27 C
Phnom Penh

កម្លាំង​​​​​សន្តិសុខ​របស់​រដ្ឋាភិបាល​​​​​វាយ​អ្នក​កាសែត​​ដែល​​ធ្វើ​សម្ភាស​​​​អ្នក​តវ៉ានៅ​មុខ​សាលា​រាជ​ធានី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​កម្លាំង​​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​រារាំង​​ក្រុម​អ្នក​កាសែត​មិន​ឲ្យ​សម្ភាស​សកម្មជន​សិទ្ធិ​ដីធ្លី​នៅ​​ក្បែរ​សាលា​រាជធានី​ភ្នំពេញ​​ឡើយ ដោយ​​ធ្វើសកម្ម​ភាព​​ទាត់​ធាក់​​អ្នក​យក​ព័ត៌មាន​ និង​សកម្មជន​មួយ​ចំនួន​ ព្យាយាម​​ដក​ហូត​ម៉ាស៊ីន​ថត និង​លុប​រូប​ថត​ចោល​។cam-photo-boeng-kak-satoshi

​ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ​​​​បង្ហាញ​ពី​ការ​​វិល​ទៅ​​​រក​ទម្លាប់​​ប្រើ​កម្លាំង​បាយ​ឡើងវិញ​​ពី​សំណាក់​​​កង​សន្តិសុខល្បី​ខាង​​ហិង្សា​​ទាំងនេះ​ ​​​ដែល​បាន​​​​​ផ្អាក​ប្រើ​​អំពើ​ហិង្សា​​ទៅ​​លើ​ក្រុម​អ្នក​តវ៉ា​​​សន្តិ​វិធី​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

​មនុស្ស​ប្រហែល​៣០​នាក់​ដែលជាអតីត​អ្នកភូមិ និង​អ្នក​ភូមិ​បឹងកក់​​​បច្ចុប្បន្ន​ បាន​ប្រមូល​​​​ផ្ដុំគ្នា​​​នៅ​ខាង​​​មុខ​សាលា​រាជធានី​កាលពី​​ព្រឹក​ម្សិល​​មិញ ដើម្បី​តវ៉ា​ប្រឆាំងនឹង​​​​លោក ប៉ា សុជាតិវង្ស។ ​ពួកគាត់​បាន​ឮ​ពី​អ្នក​ស្គាល់​គ្នា​​​ថា កាលពីពេល​ថ្មីៗ​នេះ​​អភិបាល​រាជធានី​រូប​នេះ​​​​​បាន​​បញ្ជាក់​ថា ​​គ្រួសារ​ខ្លះ​នៅ​បឹងកក់ ​​​ដែល​ទាម​ទារ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ចង់​រក្សា​ទុក​​​​​១០០​ភាគរយ​នៃ​ដី​របស់​ខ្លួន​។ គេ​ប្រាប់​ពួកគាត់​ថា លោក ប៉ា សុជាតិវង្ស បាន​អះអាង​បែប​នេះ​អំឡុង​ពិធី​សម្ពោធ​ផ្លូវ​​មួយ​ខ្សែ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា។

​អ្នក​តវ៉ា​ម្នាក់​ឈ្មោះ លី ច័ន្ទ​ណារី និយាយ​ថា ”​យើង​មក​សាលា​រាជធានី​​ក្នុង​បំណង​​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ច្រាន​ចោល​​អ្វី​ដែល​​លោក​អភិបាល​​​ក្រុង​បាន​មាន​ប្រសាសន៍​កាល​​​ពី​​ថ្ងៃទី​២៩ ខែ​កក្កដា​ថា ពួក​​យើង​កំពុង​​​ទាម​ទារ​១០០​ភាគរយ​នៃ​ដី​របស់​យើង​។ យើង​​ទាម​​​​ទារ​តែ​៥៣​ភាគរយ​ប៉ុណ្ណោះ​នៃ​ដី​របស់​យើង។ គាត់​​​និយាយ​បំផ្លើស​ ហើយ​យើង​​​​​​​ចង់​បញ្ជាក់​រឿង​នេះ​។ នៅ​ពេល​យើង​ទៅ​ដល់​សាលា​រាជធានី សន្តិសុខ​ប្រហែល​៣០​នាក់​បាន​​​​រុញ និង​វ៉ៃ​យើង​មិន​ឲ្យយើង​ធ្វើ​សន្និសីទ​កាសែត​​​ទេ​ ហើយ​មនុស្ស​ពីរ​នាក់​បាន​រង​របួស​”។

