31 C
Phnom Penh

នារី​ផ្សព្វ​ផ្សាយ​លក់​ស្រា​បៀរ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បាដវ៉ាយហ្សឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ អតីត​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ បាដវ៉ាយហ្សឺ ប្រាំ​នាក់​បាន​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​ធំ​របស់​ក្រុមហ៊ុន​អានកូ​ក្នុង​ក្រុង​ភ្នំពេញ ជា​ក្រុមហ៊ុន​ដែល​ចែកចាយ​ស្រាបៀរ​អាមេរិក​ដ៏​ល្បី​នៅ​ប្រទេស​កម្ពុជា ហើយ​មិន​ព្រម​បើក​ប្រាក់​អតីត​ភាព​ការងារ​ឲ្យ​ស្ត្រី​ទាំង​នេះ បន្ទាប់ពី​បាន​បណ្តេញ​ពួកគេ​ចេញពី​ការងារ​នៅ​ដើម​ឆ្នាំ​នេះ។

កាលពី​ថ្ងៃ​អង្គារ សហព័ន្ធ​សហជីព​​កម្មករ​ចំណី​​អាហារ​និង​សេវា​កម្ម​កម្ពុជា  (CFSWF) បាន​ប្រកាស​ថា ស្ត្រី​ប្រាំបី​នាក់​ដែល​ផ្សព្វផ្សាយ​លក់​ស្រាបៀរ បាដវ៉ាយហ្សឺ​ជា​ច្រើន​ឆ្នាំ នឹង​ធ្វើការ​តវ៉ា​រាល់​ថ្ងៃ​រហូត​ដល់​ក្រុមហ៊ុន អានកូ ប្រាដឺ គោរព​កាតព្វកិច្ច​របស់​ខ្លួន​បើក​ប្រាក់​ឲ្យ​ពួកគេ តាម​ការ​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល។

លោក សាន សុផា មន្ត្រី​ផ្នែក​ច្បាប់​របស់​សហព័ន្ធ​សហជីព​​កម្មករ​ចំណី​​អាហារ​និង​សេវា​កម្ម​កម្ពុជា បាន​និយាយ​ថា ក៏​ប៉ុន្តែ កាលពី​ព្រឹក​ថ្ងៃ​ពុធ ស្ត្រី​ប្រាំ​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ស្ត្រី​ដែល​ទោមនស្ស បាន​ចូលរួម​តវ៉ា ដោយ​ស្ត្រី​បី​នាក់​ផ្សេងទៀត​មិន​បាន​មក​ដោយសារ​ឈឺ។

ឈរ​ក្បែរ​ស្ត្រី​ទាំង​ប្រាំ​នាក់​ដែល​កាន់​បដា​គំរាម​ធ្វើ​ពហិការ​មិន​ប្រើ​ស្រា​បៀរ​បាដវ៉ាយហ្សឺ ទឹក​អេវីយ៉ង់ និង​បារី​៥៥៥ ដែល​សុទ្ធ​តែ​ម៉ាក​ទំនិញ​របស់​ក្រុមហ៊ុន អានកូ ប្រាដឺ លោក សុផា បាន​និយាយ​ចំអក​អំពី​ការ​អះអាង​របស់​ក្រុមហ៊ុន​ដែល​ថា ស្ត្រី​ទាំង​នោះ​មិន​ដែល​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុមហ៊ុន។

លោក​បាន​និយាយ​ថា “ពួកគេ​មាន​កិច្ច​សន្យា​ការងារ​មិន​កំណត់ ឬ​គ្មាន​លាយលក្ខណ៍​អក្សរ ពីព្រោះ​ពួកគេ​ធ្វើការ​ជា​ទៀងទាត់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន អានកូ”។

លោក សុផា បាន​និយាយ​ថា រឿង​នេះ​ត្រូវ​បាន​សម្រេច​រួច​ហើយ​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ឈរ​លើ​មូលដ្ឋាន​ដែល​ក្រុមហ៊ុន​នេះ​ជា​អ្នក​ចែកចាយ​ស្រាបៀរ​បាដវ៉ាយហ្សឺ​តែមួយគត់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ដូច្នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​និយោជិត​របស់​ខ្លួន។

លោក​បាន​និយាយ​ថា “ពួកគេ​បាន​ពិនិត្យ​មើល​ចង់​ដឹង ថា​តើ​ការ​ព្រមព្រៀង​របស់​ក្រុមហ៊ុន​អានកូ​បាន​ផ្តល់​ឲ្យ​ខ្លួន​នូវ​សិទ្ធិ​គ្រប់​គ្រង​បុគ្គលិក​ឬ​យ៉ាងណា​។ ហើយ​វា​ពិត​មែន ដូច្នេះ​ក្រុមហ៊ុន​អាន​កូ​ជា​និយោជក​ផ្លូវការ​របស់​អ្នក​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ [បាដវ៉ាយហ្សឺ]”។ លោក​បាន​បន្ថែម​ថា ស្ត្រី​ទាំង​នោះ​មិន​បាន​យល់​លក្ខខណ្ឌ​នៃ​ការ​បើក​ប្រាក់​មួយ​ខែ​ដែល​ពួកគេ​បាន​ចុះ​ហត្ថលេខា​ទេ។

លោក​ ឈុំ មហាកុសល​ តំណាង​ក្រុមហ៊ុន​អានកូ​ប្រាដឺ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ កាលពី​ថ្ងៃ​អង្គារ លោក​បាន​និយាយ​ថា ស្ត្រី​ទាំង​នោះ​មិន​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នេះ​ទេ។

អ៊ុន សុធារី អាយុ​៤០ឆ្នាំ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ស្រាបៀរ​បាដវ៉ាយហ្សឺ​ម្នាក់​នៅ​ឆ្នាំ​១៩៩៨ បាន​និយាយ​ថា ពិតមែន​អ្នកស្រី​មិនដែល​បាន​ចុះ​កិច្ច​សន្យា​ទេ។

អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ផឹក​ស្រាបៀរ​ គំរាម​ដោយ​កាំភ្លើង​ ប៉ុន្តែ ក្រុមហ៊ុន​នេះ​មិន​បាន​ចាត់​ទុក​យើង​ជា​មនុស្ស​ទេ”។

“បន្ទាប់ពី​ការ​បណ្តេញ​ចេញ​ភ្លាមៗ គេ​បាន​បើកប្រាក់ខែ​ចុង​ក្រោយ​ឲ្យ​ខ្ញុំ និង​ប្រាក់​បន្ថែម​១៣០​ដុល្លារ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស