ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សបួននាក់បានរងរបួសកាលពីល្ងាចថ្ងៃសៅរ៍ នៅពេលមន្ត្រីសុខាភិបាលម្នាក់បានបើករថយន្តបុកម៉ូតូពីរគ្រឿងនៅក្នុងខេត្តកំពង់ចាម ហើយប្រាំមួយនាក់ផ្សេងទៀតបានរងរបួសមិនយូរប៉ុន្មានក្រោយមក នៅពេលរថយន្តសង្គ្រោះបន្ទាន់ដែលដឹកជនរងគ្រោះទាំងពីរនាក់បានបុកផ្ទះពីរខ្នង។
យោងតាមលោក អិុត ដារ៉ា អធិការនគរបាលស្រុកចម្ការលើ បានឲ្យដឹងថា ហេតុការណ៍ទី១កើតឡើងនៅម៉ោងប្រហែល៧ និង៣០នាទីយប់ក្នុងស្រុកចម្ការលើ នៅពេលលោក ហ៊ន ជិនហ៊ាត ជាវេជ្ជបណ្ឌិត និងជាប្រធានការិយាល័យប្រតិបត្តិសុខភាពស្រុកអូររាំងឪ បានបើករថយន្តតូយូ៉តាហាយលែនឌ័ររស់ខ្លួនបុកម៉ូតូមួយគ្រឿង។
លោកបានមានប្រសាសន៍ថា “ដំបូងគាត់បានបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សពីរនាក់រងរបួស បន្ទាប់មកគាត់បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ហើយបានបុកម៉ូតូមួយគ្រឿងទៀតប្រហែលមួយគីឡូម៉ែត្រ ពីកន្លែងកើតហេតុដំបូង ដោយបណ្តាលឲ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួសធ្ងន់”។
លោក អិុត ដារ៉ា បានឲ្យដឹងទៀតថា នគរបាលបានដេញតាមលោក ហ៊ន ជិនហ៊ាត ដល់ ស្រុកំពង់សៀម ដែលនៅទីនោះលោកត្រូវបានឃាត់ឲ្យឈប់ហើយត្រូវបានចាប់ខ្លួន។មិនយូរប៉ុន្មានក្រោយហេតុការណ៍នេះរថយន្តសង្គ្រោះបន្ទាប់ចំនួនពីរគ្រឿងបានមកដល់ដើម្បីដឹកជនរងគ្រោះទាំងបួននាក់នេះទៅមន្ទីរពេទ្យបង្អែកខេត្ត។
ទោះជាយ៉ាងណា រថយន្តសង្គ្រោះបន្ទាន់ មួយគ្រឿងបានបែកកង់នៅតាមផ្លូវ ដោយធ្វើឲ្យអ្នកបើកបរបាត់បង់ម្ចាស់ការ ហើយបុកផ្ទះពីរខ្នងដែលនៅជាប់ផ្លូវជាតិលេខ៧១ក្នុងឃុំបុសខ្នុរស្រុកចម្ការលើ។
លោក អិុត ដារ៉ា បានលើកឡើងបន្តថា រថយន្តសង្គ្រោះបន្ទាន់នេះដឹកមនុស្សពីរនាក់ ដែលរងរបួស និងសាច់ញាតិរបស់ពួកគេពីរនាក់ទៀត។ សាច់ញាតិជនរងគ្រោះទាំងពីរនាក់នេះសុទ្ធតែរងរបួសនៅក្នុងហេតុការណ៍ នេះជាមួយមនុស្សបួននាក់ទៀតនៅក្នុងផ្ទះ។
លោកបានមានប្រសាសន៍ថា “បុរសម្នាក់ដែលអមដំណើរសាច់ញាតិរបស់ខ្លួននៅក្នុងរថយន្តសង្គ្រោះបន្ទាន់បានរងរបួសធ្ងន់ក្នុងហេតុការណ៍នេះ”។ អ្នករងរបួសទាំងអស់ត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។រីឯ លោក ហ៊ន ជិនហ៊ាត កំពុងត្រូវបានឃុំខ្លួននៅឯអធិការដ្ឋាននគរបាលស្រុក ហើយនឹងបញ្ជូនទៅឲ្យនគរបាលខេត្តនៅថ្ងៃេនះ។
លោក ប៉ែន រ័ត្ន ស្នងនគរបាលខេត្តនេះបានលើកឡើងថា លោក ហ៊ន ជិនហ៊ាត នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីមន្ត្រីរបស់លោកសាកសួររួច។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា លោកបានទៅ ជួបលោក ហ៊ន ជិនហ៊ាត កាលពីព្រឹកម្សិលមិញ ហើយវេជ្ជបណ្ឌិតរូបនេះបានប្រាប់លោកថា ខ្លួនបានគេចចេញពីកន្លែងកើតហេតុដំបូង គឺដើម្បីរកគេឲ្យជួយ។
លោកថ្លែងថា “គាត់បានប្រាប់ថា គាត់បានព្យាយាមរកកន្លែងដែលមាននគរបាលឲ្យជួយ ប៉ុន្តែ គាត់រកមិនឃើញនគរបាលទេ ហេតុដូច្នេះ គាត់បានបន្តបើកទៅមុខទៀត”៕ស៊ុយឈាង
វេជ្ជបណ្ឌិតបុកមនុស្ស៤នាក់ឲ្យរបួស ខណៈរថយន្តសង្គ្រោះបន្ទាន់បុកឲ្យរបួស៦នាក់ទៀតក្នុងករណីតែមួយ
© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.