លោក ហេង​ វិចិត្រ ​​អ្នក​កាន់​កាមេរ៉ា​​ថត​​​ឲ្យ​​​​ VOD បាន​​លើក​ឡើង​ថា ​ខណៈ​ពេល​​​គាត់​កំពុង​ថត​​សកម្មភាព​​​អ្នក​តវ៉ា​ប្រវាយ​ប្រតប់​គ្នា​​ជាមួយ​សន្តិសុខ ពេល​នោះ​មាន​​សន្តិសុខ​ម្នាក់​បាន​គំរាម​ដក​ហូត​កាមេរ៉ារបស់​​គាត់​ ប្រសិន​​បើ​​​​គាត់​មិន​ឈប់​ថត​ទេ​នោះ។ គាត់​និយាយ​ទៀត​​​​ថា គាត់​​ព្រម​ធ្វើ​តាម​ ហើយ​ក៏​បាន​​​ដើរ​​តាម​​​​ផ្លូវ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ឆ្ពោះទៅ​ជិត​ទី​តាំង​​​​​សាលក​វិទ្យាល័យ​​វិទ្យា​សាស្ត្រ​​សុខា​ភិបាល​ ដើម្បី​សម្ភាស​អ្នក​តវ៉ា​ម្នាក់​ឈ្មោះ អុឹម ស្រីទូច ប៉ុន្តែ​​ក៏​ត្រូវ​សន្តិស​ុខ​​​តាម​​បៀតបៀន​​​ទៀត​។

គាត់​​បាន​និយាយ​​ថា “​ពេល​ខ្ញុំ​កំពុង​សម្ភាស​ ស្រីទូច ​​នៅ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ សន្តិ​សុខ​​​មួយ​ក្រុម​បាន​​មក​ដល់​ ហើយ​ព្យាយាម​ដណ្តើម​​​កាមេរ៉ា​របស់​ខ្ញុំ​។ ប៉ុន្តែ​យើង​​បាន​​ប្រញាយ​ទៅវិញ​ដើម្បី​ដណ្ដើម​យកកា​មេរ៉ា​របស់​ខ្ញុំ ហើយខ្ញុំ​ក៏​រត់​”។

លោក ឃុត សុគន្ធ ​អ្នក​យក​ព័ត៌មាន​ឲ្យ​ VOD បាន​និយាយ​​​ថា សន្តិសុខ​បាន​​ទាត់​ជើង​របស់​គាត់​​អំឡុង​ហេតុការណ៍​នោះ ស្ទើរ​តែ​ធ្វើ​ឲ្យ​គាត់​​ដួល​ទៅ​ហើយ​​។ គាត់​និយាយ​បន្ត​​​ថា “​វា​ជា​ការ​រំលោភ​សិទ្ធិ​របស់​យើង​ ពីព្រោះ​យើងគ្រាន់​តែ​បំពេញ​ការ​ងារ​​របស់​យើង​ក្នុង​ការ​​រាយ​ការណ៍​ព័ត៌មាន​ប៉ុណ្ណោះ ហើយ​ពួកគេ​​​ក៏​មក​ឃាត់​យើង​”។ ​

គេ​ស្ដាប់​ឮ​សន្តិសុខ​ម្នាក់​​គំរាម​​​វាយ​អ្នក​កាសែត​ដែល​នៅ​តែ​ឈរ​ជិត​សាកល​វិទ្យា​ល័យ​​​​វិទ្យាសាស្ត្រ​​សុខាភិបាល ប្រសិន​បើ​ពួក​គាត់​​នៅ​​​​​​តែ​បន្ត​សម្ភាស។ សន្តិសុខ​ម្នាក់​​នោះ​និយាយ​ថា ​​”​បើ​មិន​ចេញទេ អញ្ញ​​វ៉ៃ​​​​ឥឡូវ​ហ្នឹង​​”។ សន្តិ​​​សុខ​​ដដែល​​បាន​បញ្ជា​ឲ្យ​សន្តិសុខ​ផ្សេងទៀត​ដក​ហូត​កាមេរ៉ា និង​លុប​រូប​ថត​ចោល​។

បន្តិច​ក្រោយ​មក គេ​ឃើញ​សន្តិសុខ​ដណ្ដើម​​​​​ម៉ាស៊ីនថត​ពី​អ្នក​តវ៉ា​​​​ម្នាក់​មក​ពី​បឹង​កក់។​ ​លោក ​វាសនា រដ្ឋា​ ​ជា​អ្នក​ឃ្លាំមើល​មក​ពី​ក្រុម​ការ​ងារ​​​​សិទ្ធិ​លំនៅ​ដ្ឋាន ដែល​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ បាន​លើក​ឡើង​ថា គាត់​​​​បាន​ប្រគល់​ម៉ាស៊ីន​ថត​​ឲ្យ​ទៅ​អ្នក​តវ៉ា​កាន់ ហើយ​​​រត់​គេច​ពី​សន្តិសុខ​ដើម្បី​​​ចៀស​វាង​ការ​រង​របួស​ ហើយ​​​ថា ​រូប​​ដែល​គាត់​ថត​បាន ​​​ត្រូវ​បាន​លុប​ចោល​​នៅ​ពេល​​គេ​​ប្រគល់​មា៉ស៊ីនថត​ឲ្យ​មក​គាត់​​វិញ​។

មជ្ឈមណ្ឌល​​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ឯករាជ្យ​​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ ​ដើម្បី​ថ្កោល​ទោស​​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​​​ទៅ​លើ​អ្នក​កាសែត​ VOD។

លោក ប៉ា ងួនទៀង ប្រធាន​​មជ្ឈមណ្ឌល​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​​​​នោះ​ថា “​សន្តិសុខ​​គ្មាន​សិទ្ធិ​ដក​ហូត​​ឧបករណ៍​របស់​អ្នក​កាសែត​ និង​គំរាម​កំហែង​ប្រើអំពើ​ហិង្សា​នោះទេ។ ខ្ញុំ​សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ប្រើ​​​ប្រាស់​​អំណាច​ស្រប​ច្បាប់​របស់ខ្លួន​ ដើម្បី​ធានា​​​​ថា​ អ្នក​កាសែត​ត្រូវ​បាន​ការ​ពារ​ពី​ការ​គំរាម​​​​កំហែង និង​អំពើ​ហិង្សា គោរព​សេរីភាព​​​​សារ​ព័ត៌មាន​ និង​បញ្ចប់​និទណ្ឌភាព​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំង​នេះមក​លើ​អ្នក​កាសែត​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​​​​បាន​បញ្ជាក់​ថា លោក ប៉ា សុជាតិវង្ស ពិត​ជា​បាន​​​​មាន​ប្រសាសន៍​​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នេះ​មែន ប៉ុន្តែ​លោក​បាន​អះអាង​ថា សន្តិសុខ​ខណ្ឌ​​​ដូន​ពេញ​​ គ្រាន់​តែ​រារាំង​អ្នក​តវ៉ា​​មិន​ឲ្យ​បិទ​ច្រក​ចូល​​សាលា​រាជធានី​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា “​យើង​​មិន​ទទួល​​​បាន​ការ​រាយការណ៍​អំពី​ការ​វាយ​ដំ​ទេ ហើយ​យើង​ដឹង​ពី​របៀប​​ចាត់​វិធានការ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​នៅ​ខាង​មុខ​សាលា​រាជធានី​។ ពួក​គាត់​​មិន​អាច​មក​អង្គុយ​តវ៉ា​ ហើយ​បិទ​ច្រក​​​ចូល​សាលា​រាជធានី​​បែប​​នេះ​​បានទេ ពីព្រោះ​​​​វា​ជា​ស្ថាប័ន​រដ្ឋ​ដែល​បម្រើ​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ពេល​ពួកគាត់​បិទ​ច្រក​ យើង​​ត្រូវ​តែ​បណ្ដេញ​ពួកគាត់​ចេញ​”។

លោក​​ក៏​បាន​​និយាយ​​ការ​ពារ​សកម្មភាព​ដក​​​​ហូត​​ម៉ាស៊ីន​ថត​ដែរ។ លោក​បាន​​​លើក​ឡើង​​​យ៉ាង​ដូច្នេះ​​ថា ”​យើង​បាន​ប្រាប់​​ឲ្យ​ពួក​គាត់​​​ចេញ ប៉ុន្តែ​ពួកគាត់​មិន​ចេញ។ ដូច្នេះ​​យើង​​ក៏​ចាត់វិធានការ​បំបែក​ពួកគាត់​​តែ​ម្តង​ទៅ​​។ យើង​​​​បាន​ប្រាប់​ពួកគាត់​កុំ​ឲ្យ​​ធ្វើ​សន្និសីទ​កាសែត​នៅ​ខាង​មុខ​សាលា​រាជធានី​”។

អ្នក​នាំពាក្យ​រូប​នេះមិន​បានអើពើ​​ឡើយ​​ចំពោះ​​ហេតុការណ៍​​ដែល​អ្នក​កាសែត និង​អ្នក​តវ៉ា​​ត្រូវ​បាន​​​បៀតបៀន​នៅ​ឆ្ងាយ​ពី​សាលា​​​រាជធានី​៕ សុខុម​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស