមហ៊ុន America Indochina] ដែលមិនបានដាក់ជូនឯកសារចាំបាច់ដើម្បីទទួលបានការដេញថ្លៃ។
លិខិតនេះមានខ្លឹមសារដូច្នេះថា “អង្គភាពប្រឆាំងអំពើពុករលួយគិតថា ក្រសួងសុខាភិបាលគួរតែពង្រឹងចំណុចខាងលើ ដើម្បីធ្វើឲ្យការដេញថ្លៃនាពេលអនាគតប្រព្រឹត្តទៅដោយរលូន”។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ រីឯលោក ម៉ម ប៊ុនហេង និងលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏មិនអាចទាក់ទងបានដែរ។
ក្រសួងសុខាភិបាល បានជាប់ពាក់ព័ន្ធក្នុងករណីអំពើពុករលួយដែលមានការរៀបចំបានយ៉ាងល្អបំផុតមួយទាក់ទិននឹងលទ្ធកម្មសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីឆ្នាំ២០១៣ មូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ បានបញ្ចេញលទ្ធផលស៊ើបអង្កេតរយៈពេលជាច្រើនឆ្នាំដែលរកឃើញថា លោក ដួង សុជាតិ អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាល និងមន្ត្រីសុខាភិបាលផ្សេងៗទៀត បានទទួលសំណូករាប់សែនដុល្លារដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដាក់ពាក្យសុំដេញថ្លៃទទួលបានកិច្ចសន្យាពីមូលនិធិសាកលដែលមានទឹកប្រាក់ប្រហែល១២លានដុល្លារ។
អង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ខ្លួនមិនអាចធានាថានឹងមានការផ្ដន្ទាទោសមន្ត្រីណាម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះទេ ព្រោះខ្លួនគ្មានសិទ្ធិស្របច្បាប់ធ្វើការសម្រេចបែបនេះ ទោះបីជាមូលនិធិសាកលបានផ្តល់អុីម៉េល ដែល លោក ដួង សុជាតិ បានណែនាំឲ្យបុគ្គលិកក្រុមហ៊ុនបញ្ចូលប្រាក់សំណូកក្នុងគណនីក្លែងលែងក្លាយក៏ដោយ៕ស៊ុយឈាង