អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិមួយក្រុមកំពុងជំរុញឲ្យធនាគារពិភពលោកបញ្ចូលកម្មវិធីមួយ ដើម្បីជួយអ្នកភូមិរាប់ពាន់គ្រួសារ ដែលត្រូវបានបណ្ដេញចេញពីតំបន់បឹងកក់ ជាផ្នែកនៃផែនការចាប់ផ្តើមផ្ដល់មូលនិធិដល់គម្រោងថ្មីៗនៅកម្ពុជា។
ធនាគារពិភពលោកបានផ្អាកការផ្តល់កម្ចីថ្មីទាំងអស់ដល់កម្ពុជាកាលពីឆ្នាំ២០១១ ដើម្បីឆ្លើយតបនឹងការបណ្តេញចេញដោយបង្ខំពីសំណាក់រដ្ឋាភិបាលឲ្យអ្នកភូមិប្រមាណ៣.០០០គ្រួសារចាកចេញពីតំបន់បឹងកក់ ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យដ៏ទំនើបរបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សកាន់អំណាច។ អំឡុងពេលនោះ ធនាគារនេះបានលើកឡើងថា ខ្លួននឹងមិនលុបចោលការផ្អាកការផ្ដល់កម្ចីថ្មីនេះទេ លុះត្រាតែរដ្ឋាភិបាល និងពលរដ្ឋឈានដល់ការព្រមព្រៀងគ្នាសិន។
ប៉ុន្តែពលរដ្ឋទាំងនេះ និងអង្គការសិទ្ធិមនុស្សព្រួយបារម្ភថា ការផ្ដល់កម្ចីនឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗ ដោយគ្មានការព្រមព្រៀង ព្រោះឥឡូវនេះធនាគារពិភពលោកបានបញ្ចប់កិច្ចប្រជុំមួយចំនួននៅក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលខ្លី ជាផែនការមួយដើម្បីចូលរួមពាក់ព័ន្ធជាមួយប្រទេសគោលដៅឡើងវិញ។
អង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងនៅក្នុងលិខិតរួមមួយចុះកាលបរិច្ឆេទថ្ងៃសុក្រថា “យើងស្វែងរកការធានាពីភាគីធនាគារថា ផែនការយុទ្ធសាស្ត្ររយៈពេលខ្លី នឹងមានបញ្ចូលយុទ្ធសាស្ត្រមួយសម្រាប់ដោះស្រាយទុក្ខលំបាកយ៉ាងខ្លាំងរបស់អ្នកភូមិតំបន់បឹងកក់ ជាផ្នែកនៃការប្ដេជ្ញាជាសាធារណៈរបស់ធនាគារនេះ”។
លិខិតរួមនេះមានខ្លឹមសារបន្តដូច្នេះថា ” ខណៈទុក្ខលំបាកមួយចំនួនត្រូវបានដោះស្រាយតាមរយៈការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់គ្រួសារដែលនៅសេសសល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អ្នកភូមិរាប់ពាន់គ្រួសារបន្តប្រឈមនឹងអសន្តិសុខក្នុងការរស់នៅ ឬតស៊ូនឹងភាពលំបាកប្រចាំថ្ងៃដែលបង្កឡើងដោយការបណ្ដេញចេញ”។
លិខិតចុះហត្ថលេខាដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៥ រួមទាំងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល និងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា [ដែលក្នុងនោះអង្គការទាំងនេះមានសមាជិករាប់រយ] និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិចំនួន២៨ផ្សេងទៀត។
ធនាគារពិភពលោកមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺឡើយ។
គ្រួសារដែលត្រូវបានបណ្ដេញចេញពីតំបន់បឹងកក់ត្រូវបានផ្ដល់នូវជម្រើសរវាងប្រាក់សុទ្ធចំនួន៨.៥០០ដុល្លារ ឬផ្ទះមួយល្វែងនៅជាយរាជធានីភ្នំពេញ ប៉ុន្តែគ្រួសារទាំងនេះ និងអង្គការសិទ្ធិមនុស្សសុទ្ធតែបានលើកឡើងថា ជម្រើសទាំងពីរនេះគឺនៅមិនទាន់សមស្របទៅនឹងតម្លៃដីដែលពួកគាត់ត្រូវបានគេបង្ខំឲ្យចាកចេញនោះឡើយ។
ធនាគារពិភពលោកបានទទួលស្គាល់ថា បរាជ័យរបស់ខ្លួនក្នុងការរៀបចំ និងអនុវត្តគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលឥឡូវលែងមានទៅហើយនោះបានចូលរួមចំណែកក្នុងការធ្វើឲ្យមានការបណ្ដេញចេញអ្នកភូមិបឹងកក់ ប៉ុន្តែមិនទាន់បានធ្វើអ្វីដើម្បីជួយគ្រួសារដែលត្រូវបានបណ្ដេញចេញនៅឡើយទេមកទល់នឹងពេលនេះ។
កាលពីចុងខែមិថុនា និងដើមខែកក្កដា ធនាគារពិភពលោកបានរៀបចំកិច្ចប្រជុំមួយចំនួនជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកសភា ពាណិជ្ជករ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីទទួលបានមតិយោបល់សំខាន់ៗសម្រាប់ ផែនការយុទ្ធសាស្ត្រ ដែលមានបំណងដាក់ចេញអាទិភាពផ្តល់មូលនិធិរបស់ខ្លួន នៅពីរឬបីឆ្នាំក្រោយ។
អង្គការសិទ្ធិមនុស្សបានរិះគន់ធនាគារពិភពលោកថា មិនបានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំណាមួយជាមួយគ្រួសារដែល ត្រូវបានបណ្ដេញចេញពីតំបន់បឹងកក់ ឬកន្លែង ផ្សេងៗ ដែលរងគ្រោះដោយសារគម្រោងរបស់ធានាគារនេះ៕ ស៊ុយឈាង