31 C
Phnom Penh

ដោយសារ​តែ​ការ​តវ៉ា គ្រួសារ​ជាច្រើន​ទទួល​បាន​អំណោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​ប្រជា​ពលរដ្ឋ​ក្រុង​ភ្នំពេញ​មួយ​ក្រុម​មក​ពី​សហគមន៍​ងាយ​រងគ្រោះ​ពី​ការ​ជន់​លិច ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ដែល​គេ​បោះ​បង់​ចោល​របស់​ក្រុង​នេះ បាន​ទទួល​ប្រាក់​យ៉ាង​ហោច​ណាស់​២.២៥០​ដុល្លារ ដែល​ពួកគេ​ត្រូវការ​ដើម្បី​សាងសង់​ប្រព័ន្ធ​បង្ហូរ​ទឹក​របស់​ខ្លួន​ផ្ទាល់ បន្ទាប់ពី​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​អភិបាល​ខណ្ឌ​ឫស្សី​កែវ​កាលពី​ថ្ងៃ​ពុធ។

cam-photo-flooding-jens-800x533ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួកគេ​បាន​តវ៉ា​នៅ​មុខ​ការិយាល័យ​អភិបាល​ខណ្ឌ ធុយ សុខន ជា​ច្រើន​លើក​ក្នុង​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​សុំ​អំណោយ ប៉ុន្តែ​មិន​បាន​ការ។ ពួកគេ​និយាយ​ថា ប្រជាពលរដ្ឋ​ប្រហែល​២០​ទៅ​៣០​នាក់​ក្នុង​ចំណោម​ពួកខ្លួន​បាន​ចូលរួម​ការ​តវ៉ា​កន្លង​មក ហើយ​ជាង​១០០នាក់​បាន​មក​ជុំ​គ្នា​កាលពី​ថ្ងៃ​ពុធ។

អ្នក​ស្រី ម៉េង គួន បាន​និយាយ​ថា “យើង​បាន​ទៅ​ទីនោះ​ពី​មុន។ ខ្ញុំ​គិត​ថា ប្រហែល​ដោយសារតែ​មាន​មនុស្ស​ច្រើន​បាន​ទៅ​ទី​នោះ​នៅ​ពេល​នេះ និង​ដោយ​មាន​បដា​ផង​នោះ គាត់​បាន​យល់​ព្រម​ឲ្យ​ប្រាក់​យើង”។

អ្នក​ស្រី​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ប្រហែល​៣៤​គ្រួសារ​ក្នុង​សហគមន៍​នៅ​សង្កាត់​ទួល​សង្កែ​ក្នុង​ខណ្ឌ​ឫស្សី​កែវ បាន​និង​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ​តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៨០​មក ហើយ​ការ​ជន់​លិច​ជា​រឿយៗ​ទើប​តែ​ចាប់​កើត​មាន​ក្នុង​ឆ្នាំ​២០០៧​នេះ​ទេ នៅ​ពេល​ដែល​ដី​ទំនាប​ត្រូវ​ចាក់​បំពេញ​ដើម្បី​សាងសង់​សាលារៀន។ អ្នក​ស្រី​បាន​និយាយ​ថា ឥឡូវ​នេះ​ផ្ទះ​សំបែង​របស់​ពួកគាត់​ជន់​លិច​នៅ​ពេល​ភ្លៀង​ខ្លាំង​ម្តងៗ។

យោង​តាម​អ្នក​ស្រី គួន បាន​ឲ្យ​ដឹង​ថា គ្រួសារ​ជាច្រើន​បាន​ប៉ាន់​ប្រមាណ​ថា ពួកគេ​ត្រូវការ​ប្រាក់​៥.០០០​ដុល្លារ​ដើម្បី​ជួល​គេ​ធ្វើ​ប្រព័ន្ធ​បង្ហូរ​ទឹក​ចេញ​ពី​តំបន់​នោះ។ គ្រួសារ​ប្រជាពលរដ្ឋ​ប្រមូល​ប្រាក់​ពី​ប្រជាជន​គ្នា​ឯង​បាន​១.៥០០​ដុល្លារ និង​ទទួល​បាន​១.២៥០​ដុល្លារ​ផ្សេង​ទៀត​ពី “អង្គការ​នានា” ដែល​អ្នក​ស្រី​មិន​ព្រម​ប្រាប់​ឈ្មោះ​តាម​សំណើ​របស់​អង្គការ​ទាំង​នោះ។

អ្នក​ស្រី​បាន​និយាយ​ថា លោក សុខន បាន​ផ្តល់​ឲ្យ​ពួកគាត់​ជា​សាច់​ប្រាក់​២.២៥០​ដុល្លារ​ដែល​នៅ​ខ្វះ​នៅ​នឹង​កន្លែង​តែ​ម្តង​កាលពី​ថ្ងៃ​ពុធ។

សុខ នាង ជា​អ្នក​ភូមិ​ម្នាក់​ទៀត បាន​និយាយ​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ គ្មាន​អនាម័យ​ទេ។ អ្វីៗ​នៅ​ទី​នេះ ដូច​សំរាម​បោះ​ចោល​អ៊ីចឹង។ ធំុ​ក្លិន​អាក្រក់​ណាស់ ហើយ​ពិបាក​រស់​នៅ​ណាស់”។

លោក សុខន មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​អភិបាល​រង​របស់​លោក គឺ​លោក កូប ស្លេស បាន​បញ្ជាក់​ថា មាន​ការ​ផ្តល់​អំណោយ​ដល់​សហគមន៍​នោះ​មែន។

លោក​បាន​និយាយ​ថា “ខ្ញុំ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ទទួល​ប្រាក់​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ប្រាក់​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស