41.3 C
Phnom Penh

អ្នក​​​ជិត​​​ខាង​​​លោក​​​ មាស មុត ​​​ថា​​​មិន​​​ដែល​​​មាន​​​ការ​​​ស្ទង​​​់មតិ​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​​សំឡូត-​​​ខេត្ត​​​បាត់​​​ដំបង​​​-ដោយ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​​​​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​កន្លង​មក​នេះ​ចំពោះ​ការ​ខក​ខាន​របស់​ប៉ូលិស​មិន​បាន​អនុវត្ត​ដីកា​ចាប់ខ្លួន​ទៅលើ​លោក​ មាស មុត អតីត​មេបញ្ជាការ​កង​ទ័ព​ជើងទឹក​ខ្មែរ​ក្រហម​ ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​ស្ទាប​ស្ទង់​មតិ​មហាជន​សិន​ មុននឹង​ចាត់​វិធានការ​។

នៅ​ពេល​សួរ​កាលពី​ខែមិថុនា​ថា ហេតុ​អ្វី​លោក​ មាស មុត មិន​ត្រូវ​បាន​ចាប់​ខ្លួន​ ទោះបីជា​មាន​ដីកា​ដែល​ចេញ​ដោយ​តុលាការ​កាលពី​ខែ​ធ្នូ​នោះ ​​​លោក​ ម៉ៅ ចាន់ដារ៉ា​ ប្រធាន​សន្តិសុខ​នៅ​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម បាន​និយាយថា “វា​មិន​មាន​ន័យ​ថា យើង​មិន​អើពើ​នឹង​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​នោះទេ​ ប៉ុន្តែ មន្ត្រី​យើង​ចុះ​ទៅ​ទីនោះ​ដើម្បី​សិក្សា​ផល​ប៉ះពាល់​ផ្នែក​សង្គម​ សន្តិសុខ​ និង​មតិ​របស់​ប្រជាពល​រដ្ឋ​”។

លោក ចាន់ដារ៉ា បាននិយាយ​ថា “ដូច្នេះ​នៅ​ពេល​ដែល​គេ​វិល​មក​វិញ​ យើង​នឹង​វាយ​តម្លៃ​លើ​ការ​សិក្សា​នោះ”។​

ការ​បដិសេធ​ដោយ​រដ្ឋាភិបាល​កម្ពុជា​មិន​​​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​នៅ​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​ ដែល​ត្រូវ​ជំទាស់​ដោយ​ចំហពី​​​​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ជា​ការ​រំលោភ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិដែល​បាន​ជួយ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក.) ក្នុង​ឆ្នាំ​២០០៦​ដើម្បី​កាត់​ទោស​សមាជិក​ជាន់​ខ្ពស់​នៃ​របប​ ប៉ុល ពត។

លោក ហែម សារុំ មេប៉ុស្តិ៍​ឃុំតាសាញ់​ ខេត្ត​បាត់ដំបង ជាកន្លែង​ដែល​លោក​ មាស មុត រស់នៅ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា មាន​រថយន្ត​ពីរ​គ្រឿង​ដឹក​មន្ត្រី​ក្រសួង​មហាផ្ទៃ​បី ឬ​បួន​នាក់​បាន​មក​ដល់​ផ្ទះ​លោក​ មាស មុត កាលពី​ពីរបី​ខែ​មុន។ លោក សារុំ​ បាន​និយាយ​ថា នៅ​ពេល​នោះ​មន្ត្រី​បាន​សម្ភាស​អ្នក​ជិត​ខាង​របស់​គាត់។

លោក សារុំ បាន​និយាយ​ថា “បន្ទាប់ពី​លោក​ មុត ត្រូវ​បាន​ចោទ​ប្រកាន់​ មាន​មនុស្ស​មួយ​ក្រុម​មក​សួរ​មតិ​របស់​អ្នក​ភូមិ​។ ដំបួង​គេ​មក​ជួប​ខ្ញុំ​ បន្ទាប់​មក​គេ​ទៅ​ផ្ទះ​លោក​ មាស មុត ដែល​ខ្ញុំ​បាន​ចង្អុល​​ឲ្យពួកគេ​ទៅ​។ បន្ទាប់មក​ពួកគេ​បាន​សួរ​អ្នក​ភូមិ​ ហើយ​ភាគ​ច្រើន​បាន​និយាយ​ថា ពួកគេ​មិន​ចង់​ឲ្យ​គេ​នាំ​គាត់​ទៅ​ អ.វ.ត.ក. ទេ​”។​

ប៉ុន្តែ ក្នុងការ​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ អ្នក​ភូមិ​ដែល​រស់​នៅ​ក្បែរ​លោក​ មាស មុត ក្នុង​ភូមិ​តាសាញ់​ជើង​ រួមមាន​អ្នកស្គាល់​ជិតស្និទ្ធ​បាន​និយាយ​ថា មិន​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់​មក​ពី​ក្រសួង​មហាផ្ទៃ​បាន​មក​តំបន់​នេះ​ដើម្បី​និយាយ​ជាមួយ​អ្នក​ស្រុក​ទេ​។

លោក ហៃ ម៉ាប់ ជា​​​តតីត​​​ទាហាន​​​ខ្មែរ​​​ក្រហមដែល​​​បាន​​​ទម្លាក់​​​អាវុធ​​​​​​​​​ចុះ​​​ក្នុង​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៩០​​​ហើយ​​​​​​បាន​​​ស្គាល់​​​អតីត​​​មេ​​​បញ្ជាការ​​​កងទ័ព​​​ជើង​​​ទឹក​​​​​​រូប​​​នេះ​​​ប្រហែល​​​១៥​​​ឆ្នាំ​​​មក​​​ហើយ បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ឃើញ​​​​​​ប៉ូលិស​​​ចុះ​​​មក​​​សួរ​​​មតិ​​​ប្រ​​​ជា​​​ជន​​​ទេ។​​​ ខ្ញុំ​​​មិន​​​ដែល​​​ឮ​​​រឿង​​​ហ្នឹង​​​ទេ”។​​​​​​​​​

លោក ម៉ាប់​​​ បាន​​​និយាយ​​​ថា​​​​​​ប្រ​​​សិន​​​បើ​​​មាន​​​មន្ត្រី​​​​​​ក្រៅ​​​ពី​​​ឃុំ​​​នេះ​​​មក​​​តំបន់​​​នេះ​​​​​​ហើយ​​​ចាប់​​​ផ្តើម​​​​​​សួរ​​​សំណួរ​​​ ពាក្យ​​​នោះ​​​នឹង​​​ដឹង​​​ឮសុស​​​សាយ​​​​​​ហើយ។

​​​​​​​​​អតីត​​​​​​ទាហាន​​​ខ្មែរ​​​ក្រ​​​ហម​​​រូប​​​នេះ បាន​​​និយាយ​​​ថា “ពិបាក​​​នឹង​​​និយាយ​​​​​​ថា​​​តើ​​​[​​​លោក​​​ សារុំ]​​​និយាយ​​​កុហកឬ​​​អត់​​​ទេ ប៉ុន្តែ​​​ដោយ​​​សារ​​​តែ​​​​​​ប៉ូលិស​​​និង​​​ទាហាន​​​ គឺ​​​ជា​​​ផ្នែក​​​នៃ​​​រដ្ឋា​​​ភិបាល​​​ ប្រហែល​​​ពួក​​​គេ​​​គ្រាន់​​​តែ​​​​​​និយាយ​​​តាម​​​ថ្នាក់​​​ដឹក​​​នាំ​​​ប៉ុណ្ណោះ”។

អង្គុយ​​​ក្នុង​​​ចម្ការ​​​ម្រេច​​​​​​​របស់​​​គាត់ លោក ចាន់ សំអាន អតីត​​​អង្គ​​​រក្ស​​​​​​លោក មាស មុត និយាយ​​​​​​សរសើ​​​រ​​​ខ្មែរ​​​ក្រហម​​​ ដោយ​​​បញ្ជាក់​​​ថា អ្នក​​​ដែល​​​ត្រូវ​​សម្លាប់​​​ដោយ​​​របប​​​ខ្មែរ​​​ក្រហមគឺ​​​ជា​​​រឿង​​​របស់​​​ខ្មែរ​​​ក្រហម​​​។​​​

លោក​​​ សំអាន​​​​​​ ក៏​​​បាន​​​និយាយ​​​ទៀត​​​ថា មិន​​​មាន​​​ប៉ូលិស​​​ ឬ​​​មន្ត្រី​​​​​​​​​ចុះ​​​មក​​​តំបន់​​​នេះ​​​ទេ​​​ថ្មីៗ​​​នេះ​​​ ដោយ​​​បញ្ជាក់​​​ថា​​​លោក​​​​​​សង្ស័យ​​​ថា ​​​​​​វា​​​អាច​​​ជា​​​ការ​​​ប្រ​​​ឌិត​​​ឡើង។​​​​​​​​​​​​

អតីត​​​អង្គ​​​រក្ស​​​រូប​​​នេះ បាន​​​​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ឃើញ​​​មន្ត្រី​​​ប៉ូលិស​​​ណា​​​ម្នាក់​​​ចុះ​​​មក​​​សួរ​​​អ្នក​​​ភូមិ​​​ទេ។ ខ្ញុំ​​​គិត​​​ថា [លោក សារុំ​​​]​​​និយាយ​​​កុហក​​​ ព្រោះ​​​ខ្ញុំ​​​មិន​​​ដែល​​​ឃើញ​​​ប៉ូលិសទេ។ បើ​​​មិន​​​ជឿ​​​ខ្ញុំ សូម​​​សួរ​​​អ្នក​​​ភូមិ​​​ជុំ​​​វិញ​​​ទី​​​នេះ​​​ទៅ”។​​​​​​​​​​​​​​​

មនុស្ស​​​៦​​​នាក់​​​បន្ថែម​​​ទៀត​​​​​​ដែល​​​បាន​​​សម្ភាស​​​នៅ​​​ភូមិ​​​តាសាញ់​​​ជើង​​​ បាន​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​ដែល​​​បាន​​​ឃើញ ឬ​​​ឮ​​​គេ​​​សម្ភាស​​​ទាក់​​​ទង​​​នឹង​​​ មាស មុត​​​ទេ។

​​​ប្រ​​​ពន្ធ​​​លោក មាស មុត​​​​​​បដិសេធ​​​មិន​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌មាន​​​សម្ភាស​​​ប្តី​​​គាត់​​​ទេ។​​​ កាលពី​​​​​​ខែ​​​មិថុនា លោក​​​​​​បាន​​​និយាយ​​​តាម​​​ទូរ​​​ស័ព្ទ​​​​​​ថា លោក​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​​​​ការ​​​ដាំ​​​ពោត​​​​​​និង​​​ដំឡូង​​​មី​​​​​​ជា​​​ជាង​​​​​​​​​សកម្ម​​​ភាព​​​របស់​​​តុលាការ​​​ខ្មែរ​​​ក្រហម។

លោក អ៊ិន សាវរិទ្ធ អភិបាល​​​ស្រុក​​​សំឡូត បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​​​ថា​​​មាន​​​មន្ត្រី​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​​​​ចុះ​​​មក​​​​​​ស្ទង់​​​មតិទេ។​​​​​​

លោក សាវរិទ្ធ បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​មន្ត្រី​​​ប៉ូលិស​​​​​​ណា​​​ម្នាក់​​​​​​ពី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​​​​មក​​​ទី​​​នេះ​​​ទេ ប៉ុន្តែ​​​​​​ខ្ញុំ​​​​​​បាន​​​ឃើញ​​​​​​មន្ត្រី​​​អ.វ.ត.ក.​​​ចុះ​​​មក​​​ជា​​​មួយ​​​​​​ព្រះរាជអាជ្ញា​​​​​​ជន​​​ជាតិ​​​អា​​​មេរិកាំង​​​​​​ម្នាក់​​​ ដើម្បី​​​ធ្វើ​​​សិក្ខា​​​សាលា​​​​​​សាក​​​សួរ​​​មតិ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​​​អំពី​​​ករណី​​​​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០១៤”។

លោក ចាន់ដារ៉ា ប្រធាន​សន្តិសុខ​នៅ​អ.វ.ត.ក.បាន​​​និយាយ​​​ថា​​​ លោក​​​មិន​​​អាច​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​​​​​​​ថ្ងៃ​​​ពុធ ព្រោះ​​​លោក​​​​​​មាន​​​ជំងឺ​​​​​​ហើយ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​។​​​

លោក ហ៊ុន សែន​​​ បាន​​​និយាយ​​​ថា ការ​​​កាត់​​​ទោស​​​​​​កម្ម​​​ាភិបាល​​​ខ្មែរ​​​ក្រហម​​​​​​លើស​​​ពី​​​មេដឹក​​​នាំ​​​ខ្មែរ​​​ក្រហម​​​ជាន់​​​ខ្ពស់​​​​​​ដែល​​​កំពុង​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​​​​នា​​​ពេល​​​បច្ចុប្បន្ននេះ​​​ អាច​​​គំរាម​​​កំហែង​​​​​​ដល់​​​​​​ស្ថិរ​​​ភាព​​​ប្រទេស​​​និង​​​ធ្វើ​​​ឲ្យ​​​អតីត​​​ទាហាន​​​កុម្មុយនិស្ត​​​​​​​​​រត់​​​ចូល​​​ព្រៃ​​​វិញ។​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​​​​អំឡុង​​​ពេល​​​សុន្ទរ​​​កថា​​​​​​ក្នុង​​​ខែ​​​កុម្ភៈ​​​ថា “[អ.វ.ត.ក.]​​​ពង្រីក​​​វិសាលភាពស្ទើរ​​​តែ​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​រត់​​​​​​ចូល​​​ព្រៃ​​​វិញ​​​”។

លោក​​​នាយករដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ​” រឿង​​​ទៅ​​​ទៀត​​​ វា​​​អ៊ីចឹង​​​ ​​​វិសាលភាព​​​​​​ពង្រីក​​​ចេះ​​​តែ​​​ពង្រីក​​​​​​​​​ ត្រូវ​​​​​​គិត​​​ពី​​​តម្លៃ​​​​​​សន្តិភាព​​​និង​​​តម្លៃ​​​ជីវិត​​​មនុស្ស​​​។ ​​​ប្រសិន​​​បើ​​​សង្គ្រាម​​​កើត​​​ឡើងវិញ​​​​​​ តើ​​​​​​​​​ប៉ុន្មាន​​​ នាក់​​​ដែល​​​ត្រូវ​​​ស្លាប់​​​​​​​​​”។​

អ្នក​​​ភូមិ​​​នៅ​​​ភូមិ​​​​​​តាសាញ់​​​ជើង​​​ និយាយ​​​ថា​​​មិន​​​ដែល​​​មាន​​​នរណា​​​​​មក​​​សួរ​​​នាំ​​​ពួក​​​គេអំពី​​​ការ​​​អាច​​​ចាប់​​​ខ្លួន​​​លោក មាស មុត​​​ទេ ចំណែក​​​ឯ​​​​​​អារម្មណ៍​​​លើសលុប​​​នៅ​​​ទី​​​នេះ​​​​​​គឺ​​​ថា​​​គួរ​​​ទុក​​​ឲ្យ​​​គាត់​​​នៅ​​​បាន​​​សុខ​​​សាន្ត។​​​​​​​​​​​​​​​

អតីត​​​​​​កម្មា​​​ភិបាល​​​​​​ខ្មែរ​​​ក្រហម​​​​​​មួយ​​​រូប​​​​​​ដែល​​​ប្រាប់​​​ឈ្មោះ​​​មួយ​​​ម៉ាត់​​​ថាអ៊ិម បាន​​​និយាយ​​​ថា “យើង​​​​​​សោក​​​ស្តាយ​​​ណាស់​​​ដែលតុលាការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន។ គាត់​​​ចាស់​​​ហើយ​​​ គាត់​​​ណែនាំ​​​យើង​​​ឲ្យ​​​ធ្វើ​​​ល្អ។ ជួន​​​កាល​​​ គាត់​​​​​​ដើរ​​​កាត់​​​ទីនេះ​​​ហើយ​​​សួរ​​​នាំយើង​​​អំពី​​​ដំណាំ​​​ដាំ​​​ដុះ​​​​​​របស់​​​យើង​​​”។​​​​​​

មតិ​​​​​​ជំទាស់​​​មួយ គឺ​​​លោក ម៉ាប់ ដែល​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​​​​ខ្មែរ​​​ក្រហម​​​​​​តាំង​​​ពី​​​អាយុ​​​១៤​​​ឆ្នាំ បាន​​​និយាយ​​​​​​​​​ថា លោក​​​ មាស មុត​​​ គួរ​​​ប្រឈម​​​មុខ​​​នឹង​​​បទ​​​ចោទ រួម​​​មាន​​​​​​ការ​​​ចោទ​​​ថា​​​គាត់​​​​​​បាន​​​ធ្វើ​​​វិសុទ្ធិ​​​កម្ម​​​​​​ទាហាន​​​របស់​​​គាត់​​​​​​និង​​​សម្លាប់​​​ជន​​​បរទេស​​​នៅ​​​លើ​​​ផ្ទៃ​​​សមុទ្រ ប៉ុន្តែ​​​លោក​​​​​​សង្ស័យ​​​ថា​​​ការ​​​ចាប់​​​ខ្លួន​​​មិន​​​អាច​​​កើត​​​មាន​​​បាន​​​ទេ។

លោក ម៉ាប់ បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​គិត​​​ថា ប៉ូលិស​​​​​​នឹង​​​មក​​​ចាប់​​​ខ្លួន​​​គាត់​​​ទេ ព្រោះ​​​ហាក់​​​ដូច​​​ជា​​​រដ្ឋាភិបាល​​​មិន​​​សហការ​​​ជា​​​មួយ​​​តុលការ​​​ខ្មែរ​​​ក្រហម​​​សោះ។ ខ្ញុំ​​​បាន​​​ឮ​​​តាម​​​​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ថា​​​ប្រមុខ​​​រដ្ឋាភិបាល​​​បាន​​​និយាយ​​​ថា [ការ​​​ចោទ​​​ថែម​​​ទៀត​​​]​​​​​​នឹង​​​បង្កើត​​​សង្គ្រាម​​​ស៊ី​​​វិល។ តាម​​​គំនិត​​​ខ្ញុំ​​​ ខ្ញុំ​​​មិន​​​គិត​​​ដូច្នេះ​​​ទេ គឺ​​​នរណា​​​វាយ​​​ជាមួយ​​​នរណា? ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​[មាស មុត]​​​សម្លាប់​​​គេ​​​ទេ ប៉ុន្តែ​​​ខ្ញុំ​​​ចង់​​​​​​ឃើញ​​​គេ​​​ចាប់​​​ខ្លួន​​​គាត់​​​ ព្រោះ​​​ខ្ញុំ​​​ចង់​​​ដឹង​​​ការ​​​ពិត”៕ រើន​​​

​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស