28 C
Phnom Penh

​​តុលាការ​សម្រេច​ដាក់​​ពន្ធនាគារ​បុរសម្នាក់​ និង​បងប្អូន​ស្រី​​ពីរនាក់​​​​ក្នុង​សំណុំរឿង​ទាសករ​ផ្លូវ​ភេទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់បុរស​ម្នាក់​ពីបទ​ទិញ​ពេស្យា​ចារ​កុមារ និងចោទប្រកាន់​​​​បងប្អូន​ស្រី​បង្កើត​ពីរ​នាក់​ពីបទ​បង្ខាំង​ដោយ​ខុស​ច្បាប់ និង​​​​លក់​​ក្មួយ​ស្រី​អាយុ​១៣​ឆ្នាំ​របស់ខ្លួន​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​ បើទោះ​ជា​​ពួកគេ​តវ៉ា​ថា បុរស​រូប​នេះ​ និង​ក្មេងស្រី​​រូបនេះ​បាន​ភ្ជាប់​ពាក្យហើយ​ក៏ដោយ​។

​បង​ប្អូនស្រី​បង្កើត​ទាំង​ពីរ​នាក់​ឈ្មោះ ជា ស្រស់ អាយុ​៣២​ឆ្នាំ និង​ ជា ទីណា អាយុ​២៧​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​​កាល​​​ពី​ថ្ងៃ​ច័ន្ទ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​​​ដាក់​ច្រវាក់​ក្មួយ​ស្រី​របស់​ខ្លួន​ជាប់​នឹង​រនាប​ផ្ទះ​​របស់​ពួកគេ​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​ដើម្បី​ឲ្យ​​​បុរស​​ឈ្មោះ ឈិន ឆៃលី អាយុ​៣៦​ឆ្នាំ រួម​​​ភេទ​​​​ជាមួយនាង​​​​ជាច្រើន​លើក​ច្រើន​សា​រយៈ​ពេល​​​ប្រហែល​មួយ​​ឆ្នាំ​។

យោង​តាម​លោក​​​ កែវ ធា ​នាយ​ការិយា​​​ល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ការ​សាកសួរ​រយៈ​ពេលពីរ​ថ្ងៃ កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​​​​អ្នក​​​ជាប់​ពាក់​ព័ន្ធ​ទាំង​បី​​។

លោក​បាន​ថ្លែង​ថា “​លោក ងិន ប៉ិច ព្រះរាជ​​​អាជ្ញារង​បាន​ចោទ​ប្រកាន់​បង​ប្អូន​​ស្រី​បង្កើត​​​ទាំង​ពីរ​នាក់​នេះ​ពីបទ​បង្ខាំង​មនុស្ស​​ខុស​ច្បាប់ និង​លក់​ពេស្យាចារ​កុមារ” ដោយ​លោក​ពន្យល់​​​​ថា លោក ឈិន ឆៃលី ដែល​បាន​​ចំណាយ​ប្រាក់​១.០០០​ដុល្លារ​ដល់​បង​ប្អូន​ស្រី​បង្កើត​ទាំង​ពីរ​នាក់​នេះ​​ដើម្បី​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​រូប​នេះ​​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ទិញ​ពេស្យាចារ​កុមារ។

​​លោក កែវ ធា បាន​លើក​ឡើង​ថា ជន​សង្ស័យ​ទាំង​នេះ​ដែល​សុទ្ធ​តែ​ជា​ខ្មែរ​អុីស្លាម​​​នោះ​​​ ត្រូវ​បានបញ្ជូន​ទៅ​​​ប៉ុស្តិ៍​នគរ​បា​ល​ប្រឆាំង​​​​ការ​ជួញដូរ​មនុស្ស​​រាជធានី​រយៈពេល​មួយ​យប់ ហើយ​នឹង​ត្រូវ​​​បញ្ជូន​​ទៅ​​ពន្ធនាគារ​ព្រៃស​​​​នៅ​ព្រឹក​នេះ​។

ក្នុង​បទ​សម្ភាស​ន៍នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​កាលពី​ម្សិលមិញ ស្ត្រីឈ្មោះ​ ជា ស្រស់ ​​​និង ជា​ ទីណា សារភាព​ថា​​​ ពួកគេ​ពិត​ជាបាន​ដាក់​ច្រវាក់​ក្មួយ​ស្រី​របស់​ខ្លួន​ជាប់​នឹង​រនាប​ផ្ទះ​មែន ប៉ុន្តែ​បាន​លើក​ឡើង​ថា ពួកគេ​​ធ្វើ​ដូច្នេះ​​ដោយសារ​​បារម្ភ​ពី​សន្តិសុខ​របស់​ក្មេងស្រី​រូប​នេះតែប៉ុណ្ណោះ​។

ស្ត្រី​ឈ្មោះ ជា​ ទីណា បាន​និយាយ​ថា “​ខ្ញុំ​ទទួល​ស្គាល់​ថា​​​ ខ្ញុំ​ពិត​ជា​បាន​គំរាម​នាង និង​​​ដាក់​ច្រវាក់​នាង​មែន ពីព្រោះ​ខ្ញុំ​បារម្ភ​ថា នាង​​​អាច​​រត់​ចេញពី​ផ្ទះ​ទៅ​ក្លឹប​កម្សាន្ត​។ នាង​​ជា​កម្មការិនី​កាត់​ដេរ​​ ហើយ​ក៏​មាន​មិត្ត​​ប្រុស​ច្រើន​​​ផង​ដែរ។​ខ្ញុំ​ហា៊ន​ស្បថ​​នៅ​ព្រះអង្គ​ដងកើ​។ ប្រសិន​បើ​ខ្ញុំ​​​បាន​បង្ខំ​​នាង​ឲ្យ​រួមភេទ​ជាមួយ​គាត់​មែន​នោះ សូម​​ឲ្យ​​​បារមី​ច្របាច់​កសម្លាប់​ខ្ញុំ​ចុះ​ ឬ​បើ​មិន​ដូច្នោះ​ទេ​នៅ​ពេល​​ខ្ញុំ​ធ្វើ​ដំណើរ​តាម​​ផ្លូវ សូម​ឲ្យ​ក្រឡាប់​ឡាន​ចុះ”។

នគរបាល​ឲ្យ​ដឹង​ថា ខ្លួន​​ទទួល​​​បាន​​សេចក្ដី​​រាយ​​​ការណ៍ពី​ស្ថានភាព​របស់​ក្មេងស្រី​អាយុ​១៣​​​ឆ្នាំរូបនេះ បន្ទាប់ពី​នាង​បាន​រត់​ចេញ ហើយ​​​រាយការណ៍មក​​នគរ​បាល​ដោយ​ផ្ទាល់។​​ ជា ស្រស់ និង​ ជា ទីណា និយាយថា ក្មេងស្រី​​​រូប​​​​​នេះ​​​​និយាយ​កុហក។

បងប្អូនស្រី​បង្កើត​ទាំង​ពីរ​នេះ​បាន​និយាយ​​​​ថា ប្រាក់​១.០០០​ដុល្លារ​របស់​លោក ឆៃលី ​មិន​មែន​ជា​ការ​ចំណាយ​សម្រាប់​ការ​រួមភេទ​ជាមួយ​ក្មួយស្រី​របស់​ខ្លួន​ឡើយ ប៉ុន្តែ​វា​ជា​បណ្ដាការ​​សម្រាប់​រៀបការ​ជាមួយក្មេងស្រី​រូបនេះ​។

​ជា ស្រស់ បាន​និយាយ​​ថា “​គ្មាន​នរណា​ម្នាក់​បង្ខំ​នាង​ឲ្យ​រួមភេទ​ទេ ប៉ុន្តែ​​ពួកគេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​”។ ​លោក ឆៃលី ក៏​បាន​​និយាយ​​​​ការ​ពារ​ដូច​គ្នា​នេះ​ដែរ​។

លោក ឆៃលី បាន​និយាយ​ថា “​នាង​និង​ខ្ញុំ​​ស្រឡាញ់​គ្នា​។ គ្មាន​នរណា​ម្នាក់​​បង្ខំ​នាង​ឡើយ ​​​ពីព្រោះ​​យើង​បាន​​ភ្ជាប់​ពាក្យ​​រួច​ហើយតាម​ប្រពៃណ​ី​ខ្មែរ​អុីស្លាម​​​​​​តាំង​ពី​ឆ្នាំ​មុន​មក​ម្លេ៉ះ”។

លោកបាន​និយាយ​​​បន្ថែម​ថា “​ខ្ញុំ​មិន​ដឹង​ថា នាង​ជា​អនីតិជន​ទេ ពីព្រោះ​នាង​មើល​ទៅ​ដូច​​មនុស្ស​​​​ពេញ​វ័យ​អ៊ីចឹង​។ ខ្ញុំ​ស្រឡាញ់​នាង​ខ្លាំង​ណាស់”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស