27.5 C
Phnom Penh

អ្នក​​​សារព័ត៌​​​មាន​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ថា​​​បាន​​​​​​បំភិត​​​បំភ័យ​​​​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកសារ​​​ព័ត៌​​​មាន​​​ចំនួន​​​បួន​​​នាក់​​​បាន​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​ខណ្ឌ​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​ខេត្ត​​​រតន​​​គិរី​​​ ថាបាន​​​ចាក់​​​សោ​​​បិទ​​​ទ្វា​​​រ​​​របង​បង្ខាំង​​​ពួក​​​គាត់​​​​​​នៅ​​​ក្នុង​​​ទី​​​ស្នាក់​​​ការ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ក្នុង​​​គោល​​​បំណង​​​រារាំង​​​មិន​​​ឲ្យ​​​ពួក​​​គាត់​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ពាក់​​​ព័ន្ធ​​​នឹង​ការ​​​ដឹក​​​ជញ្ជូន​​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​។

លោក កេត សុធី អ្នក​​​យក​​​ព័ត៌​​​មាន​​​ឲ្យ​​​ស្ថានីយ​ទូរទស្សន៍​​​អាស៊ីអាគ្នេយ៍​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​​​​និង​​​អ្នក​​​សារព័ត៌​​​មាន​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​មក​​​ពី​​​ស្ថាន​​​ីយទូរទស្សន៍​​​អប្សរា​​​ស្ថានីយទូរទស្សន៍​​​ហង្ស​​​មាស និង​​​កាសែត​​​រស្មី​​​កម្ពុជា​​​ បាន​​​ទៅ​​​ទីស្នាក់​​​ការ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​រតនគិរី​​​ក្នុង​​​ក្រុង​​​​បាន​​​លុង ដើម្បី​​​​យក​ព័ត៌​មាន​​​អំពី​​​ការ​​​រឹប​​​អូស​​​រថយន្ត​​​ដឹក​​​ឈើ​​​ប្រណីត​​​មួយ​​​គ្រឿង​​​ក្នុង​​​ពេល​​​ថ្មីៗ​​​​​​ដោយ​​​ជឿ​​​ថា មន្ត្រី​​​ខណ្ឌ​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​កំពុង​​​លាក់​​​បាំង​​​ព័ត៌​​​មាន​​​​​​អំពី​​​ករណី​​​នេះ​​​។

លោក​​​​​​បាន​​​​​​លើក​​​​​​ឡើង​​​បន្ត​​​ថា មិន​​​យូរ​​​ប៉ុន្មាន​​​​​​​​​បន្ទាប់​​​ពី​​​បាន​​​ទៅដល់​​​ លោក វង់ សុខ​​​សេរី នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​នេះ​​​បាន​​​បញ្ជា​​​ឲ្យ​​​បិទ​​​ទ្វារ​​​របង​​​បង្ខាំង​​​ពួក​​​គាត់​​​ដោយ​​​​​​ទុក​​​តែ​​​ប្រឡោះ​​​តូច​​​មួយ​​​សម្រាប់​​​លោក ប្រាក់​​​សុវណ្ណ អ្នក​​​យក​​​ព័ត៌​​​មាន​​​ឲ្យ​​​កាសែត​​​រស្មីកម្ពុជា ​​​បើក​​​ម៉ូតូ​​​ចេញ​​​ប៉ុណ្ណោះ​។

បន្ទាប់​​​ពី​​​លោក ប្រាក់​​​ សុវណ្ណ​​​ បាន​​​ចាក​​​ចេញ​​​​​​ទៅ​​​ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​បាន​​​បិទ​​​ទ្វារ​​​​​​ជិត​​​ទាំង​​​​​​ស្រុង​​​ដោយ​​​បង្ខាំង​​​អ្នក​​​សារព័ត៌មាន​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​ និង​​​រថយន្ត​​​របស់​​​ពួក​​​គាត់​នៅ​​​ខាង​​​ក្នុង​​​ទីស្នាក់ការ​។

លោក​​​បាន​​​និយាយ​​​ថា “តាម​​​ខ្ញុំ​​​គិត​​​ [លោក ​​​វង់ សុខសេរី]​​​ មាន​​​បំណង​​​ដាក់​​​សម្ពាធ​​​យើង​​​កុំ​​​ឲ្យ​​​​​​ធ្វើសេចក្តីរាយការណ៍​​អំពី​ព័ត៌មាន​ដែល​យើងទទួលបាន​​​”។

លោក​​​ កេត សុធី ​​​ បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ទៀត​​​ថា លោក​​​​​​បាន​​​ស្នើ​​​សុំ​​​​​​ការ​​​អនុញ្ញាត​​​ពី​​​លោក វង់ សុខ​​​សេរី ដើម្បី​​​ថត​​​ផ្តិត​​​យក​​​រូប​​​ភាព​​​រថយន្ត​​​ មុន​​​​​​ពេល​​​ចូល​​​ទៅខាង​​​ក្នុង​​​ទីស្នាក់​​​ការ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​។

លោក​​​បាន​​​និយាយ​​​ថា “គាត់​​​បាន​​​យល់​​​ព្រម​​​ ​​​ប៉ុន្តែ នៅ​​​ពេល​​​អ្នក​​​សារព័ត៌​​​មាន​​​ព្យាយាម​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន​​​ចេញ​​​មក​​​វិញ​​​ ស្រាប់តែ​ទ្វារ​​​របង​​​ក៏​​​​បាន​​​បិទ​​​តែ​​​ម្តង”។

លោក​​​បាន​​​​លើក​​ឡើង​បន្ថែម​ទៀត​​​​​ថា ​​​ ទ្វារ​​​របង​​​​បាន​​​បើក​​​ឡើង​​​វិញ​​​ ប្រហែល​​​១ម៉ោង​​​​​​ក្រោយ​​ ​​​នៅ​​​​​​ពេល​​​អ្នក​​​សារព័ត៌​​​មាន​​​១០​​​នាក់​​​ផ្សេង​​​ទៀត​​​​មក​​​ពី​​​ស្ថាប័ន​​​​​​​​​​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ផ្សេងៗបាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង អ្នក​​​សារព័ត៌​​​មាន​​​ដែល​​​គេ​​​ចាក់​​​សោ​​​ទ្វាររបង​បង្ខាំង​​​។

​ចំណែក​​​ឯ​ លោក វង់ សុខសេរី វិញ​​​បាន​​​លើក​​​ឡើង​​​​​​ថា លោក​​​បាន​បញ្ជា​​​ឲ្យ​​​បិទ​​​ទ្វារ​​​របង​​​​​​ព្រោះ​​​លោក​​​ចង់​​​ពិភាក្សា​​​អំពី​​​ “អត្ថបទ​​​សរសេរ​​​ បំផ្លើស​​​មួយ​​​ចំនួន​​​”​​​ដែល​​​អ្នក​​​សារ​​​ព័ត៌មាន​​​​​​​ពីរ​​​នាក់​​​បាន​​​សរសេរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គាត់​​​​មក​​​​​​កន្លែង​​​របស់​​​ខ្ញុំ​​​ ខ្ញុំ​​​មាន​​​សិទ្ធិ​​​ចាក់​​​សោ​​​ទ្វារ​​​របង​​​។ វា​​​ជាសិទ្ធិ​​​របស់​​​ខ្ញុំ​​​។ ខ្ញុំ​​​គ្មាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​ ប៉ុន្តែ ​​​ប្រសិន​​​បើ​​​ខ្ញុំ​​​ខុស ​​​ពួក​​​គាត់​​​អាច​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ខ្ញុំ​​​ទៅ​​​តុលាការ​​​បាន​​​”។

លោក​​​ កេត សុធី បាន​​​លើក​​​ឡើង​​​បន្ត​ទៀត​​​​​​ ថា អ្នក​​​សារព័ត៌​​​មាន​​​នឹង​​​មិន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទេ​​​ ព្រោះ​​​ពួក​​​គាត់​​​មិន​​​​​​ចង់​​​ឲ្យ​​​​​​​​​មាន​​​បញ្ហា បន្ត​​​ទៀត​​​ជាមួយ​​​លោក ​​​វង់ សុខសេរី ៕ ស៊ុយ​​​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស