មន្ត្រីបានឲ្យដឹងថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់ប្រហារកម្មការិនីរោងចក្របីនាក់កាលពីឆ្នាំ២០១២ បានចូលខ្លួនសារភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជាង២ឆ្នាំ ហើយបានចាប់ផ្ដើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៨ខែរបស់ខ្លួន។

ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ថា ”គាត់បានចូលខ្លួនសារភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ ហើយពេលនេះយើងបានបញ្ជូនខ្លួនគាត់ទៅឲ្យព្រះរាជអាជ្ញាខេត្តស្វាយរៀង ហើយដើម្បីអនុវត្តតាមនីតិវិធីតុលាការ”។
ឧត្តមសេនីយ៍ឯករូបនេះបានឲ្យដឹងទៀតថា លោក ឈូក បណ្ឌិត បានបង្ហាញខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីព្រឹកថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់នគរបាល។
លោកបានបញ្ជាក់ថា លោក ឈូក បណ្ឌិត បានលាក់ខ្លួននៅក្នុងប្រទេសវៀតណាម ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៣មកម្លេ៉ះ នៅពេលសាលាដំបូងខេត្តនេះចោទប្រកាន់គាត់ពីបទបង្កអំពើហិង្សាដោយអចេតនាជុំវិញការបាញ់ប្រហារកម្មការិនីទាំងបីនាក់ ប៉ុន្តែថា ចាប់តាំងពីពេលនោះ លោក ឈូក បណ្ឌិត បានត្រឡប់មកកម្ពុជាវិញប៉ុន្មានលើកក្នុងរយៈពេលខ្លីៗ។ “យើងទទួលបានព័ត៌មានថា គាត់បានឆ្លងដែនទៅវៀតណាម ហើយពេលខ្លះយើងឮថា គាត់បានត្រឡប់មកវិញពីរបីម៉ោង ពីរបីថ្ងៃ”។
លោកបានមានប្រសាសន៍បន្ថែមថា នគរបាលពិសេសមួយក្រុមដែលត្រូវបានចាត់តាំងឲ្យដោះស្រាយករណីលោក ឈូក បណ្ឌិត បានព្យាយាមចាប់ខ្លួនគាត់នៅក្នុងប្រទេសកម្ពុជាជាច្រើនលើកមកហើយ ប៉ុន្តែចាប់មិនដែលបានសោះ។ ”យើងបានតាមគាត់ជាច្រើនលើកមកហើយ”។
ការចាប់ខ្លួនលោក ឈូក បណ្ឌិត កាលពីថ្ងៃសៅរ៍ កើតមានឡើងចំពេលមានការចាប់អារម្មណ៍ជាថ្មីលើករណីរបស់គាត់ ដែលត្រូវបានចាត់ទុកជាការចំអកដល់ប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៧ ខែកក្កដា ជនរងគ្រោះទាំងបីដែលមានឈ្មោះ នុត សុខន ប៊ុន ចិន្តា និង កែវ នា បានដាក់ញត្តិទៅរដ្ឋសភាដើម្បីអំពាវនាវឲ្យសមត្ថកិច្ចចាប់ខ្លួនលោក ឈូក បណ្ឌិត និងចង់បានយុត្តិធម៌ដូចកញ្ញា ឯក សុជាតា ហៅ សាសា ជាពិធីការិនីទូរទស្សន៍ ដែលលោក សុខ ប៊ុន ឧកញ៉ាក្នុងវិស័យអចលនទ្រព្យដែលជាជនល្មើសវាយប្រហារនាងកាលពីខែមុន ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយពីមានអន្តរាគមន៍ពីមន្ត្រីថ្នាក់កំពូល។
នៅថ្ងៃបន្ទាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញវីដេអូឃ្លីបមួយ ដែលក្នុងនោះ ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានបដិសេធថា សមត្ថកិច្ចមិនបានធ្វេសប្រហែសឡើយ នៅក្នុងការតាមស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត ហើយបានប្រកាសថា អតីតអភិបាលក្រុងរូបនេះបានជាប់ក្នុងបញ្ជីឈ្មោះជនដែលសមត្ថកិច្ចចង់ចាប់ខ្លួនបំផុតរបស់នគរបាលអាំងទែប៉ូលកាលពីខែមីនា។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី៣ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យចាប់ខ្លួនអតីតអភិបាលក្រុងរូបនេះ។ លោកមានប្រសាសន៍ដូច្នេះថា ”ទោះក្នុងករណី ឈូក បណ្ឌិត ក៏ដោយ បើនគរបាលមិនចាប់ខ្លួនទេ គឺនគរបាលខុសហើយ”។
លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា លោកជឿថា លោក ឈូក បណ្ឌិត បានប្រគល់ខ្លួននៅពេលគាត់ដឹងថា សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនគាត់។ ”គាត់ដឹងថា យើងចាត់រាល់វិធានការ ហើយយើងមានការប្ដេជ្ញាចិត្តចំពោះការចាប់ខ្លួនគាត់។ ដូច្នេះប្រហែលជាគាត់គិតថា បើគាត់លាក់ខ្លួន វាដូចជាគាត់ជាប់គុកមួយជីវិតអ៊ីចឹង”។
លោក ផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់កាលពីម្សិលមិញថា តុលាការបានទទួលយកខ្លួនលោក ឈូក បណ្ឌិត នៅរសៀលថ្ងៃសៅរ៍ បន្ទាប់មកត្រូវបានបញ្ជូនទៅពន្ធនាគារខេត្ត។
លោកបានមានប្រសាសន៍ថា ”គាត់បានមកដល់តុលាការនៅម៉ោងប្រហែល៤រសៀល។ យើងបានសួរសំណួរគាត់ខ្លះ ហើយបានបញ្ជូនគាត់ទៅពន្ធនាគារភ្លាមៗដើម្បីអនុវត្តទោសជាប់ពន្ធនាគារ១៨ខែ។ វាជារឿងល្អដែលគាត់បង្ហាញខ្លួន ពីព្រោះគាត់មិនអាចរត់គេចខ្លួនអស់មួយជីវិតនោះទេ”។
ព្រះរាជអាជ្ញារងរូបេនះបានលើកឡើងបន្តថា លោក ឈូក បណ្ឌិត នឹងមិនប្រឈមទោសជាប់ពន្ធនាគារបន្ថែមឡើយចំពោះការរត់គេចពីការចាប់ខ្លួន។ ”គ្មានច្បាប់ណាផ្ដន្ទាទោសអ្នកដែលរត់គេចពីសេចក្ដីសម្រេចស្ថាពរនោះទេ។ មានមនុស្សជាច្រើនដែលបានរត់គេចខ្លួនដូចគាត់។ ហេតុអីយើងផ្ដន្ទាទោសតែគាត់ម្នាក់? នេះមិនយុត្តិធម៌ទេសម្រាប់គាត់”។
លោក ឈូក បណ្ឌិត ដែលបានបង្ករបួសស្នាមដល់កម្មការិនីទាំងបីនាក់ដែលបម្រើការនៅរោងចក្រមួយដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុនពូម៉ា (Puma) ជាក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំរបស់អាល្លឺម៉ង់ នៅពេលគាត់បាញ់ប្រហារទៅលើមនុស្សមួយក្រុមអំឡុងពេលតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងក្រុងបាវិត កាលពីខែកុម្ភៈ ឆ្នាំ២០១២នោះ ត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយអចេតនានៅរយៈពេល២ខែក្រោយមក ប៉ុន្តែមិនដែលត្រូវបានចាប់ខ្លួនឡើយ។ នៅខែធ្នូក្នុងឆ្នាំនោះ ការចោទប្រកាន់នេះត្រូវបានទម្លាក់ចោលវិញដោយគ្មានការពន្យល់បកស្រាយ។
ក្រោយមក សាលាឧទ្ធរណ៍បានបង្គាប់ឲ្យស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ហើយទីបំផុតសាលាដំបូងខេត្តស្វាយរៀង បានសម្រេចឲ្យលោក ឈូក បណ្ឌិត ជាប់ពិរុទ្ធភាព និងផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែនៅខែមិថុនា ឆ្នាំ២០១៣ ប៉ុន្តែគាត់បានបាត់ខ្លួនទៅហើយ។ សាលាឧទ្ធរណ៍ និងតុលាការកំពូលបានតម្កល់សាលក្រមនេះទុកជាបានការដោយកំបាំងមុខ។
កាលពីម្សិលមិញ ក្រុមអ្នកជំនាញខាងច្បាប់បានលើកឡើងថា ការប្រគល់ខ្លួនរបស់លោក ឈូក បណ្ឌិត កាលពីថ្ងៃសៅរ៍ ដែលកើតមានឡើងមិនដល់មួយសប្ដាហ៍ផងបន្ទាប់ពីលោក ហ៊ុន សែន អំពាវនាវឲ្យចាប់ខ្លួនគាត់នោះ ជាភ័ស្តុតាងបន្ថែមទៀតបង្ហាញកាន់តែច្បាស់ថា មានតែនាយករដ្ឋមន្ត្រីប៉ុណ្ណោះដែលមានឥទ្ធិពលលើសំណុំរឿងពាក់ព័ន្ធបុគ្គលមានទ្រព្យស្តុកស្តម្ភ ឬមានខ្នងបង្អែកក្រាស់។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានចាត់ទុកថា ការផ្ដន្ទាទោសលោក ឈូក បណ្ឌិត កាលពីឆ្នាំ២០១៣ គឺជា ”ទោសស្រាល” ហើយថ្លែងថា ”យើងអាចមើលឃើញថា គាត់មកសារភាពនៅពេលនាយករដ្ឋមន្ត្រីប្រកាសថា គាត់គួរតែត្រូវចាប់ខ្លួន។ គាត់មកសារភាព ដូច្នេះយើងមិនដែលដឹងថា សមត្ថកិច្ចពិបាកប៉ុណ្ណាទេក្នុងការព្យាយាមចាប់ខ្លួនគាត់”។
កែវ នា ស្ថិតក្នុងចំណោមកម្មការិនីទាំងបីនាក់ដែលត្រូវលោក ឈូក បណ្ឌិត បាញ់ប្រហារ និយាយថា នាងសប្បាយចិត្តដែលឮថាអតីតអភិបាលក្រុងរូបនេះជាប់ពន្ធនាគារ ប៉ុន្តែនាងបានបញ្ជាក់ជាថ្មីថា “ការផ្ដន្ទាទោសស្រាល” ចំពោះគាត់ មិនស័ក្តិសមនឹងបទល្មើសដែលបានគាត់ប្រព្រឹត្តនោះទេ។
នាងនិយាយទៀតថា “គាត់ប៉ុនប៉ងសម្លាប់យើង ហើយចំណាយពេលប្រហែល៣ឆ្នាំទម្រាំចាប់ខ្លួនគាត់បាន។ បើគ្មាននាយករដ្ឋមន្ត្រីអំពាវនាវឲ្យចាប់ខ្លួនគាត់ទេ ម្លេ៉ះអាជ្ញាធរមិនអាចចាប់ខ្លួន និងផ្ដន្ទាទោសគាត់បានទេ ព្រោះអ្នកមានអំណាចជួយគាត់”៕ សុខុម